ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាគ្រោងដាក់ដំណើរការគេហទំព័រសម្រាប់ផ្តល់ព័ត៌មានទេសចរណ៍ដល់ភ្ញៀវទេសចរ នៅតំបន់សៀមរាបអង្គរ

បានផ្សាយនៅ ថ្ងៃទី 13 ខែ កញ្ញា ឆ្នាំ2016 08:52 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

សម្រាប់តំបន់ទេសចរណ៍ល្បីៗជាច្រើន និងតំបន់បេតិកភណ្ឌពិភពលោក គឺតែងតែមានគេហទំព័រផ្ទាល់ប្រចាំតំបន់ទាំងនោះ ដើម្បីផ្សព្វផ្សាយពីវិសាលភាពនៃតំបន់ទេសចរណ៍របស់ខ្លួនទៅកាន់ពិភពលោក។ ដូចគ្នានោះដែរ អាជ្ញាធរជាតិអប្សរា ដែលមានតួនាទីគ្រប់គ្រង អភិរក្ស និងរៀបចំតំបន់អង្គរដ៏ល្បីល្បាញ ក៏បានគ្រោងរៀបចំបង្កើតគេហទំព័រ www.angkor.com. kh សម្រាប់ផ្តល់ព័ត៌មានទូលំទូលាយអំពីសក្តានុពលវិស័យទេសចរណ៍ដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិបានដឹងពីតំបន់អង្គរ។

គោលបំណងនៃការរៀបចំគេហទំព័រ www.angkor.com.kh គឺដើម្បីផ្តល់ព័ត៌មានបន្ថែមដល់ភ្ញៀវទេសចរទាក់ទងនឹងព័ត៌មានសំខាន់លើផ្នែកទេសចរណ៍ក្នុងតំបន់ឧទ្យានអង្គរ ដែលជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញលើពិភពលោក និងជាកន្លែងកម្សាន្តប្រកបដោយសក្តានុពលផ្សេងៗទៀតក្នុងខេត្តសៀមរាប។ គេហទំព័រនេះ ក៏ជួយសម្រួលផងដែរដើម្បីឱ្យភ្ញៀវទេសចរជាតិ-អន្តរជាតិ បានឈ្វេងយល់ព័ត៌មានជាមុនអំពីទីតាំងភូមិសាស្ត្រ ប្រាង្គប្រាសាទ ការកក់សំបុត្រ ការពិនិត្យមើលពីតម្លៃសំបុត្រក្នុងការទស្សនានៅក្នុងតំបន់ឧទ្យានអង្គរ សហគមន៍ ទំនៀមទម្លាប់អ្នកស្រុក រួមទាំងប្រវត្តិសាស្ត្រ សេវាកម្មដឹកជញ្ជូន និងអាកាសធាតុជាដើម។

ឯកឧត្តម សុខ សង្វារ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ បញ្ជាក់ថា គេហទំព័រ www.angkor.com.kh ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលខាងមុខនេះ គឺផ្តោតសំខាន់លើតំបន់ទេសចរនៅឧទ្យានអង្គរ និងក្នុងខេត្តសៀមរាបខ្លះៗ។ ជាជំហានទី១នេះ ក្រុមការងារបានយកគេហទំព័រ www.angkor.com.kh មកបង្ហាញដល់មន្ត្រី បុគ្គលិក និងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរាគ្រប់ជាន់ថ្នាក់ និងគ្រប់នាយកដ្ឋានដើម្បីសុំជាយោបល់ក្នុងន័យស្ថាបនាឱ្យគេហទំព័រនេះដំណើរការទៅដោយរលូន មានព័ត៌មានប្រកបដោយសុក្រឹត្យភាព ក៏ដូចជាស្វែងរកចំណុចខ្វះខាតមកកែលម្អឱ្យបានកាន់តែប្រសើរ។

ឯកឧត្តមបន្ថែមទៀតថា ជំហានបន្ទាប់នៅពេលបញ្ចប់ការកែសម្រួលផ្ទៃក្នុង អាជ្ញាធរជាតិអប្សរាគ្រោងនឹងយកគេហទំព័រនេះ ទៅស្នើសុំយោបល់ពីបណ្តាដៃគូពាក់ព័ន្ធទាំងវិស័យឯកជននិងស្ថាប័នរដ្ឋផងដែរ ដើម្បីឱ្យគេហទំព័រនេះកាន់តែល្អ ពិសេសជួយសម្រួលក្នុងការផ្តល់ព័ត៌មាន ក៏ដូចជាជំរុញវិស័យទេសចរណ៍នៅតំបន់អង្គរ និងខេត្តសៀមរាបឱ្យបានគ្រប់ជ្រុងជ្រោយថែមទៀត។

គួរបញ្ជាក់ដែរថា អាជ្ញាធរជាតិអប្សរាក៏មានគេហទំព័រផ្លូវការ www.apsaraauthority.gov.kh និងបណ្តាញទំនាក់ទំនងសង្គម Facebook (អាជ្ញាធរជាតិអប្សរា Apsara Authority) រួចមកហើយ សម្រាប់ផ្សព្វផ្សាយព័ត៌មានទូទៅជូនសាធារណជនដែលចង់ឈ្វេងយល់ពីការងារទាក់ទងនឹងការជួសជុល ការអភិរក្សប្រាសាទ និងសកម្មភាពនានាប្រចាំថ្ងៃរបស់ស្ថាប័នអាជ្ញាធរជាតិអប្សរាទាំងមូល៕














កម្មវិធីសម្ដែងសិល្បៈ «រាត្រីចងចាំ» ដើម្បីអបអរខួបមួយឆ្នាំក្នុងការចុះបញ្ជីល្ខោនខោលចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ២៨ វិច្ឆិកា ឆ្នាំ២០១៨-២៨ វិច្ឆិកា ឆ្នាំ២០១៩ នាល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ រដ្ឋបាលខេត្តសៀមរាប មន្រ្តីអាជ្ញាធរជាតិអប្សរា ព្រមទាំងមហាជនជាទេសចរជាតិ-អន្ដរជាតិ ចូលរួមទស្សនាយ៉ាងច្រើនកុះករ។
រយៈពេល០៩ថ្ងៃហើយ ដែលមជ្ឈមណ្ឌលបណ្តុះ បណ្តាលនៃអាជ្ញាធរជាតិអប្សរា បានបើកវគ្គបណ្តុះបណ្តាល អ្នកបន្តវេនបច្ចេកទេសជួសជុល អភិរក្ស និងស្រាវជ្រាវប្រាសាទបុរាណ ដែលចាប់ផ្ដើមតាំងពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ មក។
ប្រតិភូសមាជិកបណ្ឌិតសភាវិទ្យាសាស្រ្តសង្គមនិងបច្ចេកវិទ្យានៃប្រទេសវៀតណាម លោក NGUYEN GIANG HAI បានចូលរួមធ្វើបាឋកថាស្ដីពី «វិស័យស្រាវជ្រាវបុរាណវិទ្យានិងការរកឃើញថ្មីៗនៅប្រទេសវៀតណាម» ដែលបានចែករំលែកចំណេះដឹងទាក់ទងនឹងវិស័យបុរាណវិទ្យាដល់មន្រ្តី បុគ្គលិក និងសាធារណជន ដែលសរុបប្រមាណ៥០នាក់។
វត្តរាជបូណ៌ជាវត្តដ៏ចំណាស់មួយក្នុងចំណោមវត្តដទៃទៀត ដែលស្ថិតនៅតាមដងស្ទឹងសៀមរាប ស្ថិតក្នុងភូមិសាស្ត្រភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ អារាមនេះមានព្រះវិហារមួយដែលមានលក្ខណៈស្ថាបត្យកម្មល្អឯក ហើយប្រហែលជាសាងសង់ឡើងក្នុងរាជ្យព្រះបាទនរោត្តម។
យោងតាមរបាយការណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍នៃអាជ្ញាធរជាតិអប្សរាក្នុងអំឡុងខែតុលា ឆ្នាំ២០១៩នេះ ក្រុមការងារបានជួយសង្រ្គោះភ្ញៀវទេសចរដែលរងរបួសចំនួន១០ករណី ក្នុងនោះមាន រអិលឬជំពប់ជើងដួល គ្រិច ថ្លោះដៃជើង ខ្យល់គរ ដួលសន្លប់ និងចុកពោះ ជាដើមបាន។ បញ្ហាទាំងនេះកើតឡើងដោយសារភ្ញៀវខ្លះមានការធ្វេសប្រហែស និងមិនគោរពតាមការណែនាំ ឬផ្លាកសញ្ញាហាមឃាត់ និងបញ្ហាសុខភាពផ្ទាល់ខ្លួន។
ដើមដំបូងមុន12345...271272បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
13050
ម្សិលមិញ
:
21159
សប្តាហ៍នេះ
:
96707
ខែនេះ
:
0107888
សរុប
:
009576645