ព័ត៌មានថ្មីៗ

យល់ដឹងពីរបៀបការងារដែលអាជ្ញាធរជាតិអប្សរាទទួលបានវិញ្ញាបនបត្រ ISO14001 ពីស្ថាប័នធានាគុណភាពជប៉ុន (JQA)

បានផ្សាយនៅ ថ្ងៃទី 13 ខែ កញ្ញា ឆ្នាំ2016 08:39 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ISO14001 ជាស្តង់ដារ ឬមាត្រដ្ឋានសម្រាប់វាស់វែងប្រព័ន្ធគ្រប់គ្រងបរិស្ថាន ដែលត្រូវបានទទួលស្គាល់ដោយស្ថាប័នអន្តរជាតិដែលមានមូលដ្ឋាននៅប្រទេសស្វ៊ីស។ ទស្សនវិស័យសម្រាប់ការអនុវត្តការងារគ្រប់គ្រងបរិស្ថាន អាជ្ញាធរជាតិអប្សរា តាំងពីឆ្នាំ២០០៤មក ក្នុងឋានៈជាស្ថាប័នជាតិគ្រប់គ្រង និងអភិរក្សរមណីយដ្ឋានអង្គរ បានចុះឈ្មោះដើម្បីបំពេញលក្ខខណ្ឌជាមួយស្ថាប័នធានាគុណភាពជប៉ុន (Japan Quality Assurance-JQA) ដើម្បីទទួលបានវិញ្ញាបនបត្រ ISO 14001 នេះ។

ក្រោយពីបានចុះឈ្មោះ និងបំពេញតាមលក្ខខណ្ឌរួចមក ស្ថាប័នJQA បានចុះវាយតម្លៃ និងប្រគល់ជូនវិញ្ញាបនបត្រ ដែលមានសុពលភាពរយៈពេល៣ឆ្នាំ ដល់អាជ្ញាធរជាតិអប្សរាចំនួន៤លើកជាបន្តបន្ទាប់រួចមកហើយគឺ លើកទី១ ឆ្នាំ២០០៦-២០០៩ លើកទី២ ឆ្នាំ ២០០៩-២០១២ លើកទី៣ ឆ្នាំ២០១២-២០១៥ និងលើកទី៤សម្រាប់ឆ្នាំ២០១៥-២០១៨។

ដើម្បីឲ្យដំណើរការនេះមាននិរន្តរភាព អាជ្ញាធរជាតិអប្សរាបានបង្កើតអង្គភាពមួយ ដែលមានឈ្មោះថា អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ (EMS) ដើម្បីតាមដានអនុវត្តការងារឲ្យស្របនឹងតម្រូវការរបស់JQA។

តើអង្គភាពនេះបានធ្វើអ្វីខ្លះ ដែលជំរុញឲ្យប្រព័ន្ធការងារគ្រប់គ្រងរមណីយដ្ឋានអង្គរ នៃអាជ្ញាធរជាតិអប្សរា ទទួលបានវិញ្ញាបនបត្រ ISO 14001នេះជាបន្តបន្ទាប់?

លោក ភោគ បញ្ញា អនុប្រធានអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរនៃអាជ្ញាធរជាតិអប្សរាបានលើកឡើងថា ការងារសំខាន់នៃEMS គឺសម្របសម្រួលអ្នកជំរុញការងារបរិស្ថានគ្រប់នាយកដ្ឋាន និងអង្គភាពចំណុះអាជ្ញាធរជាតិអប្សរាឲ្យដំណើរដោយរលូន ស្របនឹងលក្ខខណ្ឌដែលISO14001តម្រូវ។ គ្រប់នាយកដ្ឋានសុទ្ធតែមានអ្នកជំរុញការងារបរិស្ថានមួយរូប ហើយរៀងរាល់៣ខែម្តង EMS តែងត្រួតពិនិត្យរបាយការណ៍ និងជួបជុំជាមួយអ្នកជំរុញការងារបរិស្ថាន ដើម្បីវាយតម្លៃការងារ។

លោកបញ្ញាបន្ថែមថា “យើងធ្វើការជាមួយJQAផង ជាមួយអ្នកជំរុញបរិស្ថានគ្រប់នាយកដ្ឋានផង។ នាយកដ្ឋានមួយៗត្រូវមានកម្មវិធីបរិស្ថានដោយខ្លួនឯង ដោយគិតទៅលើលទ្ធភាពដែលខ្លួនអាចធ្វើបានដូចជា បច្ចេកទេស ថវិកា ជាដើម។ EMS នឹងជួយពិនិត្យមើលថា តើកម្មវិធីដែលនាយកដ្ឋានសាមីលើកឡើងនោះបំពេញបានដែរឬទេ? បានកម្រិតណា? បើមិនបានតើមកពីមូលហេតុអ្វី? នាយកដ្ឋាននីមួយៗមានកម្មវិធីខុសៗគ្នាទៅតាមលទ្ធភាពរបស់គេ។ ក្រៅពីនេះ EMSក៏តែងចុះត្រួតពិនិត្យបរិស្ថាន ជាពិសេសបញ្ហាសំរាមជុំវិញប្រាសាទនានាជាប្រចាំដែរ” 

និយាយពីការងារអប់រំវិញ លោកបញ្ញា រៀបរាប់ថា EMS តែងធ្វើការបណ្តុះបណ្តាលបុគ្គលិកទាំងអស់របស់អាជ្ញាធរជាតិអប្សរា ជាពិសេសបុគ្គលិកដែលទើបចូលថ្មី ដើម្បីឲ្យបានយល់ដឹងអំពីប្រព័ន្ធការងារISO14001។ ជាមួយគ្នានេះ អង្គភាពEMS ក៏សហការជាមួយស្ថាប័នJQA ចុះបង្រៀនតាមសាលារៀនក្នុងតំបន់អង្គរអំពីបញ្ហាបរិស្ថានដល់កុមារតូចៗ។ ជាគម្រោងសម្រាប់ឆ្នាំ២០១៧ខាងមុខនេះ លោកបញ្ញាបញ្ជាក់ថា ស្ថាប័នEMSនឹងបង្កើតកម្មវិធីអប់រំបរិស្ថានដល់កុមារតូចៗក្នុងតំបន់អង្គរបន្ថែមទៀត ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបរិស្ថានឲ្យបានកាន់តែទូលំទូលាយ៕














ក្រុមភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា រើសបានសម្ភារៈដែលភ្ញៀវភ្លេចឬជ្រុះបាត់រួមមាន កាបូបលុយ កាតវីសា និងប្រាក់មួយចំនួនត្រូវបានភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទអង្គរវត្ត ប្រគល់ជូនភ្ញៀវទេសចរ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ខណៈដែលភ្ញៀរទេសចរបានភ្លេចឬជ្រុះបាត់ អំឡុងពេលដើរទស្សនាប្រាសាទ។
ឯកឧត្តម យ៉ាណូស អាឌ័រ (János Áder) ប្រធានាធិបតីនៃសាធារណរដ្ឋហុងគ្រី និងលោកជំទាវ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើទស្សនកិច្ចនៅរមណីយដ្ឋានអង្គរចំនួនពីរថ្ងៃ គឺពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ដើម្បីទស្សនាប្រាសាទបុរាណខ្មែរ ស្វែងយល់ពីប្រវត្តិសាស្ត្រ អារ្យធម៌ និងភាពដ៏អស្ចារ្យនៃសំណង់ប្រាសាទបុរាណខ្មែរ។
ដងខ្លួនបដិមាព្រះពុទ្ធចំនួនមួយនិងព្រះសិរបដិមាព្រះពុទ្ធចំនួនមួយ ត្រូវបានប្រទះឃើញក្នុងកំណាយស្រាវជ្រាវសិក្សាអំពីរចនាសម្ពន្ធនៅខាងមុខខឿនតួកណ្តាលនៃប្រាសាទតុបខាងលិច កាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះ។
ជាក់ស្តែងនៅថ្ងៃទី២៥-២៧ ខែតុលា ឆ្នាំ២០១៩ ក្រុមការងារសម្រេចបាន១០០%នៃការស្តារឡើងវិញផ្លូវខាងក្រោយប្រាសាទអង្គរវត្ត។ ការស្តារឡើងវិញផ្លូវខាងក្រោយប្រាសាទអង្គរវត្តនាពេលនេះគឺដើម្បីចូលរួមចំណែកក្នុងការផ្តល់ភាពងាយស្រួលនៃដំណើរថ្មើរជើងជាទូទៅរបស់ភ្ញៀវទេសចរចូលទស្សនាប្រាសាទអង្គរវត្ត។ ម្យ៉ាងវិញទៀតនោះ កិច្ចការនេះក៏ដើម្បីជួយសម្រួលដល់ការធ្វើដំណើរទៅមករបស់ព្រះសង្ឃ ពុទ្ធបរិស័ទចំណុះជើងវត្តដែលមានទីតាំងស្ថិតក្នុងបរិវេណប្រាសាទអង្គរវត្តដែរ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
0612
ម្សិលមិញ
:
2952
សប្តាហ៍នេះ
:
16488
ខែនេះ
:
0043944
សរុប
:
009417220