ព័ត៌មានថ្មីៗ

យល់ដឹងពីរបៀបការងារដែលអាជ្ញាធរជាតិអប្សរាទទួលបានវិញ្ញាបនបត្រ ISO14001 ពីស្ថាប័នធានាគុណភាពជប៉ុន (JQA)

បានផ្សាយនៅ ថ្ងៃទី 13 ខែ កញ្ញា ឆ្នាំ2016 08:39 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ISO14001 ជាស្តង់ដារ ឬមាត្រដ្ឋានសម្រាប់វាស់វែងប្រព័ន្ធគ្រប់គ្រងបរិស្ថាន ដែលត្រូវបានទទួលស្គាល់ដោយស្ថាប័នអន្តរជាតិដែលមានមូលដ្ឋាននៅប្រទេសស្វ៊ីស។ ទស្សនវិស័យសម្រាប់ការអនុវត្តការងារគ្រប់គ្រងបរិស្ថាន អាជ្ញាធរជាតិអប្សរា តាំងពីឆ្នាំ២០០៤មក ក្នុងឋានៈជាស្ថាប័នជាតិគ្រប់គ្រង និងអភិរក្សរមណីយដ្ឋានអង្គរ បានចុះឈ្មោះដើម្បីបំពេញលក្ខខណ្ឌជាមួយស្ថាប័នធានាគុណភាពជប៉ុន (Japan Quality Assurance-JQA) ដើម្បីទទួលបានវិញ្ញាបនបត្រ ISO 14001 នេះ។

ក្រោយពីបានចុះឈ្មោះ និងបំពេញតាមលក្ខខណ្ឌរួចមក ស្ថាប័នJQA បានចុះវាយតម្លៃ និងប្រគល់ជូនវិញ្ញាបនបត្រ ដែលមានសុពលភាពរយៈពេល៣ឆ្នាំ ដល់អាជ្ញាធរជាតិអប្សរាចំនួន៤លើកជាបន្តបន្ទាប់រួចមកហើយគឺ លើកទី១ ឆ្នាំ២០០៦-២០០៩ លើកទី២ ឆ្នាំ ២០០៩-២០១២ លើកទី៣ ឆ្នាំ២០១២-២០១៥ និងលើកទី៤សម្រាប់ឆ្នាំ២០១៥-២០១៨។

ដើម្បីឲ្យដំណើរការនេះមាននិរន្តរភាព អាជ្ញាធរជាតិអប្សរាបានបង្កើតអង្គភាពមួយ ដែលមានឈ្មោះថា អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ (EMS) ដើម្បីតាមដានអនុវត្តការងារឲ្យស្របនឹងតម្រូវការរបស់JQA។

តើអង្គភាពនេះបានធ្វើអ្វីខ្លះ ដែលជំរុញឲ្យប្រព័ន្ធការងារគ្រប់គ្រងរមណីយដ្ឋានអង្គរ នៃអាជ្ញាធរជាតិអប្សរា ទទួលបានវិញ្ញាបនបត្រ ISO 14001នេះជាបន្តបន្ទាប់?

លោក ភោគ បញ្ញា អនុប្រធានអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរនៃអាជ្ញាធរជាតិអប្សរាបានលើកឡើងថា ការងារសំខាន់នៃEMS គឺសម្របសម្រួលអ្នកជំរុញការងារបរិស្ថានគ្រប់នាយកដ្ឋាន និងអង្គភាពចំណុះអាជ្ញាធរជាតិអប្សរាឲ្យដំណើរដោយរលូន ស្របនឹងលក្ខខណ្ឌដែលISO14001តម្រូវ។ គ្រប់នាយកដ្ឋានសុទ្ធតែមានអ្នកជំរុញការងារបរិស្ថានមួយរូប ហើយរៀងរាល់៣ខែម្តង EMS តែងត្រួតពិនិត្យរបាយការណ៍ និងជួបជុំជាមួយអ្នកជំរុញការងារបរិស្ថាន ដើម្បីវាយតម្លៃការងារ។

លោកបញ្ញាបន្ថែមថា “យើងធ្វើការជាមួយJQAផង ជាមួយអ្នកជំរុញបរិស្ថានគ្រប់នាយកដ្ឋានផង។ នាយកដ្ឋានមួយៗត្រូវមានកម្មវិធីបរិស្ថានដោយខ្លួនឯង ដោយគិតទៅលើលទ្ធភាពដែលខ្លួនអាចធ្វើបានដូចជា បច្ចេកទេស ថវិកា ជាដើម។ EMS នឹងជួយពិនិត្យមើលថា តើកម្មវិធីដែលនាយកដ្ឋានសាមីលើកឡើងនោះបំពេញបានដែរឬទេ? បានកម្រិតណា? បើមិនបានតើមកពីមូលហេតុអ្វី? នាយកដ្ឋាននីមួយៗមានកម្មវិធីខុសៗគ្នាទៅតាមលទ្ធភាពរបស់គេ។ ក្រៅពីនេះ EMSក៏តែងចុះត្រួតពិនិត្យបរិស្ថាន ជាពិសេសបញ្ហាសំរាមជុំវិញប្រាសាទនានាជាប្រចាំដែរ” 

និយាយពីការងារអប់រំវិញ លោកបញ្ញា រៀបរាប់ថា EMS តែងធ្វើការបណ្តុះបណ្តាលបុគ្គលិកទាំងអស់របស់អាជ្ញាធរជាតិអប្សរា ជាពិសេសបុគ្គលិកដែលទើបចូលថ្មី ដើម្បីឲ្យបានយល់ដឹងអំពីប្រព័ន្ធការងារISO14001។ ជាមួយគ្នានេះ អង្គភាពEMS ក៏សហការជាមួយស្ថាប័នJQA ចុះបង្រៀនតាមសាលារៀនក្នុងតំបន់អង្គរអំពីបញ្ហាបរិស្ថានដល់កុមារតូចៗ។ ជាគម្រោងសម្រាប់ឆ្នាំ២០១៧ខាងមុខនេះ លោកបញ្ញាបញ្ជាក់ថា ស្ថាប័នEMSនឹងបង្កើតកម្មវិធីអប់រំបរិស្ថានដល់កុមារតូចៗក្នុងតំបន់អង្គរបន្ថែមទៀត ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបរិស្ថានឲ្យបានកាន់តែទូលំទូលាយ៕














ប្រជាពលរដ្ឋដែលរស់នៅជាយូរមកហើយក្នុងតំបន់អង្គរ មិនត្រូវបានហាមឃាត់ក្នុងការងាររុះរើផ្ទះចាស់ដើម្បីសាងសង់ផ្ទះថ្មីជំនួសនោះឡើយ។ លើសពីនេះទៀត ការជួសជុលផ្ទះ ការតសំយ៉ាបផ្ទះ និងការសាងសង់សំណង់តូចៗមួយចំនួនទៀតក៏ត្រូវបានអនុញ្ញាតដល់មូលដ្ឋានផ្ទាល់ផងដែរ តាមរយៈក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ដែលចុះជួបប្រជាពលរដ្ឋជារៀងរាល់សប្តាហ៍។
បើនិយាយពីគោលដៅទស្សនាថ្ងៃលិច នោះគេនឹងស្គាល់ច្បាស់ពីប្រាសាទភ្នំបាខែង។ ភ្នំបាខែងជាគោលដៅទស្សនាថ្ងៃលិចមួយដ៏ទាក់ទាញ ព្រោះវាមានទិដ្ឋភាពស្រស់ស្អាត ដែលភ្ញៀវទេសចរអាចមើលថ្ងៃលិចបានយ៉ាងច្បាស់។
ក្រោមកិច្ចសហការសម្របសម្រួលរបស់អាជ្ញាធរជាតិអប្សរា ប្រាសាទភ្នំបាខែងដែលរងការខូចខាតទ្រុឌទ្រោមមួយផ្នែកធំ កំពុងត្រូវបានជួសជុលស្តារឡើងវិញ ដោយស្ថាប័នមូលនិធិប្រាសាទពិភពលោក (World Monument Fund-WMF) ដែលបានទទួលជំនួយរបស់រដ្ឋាភិបាលអាមេរិក តាមរយៈស្ថានទូតប្រចាំនៅកម្ពុជា។ គម្រោងនេះបានចាប់ផ្តើមតាំងពីឆ្នាំ២០០៤មក ហើយអាចនឹងបញ្ចប់នៅចុងឆ្នាំ២០១៩ ឬដើមឆ្នាំ២០២០។
បញ្ហាបរិស្ថាន ជាបញ្ហាចោទសំខាន់មួយនាពេលបច្ចុប្បន្ន ដែលបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងន់ដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ នេះក៏ព្រោះតែការកើនឡើងនៃចំនួនមនុស្ស កំណើនតម្រូវការប្រើប្រាស់ ការអភិវឌ្ឍសង្គម ទម្លាប់មិនល្អក្នុងការរស់នៅ ខ្វះការយល់ដឹងបញ្ហាបរិស្ថាន និងកត្តារួមផ្សំជាច្រើនផ្សេងទៀត។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
9
ថ្ងៃនេះ
:
2955
ម្សិលមិញ
:
5331
សប្តាហ៍នេះ
:
60808
ខែនេះ
:
0060808
សរុប
:
010997792