ព័ត៌មានថ្មីៗ

យល់ដឹងពីរបៀបការងារដែលអាជ្ញាធរជាតិអប្សរាទទួលបានវិញ្ញាបនបត្រ ISO14001 ពីស្ថាប័នធានាគុណភាពជប៉ុន (JQA)

បានផ្សាយនៅ ថ្ងៃទី 13 ខែ កញ្ញា ឆ្នាំ2016 08:39 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ISO14001 ជាស្តង់ដារ ឬមាត្រដ្ឋានសម្រាប់វាស់វែងប្រព័ន្ធគ្រប់គ្រងបរិស្ថាន ដែលត្រូវបានទទួលស្គាល់ដោយស្ថាប័នអន្តរជាតិដែលមានមូលដ្ឋាននៅប្រទេសស្វ៊ីស។ ទស្សនវិស័យសម្រាប់ការអនុវត្តការងារគ្រប់គ្រងបរិស្ថាន អាជ្ញាធរជាតិអប្សរា តាំងពីឆ្នាំ២០០៤មក ក្នុងឋានៈជាស្ថាប័នជាតិគ្រប់គ្រង និងអភិរក្សរមណីយដ្ឋានអង្គរ បានចុះឈ្មោះដើម្បីបំពេញលក្ខខណ្ឌជាមួយស្ថាប័នធានាគុណភាពជប៉ុន (Japan Quality Assurance-JQA) ដើម្បីទទួលបានវិញ្ញាបនបត្រ ISO 14001 នេះ។

ក្រោយពីបានចុះឈ្មោះ និងបំពេញតាមលក្ខខណ្ឌរួចមក ស្ថាប័នJQA បានចុះវាយតម្លៃ និងប្រគល់ជូនវិញ្ញាបនបត្រ ដែលមានសុពលភាពរយៈពេល៣ឆ្នាំ ដល់អាជ្ញាធរជាតិអប្សរាចំនួន៤លើកជាបន្តបន្ទាប់រួចមកហើយគឺ លើកទី១ ឆ្នាំ២០០៦-២០០៩ លើកទី២ ឆ្នាំ ២០០៩-២០១២ លើកទី៣ ឆ្នាំ២០១២-២០១៥ និងលើកទី៤សម្រាប់ឆ្នាំ២០១៥-២០១៨។

ដើម្បីឲ្យដំណើរការនេះមាននិរន្តរភាព អាជ្ញាធរជាតិអប្សរាបានបង្កើតអង្គភាពមួយ ដែលមានឈ្មោះថា អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ (EMS) ដើម្បីតាមដានអនុវត្តការងារឲ្យស្របនឹងតម្រូវការរបស់JQA។

តើអង្គភាពនេះបានធ្វើអ្វីខ្លះ ដែលជំរុញឲ្យប្រព័ន្ធការងារគ្រប់គ្រងរមណីយដ្ឋានអង្គរ នៃអាជ្ញាធរជាតិអប្សរា ទទួលបានវិញ្ញាបនបត្រ ISO 14001នេះជាបន្តបន្ទាប់?

លោក ភោគ បញ្ញា អនុប្រធានអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរនៃអាជ្ញាធរជាតិអប្សរាបានលើកឡើងថា ការងារសំខាន់នៃEMS គឺសម្របសម្រួលអ្នកជំរុញការងារបរិស្ថានគ្រប់នាយកដ្ឋាន និងអង្គភាពចំណុះអាជ្ញាធរជាតិអប្សរាឲ្យដំណើរដោយរលូន ស្របនឹងលក្ខខណ្ឌដែលISO14001តម្រូវ។ គ្រប់នាយកដ្ឋានសុទ្ធតែមានអ្នកជំរុញការងារបរិស្ថានមួយរូប ហើយរៀងរាល់៣ខែម្តង EMS តែងត្រួតពិនិត្យរបាយការណ៍ និងជួបជុំជាមួយអ្នកជំរុញការងារបរិស្ថាន ដើម្បីវាយតម្លៃការងារ។

លោកបញ្ញាបន្ថែមថា “យើងធ្វើការជាមួយJQAផង ជាមួយអ្នកជំរុញបរិស្ថានគ្រប់នាយកដ្ឋានផង។ នាយកដ្ឋានមួយៗត្រូវមានកម្មវិធីបរិស្ថានដោយខ្លួនឯង ដោយគិតទៅលើលទ្ធភាពដែលខ្លួនអាចធ្វើបានដូចជា បច្ចេកទេស ថវិកា ជាដើម។ EMS នឹងជួយពិនិត្យមើលថា តើកម្មវិធីដែលនាយកដ្ឋានសាមីលើកឡើងនោះបំពេញបានដែរឬទេ? បានកម្រិតណា? បើមិនបានតើមកពីមូលហេតុអ្វី? នាយកដ្ឋាននីមួយៗមានកម្មវិធីខុសៗគ្នាទៅតាមលទ្ធភាពរបស់គេ។ ក្រៅពីនេះ EMSក៏តែងចុះត្រួតពិនិត្យបរិស្ថាន ជាពិសេសបញ្ហាសំរាមជុំវិញប្រាសាទនានាជាប្រចាំដែរ” 

និយាយពីការងារអប់រំវិញ លោកបញ្ញា រៀបរាប់ថា EMS តែងធ្វើការបណ្តុះបណ្តាលបុគ្គលិកទាំងអស់របស់អាជ្ញាធរជាតិអប្សរា ជាពិសេសបុគ្គលិកដែលទើបចូលថ្មី ដើម្បីឲ្យបានយល់ដឹងអំពីប្រព័ន្ធការងារISO14001។ ជាមួយគ្នានេះ អង្គភាពEMS ក៏សហការជាមួយស្ថាប័នJQA ចុះបង្រៀនតាមសាលារៀនក្នុងតំបន់អង្គរអំពីបញ្ហាបរិស្ថានដល់កុមារតូចៗ។ ជាគម្រោងសម្រាប់ឆ្នាំ២០១៧ខាងមុខនេះ លោកបញ្ញាបញ្ជាក់ថា ស្ថាប័នEMSនឹងបង្កើតកម្មវិធីអប់រំបរិស្ថានដល់កុមារតូចៗក្នុងតំបន់អង្គរបន្ថែមទៀត ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបរិស្ថានឲ្យបានកាន់តែទូលំទូលាយ៕














រមណីយដ្ឋានអង្គរ គឺជាទីកន្លែងពិសិដ្ឋដែលប្រជាជនខ្មែរតែងតែធ្វើការគោរពបូជា ប្រតិបត្តិនូវជំនឿសាសនាជាទីសក្ការៈខ្ពង់ខ្ពស់បំផុតរបស់ខ្លួន។ ជាមួយគ្នានេះផងដែរ ប្រាសាទអង្គរ ដែលជាដួងព្រលឹងជាតិខ្មែរ គឺត្រូវបានអ្នកប្រវត្តិវិទូ និងបុរាណវិទូ ចាត់ទុកថាតំណាងឱ្យចក្រវាឡ។
នៅព្រឹកថ្ងៃ១៣កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ ប្រជាជនភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានរៀបចំពិធីបួងសួងផ្សងសុំទឹកភ្លៀង ខណៈពេលដែលរដូវវស្សាចូលមកដល់ តែពុំមានភ្លៀង ដើម្បីឱ្យភ្លៀងបង្អុរគ្រប់គ្រាន់ ឱ្យប្រជាកសិករធ្វើស្រែចម្ការទទួលបានភោគផលល្អ និងបន់ស្រន់សុំសេចក្តីសុខដល់ភូមិករ ដែលជាទំនៀមអ្នកស្រុកអង្គរតាំងពីបុរាណ។
ដោយមើលឃើញពីស្ថានភាពជាក់ស្តែងនៃការដ្ឋានជួសជុលស្រះទឹកខាងជើងនៃប្រាសាទអង្គរវត្តមានភាពតូចចង្អៀត ពិបាកក្នុងការបំពេញការងារ ធ្វើឱ្យដំណើរការជួសជុលមានភាពយឺតយ៉ាវ អាជ្ញាធរជាតិអប្សរានឹងពង្រីកការដ្ឋាននេះបន្ថែម ដើម្បីមានភាពងាយស្រួលដល់ការបំពេញការងារនិងពន្លឿនសកម្មភាពជួសជុល។
នៅព្រឹកថ្ងៃសៅរ៍ ១២កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ អាជ្ញាធរជាតិអប្សរាសហការជាមួយសមាគមធនធានមនុស្សខេត្តសៀមរាប(HRC)រៀបចំដាំកូនឈើចម្រុះរួមមាន គ្រញូង ធ្នង់ បេង ឈើទាល ចំបក់ ត្រាច ផ្ដៀក ធ្លក ត្រយឹង ចំនួន២,០០០ដើម នៅក្នុងរមណីយដ្ឋានអង្គរ។ ការដាំនេះក៏មានការចូលរួមពីតំណាងមកពីសណ្ឋាគារ រីស៊ត ភោជនីយដ្ឋាន មន្ទីរពេទ្យ អង្គការ និងក្រុមហ៊ុនផ្សេងៗសរុបចំនួន ៤៥ ដែលចូលរួមដាំនៅបរិវេណខាងកើតនៃប្រាសាទប្រីយ៍ ដែលអ្នកចូលរួមប្រមាណ ៥០០នាក់។
ក្រោយពីបានឈូសឆាយ បង្ហាប់គ្រឹះ រៀបចំប្រព័ន្ធរំដោះទឹក ផ្លូវមិត្តភាពកម្ពុជា-កូរ៉េ (ស្វាយធំ-ព្រះដាក់) កំពុងដំណើរការក្រាលកៅស៊ូហើយនៅព្រឹកថ្ងៃសុក្រ ១១កើតខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩។ គម្រោងកែលម្អនេះ គឺចាប់ពីផ្លូវបំបែកផ្លូវជាតិលេខ៦ ចំណុចផ្សារស្វាយធំខាងកើតរហូតដល់រង្វង់មូលកូនដំរី ស្ថិតក្នុងឃុំព្រះដាក ស្រុកបន្ទាយស្រី។
ដើមដំបូងមុន12345...226227បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
0784
ម្សិលមិញ
:
8456
សប្តាហ៍នេះ
:
20815
ខែនេះ
:
0104676
សរុប
:
008711684