NEWS

Understanding how the Apsara Authority received ISO14001 certification from the Japan Quality Assurance (JQA)

Published on 13 September 2016 08:39 AM Post By ៖ Apsara National Authority

ISO14001 ជាស្តង់ដារ ឬមាត្រដ្ឋានសម្រាប់វាស់វែងប្រព័ន្ធគ្រប់គ្រងបរិស្ថាន ដែលត្រូវបានទទួលស្គាល់ដោយស្ថាប័នអន្តរជាតិដែលមានមូលដ្ឋាននៅប្រទេសស្វ៊ីស។ ទស្សនវិស័យសម្រាប់ការអនុវត្តការងារគ្រប់គ្រងបរិស្ថាន អាជ្ញាធរជាតិអប្សរា តាំងពីឆ្នាំ២០០៤មក ក្នុងឋានៈជាស្ថាប័នជាតិគ្រប់គ្រង និងអភិរក្សរមណីយដ្ឋានអង្គរ បានចុះឈ្មោះដើម្បីបំពេញលក្ខខណ្ឌជាមួយស្ថាប័នធានាគុណភាពជប៉ុន (Japan Quality Assurance-JQA) ដើម្បីទទួលបានវិញ្ញាបនបត្រ ISO 14001 នេះ។

ក្រោយពីបានចុះឈ្មោះ និងបំពេញតាមលក្ខខណ្ឌរួចមក ស្ថាប័នJQA បានចុះវាយតម្លៃ និងប្រគល់ជូនវិញ្ញាបនបត្រ ដែលមានសុពលភាពរយៈពេល៣ឆ្នាំ ដល់អាជ្ញាធរជាតិអប្សរាចំនួន៤លើកជាបន្តបន្ទាប់រួចមកហើយគឺ លើកទី១ ឆ្នាំ២០០៦-២០០៩ លើកទី២ ឆ្នាំ ២០០៩-២០១២ លើកទី៣ ឆ្នាំ២០១២-២០១៥ និងលើកទី៤សម្រាប់ឆ្នាំ២០១៥-២០១៨។

ដើម្បីឲ្យដំណើរការនេះមាននិរន្តរភាព អាជ្ញាធរជាតិអប្សរាបានបង្កើតអង្គភាពមួយ ដែលមានឈ្មោះថា អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ (EMS) ដើម្បីតាមដានអនុវត្តការងារឲ្យស្របនឹងតម្រូវការរបស់JQA។

តើអង្គភាពនេះបានធ្វើអ្វីខ្លះ ដែលជំរុញឲ្យប្រព័ន្ធការងារគ្រប់គ្រងរមណីយដ្ឋានអង្គរ នៃអាជ្ញាធរជាតិអប្សរា ទទួលបានវិញ្ញាបនបត្រ ISO 14001នេះជាបន្តបន្ទាប់?

លោក ភោគ បញ្ញា អនុប្រធានអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរនៃអាជ្ញាធរជាតិអប្សរាបានលើកឡើងថា ការងារសំខាន់នៃEMS គឺសម្របសម្រួលអ្នកជំរុញការងារបរិស្ថានគ្រប់នាយកដ្ឋាន និងអង្គភាពចំណុះអាជ្ញាធរជាតិអប្សរាឲ្យដំណើរដោយរលូន ស្របនឹងលក្ខខណ្ឌដែលISO14001តម្រូវ។ គ្រប់នាយកដ្ឋានសុទ្ធតែមានអ្នកជំរុញការងារបរិស្ថានមួយរូប ហើយរៀងរាល់៣ខែម្តង EMS តែងត្រួតពិនិត្យរបាយការណ៍ និងជួបជុំជាមួយអ្នកជំរុញការងារបរិស្ថាន ដើម្បីវាយតម្លៃការងារ។

លោកបញ្ញាបន្ថែមថា “យើងធ្វើការជាមួយJQAផង ជាមួយអ្នកជំរុញបរិស្ថានគ្រប់នាយកដ្ឋានផង។ នាយកដ្ឋានមួយៗត្រូវមានកម្មវិធីបរិស្ថានដោយខ្លួនឯង ដោយគិតទៅលើលទ្ធភាពដែលខ្លួនអាចធ្វើបានដូចជា បច្ចេកទេស ថវិកា ជាដើម។ EMS នឹងជួយពិនិត្យមើលថា តើកម្មវិធីដែលនាយកដ្ឋានសាមីលើកឡើងនោះបំពេញបានដែរឬទេ? បានកម្រិតណា? បើមិនបានតើមកពីមូលហេតុអ្វី? នាយកដ្ឋាននីមួយៗមានកម្មវិធីខុសៗគ្នាទៅតាមលទ្ធភាពរបស់គេ។ ក្រៅពីនេះ EMSក៏តែងចុះត្រួតពិនិត្យបរិស្ថាន ជាពិសេសបញ្ហាសំរាមជុំវិញប្រាសាទនានាជាប្រចាំដែរ” 

និយាយពីការងារអប់រំវិញ លោកបញ្ញា រៀបរាប់ថា EMS តែងធ្វើការបណ្តុះបណ្តាលបុគ្គលិកទាំងអស់របស់អាជ្ញាធរជាតិអប្សរា ជាពិសេសបុគ្គលិកដែលទើបចូលថ្មី ដើម្បីឲ្យបានយល់ដឹងអំពីប្រព័ន្ធការងារISO14001។ ជាមួយគ្នានេះ អង្គភាពEMS ក៏សហការជាមួយស្ថាប័នJQA ចុះបង្រៀនតាមសាលារៀនក្នុងតំបន់អង្គរអំពីបញ្ហាបរិស្ថានដល់កុមារតូចៗ។ ជាគម្រោងសម្រាប់ឆ្នាំ២០១៧ខាងមុខនេះ លោកបញ្ញាបញ្ជាក់ថា ស្ថាប័នEMSនឹងបង្កើតកម្មវិធីអប់រំបរិស្ថានដល់កុមារតូចៗក្នុងតំបន់អង្គរបន្ថែមទៀត ដើម្បីលើកកម្ពស់ការយល់ដឹងអំពីបរិស្ថានឲ្យបានកាន់តែទូលំទូលាយ៕














ប្រាសាទបាតជុំកសាងឡើងដោយមន្រ្តីម្នាក់ឈ្មោះកវិន្រ្ទារីមថនក្នុងរាជព្រះបាទរាជេន្ទ្រវរ្ម័នទី២ នាពាក់កណ្ដាលសតវត្សរ៍ទី១០ ប្រាសាទនេះសាងអំពីឥដ្ឋមានតួប៉មចំនួនបីស្ថិតនៅលើខឿនថ្មបាយក្រៀម ឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន។ បច្ចុប្បន្នប្រាសាទនេះ កំពុងរងការខូចខាតច្រើនអន្លើដោយសារកត្តាធម្មជាតិ អាយុកាល និងគុណភាពសម្ភារៈសំណង់។
ជាផ្នែកមួយនៃការចូលរួមអភិរក្សប្រាសាទដូនតាខ្មែរ សិប្បកម្មផលិតឥដ្ឋក្បឿងអង្គរ ដែលស្ថិតនៅភូមិថ្មី ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប បានផលិតឥដ្ឋបុរាណសម្រាប់ការងារជួសជុលប្រាសាទ។ សិប្បកម្មនេះបានចាប់ផ្តើមផលិតឥដ្ឋនេះតាំងពីអំឡុងឆ្នាំ១៩៩៤មក និងគោរពតាមបច្ចេកទេសដែលអ្នកជំនាញជួសជុលប្រាសាទផ្តល់ឱ្យ។
នៅព្រឹកថ្ងៃសៅរ៍ ១កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ប្រជាជនទាំងប្រុស ស្រី ចាស់ ក្មេង ប្រមាណ ៥០០ នាក់ បានមកប្រមូលផ្តុំគ្នានៅបឹងធំមួយ ដែលស្ថិតនៅក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យនៃអាជ្ញាធរជាតិអប្សរា បានបន្តកិច្ចការងារថែទាំផ្លូវ ស្លាកសញ្ញាចរាចរណ៍ ស្លាកព័ត៌មានផ្សេងៗ បោសសម្អាតដីដែលចាក់គរតាមចញ្ចើម និងគែមផ្លូវនានាក្នុងរមណីយដ្ឋានអង្គរ ដើម្បីសម្រួលដល់ការធ្វើចរាចរដល់ប្រជាពលរដ្ឋក៏ដូចជាភ្ញៀវចរ។
នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ក្រុមការងារអប់រំបេតិកភណ្ឌនៃអាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការគាំពារកេរមរតក បានបើកកម្មវិធីអប់រំបេតិកភណ្ឌសម្រាប់ឆ្នាំសិក្សាថ្មី នៅសាលាបឋមសិក្សាក្របីរៀល សង្កាត់ក្របីរៀល ក្រុងសៀមរាប ដែលមានការអញ្ជើញចូលរួមពីលោកនាយក នាយករង គ្រូបន្ទុកថ្នាក់ ក្រុមការងារអប់រំបេតិកភណ្ឌចំនួន៤រូប និងសិស្សានុសិស្សចំនួន២២០រូប។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
2
Today
:
15756
Yesterday
:
15693
This Week
:
116149
This Month
:
0260591
Total
:
010216738