ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរានឹងរួមគ្នាជាមួយមន្ទីរបរិស្ថានខេត្តសៀមរាបដើម្បីការពារព្រៃឈើក្នុងឧទ្យានអង្គរ

បានផ្សាយនៅ ថ្ងៃទី 09 ខែ កញ្ញា ឆ្នាំ2016 02:39 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ព្រៃឈើពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះតំបន់រមណីយដ្ឋានអង្គរ ព្រោះទីនេះជាតំបន់ទេសចរណ៍ពិភពលោកកំពុងតែមានការចាប់អារម្មណ៍និងមានការទាក់ទាញបំផុតពីភ្ញៀវទេសចរទូទាំងសកលលោក។ កន្លងមកអាជ្ញាធរជាតិអប្សរាបានបង្កើនការដាំឡើងវិញ ដើម្បីបង្កើនទេសភាពធម្មជាតិក្នុងតំបន់រមណីយដ្ឋានអង្គរឲ្យកាន់តែមានភាពទាក់ទាញ។ ការដាំតែមួយមុខពិតជាមិនអាចស្ថិតស្ថេរបានទេ បើគ្មានការថែទាំ។ ដូច្នេះ ការចូលរួមពីគ្រប់ស្ថាប័នជំនាញ សហគមន៍ និងប្រជាពលរដ្ឋ គឺជាកត្តាចាំបាច់បំផុត ដើម្បីអភិរក្សព្រៃឈើក្នុងឧទ្យានអង្គរ។

ក្នុងន័យនេះហើយ ទើបនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦នេះ អាជា្ញធរជាតិអប្សរាបានបើកអង្គប្រជុំពិភាក្សាមួយ ជាមួយមន្ទីរបរិស្ថានខេត្តសៀមរាបដើម្បីរិះរកវិធានការក្នុងការទប់ស្កាត់ការកាប់ព្រៃឈើ ការទន្ទ្រានរានយកដីព្រៃធ្វើកសិកម្ម ឬជួញដូរពីសំណាក់ប្រជាពលរដ្ឋ និងឈ្មួញខិលខូចមួយចំនួនទៀត។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ឯកឧត្តម ឈរ ថាណាត អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងជាតំណាងឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាបព្រមទាំងមន្ត្រីបុគ្គលិកអាជា្ញធរជាតិអប្សរា និងមន្ត្រីបុគ្គលិកមន្ទីរបរិស្ថានខេត្តជាច្រើនរូបទៀត នៅនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌និងបរិស្ថាននៃមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។

ក្រោយចំណាយពេលមួយព្រឹកក្នុងកិច្ចពិភាក្សាប្តូរយោបល់គ្នារួចមក អាជ្ញាធរជាតិអប្សរា និងមន្ទីរបរិស្ថានខេត្តបានសម្រេចលើវិធានការ៤ ដែលត្រូវរួមគ្នាធ្វើគឺ ល្បាតការពារព្រៃឈើក្នុងតំបន់អង្គររួមគ្នា ផ្តល់ព័ត៌មានទាន់ហេតុការណ៍ឲ្យគ្នាទៅវិញទៅមកឲ្យបានទាន់ពេល ចុះអប់រំផ្សព្វផ្សាយរួមគ្នា និង បង្កើនការដាំព្រៃឈើឡើងវិញរួមគ្នា។

គួររំឭកថា នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរាបានដាក់ផែនការដាំកូនឈើក្នុងរមណីយដ្ឋានអង្គរឲ្យបានយ៉ាងតិច៦ម៉ឺនដើមក្នុងមួយឆ្នាំ។ នាយកដ្ឋានបានអនុវត្តផែនការនេះ ដោយបែងចែកការដាំជាពីរប្រភេទ គឺ ដាំដោយមន្ត្រី បុគ្គលិក និងកម្មកររបស់នាយកដ្ឋានជាប្រចាំរៀងរាល់ចុងសប្តាហ៍ និងដាំដោយប្រជាពលរដ្ឋតាមរយៈការផ្តល់ជូនទៅអាជ្ញាធរមូលដ្ឋាន អង្គការឬវត្តអារាមតាមការស្នើសុំជាក់ស្តែង។ ដោយឡែក ក្នុងឆ្នាំ២០១៦ គិតមកទល់នឹងខែកញ្ញានេះ ដើមឈើចំនួនជាង៥ម៉ឺនដើមហើយ ត្រូវបានដាំក្នុងឧទ្យានអង្គរទាំងមូល៕










ព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧នេះ ឯកឧត្តមបណ្ឌិត ស៊ុំ​ ម៉ាប់ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឲ្យក្រុមប្រតិភូខេត្តជាំងស៊ី (Jiangxi) នៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយ លោក Yang Huiwen អនុប្រធានមន្ទីរអប់រំខេត្តជាំងស៊ីចូលជួបពិភាក្សាការងារនៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។ ជំនួបពិភាក្សានេះផ្តោតសំខាន់លើការបើកវគ្គបណ្តុះបណ្តាលភាសាចិនដល់មន្ត្រីបុគ្គលិកអាជ្ញាធរជាតិអប្សរា។
លទ្ធផលនៃការស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរា បានប្រទះឃើញសិលាចារឹកជាភាសាភូមាចំនួន១១កន្លែងផ្សេងគ្នា។ លោក អ៊ឹម សុខរិទ្ធី អ្នកស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរា បញ្ជាក់ថាទីតាំងដែលរកឃើញនោះមាន៩កន្លែងនៅប្រាសាទអង្គរវត្ត និង២កន្លែងទៀតក្នុងក្រុងអង្គរធំក្បែរប្រាសាទបាយ័ន។
តាមការសង្កេតជាក់ស្តែង ប្រជាជននៅក្នុងតំបន់អង្គរមានជីវភាពរស់នៅល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែ មានគ្រួសារតិចណាស់ដែលមានបង្គន់ប្រើប្រាស់ជាលក្ខណៈគ្រួសារ ព្រោះខ្វះវិធីសាស្ត្រក្នុងការកែច្នៃបង្គន់ប្រើប្រាស់ និងមិនបានចាប់អារម្មណ៍ចំពោះផលប៉ះពាល់សុខភាពតាមរយៈការបន្ទោបង់ពាសវាលពាសកាល។
នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ ក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាប្រចាំស្រុកពួកបានចុះយកលិខិតអនុញ្ញាតជួសជុលផ្លូវក្រាលគ្រួសក្រហមចំនួន៣ខ្សែ មានប្រវែងសរុប១៤០០០ម៉ែត្រទៅប្រគល់ជូនសាលាឃុំដូនកែវ ដោយមានការចូលរួមពីអាជ្ញាធរភូមិ ឃុំ និងប្រជាពលរដ្ឋផងដែរ។ ពិធីប្រគល់ជូននេះត្រូវបានប្រារព្ធធ្វើឡើងនៅសាលាឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
1846
ម្សិលមិញ
:
3859
សប្តាហ៍នេះ
:
01846
ខែនេះ
:
0244585
សរុប
:
011707181