ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរានឹងរួមគ្នាជាមួយមន្ទីរបរិស្ថានខេត្តសៀមរាបដើម្បីការពារព្រៃឈើក្នុងឧទ្យានអង្គរ

បានផ្សាយនៅ ថ្ងៃទី 09 ខែ កញ្ញា ឆ្នាំ2016 02:39 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ព្រៃឈើពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះតំបន់រមណីយដ្ឋានអង្គរ ព្រោះទីនេះជាតំបន់ទេសចរណ៍ពិភពលោកកំពុងតែមានការចាប់អារម្មណ៍និងមានការទាក់ទាញបំផុតពីភ្ញៀវទេសចរទូទាំងសកលលោក។ កន្លងមកអាជ្ញាធរជាតិអប្សរាបានបង្កើនការដាំឡើងវិញ ដើម្បីបង្កើនទេសភាពធម្មជាតិក្នុងតំបន់រមណីយដ្ឋានអង្គរឲ្យកាន់តែមានភាពទាក់ទាញ។ ការដាំតែមួយមុខពិតជាមិនអាចស្ថិតស្ថេរបានទេ បើគ្មានការថែទាំ។ ដូច្នេះ ការចូលរួមពីគ្រប់ស្ថាប័នជំនាញ សហគមន៍ និងប្រជាពលរដ្ឋ គឺជាកត្តាចាំបាច់បំផុត ដើម្បីអភិរក្សព្រៃឈើក្នុងឧទ្យានអង្គរ។

ក្នុងន័យនេះហើយ ទើបនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦នេះ អាជា្ញធរជាតិអប្សរាបានបើកអង្គប្រជុំពិភាក្សាមួយ ជាមួយមន្ទីរបរិស្ថានខេត្តសៀមរាបដើម្បីរិះរកវិធានការក្នុងការទប់ស្កាត់ការកាប់ព្រៃឈើ ការទន្ទ្រានរានយកដីព្រៃធ្វើកសិកម្ម ឬជួញដូរពីសំណាក់ប្រជាពលរដ្ឋ និងឈ្មួញខិលខូចមួយចំនួនទៀត។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ឯកឧត្តម ឈរ ថាណាត អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងជាតំណាងឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាបព្រមទាំងមន្ត្រីបុគ្គលិកអាជា្ញធរជាតិអប្សរា និងមន្ត្រីបុគ្គលិកមន្ទីរបរិស្ថានខេត្តជាច្រើនរូបទៀត នៅនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌និងបរិស្ថាននៃមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។

ក្រោយចំណាយពេលមួយព្រឹកក្នុងកិច្ចពិភាក្សាប្តូរយោបល់គ្នារួចមក អាជ្ញាធរជាតិអប្សរា និងមន្ទីរបរិស្ថានខេត្តបានសម្រេចលើវិធានការ៤ ដែលត្រូវរួមគ្នាធ្វើគឺ ល្បាតការពារព្រៃឈើក្នុងតំបន់អង្គររួមគ្នា ផ្តល់ព័ត៌មានទាន់ហេតុការណ៍ឲ្យគ្នាទៅវិញទៅមកឲ្យបានទាន់ពេល ចុះអប់រំផ្សព្វផ្សាយរួមគ្នា និង បង្កើនការដាំព្រៃឈើឡើងវិញរួមគ្នា។

គួររំឭកថា នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរាបានដាក់ផែនការដាំកូនឈើក្នុងរមណីយដ្ឋានអង្គរឲ្យបានយ៉ាងតិច៦ម៉ឺនដើមក្នុងមួយឆ្នាំ។ នាយកដ្ឋានបានអនុវត្តផែនការនេះ ដោយបែងចែកការដាំជាពីរប្រភេទ គឺ ដាំដោយមន្ត្រី បុគ្គលិក និងកម្មកររបស់នាយកដ្ឋានជាប្រចាំរៀងរាល់ចុងសប្តាហ៍ និងដាំដោយប្រជាពលរដ្ឋតាមរយៈការផ្តល់ជូនទៅអាជ្ញាធរមូលដ្ឋាន អង្គការឬវត្តអារាមតាមការស្នើសុំជាក់ស្តែង។ ដោយឡែក ក្នុងឆ្នាំ២០១៦ គិតមកទល់នឹងខែកញ្ញានេះ ដើមឈើចំនួនជាង៥ម៉ឺនដើមហើយ ត្រូវបានដាំក្នុងឧទ្យានអង្គរទាំងមូល៕










“មេរៀនអំពីរចនាសម្ព័ន្ធប្រាសាទក្នុងតំបន់អង្គរ គឺពិតជាស្មុគ្រស្មាញខ្លាំងណាស់ កុំថាឡើយរៀនត្រឹមពីរសប្តាហ៍ ទោះបីមួយខែ ៦ខែ ឬមួយឆ្នាំក៏ដោយក៏នៅតែមិនទាន់គ្រប់គ្រាន់ដែរ។ យើងពិតជារីករាយនឹងបន្តបណ្តុះបណ្តាលអ្នកជំនាញវ័យក្មេងទាំងនេះទៀតនៅឱកាសក្រោយៗ”។ នេះជាការលើកឡើងរបស់លោកសាស្ត្រាចារ្យ KENICHRO HIDAKA អ្នកជំនាញAdhoc បុរាណវិទ្យានៃគណៈកម្មការអាយស៊ីស៊ីអង្គរ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី ជំនាញបច្ចេកទេសវាស់ស្ទង់លំងាកនៃរចនាសម្ព័ន្ធប្រាសាទ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦នេះ។
ឯកឧត្តម សឺង គង់ ទីប្រឹក្សានៃអាជ្ញាធរជាតិអប្សរានិងមន្ត្រី/បុគ្គលិកអាជ្ញាធរជាតិអប្សរាមួយចំនួនទៀតបានចូលរួមក្នុងពិធីដាំកូនឈើជាមួយនឹងអាជ្ញាធរស្រុក ឃុំ ភូមិ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និង ប្រជាពលរដ្ឋយ៉ាងច្រើនកុះករនៅលើខ្នងទំនប់បារាយណ៍ក្រចាប់ជាប់នឹងវិទ្យាល័យអង្គរធំស្ថិតនៅភូមិបំពេញរាជ្យ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប នាថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០១៦។
កញ្ចប់គាំពារសុខុមាលភាពមាតានិងទារកចំនួន៧៦ ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទូកទីស្តីការគណៈរដ្ឋមន្ត្រីនិងជាប្រធានអាជ្ញាធរជាតិអប្សរា ព្រមទាំងលោកជំទាវ ត្រូវបានយកទៅចែកជូនស្ត្រីសម្រាលកូនហើយចំនួន៧៦នាក់ នៅឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង និងឃុំលាងដៃ ស្រុកអង្គរធំ នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦។
គោយន្តភ្ជួរដីថ្មីមួយគ្រឿងតម្លៃ១៧៥០ដុល្លារ ជាថវិការបស់ក្រុមហ៊ុន SBI MIEN NAM នៃប្រទេសវៀតណាម រួមទាំងការរួមចំណែកពីប្រជាជន និងក្រុមការងារអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯកនៃអាជ្ញាធរជាតិអប្សរាផង បានយកមកជូនប្រជាពលរដ្ឋភូមិធម្មជាតិហើយ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
ក្រុមអ្នកបុរាណវិទ្យាខ្មែរនិងបរទេស ក្រោមកិច្ចសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សរា និងសាលាបារាំងចុងបូព៌ាប្រទេស នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦នេះ បានប្រារព្ធពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដី ដើម្បីបើកកំណាយស្រាវជ្រាវមួយ ដែលស្ថិតនៅក្បែរកំពែងព្រះបរមរាជវាំង ខាងលិចទីលានសេ្តចគម្លង់ប្រហែល២០០ម៉ែត្រ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
14
ថ្ងៃនេះ
:
17935
ម្សិលមិញ
:
20070
សប្តាហ៍នេះ
:
69257
ខែនេះ
:
0372765
សរុប
:
014815606