ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរានឹងរួមគ្នាជាមួយមន្ទីរបរិស្ថានខេត្តសៀមរាបដើម្បីការពារព្រៃឈើក្នុងឧទ្យានអង្គរ

បានផ្សាយនៅ ថ្ងៃទី 09 ខែ កញ្ញា ឆ្នាំ2016 02:39 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ព្រៃឈើពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះតំបន់រមណីយដ្ឋានអង្គរ ព្រោះទីនេះជាតំបន់ទេសចរណ៍ពិភពលោកកំពុងតែមានការចាប់អារម្មណ៍និងមានការទាក់ទាញបំផុតពីភ្ញៀវទេសចរទូទាំងសកលលោក។ កន្លងមកអាជ្ញាធរជាតិអប្សរាបានបង្កើនការដាំឡើងវិញ ដើម្បីបង្កើនទេសភាពធម្មជាតិក្នុងតំបន់រមណីយដ្ឋានអង្គរឲ្យកាន់តែមានភាពទាក់ទាញ។ ការដាំតែមួយមុខពិតជាមិនអាចស្ថិតស្ថេរបានទេ បើគ្មានការថែទាំ។ ដូច្នេះ ការចូលរួមពីគ្រប់ស្ថាប័នជំនាញ សហគមន៍ និងប្រជាពលរដ្ឋ គឺជាកត្តាចាំបាច់បំផុត ដើម្បីអភិរក្សព្រៃឈើក្នុងឧទ្យានអង្គរ។

ក្នុងន័យនេះហើយ ទើបនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦នេះ អាជា្ញធរជាតិអប្សរាបានបើកអង្គប្រជុំពិភាក្សាមួយ ជាមួយមន្ទីរបរិស្ថានខេត្តសៀមរាបដើម្បីរិះរកវិធានការក្នុងការទប់ស្កាត់ការកាប់ព្រៃឈើ ការទន្ទ្រានរានយកដីព្រៃធ្វើកសិកម្ម ឬជួញដូរពីសំណាក់ប្រជាពលរដ្ឋ និងឈ្មួញខិលខូចមួយចំនួនទៀត។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ឯកឧត្តម ឈរ ថាណាត អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងជាតំណាងឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាបព្រមទាំងមន្ត្រីបុគ្គលិកអាជា្ញធរជាតិអប្សរា និងមន្ត្រីបុគ្គលិកមន្ទីរបរិស្ថានខេត្តជាច្រើនរូបទៀត នៅនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌និងបរិស្ថាននៃមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។

ក្រោយចំណាយពេលមួយព្រឹកក្នុងកិច្ចពិភាក្សាប្តូរយោបល់គ្នារួចមក អាជ្ញាធរជាតិអប្សរា និងមន្ទីរបរិស្ថានខេត្តបានសម្រេចលើវិធានការ៤ ដែលត្រូវរួមគ្នាធ្វើគឺ ល្បាតការពារព្រៃឈើក្នុងតំបន់អង្គររួមគ្នា ផ្តល់ព័ត៌មានទាន់ហេតុការណ៍ឲ្យគ្នាទៅវិញទៅមកឲ្យបានទាន់ពេល ចុះអប់រំផ្សព្វផ្សាយរួមគ្នា និង បង្កើនការដាំព្រៃឈើឡើងវិញរួមគ្នា។

គួររំឭកថា នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរាបានដាក់ផែនការដាំកូនឈើក្នុងរមណីយដ្ឋានអង្គរឲ្យបានយ៉ាងតិច៦ម៉ឺនដើមក្នុងមួយឆ្នាំ។ នាយកដ្ឋានបានអនុវត្តផែនការនេះ ដោយបែងចែកការដាំជាពីរប្រភេទ គឺ ដាំដោយមន្ត្រី បុគ្គលិក និងកម្មកររបស់នាយកដ្ឋានជាប្រចាំរៀងរាល់ចុងសប្តាហ៍ និងដាំដោយប្រជាពលរដ្ឋតាមរយៈការផ្តល់ជូនទៅអាជ្ញាធរមូលដ្ឋាន អង្គការឬវត្តអារាមតាមការស្នើសុំជាក់ស្តែង។ ដោយឡែក ក្នុងឆ្នាំ២០១៦ គិតមកទល់នឹងខែកញ្ញានេះ ដើមឈើចំនួនជាង៥ម៉ឺនដើមហើយ ត្រូវបានដាំក្នុងឧទ្យានអង្គរទាំងមូល៕










ក្នុងរយៈកាលប៉ុន្មានថ្ងៃកន្លងមកនេះ មានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គមយ៉ាងច្រើនអំពីការប្រទះឃើញថ្មចំនួន៣ដុំនិងបំណែកទូកធ្វើពីឈើនៅក្នុងបឹងទន្លេសាប ស្ថិតនៅទីតាំងភូមិមាត់ខ្លា ឃុំអន្លង់សំណ ស្រុកជីក្រែង ខេត្តសៀមរាប ដែលមានចម្ងាយប្រហែល៣៥គីឡូម៉ែត្រ ខាងត្បូងឆៀងខាងកើត ឃុំកំពង់ឃ្លាំង។
នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរា បានចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ ជូនចំពោះគណៈប្រតិភូនៃប្រទេសហ្វីលីពីន នៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរា។
អាកាសធាតុក្តៅហួតហែងនាឆ្នាំនេះ ធ្វើឱ្យត្រពាំង បឹងបួរ អណ្តូង ស្រះ ប្រឡាយដែលធ្លាប់មានទឹក បែររីងខះដីបែកក្រហែង មនុស្សខ្វះទឹកប្រើប្រាស់ស្ទើរគ្រប់ទីកន្លែង រុក្ខជាតិក្រៀមស្វិតស្រពោន សត្វស្លាប់ហូរហែខុសពីរាល់ឆ្នាំ។ ដោយឃើញពីផលលំបាកបែបនេះ ហើយស្របនឹងរដូវកាលដែលត្រូវធ្វើពិធីសុំទឹកភ្លៀងជាទំនៀមរបស់អ្នកស្រុកអង្គរផងនោះ អ្នកភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ក៏បានប្រារព្ធពិធីនេះឡើងនៅលើភ្នំបាខែងកាលពីពេលថ្មីៗកន្លងមកនេះ ដោយមានកិច្ចសម្របសម្រួលនិងគាំទ្រពីអាជ្ញាធរជាតិអប្សរាផងដែរ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
1170
ម្សិលមិញ
:
6169
សប្តាហ៍នេះ
:
01170
ខែនេះ
:
0243845
សរុប
:
012751434