ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរានឹងរួមគ្នាជាមួយមន្ទីរបរិស្ថានខេត្តសៀមរាបដើម្បីការពារព្រៃឈើក្នុងឧទ្យានអង្គរ

បានផ្សាយនៅ ថ្ងៃទី 09 ខែ កញ្ញា ឆ្នាំ2016 02:39 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ព្រៃឈើពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះតំបន់រមណីយដ្ឋានអង្គរ ព្រោះទីនេះជាតំបន់ទេសចរណ៍ពិភពលោកកំពុងតែមានការចាប់អារម្មណ៍និងមានការទាក់ទាញបំផុតពីភ្ញៀវទេសចរទូទាំងសកលលោក។ កន្លងមកអាជ្ញាធរជាតិអប្សរាបានបង្កើនការដាំឡើងវិញ ដើម្បីបង្កើនទេសភាពធម្មជាតិក្នុងតំបន់រមណីយដ្ឋានអង្គរឲ្យកាន់តែមានភាពទាក់ទាញ។ ការដាំតែមួយមុខពិតជាមិនអាចស្ថិតស្ថេរបានទេ បើគ្មានការថែទាំ។ ដូច្នេះ ការចូលរួមពីគ្រប់ស្ថាប័នជំនាញ សហគមន៍ និងប្រជាពលរដ្ឋ គឺជាកត្តាចាំបាច់បំផុត ដើម្បីអភិរក្សព្រៃឈើក្នុងឧទ្យានអង្គរ។

ក្នុងន័យនេះហើយ ទើបនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦នេះ អាជា្ញធរជាតិអប្សរាបានបើកអង្គប្រជុំពិភាក្សាមួយ ជាមួយមន្ទីរបរិស្ថានខេត្តសៀមរាបដើម្បីរិះរកវិធានការក្នុងការទប់ស្កាត់ការកាប់ព្រៃឈើ ការទន្ទ្រានរានយកដីព្រៃធ្វើកសិកម្ម ឬជួញដូរពីសំណាក់ប្រជាពលរដ្ឋ និងឈ្មួញខិលខូចមួយចំនួនទៀត។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ឯកឧត្តម ឈរ ថាណាត អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងជាតំណាងឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាបព្រមទាំងមន្ត្រីបុគ្គលិកអាជា្ញធរជាតិអប្សរា និងមន្ត្រីបុគ្គលិកមន្ទីរបរិស្ថានខេត្តជាច្រើនរូបទៀត នៅនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌និងបរិស្ថាននៃមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។

ក្រោយចំណាយពេលមួយព្រឹកក្នុងកិច្ចពិភាក្សាប្តូរយោបល់គ្នារួចមក អាជ្ញាធរជាតិអប្សរា និងមន្ទីរបរិស្ថានខេត្តបានសម្រេចលើវិធានការ៤ ដែលត្រូវរួមគ្នាធ្វើគឺ ល្បាតការពារព្រៃឈើក្នុងតំបន់អង្គររួមគ្នា ផ្តល់ព័ត៌មានទាន់ហេតុការណ៍ឲ្យគ្នាទៅវិញទៅមកឲ្យបានទាន់ពេល ចុះអប់រំផ្សព្វផ្សាយរួមគ្នា និង បង្កើនការដាំព្រៃឈើឡើងវិញរួមគ្នា។

គួររំឭកថា នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរាបានដាក់ផែនការដាំកូនឈើក្នុងរមណីយដ្ឋានអង្គរឲ្យបានយ៉ាងតិច៦ម៉ឺនដើមក្នុងមួយឆ្នាំ។ នាយកដ្ឋានបានអនុវត្តផែនការនេះ ដោយបែងចែកការដាំជាពីរប្រភេទ គឺ ដាំដោយមន្ត្រី បុគ្គលិក និងកម្មកររបស់នាយកដ្ឋានជាប្រចាំរៀងរាល់ចុងសប្តាហ៍ និងដាំដោយប្រជាពលរដ្ឋតាមរយៈការផ្តល់ជូនទៅអាជ្ញាធរមូលដ្ឋាន អង្គការឬវត្តអារាមតាមការស្នើសុំជាក់ស្តែង។ ដោយឡែក ក្នុងឆ្នាំ២០១៦ គិតមកទល់នឹងខែកញ្ញានេះ ដើមឈើចំនួនជាង៥ម៉ឺនដើមហើយ ត្រូវបានដាំក្នុងឧទ្យានអង្គរទាំងមូល៕










រមណីយដ្ឋានអង្គរគ្របដណ្តប់លើផ្ទៃដី៤០១គីឡូម៉ែត្រការ៉េដែលមាន១១២ភូមិ ២១ឃុំ/សង្កាត់ និង៥ស្រុក/ក្រុង ហើយជាតំបន់មានទេសភាពវប្បធម៌ វាលស្រែធំល្វឹងល្វើយ ប្រាង្គប្រាសាទលាយឡំជាមួយភូមិដ្ឋានអ្នកស្រុករស់នៅ។ស្ថានភាពភូមិសាស្រ្ត និងសក្តានុពលសេដ្ឋកិច្ចក្នុងតំបន់មានអំណោយផលទើបនាំឲ្យអាជ្ញាធរជាតិអប្សរាចាប់យកវិស័យកសិកម្មសម្រាប់ អភិវឌ្ឍន៍សហគមន៍ដោយផ្សារភ្ជាប់ជាមួយកិច្ចថែរក្សាការពាររមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ដោយយកចិត្តទុកដាក់ផ្តល់បច្ចេកទេសកសិកម្មធម្មជាតិដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរដើម្បីជួយលើកស្ទួយជីវភាពរបស់ពួកគាត់ឲ្យកាន់តែល្អប្រសើរឡើង ។
តាំងពីដើមខែមិថុនាមក គឺចាប់ពីពេលដែលភ្លៀងចាប់ផ្តើមធ្លាក់ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរាបានសម្រុកដាំដើមឈើជាបន្តបន្ទាប់ទាំងក្នុង និងក្រៅរមណីយដ្ឋានអង្គរ។ គិតមកទល់នឹងចុងខែកក្កដានេះ មានកូនឈើជាង៣ម៉ឺនដើមហើយ ដែលត្រូវបានដាំក្នុងរមណីយដ្ឋានអង្គរ។ មុននឹងផុតរដូវភ្លៀងនៅចុងកញ្ញាឬដើមខែតុលា នាយកដ្ឋានជំនាញគ្រប់គ្រងព្រៃឈើមួយនេះប្តេជ្ញាដាំកូនឈើឲ្យបានយ៉ាងតិច៣ម៉ឺនដើមទៀត។
ប្រធានក្រុមហ៊ុន Forword (Cambodia) Argricultural Development Co.Ltd បាននាំអ្នកជំនាញកសិកម្មរបស់ខ្លួន ចូលជួបពិភាក្សាការងារជាមួយឯកឧត្តម ម៉ី ម៉ារ៉ាឌី ប្រធានគម្រោងភូមិធម្មជាតិរុនតាឯក និងសិក្សាទីតាំងក្នុងភូមិរុនតាឯកដើម្បីធ្វើកសិកម្ម កាលពីថ្ងៃទី២៧ ខែមិនថុនា ឆ្នាំ២០១៦។
ប្រាសាទបុរាណខ្មែរនៅសៀមរាបអង្គរចំនួន៩១ប្រាសាទ ត្រូវបានចាត់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងចំណោមនោះ ប្រាសាទអង្គរវត្តដែលបានសាងសង់ឡើងក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២នាដើមសតវត្សទី១២ កំពុងទទួលបាននូវការចាប់អារម្មណ៍ជាងគេ ពីសំណាក់អ្នកទេសចរអន្តរជាតិ ដែលបានមកទស្សនាតាមរយ:ការឲ្យតម្លៃលើស្នាដៃសិល្បៈ ស្ថាបត្យកម្មនិងចម្លាក់នានាប្រកបដោយភាពរស់រវើក ស្រស់ស្អាត និងផ្ចិតផ្ចង់។
ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ដឹកនាំដោយ ឯកឧត្តម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា បាននាំយកអំណោយជាសម្ភារៈប្រើប្រាស់សម្រាប់ទារក និងថវិកាជាចំណងដៃផ្តល់ជូនជាបន្តបន្ទាប់ដល់ស្ត្រីឆ្លងទន្លេ២០គ្រួសារ ដែលនៅក្នុងភូមិចំនួន២ គឺភូមិកោះជ្រុំ និងភូមិទួលក្រឡាញ់ ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីព្រឹកថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅនេះ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
1
ថ្ងៃនេះ
:
1320
ម្សិលមិញ
:
2420
សប្តាហ៍នេះ
:
09624
ខែនេះ
:
0058097
សរុប
:
009431373