ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរានឹងរួមគ្នាជាមួយមន្ទីរបរិស្ថានខេត្តសៀមរាបដើម្បីការពារព្រៃឈើក្នុងឧទ្យានអង្គរ

បានផ្សាយនៅ ថ្ងៃទី 09 ខែ កញ្ញា ឆ្នាំ2016 02:39 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ព្រៃឈើពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះតំបន់រមណីយដ្ឋានអង្គរ ព្រោះទីនេះជាតំបន់ទេសចរណ៍ពិភពលោកកំពុងតែមានការចាប់អារម្មណ៍និងមានការទាក់ទាញបំផុតពីភ្ញៀវទេសចរទូទាំងសកលលោក។ កន្លងមកអាជ្ញាធរជាតិអប្សរាបានបង្កើនការដាំឡើងវិញ ដើម្បីបង្កើនទេសភាពធម្មជាតិក្នុងតំបន់រមណីយដ្ឋានអង្គរឲ្យកាន់តែមានភាពទាក់ទាញ។ ការដាំតែមួយមុខពិតជាមិនអាចស្ថិតស្ថេរបានទេ បើគ្មានការថែទាំ។ ដូច្នេះ ការចូលរួមពីគ្រប់ស្ថាប័នជំនាញ សហគមន៍ និងប្រជាពលរដ្ឋ គឺជាកត្តាចាំបាច់បំផុត ដើម្បីអភិរក្សព្រៃឈើក្នុងឧទ្យានអង្គរ។

ក្នុងន័យនេះហើយ ទើបនៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦នេះ អាជា្ញធរជាតិអប្សរាបានបើកអង្គប្រជុំពិភាក្សាមួយ ជាមួយមន្ទីរបរិស្ថានខេត្តសៀមរាបដើម្បីរិះរកវិធានការក្នុងការទប់ស្កាត់ការកាប់ព្រៃឈើ ការទន្ទ្រានរានយកដីព្រៃធ្វើកសិកម្ម ឬជួញដូរពីសំណាក់ប្រជាពលរដ្ឋ និងឈ្មួញខិលខូចមួយចំនួនទៀត។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ឯកឧត្តម ឈរ ថាណាត អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងជាតំណាងឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាបព្រមទាំងមន្ត្រីបុគ្គលិកអាជា្ញធរជាតិអប្សរា និងមន្ត្រីបុគ្គលិកមន្ទីរបរិស្ថានខេត្តជាច្រើនរូបទៀត នៅនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌និងបរិស្ថាននៃមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។

ក្រោយចំណាយពេលមួយព្រឹកក្នុងកិច្ចពិភាក្សាប្តូរយោបល់គ្នារួចមក អាជ្ញាធរជាតិអប្សរា និងមន្ទីរបរិស្ថានខេត្តបានសម្រេចលើវិធានការ៤ ដែលត្រូវរួមគ្នាធ្វើគឺ ល្បាតការពារព្រៃឈើក្នុងតំបន់អង្គររួមគ្នា ផ្តល់ព័ត៌មានទាន់ហេតុការណ៍ឲ្យគ្នាទៅវិញទៅមកឲ្យបានទាន់ពេល ចុះអប់រំផ្សព្វផ្សាយរួមគ្នា និង បង្កើនការដាំព្រៃឈើឡើងវិញរួមគ្នា។

គួររំឭកថា នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរាបានដាក់ផែនការដាំកូនឈើក្នុងរមណីយដ្ឋានអង្គរឲ្យបានយ៉ាងតិច៦ម៉ឺនដើមក្នុងមួយឆ្នាំ។ នាយកដ្ឋានបានអនុវត្តផែនការនេះ ដោយបែងចែកការដាំជាពីរប្រភេទ គឺ ដាំដោយមន្ត្រី បុគ្គលិក និងកម្មកររបស់នាយកដ្ឋានជាប្រចាំរៀងរាល់ចុងសប្តាហ៍ និងដាំដោយប្រជាពលរដ្ឋតាមរយៈការផ្តល់ជូនទៅអាជ្ញាធរមូលដ្ឋាន អង្គការឬវត្តអារាមតាមការស្នើសុំជាក់ស្តែង។ ដោយឡែក ក្នុងឆ្នាំ២០១៦ គិតមកទល់នឹងខែកញ្ញានេះ ដើមឈើចំនួនជាង៥ម៉ឺនដើមហើយ ត្រូវបានដាំក្នុងឧទ្យានអង្គរទាំងមូល៕










ដើម្បីអភិរក្សនិងលើកតម្លៃប្រាសាទលលៃឱ្យរួចផុតពីហានិភ័យ ដែលរងការខូចខាតដោយសារកត្តាអាកាសធាតុ ការបំផ្លាញដោយរុក្ខជាតិ និងអាយុកាលរបស់សំណង់នោះ នាពាក់កណ្តាលខែមីនា ឆ្នាំ២០២០ កន្លងមកនេះ ក្រុមការងារជួសជុលប្រាសាទរបស់នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានរៀបចំពិធីប្រុងពលីសែនព្រេនសុំម្ចាស់ទឹកម្ចាស់ដី ដើម្បីធ្វើកំណាយស្រាវជ្រាវនៅប្រាសាទលលៃ មុននឹងជួសជុលប្រាសាទនេះឡើងវិញ។
ប្រាសាទកណ្តាលស្រះស្រង់បានកសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នាសតវត្សរ៍ទី១២ តំណាងឱ្យភ្នំព្រះសុមេរុ បានចាប់ផ្តើមបើកការដ្ឋានជួសជុលហើយនៅព្រឹកមិញនេះ ដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរានិងជំនួយឧបត្ថម្ភថវិកាទាំងស្រុងពីវិស័យឯកជន។
នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ក្រុមការងារចុះកាត់ក្រីមែកឈើនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាព វប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា បានចុះកាត់ក្រីដើមឈើចំនួន៤ដើម ដែលស្ថិតនៅខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្ដី។
អាជ្ញាធរជាតិអប្សរាកំពុងមមាញឹកបញ្ចប់គម្រោងជួសជុលសំណង់ទ្វារទឹកទំនប់បារាំង ដែលស្ថិតនៅដងស្ទឹងសៀមរាប ខាងជើងប្រាសាទតានៃ ឱ្យបានរួចរាល់ជាស្ថាពរមុនចូលឆ្នាំថ្មីមកដល់។
យោងតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលលេខ០៤៣ សខល ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ដើម្បីបញ្ជៀសការប្រមូលផ្តុំគ្នាដែលងាយប្រឈមនឹងហានីភ័យនៃការឆ្លងជំងឺកូវីដ ១៩ (Covid 19) អាជ្ញាធរជាតិអប្សរា នឹងបិទជាបណ្តោះអាសន្ននូវសារមន្ទីរចំនួនបី ដូចជា សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី សារមន្ទីរឡតានី និងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះតទៅ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
1657
ម្សិលមិញ
:
2530
សប្តាហ៍នេះ
:
04187
ខែនេះ
:
0276273
សរុប
:
010587489