ព័ត៌មានថ្មីៗ

ខែសីហាកន្លងទៅនេះនិស្សិតជាង៣០០នាក់និងប្រជាពលរដ្ឋជិត១០០០នាក់ ទទួលបានការអប់រំអំពីបេតិកភណ្ឌពីអាជ្ញាធរជាតិអប្សរា

បានផ្សាយនៅ ថ្ងៃទី 07 ខែ កញ្ញា ឆ្នាំ2016 02:46 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ការថែរក្សាការពារនិងអភិរក្សប្រាង្គប្រាសាទ ទំនៀមទម្លាប់ប្រពៃណីនិងបរិស្ថានគឺទាមទារឲ្យមានការចូលរួមពីប្រជាពលរដ្ឋនិងគ្រប់គូភាគីដែលពាក់ព័ន្ធទាំងអស់ ដើម្បីលើកកម្ពស់នូវតម្លៃសម្បត្តិបេតិកភណ្ឌដ៏ល្អឯកដល់មនុស្សជាតិជំនាន់ក្រោយទៀត។ ហេតុផលនេះហើយ ដែលអាជា្ញធរជាតិអប្សរាបង្កើតក្រុមការងារសហគមន៍ អប់រំផ្សព្វផ្សាយអំពីបេតិកភណ្ឌជាប្រចាំ ដល់ប្រជាពលរដ្ឋនៅក្នុងតំបន់រមណីយដ្ឋានអង្គរ សាលារៀន និងតាមបណ្តាសាកលវិទ្យាល័យនានាក្នុងក្រុងខេត្តសៀមរាបទាំងមូល ដើម្បីឲ្យគ្រប់គ្នាបានយល់ ហើយរួមគ្នាជួយថែរក្សាការពារនិងអភិរក្សនូវសម្បត្តិបេតិកភណ្ឌទាំងអស់នោះ។

តាមរបាយការណ៍ក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរាចេញផ្សាយថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦បញ្ជាក់ថា ក្នុងខែសីហាកន្លងទៅនេះ ក្រុមការងារសហគមន៍បានចុះទៅផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីការចូលរួមថែរក្សាការពារនិងអភិរក្សសម្បត្តិបេតិកភណ្ឌ ជូនដល់ប្រជាពលរដ្ឋបានចំនួន១៤ភូមិ ដែលមានប្រជាពលរដ្ឋចូលរួមចំនួន៨៧៧នាក់ និងអប់រំតាមសាកលវិទ្យាល័យចំនួន៣ ដែលមាននិស្សិតចូលរួមសរុប៣១៩នាក់។

ក្រៅពីអប់រំអំពីបេតិកភណ្ឌ ក្រុមការងារសហគមន៍ ក៏បានចុះពិនិត្យនិងអនុញ្ញាតការសាងសង់និងការជួសជុលសំណង់តូចៗដល់មូលដ្ឋានប្រជាពលរដ្ឋផ្ទាល់បានចំនួន៥៣ករណី។ នេះជាការយកចិត្តទុកដាក់របស់អាជ្ញាធរជាតិអប្សរា ដើម្បីជាការចូលរួមសម្រួលដល់ប្រជាពលរដ្ឋ មិនចាំបាច់ធ្វើដំណើរវែងឆ្ងាយទៅដាក់ពាក្យស្នើសុំដល់ទីស្នាក់ការ។

ជាមួយគ្នានេះ ក្រុមការងារសហគមន៍ក៏បានចុះជួបសួរសុខទុក្ខ និងនាំយកកញ្ចប់អំណោយទ្រទ្រង់សុខុមាលភាពដល់ស្រ្តីទើបសម្រាលកូនរួចចំនួន១៧៣គ្រួសារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា និងលោកជំទាវ ព្រមទាំងចូលរួមដាំកូនឈើចំនួន៨០០០ដើមលើផ្ទៃដី៨ហិកតានៅស្រុកប្រាសាទបាគង៕














ទឹកក្រោមដីជាទឹកដែលសល់ពីការប្រើប្រាស់ និងហួតឬជាទឹកដែលស្ថិតនៅក្នុងស្រទាប់ដី ស្រទាប់ថ្មអាចបម្លាស់ទី ធ្វើចលនាបាន។ ទឹកនៅលើដីជាប្រភពនៃទឹកក្រោមដីតាមរយៈការជ្រាបចូលក្នុងដី។ កាលណាទឹកនៅលើដីរីងស្ងួតអស់វាធ្វើឲ្យប៉ះពាល់ដល់ទឹកក្រោមដី ដូចគ្នាដែរ បើគេប្រើប្រាស់ទឹកក្រោមដីច្រើន ក៏នឹងធ្វើឲ្យទឹកលើដីឆាប់រីងស្ងួតដែរ។ ដូច្នេះ ក្រៅពីគ្រប់គ្រងទឹកលើដី ទឹកក្រោមដីក៏គេត្រូវគិតគូរឲ្យបានហ្មត់ចត់ផងដែរ ជាពិសេសក្នុងតំបន់អង្គរ ដែលគ្រឹះប្រាសាទទាំងអស់សុទ្ធតែត្រូវការសំណើមជាប្រចាំ ធ្វើឲ្យកំហាប់ខ្សាច់រឹងមាំអាចទ្រទម្ងន់រាប់លានតោននៃថ្មប្រាសាទបាន។
បន្ទាប់ពីមានភ្លៀងធ្លាក់ជោកជាំជាច្រើនមេ គ្របដណ្តប់ស្ទើរពេញផ្ទៃប្រទេសមក ការខ្វះខាតទឹកប្រើប្រាស់ជាប្រចាំថ្ងៃលែងជាបញ្ហាប្រឈមសម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានទៀតហើយ។
ជារៀងរាល់ឆ្នាំ ឱ្យតែដល់ថ្ងៃ៣កើតពិសាខ អ្នកភូមិកក្រាញ់និងអ្នកភូមិចំណុះជើងវត្តអាធ្វា ស្រុកសៀមរាប តែងតែនាំគ្នាធ្វើពិធីឡើងអ្នកតា ដើម្បីឱ្យអ្នកតាបានរាំរែកសប្បាយ ហើយគេតែងមកធ្វើពិធីនេះជុំគ្នានៅនឹងប្រាសាទវត្តអាធ្វា ទួលយាយ ប៉ុក និងទួលតា មឿង មិនដែលខានឆ្នាំណាឡើយ។
បារាយណ៍ខាងជើង(ជ័យតដាក) មានបណ្តោយប្រវែង៣៦០០ម៉ែត្រ និងទទឹងប្រវែង៩៣០ម៉ែត្រ ដែលនៅពីដើមដំបូងអាចផ្ទុកទឹកបាន៥លានម៉ែត្រគូប ហើយទឹកនៅក្នុងបារាយណ៍នេះមានតួនាទីសំខាន់ណាស់ក្នុងប្រព័ន្ធជំនឿរបស់ដូនតាខ្មែរ។ ដូនតាខ្មែរ រក្សាទឹកទុកក្នុងបារាយណ៍នេះសម្រាប់ប្រើប្រាស់នៅក្នុងក្រុងអង្គរធំ ក្រុងជ័យស្រី (ប្រាសាទព្រះខ័ន) និងមន្ទីរពេទ្យនាគព័ន្ធ។ បារាយណ៍ខាងជើងនេះ បានរីងស្ងួតហួតហែងអស់រយៈពេលជាង៥០០ឆ្នាំមកហើយ ទើបតែនៅឆ្នាំ២០០៨បារាយណ៍នេះចាប់ផ្តើមមានទឹកសាជាថ្មីឡើងវិញ។
ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា បាននាំយកអំណោយជាសម្ភារៈប្រើប្រាស់សម្រាប់ទារក និងថវិកាមួយចំនួនផ្តល់ជូនជាបន្តបន្ទាប់ដល់ស្ត្រីឆ្លងទន្លេ១១គ្រួសារ ដែលស្ថិតនៅក្នុងភូមិចំនួន៥ មាន ភូមិដូនឪ ភូមិសំរោង ភូមិតាប្រុក ភូមិលាងដៃ និងភូមិភ្លង់ ក្នុងឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៣ខែមិនថុនា ឆ្នាំ២០១៦ កន្លងទៅនេះ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
8
ថ្ងៃនេះ
:
28950
ម្សិលមិញ
:
28271
សប្តាហ៍នេះ
:
57221
ខែនេះ
:
0213302
សរុប
:
012720891