ព័ត៌មានថ្មីៗ

និស្សិតជប៉ុនដាំកូនឈើនៅរុនតាឯកដើម្បីចូលរួមការពារបរិស្ថាន

បានផ្សាយនៅ ថ្ងៃទី 31 ខែ សីហា ឆ្នាំ2016 09:43 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

និស្សិតជប៉ុនចំនួន១០នាក់ ដែលចុះកម្មសិក្សានៅតំបន់អង្គរ២សប្តាហ៍ បាននាំគ្នាដាំកូនឈើនៅភូមិធម្មជាតិរុនតាឯក ខណៈចុះទៅទស្សនកិច្ចសិក្សានៅទីនោះកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ដើម្បីរួមចំណែកការពារបរិស្ថាន និងលម្អសោភ័ណភាពភូមិរុនតាឯកឱ្យកាន់តែស្រស់ស្អាត។

ឯកឧត្តម ម៉ី ម៉ារ៉ាឌី ប្រធានគម្រោងភូមិធម្មជាតិរុនតាឯកនិងទីប្រឹក្សានៃអាជ្ញាធរជាតិ អប្សរា បានសម្តែងនូវសេចក្តីរីករាយចំពោះវត្តមាននិស្សិតទាំងអស់ដែលបានមកទស្សនកិច្ចសិក្សានៅទីនេះ ដើម្បីឈ្វេងយល់អំពីការរៀបចំគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក រួមទាំងវិស័យអប់រំ និងការប្រកបរបររបស់អ្នកស្រុកដែលនៅទីនេះ។ ពិសេសគឺការចូលរួមដាំ ដើមឈើដើម្បីលើកកម្ពស់បរិស្ថាននិងសោភ័ណភាពនៅរុនតាឯក ជាសកម្មភាពមួយដែលអាជ្ញាធរជាតិអប្សរាយកចិត្តទុកដាក់បំផុត ហើយកន្លងមកក្រុមការងារ និងក្រុមទេសចរដែលមកកម្សាន្តនៅទីនេះ ក៏បានដាំដើមឈើបានរាប់រយដើមផងដែរ។

ឯកឧត្តមក៏បានប្រាប់ពីប្រវត្តិនៃការបង្កើតភូមិធម្មជាតិរុនតាឯកដែរថា បង្កើតឡើងនៅឆ្នាំ២០០៤ ដើម្បីជាដំណោះស្រាយក្នុងការរៀបចំគោលនយោបាយដីធ្លីនិងប្រជាជនក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ។ ករណីដែលអ្នកស្រុកអង្គររៀបការថ្មីថ្មោង ហើយមានបំណងចង់បំបែកគ្រួសារពីឪពុកម្តាយអាចមកតាំងទីលំនៅឋាននៅភូមិធម្មជាតិរុនតាឯកបាន ហើយការតាំងលំនៅឋាននៅទីនេះ គឺធ្វើឡើងដោយគោលការណ៍ស្ម័គ្រចិត្ត ប៉ុន្តែបើគ្រួសារថ្មីណាដែលមិនចង់បែកផ្ទះសម្បែងពីគ្រួសារដើមខ្លួនទេ ពួកគាត់អាចបន្តរស់នៅជាមួយឪពុកម្តាយទៀតបាន។

ឯកឧត្តមបន្ថែមទៀតថា បច្ចុប្បន្នប្រជាជនរស់នៅទីនេះមានជិត១០០គ្រួសារហើយ ដោយប្រកបរបរកសិកម្មជាសំខាន់ ព្រោះនៅទីនេះមានអំណោយផលបំផុត។ ម្យ៉ាងអាជ្ញាធរជាតិអប្សរាក៏មានបំណងអភិវឌ្ឍន៍ទីនេះឱ្យក្លាយទៅជាកន្លែងផ្គត់ផ្គង់កសិកម្មធម្មជាតិនៅលើទីផ្សារ និងជាកន្លែងទេចរណ៍ដ៏ទាក់ទាញមួយក្នុងតំបន់ផងដែរ ព្រោះមានដៃគូពាណិជ្ជកម្ម កសិកម្ម និងទេសចរណ៍ជាច្រើនបានចាប់អារម្មណ៍ខ្លាំងចំពោះទីតាំងមួយនេះ។

ទាក់ទងនឹងសកម្មភាពដាំដើមឈើនេះដែរ ក្រុមនិសិ្សតទាំងអស់បានបង្ហាញនូវភាពរីករាយដែលបានបន្សល់ទុកនូវកូនឈើអនុស្សាវរីយ៍នៅទីនេះ ពិសេសបទបង្ហាញល្អៗពីការរៀបចំភូមិធម្មជាតិរុនតាឯក និងការរស់នៅរបស់ប្រជាជន រួមទាំងបានដើរមើលពីកសិកម្មនៅផ្ទះនិងចម្ការគំរូផងដែរ៕










នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ទទួលជួបលោក ISHIDA Toru ប្រធានផ្នែកកិច្ចសហប្រតិបត្តិការអំពីបេតិកភណ្ឌវប្បធម៌នៃភ្នាក់ងារដើម្បីបេតិកភណ្ឌវប្បធម៌ជប៉ុន ដើម្បីសម្តែងការគួរសម និងថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការរួមគ្នានៃទំនាក់ទំនងដ៏ល្អប្រសើរ ដែលអាជ្ញាធរជាតិអប្សរាជាមួយស្ថាប័នជប៉ុនបានបំពេញនាពេលកន្លងមក ក្នុងតំបន់រមណីយដ្ឋានអង្គរ។
ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីវិស័យបេតិកភណ្ឌ ក៏ដូចជាការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវរាល់ការងារសំខាន់ៗនិងសមិទ្ធផលក្នុងរយៈពេល២៥ឆ្នាំរបស់ខ្លួន នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរានឹងសហការជាមួយក្រុមហ៊ុនផ្កាឈូកនិងមូលនិធិផ្កាឈូក ដើម្បីរៀបចំតាំងពិព័រណ៍រូបភាពជាសាធារណៈស្តីពីការងារសំខាន់ៗនិងសមិទ្ធផលជាច្រើនដែលសម្រេចបាននាពេលកន្លងមក នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដែលស្ថិតក្នុងបរិវេណវិទ្យាស្ថានភាសារបរទេស ចាប់ពីម៉ោង៨:៣០នាទីព្រឹក រហូតដល់ម៉ោង៥:៣០នាទីល្ងាច។
នៅថ្ងៃទី២៥ខែកុម្ភៈ ឆ្នាំ២០២០ នេះ គណៈកម្មការទី២ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម គតិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានប្រតិភូគណៈកម្មការទី២ និងសមាជិកប្រតិភូ ជួបសំណេះសំណាលជាមួយអាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ ដើម្បីស្វែងយល់ពីវឌ្ឍនភាពរបស់អាជ្ញាធរជាតិអប្សរា និងវឌ្ឍនភាពរបស់គ្រឹះស្ថានអង្គរ នៅគ្រឹះស្ថានអង្គរ ខេត្តសៀមរាប។
ដើម្បីចូលរួមអបអរសាទរឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងទាក់ទាញទេសចរឱ្យចូលមកទស្សនាតំបន់រមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំខេត្តសៀមរាប រដ្ឋបាលខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធផ្សេងៗ នឹងរៀបចំសៀមរាបសង្ក្រាន្ត នៅបរិវេណប្រាសាទអង្គរវត្ត ក្រោមប្រធានបទ «អង្គរ អតីតកាល បច្ចុប្បន្ន និងអនាគត» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ៦រោចដល់ថ្ងៃ៩រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។
នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ និស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈសរុបប្រមាណ១០៣នាក់ បានមកបំពេញទស្សនកិច្ចសិក្សានៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ដើម្បីសិក្សាស្វែងយល់ពីការងារ អភិរក្សប្រាសាទបុរាណនានាក្នុងតំបន់អង្គរ។
ដើមដំបូងមុន12345...293294បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
6411
ម្សិលមិញ
:
14427
សប្តាហ៍នេះ
:
43556
ខែនេះ
:
0324385
សរុប
:
010280532