ព័ត៌មានថ្មីៗ

យុវជនស្ម័គ្រចិត្តបេតិកភណ្ឌពិភពលោកនៅអង្គរឆ្នាំ២០១៦បានបញ្ចប់កម្មសិក្សារបស់ខ្លួនហើយ!

បានផ្សាយនៅ ថ្ងៃទី 22 ខែ សីហា ឆ្នាំ2016 09:05 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

កម្មវិធីអប់រំយុវជនស្ម័គ្រចិត្តបេតិកភណ្ឌពិភពលោកឆ្នាំ២០១៦ ដែលមានរយៈពេល១២ថ្ងៃនៅតំបន់អង្គរ ចាប់ផ្តើមពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ បានបិទបញ្ចប់ជាស្ថាពរហើយនៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នៅសាលសន្និសីទអង្គរ ក្រោមអធិបតីភាពឯកឧត្តម ហុក ប៉េងសែ និងឯកឧត្តម ត័ន ប៊ុនស៊ុយ អគ្គនាយករងតំណាងឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា។

កម្មវិធីយុវជនស្ម័គ្រចិត្តដើម្បីបេតិកភណ្ឌនេះ រៀបចំឡើងដោយកិច្ចសហការរវាងអង្គការយូណេស្កូ អាជ្ញាធរជាតិអប្សរា សហភាពសហព័ន្ធយុវជនកម្ពុជា និងវិទ្យាស្ថានកូរ៉េ-អង្គរដើម្បីបេតិកភណ្ឌ ក្នុងគោលបំណងជំរុញឱ្យយុវជនមានការចូលរួមការងារពាក់ព័ន្ធនឹងបេតិកភណ្ឌតាមរយៈការបង្កើតកិច្ចទំនាក់ទំនងរវាងគ្នាទៅវិញទៅមក និងរវាងយុវជននិងសហគមន៍មូលដ្ឋាន។ លើសពីនេះទៀត ក៏ជំរុញឲ្យយុវជនបានយល់ដឹងកាន់តែច្បាស់អំពីសកម្មភាពប្រចាំថ្ងៃនៃការគ្រប់គ្រងបេតិកភណ្ឌ អំពីជំនាញជាមូលដ្ឋាននៃការងារថែរក្សា និងអភិរក្ស និងផ្លាស់ប្តូរបទពិសោធន៍ជាមួយសហគមន៍មូលដ្ឋាន។

ឯកឧត្តម ហុក ប៉េងសែ បានសម្តែងនូវសេចក្តីរីករាយជាខ្លាំងចំពោះវត្តមានរបស់ក្រុមយុវជនស្ម័គ្រចិត្តបេតិកភណ្ឌពិភពលោកទាំង៧ប្រទេសដែលបានមកសិក្សាឈ្វេងយល់ពីកិច្ចការអភិរក្សបេតិកភណ្ឌនៅតំបន់អង្គរអស់រយៈពេល១២ថ្ងៃ ពិសេសបានយកអាជ្ញាធរជាតិអប្សរាធ្វើជាអ្នកចែករំលែកបទពិសោធន៍អំពីកិច្ចការទាំងនោះ ទុកជាចំណេះដឹងយកទៅអនុវត្តនៅប្រទេសរបស់ខ្លួនវិញប្រកបដោយផ្លែផ្កា។ អាជ្ញាធរជាតិអប្សរា សូមកោតសរសើរចំពោះទឹកចិត្ត ស្មារតី និងឆន្ទៈរបស់យុវជនបេតិកភណ្ឌទាំងអស់ដែលបានលះបង់ពេលវេលា ថវិកាផ្ទាល់ខ្លួនក្នុងការមកសិក្សានៅសៀមរាបអង្គរ និងសូមឱ្យដំណើរត្រឡប់ទៅវិញរបស់យុវជនទាំងអស់ប្រកបដោយសុខសុវត្ថិភាព។

លោក រ៉េត ណារិទ្ធ យុវជនស្ម័គ្រចិត្តបេតិកភណ្ឌមកពីសហភាពសហព័ន្ធយុវជនកម្ពុជា មានមតិថា៖ កម្មវិធីយុវជនស្ម័គ្រចិត្តបេតិកភណ្ឌ ជាកម្មវិធីដ៏ល្អមួយ អាចជួយឱ្យយុវជនចែករំលែកបទពិសោធន៍ ចំណេះដឹងគ្នាទៅវិញទៅមកអំពីបេតិកភណ្ឌនៅក្នុងប្រទេសរៀងៗខ្លួន ពិសេសគឺការជួសជុលអភិរក្ស និងក្រមប្រតិបត្តិនៃប្រទេសនីមួយៗដែលជួយគាំពារ ថែរក្សាបេតិកភណ្ឌឱ្យកាន់តែល្អប្រសើរ។ ខ្ញុំបានរៀនសូត្រច្រើនអំពីការអភិរក្ស និងក្រមប្រតិបត្តិអង្គរនៅទីនេះ និងចំណេះដឹងផ្សេងៗពីបណ្តាសិក្ខាកាមក្នុងវគ្គសិក្សានេះផងដែរ។

មិនខុសគ្នាពីនោះ កញ្ញា ស្រ៊ន ចន្ទវឌ្ឍនា បុគ្គលិកអាជ្ញាធរជាតិអប្សរាក៏បានបង្ហាញ ពីអត្ថប្រយោជន៍នៃរៀបចំកម្មវិធីយុវជនស្ម័គ្រចិត្តបេតិកភណ្ឌពិភពលោកថា ជាឱកាសមួយដ៏ល្អសម្រាប់ឱ្យយុវជនកម្ពុជា ក៏ដូចជាយុវជននៃបណ្តាប្រទេសផ្សេងៗធ្វើការទំនាក់ទំនងផ្លាស់ប្តូរបទពិសោធន៍ចំណេះដឹងគ្នាអំពីការងារបេតិកភណ្ឌ ព្រោះប្រទេសនីមួយៗតែងមានការគ្រប់គ្រងបេតិកភណ្ឌខុសប្លែកពីគ្នា។ វគ្គសិក្សានេះបានផ្តោតសំខាន់លើ ការជួសជុល អភិរក្សប្រាសាទនានានៅក្នុងតំបន់អង្គរ ការទៅរស់នៅក្នុងសហគមន៍រុនតាឯក ដើម្បីឈ្វេងយល់ពីវប្បធម៌រស់នៅរបស់ប្រជាជនក្នុងតំបន់អង្គរ ការចូលរួមដាំដើមឈើថែរក្សាបរិស្ថាន រួមទាំងកិច្ចការងារនិងតួនាទីរបស់អាជ្ញាធរជាតិអប្សរាក្នុងតំបន់ឧទ្យានអង្គរ។ កញ្ញាបន្តទៀតថា តាមរយៈវគ្គសិក្សានេះ យុវជនមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំងចំពោះវប្បធម៌រស់នៅរបស់ខ្មែរ ក៏ដូចជាការងារគ្រប់គ្រង ជួសជុល អភិរក្សប្រាសាទក្នុងតំបន់អង្គរដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរា។

ហៃតុង សិក្ខាកាមមកពីប្រទេសចិន បានបង្ហាញពីចំណាប់អារម្មណ៍ទាក់ទងនឹងវគ្គសិក្សានេះថា ក្នុងរយៈពេល១២ថ្ងៃនេះ សម្រាប់សិក្ខាកាមខ្លះគាត់មានជំនាញផ្នែកបុរាណវិទ្យាស្រាប់វាពិតជាងាយស្រួលណាស់ តែសម្រាប់ខ្ញុំមិនមានជំនាញខាងនោះទេ តែខ្ញុំចាប់អារម្មណ៍ខ្លាំងពីបទពិសោធន៍សិក្សាអំពីបេតិកភណ្ឌ ទាំងការជួសជុល ការអភិរក្សប្រាសាទ និងការគ្រប់គ្រងនៅក្នុងតំបន់អង្គរ។ ខ្ញុំបានដឹងច្រើនពីការងារទាំងនោះតាមរយៈបទបង្ហាញរបស់អ្នកជំនាញអាជ្ញាធរជាតិអប្សរា ការចែករំលែករបស់សិក្ខាកាមតាមប្រទេសនីមួយៗ ពិសេសបានរៀនសូត្រច្រើនពីការរស់នៅរបស់ប្រជាជនក្នុងសហគមន៍រុនតាឯក ការឈ្វេងយល់អំពីការងាររបស់អាជ្ញាធរជាតិអប្សរាជាដើម។ លើសពីនោះទៅទៀត គឺបានចូលរួមអនុវត្តការងារជាក់ស្តែងនៅក្នុងការដ្ឋានជួសជុលប្រាសាទ ចូលរួមធ្វើកំណាយជាមួយអ្នកជំនាញ ការចុះទៅជួបសហគមន៍ ការដាំដើមឈើ និងការដើរតួនាទីជាភ្នាក់ងារទេសចរណ៍ជាដើម។ ក្នុងនាមជាយុវជនម្នាក់ ខ្ញុំសូមឱ្យយុវជនទាំងអស់ចូលរួមថែរក្សា ការពារ និងឈ្វេងយល់ឱ្យបានច្រើនពីបេតិកភណ្ឌរបស់ខ្លួនក៏ដូចជាបេតិកភណ្ឌផ្សេងៗទៀតរបស់ពិភពលោក ព្រោះយុវជនជាសសរទ្រូងដ៏សំខាន់ក្នុងការទទួលភារកិច្ចថែរក្សាអភិរក្សមរតកទាំងនេះបន្តពីមួយជំនាន់ទៅមួយជំនាន់ទៀតដែលជាអត្តសញ្ញាណរបស់ជាតិមួយៗ៕












ដោយសាររដូវវស្សាឆ្នាំនេះមានភ្លៀងតិច និងមិនទៀងទាត់ ធ្វើឱ្យស្រះប្រាសាទអង្គរវត្តមានទឹកតិច និងឆាប់រីកទឹក។ ដើម្បីបង្កើនសម្រស់និងភាពទាក់ទាញនៅទីនេះ នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមបូមបញ្ចូលទឹកក្នុងស្រះខាងត្បូងនៃប្រាសាទអង្គរវត្ត។
ដើម្បីធានាដល់សុវត្ថិភាពភ្ញៀវទេសចរ សាធារណជន ក៏ដូចជាដើម្បីលើកកម្ពស់សោភ័ណភាពនៅតាមដងផ្លូវ និងនៅតាមបរិវេណប្រាសាទ ក្នុងរមណីយដ្ឋានអង្គរ និងតំបន់ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរានឹងកាត់ដកហូត និងកាត់ក្រីមែកឈើ នៅតាមទីតាំងមួយចំនួន។ដើម្បីទទួលបានព័ត៌មានលំអិតសូមអានសេចក្ដីជូនដំណឹងដូចមានភ្ជាប់ជូនខាងក្រោម៖
ត្រពាំងបុរាណចំនួន៨កន្លែង ស្ថិតនៅឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ដែលស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវបានអនុញ្ញាតឱ្យស្ដារឡើងវិញ ដើម្បីជាប្រយោជន៍ដល់អ្នកភូមិសម្រាប់រក្សាទឹកទុកប្រើប្រាស់នារដូវប្រាំង ក៏ដូចជាដើម្បីប្រយោជន៍សហគមន៍ទាំងមូល។
អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរនៃអាជ្ញាធរជាតិអប្សរា បានខិតខំប្រឹងប្រែងដើម្បី បណ្តុះគំនិតកុមារឱ្យយល់ដឹង ភ្ញាក់រឭក និងចេះស្រឡាញ់ថែរក្សាការពារសម្បត្តិវប្បធម៌ សម្បត្តិធម្មជាតិ នៃតំបន់អង្គរដើម្បីឈានទៅរស់នៅក្នុងសង្គមប្រកបដោយសុខមាលភាព សុខដុមរម្យនារវាងបរិស្ថានស្អាត សង្គមវប្បធម៌ និងសង្គមរស់នៅរបស់មនុស្សក្នុងតំបន់អង្គរទាំងមូល។
ដើមដំបូងមុន12345...279280បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
12201
ម្សិលមិញ
:
12153
សប្តាហ៍នេះ
:
70929
ខែនេះ
:
0149555
សរុប
:
009899241