ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាបង្កើនការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋនៅក្នុងតំបន់រមណីយដ្ឋានអង្គរ

បានផ្សាយនៅ ថ្ងៃទី 20 ខែ សីហា ឆ្នាំ2016 02:07 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ប្រាសាទអង្គរវត្ត និងប្រាង្គប្រាសាទនានាក្នុងតំបន់រមណីយដ្ឋានអង្គរជាបេតិកភណ្ឌដ៏មានតម្លៃកាត់ថ្លៃមិនបានសម្រាប់មនុស្សជាតិទូទាំងសកលលោក ជាពិសេសសម្រាប់ជាតិខ្មែរទាំងមូល។ បេតិកភណ្ឌដ៏មានតម្លៃនេះ បានធ្វើឱ្យអ្នកស្រាវជ្រាវជាតិ និងអន្តរជាតិបង្កើនការយកចិត្តទុកដាក់ក្នុងការសិក្សា ដើម្បីស្វែងរកនូវអាថ៌កំបាំងនៃប្រវត្តិសាស្ត្រដែលបាត់បង់តាមសម័យកាល។

ក្នុងករណីនេះ អាជ្ញាធរជាតិអប្សរាបានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចសិក្សាស្រាវជ្រាវ ការអភិរក្ស និងអភិវឌ្ឍន៍សម្បត្តិបេតិកភណ្ឌវប្បធម៌ ទាំងបេតិកភណ្ឌវប្បធម៌រូបី ដែលជាមរតកមានរូបរាង ទ្រង់ទ្រាយ ដូចជាសំណង់ប្រាសាទ បារាយណ៍ រូបបដិមា វត្ថុសិល្បៈ និងវត្ថុប្រើប្រាស់ផ្សេងៗ ជាដើម និងបេតិកភណ្ឌវប្បធម៌អរូបី ដែលជាមរតកគ្មានរូបរាង មិនអាចប៉ះបាន ដូចជាចម្រៀង តន្ត្រី ល្ខោន និងពិធីសាសនានានា ដែលជាប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ និងអារ្យធម៌របស់ដូនតាខ្មែរ។

អ្នកស្រុកអង្គរជាមរតករស់ និងជាសាក្សីដ៏សំខាន់ក្នុងការពន្យល់ណែនាំបង្ហាញពីរបៀបរបបនៃការរស់នៅតាំងពីដូនតារហូតមកដល់ពួកគាត់ដែលជាកូនចៅជំនាន់ក្រោយ។ មនុស្សដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរជាអ្នកបន្តវេនពីដូនតា ដែលពួកគាត់ទាំងនោះបានអះអាងថា អ្នករស់នៅក្បែរប្រាសាទ អ្នកថែទាំប្រាសាទ ដូច្នេះហើយទើបអាជ្ញាធរជាតិអប្សរាបានចាត់ទុកអ្នកស្រុកអង្គរថាជាបេតិកភណ្ឌរស់រហូតតរៀងមក។

អាជ្ញាធរជាតិអប្សរាមិនត្រឹមតែលើកតម្កើងអ្នកស្រុកអង្គរថា ជាបេតិកភណ្ឌរស់ប៉ុណ្ណោះទេ ថែមទាំងបានលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតំបន់អង្គរតាមរយៈកិច្ចការនានា ដែលអាជ្ញាធរជាតិអប្សរាបានដាក់ចេញនូវគោលការណ៍មានដូចជា ឧបត្ថម្ភកញ្ចប់ទ្រទ្រង់សុខុមាលភាពស្ត្រី និង ទារក ដែលទើបតែឆ្លងទន្លេហើយថ្មីៗ ឧបត្ថម្ភថវិកា និងគ្រឿងសម្ភារៈដល់ប្រជាពលរដ្ឋដែលទទួលរងដោយភ្លើងឆេះផ្ទះ ចែកចាយទឹកស្អាតដល់ប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ដែលជួបប្រទះគ្រោះរាំងស្ងួតកន្លងមកចំនួន៥ លើក ស្មើនឹង៣៥០០០លីត្រ ចូលរួមថវិកាក្នុងពិធីបុណ្យសាសនានានា ឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយរន្ទះបាញ់ជូនស័ង្កសីចំនួន ២០ សន្លឹកដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយអគ្គីភ័យ។

ពិសេសជាងនេះទៀតនោះ អាជ្ញាធរជាតិអប្សរាបានបង្កើតការងារជាច្រើនដល់អ្នកស្រុកអង្គរ ដើម្បីលើកកម្ពស់ដល់សេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់តាមរយៈការបង្កើតឱ្យមានទេសចរណ៍រទេះគោ ការផ្តល់ថាមពលបន្ទះសូឡាដែលប្រើដោយកម្តៅព្រះអាទិត្យ បង្កើតក្រុមសន្សំលុយក្រុមជួយខ្លួនឯង ផ្តល់ពូជកសិកម្ម ព្រមទាំងបច្ចេកទេសនៃការដាំដុះ ស្តារប្រព័ន្ធទឹក និងកសាងបារាស់ទឹក ដើម្បីសម្រួលដល់ការធ្វើកសិកម្ម ការកសាងផ្លូវ និងជួសជុលផ្លូវក្នុងតំបន់អង្គរ ការផ្តល់ពូជត្រី ការផ្តល់ពូជឫស្សីទំពាំផ្អែម និងកិច្ចការងារយ៉ាងសន្ធឹកសន្ធាប់ដទៃទៀតដែលបានផ្តល់ផលប្រយោជន៍ទាំងប្រយោល និងទាំងចំពោះដល់ពួកគាត់ផងដែរ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលមានទំហំ៤០១គីឡូម៉ែត្រក្រឡា ស្ថិតនៅក្នុង៥ស្រុក/ក្រុង  ២១ឃុំ/សង្កាត់ និង១១២ភូមិ មានប្រជាពលរដ្ឋរស់នៅប្រហែល១២ម៉ឺននាក់ ត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្លាពីអាជ្ញាធរជាតិអប្សរា។









នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ Miss Global 2015 ចំនួន៣រូប មកពីប្រទេសអូស្ត្រាលី ប្រទេសអៀរឡង់ និងសហរដ្ឋអាមេរិក (មានសញ្ជាតិខ្មែរ) រួមនឹងគណៈប្រតិភូអមដំណើរ បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម សុខ សង្វារ អគ្គនាយករង និងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរាជាច្រើននាក់ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ដើម្បីស្តាប់បទបង្ហាញមួយចំនួនអំពីអង្គរនិងការគ្រប់គ្រងតំបន់អង្គរ។
កាលពីព្រឹកថ្ងៃទី១០ ខែ ឧសភា ឆ្នាំ ២០១៦ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងតំណាងស្ថានទូតបារាំង ក្នុងនាមសហប្រធានគណៈកម្មការដឹកនាំនិងតាមដានគម្រោងជួសជុលប្រាសាទមេបុណ្យខាងលិចបានដឹកនាំក្រុមការងារចំរុះនៃអាជ្ញាធរជាតិអប្សរានិងអ្នកជំនាញសាលាបារាំងចុងបូព៌ាចុះទៅពិនិត្យការងារជួសជុលប្រាសាទមេបុណ្យខាងលិច។
ស្ពានហាលមុខប្រាសាទអង្គរវត្ត ដែលនៅសល់មិនទាន់បានជួសជុលក្នុងពេលមុនៗ នឹងត្រូវចាប់ផ្តើមការដ្ឋានជួសជុលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦នេះហើយ។ ការជួសជុលស្ពានហាលប្រវែង៩០ម៉ែត្រនេះ គឺជាគម្រោងសហការរវាងអាជ្ញាធរជាតិអប្សរាជាមួយសាកលវិទ្យាល័យ សូហ្វីយ៉ានៃប្រទេសជប៉ុន ហើយគ្រោងនឹងចំណាយពេល៤ឆ្នាំ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
14907
ម្សិលមិញ
:
24645
សប្តាហ៍នេះ
:
14907
ខែនេះ
:
0132206
សរុប
:
011594802