ព័ត៌មានថ្មីៗ

ការងារអភិរក្សបេតិកភណ្ឌ ៖ បណ្តុះបណ្តាលតែអ្នកជំនាញមិនទាន់គ្រប់គ្រាន់ទេ ទាល់តែអ្នកស្រុកចេះផងទើបរក្សាគង់

បានផ្សាយនៅ ថ្ងៃទី 19 ខែ សីហា ឆ្នាំ2016 01:35 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

អ្នកជំនាញបុរាណវិទ្យាខ្មែរ និងជប៉ុននៃគម្រោងអប់រំបេតិកភណ្ឌរបស់សាកលវិទ្យាល័យសូហ្វីយ៉ាបានកាន់ដៃគ្នាតាំងពីឆ្នាំ១៩៨៩មក ដើម្បីធ្វើកំណាយស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សទាក់ទងនឹងចំណេះដឹងបុរាណវិទ្យា ស្ថាបត្យកម្ម ក្នុងគោលដៅអភិរក្សបេតិកភណ្ឌអង្គរ។ មិនមែនបណ្តុះបណ្តាលឲ្យមានតែអ្នកជំនាញប៉ុណ្ណោះទេ គម្រោងអប់រំបេតិកភណ្ឌនេះក៏បានបណ្តុះបណ្តាលដល់អ្នកស្រុក និងសិស្សានុសិស្សរាប់រយនាក់មកហើយ ដើម្បីឲ្យអ្នកអង្គរផ្ទាល់កាន់តែយល់ កាន់តែស្រឡាញ់ និងចូលរួមថែរក្សានូវមរតកដូនតាដ៏មានតម្លៃរបស់ខ្លួន។

នៅព្រឹកថ្ងៃទី១៩ ខែសីហានេះ គម្រោងអប់រំបេតិកភណ្ឌរបស់សាកលវិទ្យាល័យសូហ្វីយ៉ានៃប្រទេសជប៉ុន ក្រោមកិច្ចសហការនៃអាជ្ញាធរជាតិអប្សរា សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងមន្ទីរអប់រំយុវជន និងកីឡាខេត្តសៀមរាប បានដឹកនាំសិស្សានុសិស្សប្រមាណ៦០នាក់ មកពីអនុវិទ្យាល័យព្រះឥន្ទកោសា ដើម្បីមកធ្វើកម្មសិក្សាអំពីបេតិកភណ្ឌនៅតំបន់ប្រាសាទបន្ទាយក្តី។

លោក ញឹម សុធាវិន្ទ អតីតនិស្សិតបុរាណវិទ្យាខ្មែរ និងជាអ្នកសម្រសម្រួលកម្មវិធីអប់រំបេតិកភណ្ឌនេះបានរៀបរាប់ថា កម្មសិក្សារបស់សិស្សានុសិស្សនៅពេលនេះ គឺក្នុងគោលបំណងជួយឲ្យពួកគាត់មានចំណេះដឹងមូលដ្ឋានខ្លះអំពីតម្លៃបេតិកភណ្ឌ និងកិច្ចការអភិរក្សបេតិកភណ្ឌ។ លោកបន្តថា “យើងមិនអាចបណ្តុះបណ្តាលតែអ្នកជំនាញមួយមុខគ្រប់គ្រាន់ទែ លុះត្រាតែប្រជាជនដែលនៅជុំវិញអង្គរមានការយល់ដឹង និងចូលរួមថែរក្សាផង ទើបការអភិរក្សរបស់យើងបានជោគជ័យ ជាពិសេស គឺយើងចង់បណ្តុះបណ្តាលសិស្សតាំងពីក្មេងៗទៅ បន្តិចម្តងៗពួកគេនឹងបានយល់ តែកាលណាគេយល់ គេនឹងស្រឡាញ់ ហើយនឹងចូលរួមថែរក្សាមិនខាន”

ព្រឹទ្ធបុរសមហាវិទ្យាល័យបុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ លោក មួន សុភាព បានរៀបរាប់ថា ទំនាក់ទំនងរវាងសាកលវិទ្យាល័យសូហ្វីយ៉ា និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានចាប់ផ្តើមតាំងពីឆ្នាំ១៩៩០មកម្ល៉េះ។ តាមរយៈទំនាក់ទំនងនេះ សាកលវិទ្យាល័យសូហ្វីយ៉ាបានបញ្ជូនអ្នកជំនាញបុរាណវិទ្យាជាច្រើន មកបណ្តុះបណ្តាលនិស្សិតនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងដឹកនាំមកសិក្សាអនុវត្តផ្ទាល់នៅក្នុងការងារអភិរក្សជាក់ស្តែងនៅក្នុងតំបន់អង្គរ ជាពិសេស បានផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរទៅបន្តយកថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅប្រទេសជប៉ុន ដែលមកទល់នឹងពេលនេះ មានអ្នកជំនាញផ្នែកបុរាណវិទ្យា និងស្ថាបត្យកម្មដែលបានបញ្ចប់ថ្នាក់បណ្ឌិត និងអនុបណ្ឌិតជិត៣០នាក់ហើយ។

អ្នកគ្រូ ញឹម ធារ៉ា ដែលបានដឹកនាំសិស្សមកធ្វើកម្មសិក្សាក្នុងកម្មវិធីនេះបានរៀបរាប់ថា អ្នកគ្រូពិតជារីករាយណាស់ ដែលកម្មវិធីបានជ្រើសរើសសាលារបស់អ្នកគ្រូ ដោយបានផ្តល់ឱកាសឲ្យសិស្សរបស់អ្នកគ្រូបានយល់ដឹងកាន់តែទូលាយអំពីបេតិកភណ្ឌរបស់ខ្លួន។ “យើងខ្មែរ ពេលមកដើរលេង គ្រាន់តែលេងធម្មតា មិនដឹងថាម៉េចទេ តែពេលនេះកម្មវិធីមានអ្នកជួយពន្យល់ណែនាំចឹងទៅ ក្មេងៗបានចេះដឹងច្រើន។ មិនត្រឹមតែក្មេងៗទេ ខ្ញុំដែលបានជូនមកនេះ ក៏ទទួលបានចំណេះដឹងបន្ថែមច្រើនដែរ។ ខ្ញុំសុំឲ្យកម្មវិធីនេះ ឬស្ថាប័នអភិរក្សផ្សេងទៀតបន្តការងាររបៀបនេះឲ្យបានច្រើន ដើម្បីឲ្យកូនខ្មែរស្គាល់តម្លៃមរតកដូនតារបស់ខ្លួនឯង”

ប្អូនស្រី ភុយ លីអឺ ជាសិស្សថ្នាក់ទី៩បានរៀបរាប់ថា តាមរយៈកម្មវិធីនេះប្អូនស្រីបានចេះដឹងច្រើន ដោយលោកគ្រូបានណែនាំអំពីប្រវត្តិខ្លះនៃការកសាងប្រាសាទ តម្លៃបេតិកភណ្ឌ និងការងារមួយចំនួនទៀត ដែលយើងទាំងអស់គ្នាត្រូវចូលរួមក្នុងការងារថែរក្សាបេតិកភណ្ឌ។ ប្អូនស្រីតាំងចិត្តថា ពេលប្អូនរៀនដល់ថ្នាក់មហាវិទ្យាល័យ ប្អូននឹងជ្រើសមុខវិជ្ជាណាដែលអាចឲ្យប្អូនដឹងកាន់តែច្រើនអំពីបេតិកភណ្ឌ និងអាចចូលរួមថែរក្សាបេតិកភណ្ឌនេះបានដោយផ្ទាល់។ “ខ្ញុំសុំឲ្យអ្នកគ្រប់គ្នាដែលមកទស្សនាប្រាសាទខ្មែរ សូមកុំចោលសម្រាមផ្តេសផ្តាស កុំស្រែកឡូឡា កុំឡើងជិះជាន់ចម្លាក់ប្រាសាទ និងកុំស្លៀកខ្លីៗខើចៗ ព្រោះប្រាសាទគឺជាទីគោរពបូជា”








កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ក្រុមការងារជួសជុល និងថែទាំផ្លូវនៃនាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យអាជ្ញាធរជាតិអប្សរា បានចុះអនុវត្តដាក់ស្លាកសញ្ញាហាមចតចំនួន៤ទីតាំងខុសៗគ្នា នៅតាមបណ្តោយដងផ្លូវមុខប្រាសាទអង្គរវត្ត និងជុំវិញត្រពាំងសេស។
រសៀលថ្ងៃពុធ ៣រោជ ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដឹកនាំកិច្ចប្រជុំតាមដានការអនុវត្តកិច្ចការរបស់ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរា និងការទប់ស្កាត់សំណង់អាណាធិបតេយ្យ ដែលបានអនុវត្តកន្លងមកនៅតាមភូមិទាំង១១២ក្នុងតំបន់រមណីយដ្ឋានអង្គរ។
នាព្រឹកថ្ងៃ២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានចូលរួមគោរពព្រះវិញ្ញាណក្ខន្ធគម្រប់ខួប៧ឆ្នាំនៃការសោយទិវង្គតរបស់ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរដែលប្រព្រឹត្តទៅនៅព្រះរាជដំណាក់ខេត្តសៀមរាប។
ដើមដំបូងមុន12345...257258បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
0498
ម្សិលមិញ
:
1913
សប្តាហ៍នេះ
:
77152
ខែនេះ
:
0158429
សរុប
:
009340711