ព័ត៌មានថ្មីៗ

កុលាលភាជន៍ខ្មែរទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ក្រុមយុវជនស្ម័គ្រចិត្តបេតិកភណ្ឌពិភពលោក

បានផ្សាយនៅ ថ្ងៃទី 18 ខែ សីហា ឆ្នាំ2016 03:30 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

កុលាលភាជន៍ខ្មែរបុរាណ ដែលត្រូវបានយកមកថែរក្សាទុក និងកំពុងសិក្សាស្រាវជ្រាវលម្អិតនៅក្នុងអង្គភាពកុលាលភាជន៍អង្គរនៃអាជ្ញាធរជាតិអប្សរា ចាប់ផ្តើមមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ក្រុមអ្នកស្រាវជ្រាវ និងអ្នកស្រឡាញ់បេតិកភណ្ឌវប្បធម៌កាន់តែច្រើនឡើងៗ។ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា ស្ទើរតែគ្រប់ក្រុមស្រាវជ្រាវនិងក្រុមអ្នកសិក្សាអំពីបេតិកភណ្ឌពិភពលោក ដែលបានមកដល់អង្គរច្រើនតែមិនមើលរំលងអង្គភាពដ៏សំខាន់នេះឡើយ។

ជាក់ស្តែង នៅរសៀលថ្ងៃទី១៧ ខែសីហានេះ ក្រុមយុវជនស្ម័គ្រចិត្តបេតិកភណ្ឌពិភពលោក ដែលបានបំពេញបេសកកម្មលើការងារសិក្សាស្វែងយល់បេតិកភណ្ឌអង្គររយៈពេល១២ថ្ងៃ ក៏បានចំណាយពេលមួយល្ងាច ដើម្បីចូលមកសិក្សា នៅក្នុងអង្គភាពកុលាលភាជន៍អង្គរនេះដែរ។ ក្រុមនេះបានសិក្សារៀនសូត្រអំពីរបៀបចុះបញ្ជីសារពើភ័ណ្ឌបំណែកកុលាលភាជន៍ របៀបជួសជុលបំណែកកុលាលភាជន៍ និងបានស្តាប់បទបង្ហាញអំពីសាវតារនៃការចាប់ផ្តើមបង្កើតអង្គភាពនេះឡើង។

កញ្ញា Boram SHIN ជនជាតិកូរ៉េ និងជាអ្នកដឹកនាំក្រុមយុវជនស្ម័គ្រចិត្តបេតិកភណ្ឌពិភពលោកនេះ បានបង្ហាញនូវអារម្មណ៍របស់នាងថា កញ្ញាពិតជារំភើបដែលបានឃើញបំណែកកុលាលភាជន៍នាសម័យកាលដ៏យូរលង់របស់កម្ពុជា។ កញ្ញាពេញចិត្តនឹងការងារនេះ ដោយសារកញ្ញាក៏ធ្លាប់ធ្វើការងារនេះដែរនៅក្នុងប្រទេសកូរ៉េ។ ចំណែក លោក James Bryan Davis ជនជាតិអាមេរិកក៏បានបង្ហាញក្តីរំភើបដែលបានមករៀនសូត្រពីរបៀបចុះបញ្ជីសារពើភណ្ឌ និងរបៀបជួសជុលបំណែកកុលាលភាជន៍នេះ។ លោករៀបរាប់ថា នៅអាមេរិក៏មានបំណែកកុលាលភាជន៍ដែរ តែគេច្រើនធ្វើបញ្ជីនៅកន្លែងស្រាវជ្រាវផ្ទាល់តែម្តង ឬនៅតាមមហាវិទ្យាល័យណាមួយ ហើយអ្វីដែលប្លែកគ្នាខ្លាំងបំផុតនោះគឺ បំណែកភាជន៍នៅអាមេរិកច្រើនតែមានក្បាច់លម្អច្រើនជាងនៅខ្មែរ ដោយសារតែស្ថិតនៅក្នុងសម័យកាលក្រោយៗដែលកាន់ទំនើបហើយ ជាពិសេស បច្ចេកទេស និងសម្ភារៈវិភាគមានលក្ខណៈទំនើបខ្លាំង។

កញ្ញា ញ៉ែម សុពីន និស្សិតផ្នែកទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ដែលបានមកចូលរួមតាមរយៈសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបរាប់ថា កញ្ញាពិតជារីករាយមែនទែន ដែលអាជ្ញាធរជាតិអប្សរាបានអនុញ្ញាតឲ្យក្រុមរបស់ខ្លួនបានចូលមកឃើញនូវបំណែកភាជន៍ខ្មែរដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយនោះ។ “ក្នុងនាមខ្ញុំជាកូនខ្មែរមួយរូបខ្ញុំពិតជាមានមោទនភាពមែនទែន ព្រោះពីមុនមកខ្ញុំមិនដែលបានឃើញរបស់ទាំងអស់នេះទេ។ ពេលនេះ ខ្ញុំបានឃើញនិងដឹងថាវាពិតជារបស់មានតម្លៃមែនទែន។ ខ្ញុំពិតជាសូមអរគុណចំពោះអាជ្ញាធរជាតិអប្សរាដែលបានអនុញ្ញាតឲ្យយើងខ្ញុំបានចូលមកឃើញ បានស្គាល់ បានប៉ះ បានរៀនសូត្រអំពីរបៀបថែរក្សានូវរបស់ដ៏មានតម្លៃនេះ”។

ប្រធាននៃអង្គភាពកុលាលភាជន៍អង្គរ គឺលោកបណ្ឌិត អ៊ា ដារិទ្ធ បានរៀបរាប់អំពីសាវតារនៃការបង្កើតអង្គភាពនេះថា ការសិក្សាអំពីកុលាលភាជន៍ខ្មែរ គឺបានចាប់ផ្តើមជាយូរឆ្នាំដែរហើយ តែការបង្កើតអង្គភាពកុលាលភាជន៍អង្គរនេះឡើង គឺចាប់ពីពេលដែលលោកបានធ្វើបទបង្ហាញនៅចំពោះមុខគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ក្នុងឆ្នាំ២០១៥។ ដោយមានការគាំទ្រពីសំណាក់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ និងឯកឧត្តម សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ទើបអង្គភាពនេះត្រូវបានបង្កើតឡើង ចាប់ពីឆ្នាំ២០១៥មក ដើម្បីប្រមូលថែរក្សា និងសិក្សាលម្អិតអំពីបំណែកកុលាលភាជន៍ដែលក្រុមអ្នកស្រាវជ្រាវបានរកឃើញ។

លោកបណ្ឌិតបន្ថែមថា ចាប់តាំងពីបង្កើតមក អង្គភាពនេះទទួលបានការចូលមកសិក្សាស្រាវជ្រាវទាំងអ្នកស្រាវជ្រាវថ្នាក់ជាតិ និងអន្តរជាតិជាបន្តបន្ទាប់។ ស្ថាប័នសិក្សាអំពីកុលាលភាជន៍នៅអាមេរិក ក្រុមសិក្ខាកាមមកបារាំង និងក្រុមនិស្សិតខ្មែរមួយចំនួនទៀតក៏ធ្លាប់មកចូលមកសិក្សាអំពីការងាររបស់អង្គភាពនេះដែរ។ ជាគម្រោងអនាគត ប្រធានអង្គភាពរូបនេះមានបំណងចង់សហការជាមួយដៃគូអន្តរជាតិផ្សេងៗទៀតក្នុងតំបន់អង្គរ ដើម្បីប្រមូលបំណែកកុលាលភាជន៍ ដែលក្រុមអ្នកស្រាវជ្រាវបានប្រទះឃើញក្នុងអំឡុងពេលធ្វើកំណាយកន្លងមក ហើយរក្សាទុកក្នុងទីផ្សេងៗរៀងៗខ្លួន មកតម្កល់ទុកក្នុងអង្គភាពនេះតែមួយ ដើម្បីងាយស្រួលដល់អ្នកទស្សនា ក៏ដូចជាអ្នកស្រាវជ្រាវផ្សេងៗដែរ។ នៅពេលដែលកិច្ចសហការនេះបានជោគជ័យ លោកសង្ឃឹមថា អង្គភាពនេះនឹងទទួលបាននូវបំណែកវត្ថុបុរាណដ៏សន្ធឹកសន្ធាប់ ដែលរឹងរឹតតែធ្វើឲ្យអ្នកស្រាវជ្រាវ គ្រប់គ្នាកាន់តែងាយស្រួលនិងចាប់អារម្មណ៍កាន់តែខ្លាំងថែមទៀត៕










កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ក្រុមការងារជួសជុល និងថែទាំផ្លូវនៃនាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យអាជ្ញាធរជាតិអប្សរា បានចុះអនុវត្តដាក់ស្លាកសញ្ញាហាមចតចំនួន៤ទីតាំងខុសៗគ្នា នៅតាមបណ្តោយដងផ្លូវមុខប្រាសាទអង្គរវត្ត និងជុំវិញត្រពាំងសេស។
រសៀលថ្ងៃពុធ ៣រោជ ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដឹកនាំកិច្ចប្រជុំតាមដានការអនុវត្តកិច្ចការរបស់ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរា និងការទប់ស្កាត់សំណង់អាណាធិបតេយ្យ ដែលបានអនុវត្តកន្លងមកនៅតាមភូមិទាំង១១២ក្នុងតំបន់រមណីយដ្ឋានអង្គរ។
នាព្រឹកថ្ងៃ២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានចូលរួមគោរពព្រះវិញ្ញាណក្ខន្ធគម្រប់ខួប៧ឆ្នាំនៃការសោយទិវង្គតរបស់ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាជាតិខ្មែរដែលប្រព្រឹត្តទៅនៅព្រះរាជដំណាក់ខេត្តសៀមរាប។
ដើមដំបូងមុន12345...257258បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
0417
ម្សិលមិញ
:
1913
សប្តាហ៍នេះ
:
77071
ខែនេះ
:
0158348
សរុប
:
009340630