ព័ត៌មានថ្មីៗ

កូនឈើចម្រុះចំនួន២០០០ដើមត្រូវបានដាំនៅជើងទំនប់បារាយណ៍ ជ័យតដាកនៃឧទ្យានអង្គរ

បានផ្សាយនៅ ថ្ងៃទី 17 ខែ សីហា ឆ្នាំ2016 01:28 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ព្រៃឈើមានប្រយោជន៍ខ្លាំងណាស់ចំពោះជីវិតមនុស្សនិងសត្វ ហើយព្រៃឈើក៏រឹតតែមានប្រយោជន៍ផងដែរចំពោះបេតិកភណ្ឌ ព្រោះវាជារបាំងការពារខ្យល់ ការពារទឹកជំនន់ ទប់ស្កាត់ការសឹករិចរឹល និងស្រូបទឹកក្រោមដីដើម្បីផ្តល់សំណើមដល់ប្រាង្គប្រាសាទ ជាពិសេសព្រៃឈើដែលដុះក្នុងឧទ្យានអង្គរ ជាទេសភាពធម្មជាតិដ៏ល្អឯកដែលរួមចំណែកលើកតម្លៃរមណីយដ្ឋានអង្គរឱ្យកាន់តែមានភាពស្រស់ស្អាតបន្ថែមទៀត។

ដោយយល់យ៉ាងច្បាស់ពីសារៈប្រយោជន៍របស់ព្រៃឈើចំពោះមនុស្ស សត្វ និងបេតិកភណ្ឌ ដូចនេះហើយបានជាក្នុងរដូវវស្សាឆ្នាំនេះ អាជ្ញាធរជាតិអប្សរាបានផ្តើមយុទ្ធនាការដាំឡើងវិញនូវព្រៃឈើគ្រប់ប្រភេទក្នុងឧទ្យានអង្គរនិងតំបន់ជុំវិញមួយចំនួនទៀត។ ជាក់ស្តែងនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦នេះ កូនឈើចម្រុះចំនួន២០០០ដើមទៀត ត្រូវបានដាំនៅបរិវេណជើងទំនប់បារាយណ៍ជ័យតដាកនៃប្រាសាទនាគព័ន្ធ ដែលជាទីតាំងត្រូវការពារទាំងបេតិកភណ្ឌនិងទេសភាពធម្មជាតិនៃតំបន់ឧទ្យានអង្គរទាំងមូល។

លោក វ៉ាត ប៊ុនថា បុគ្គលិកបច្ចេកទេសនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា កូនឈើដែលក្រុមការងារយកមកដាំតាមជើងទេរទំនប់បារាយណ៍នេះមាន៤ប្រភេទ រួមមាន កូនរំដួល៥០០ដើម កូនក្របៅ៥០០ដើម កូនកកោះ៥០០ដើម និងកូនកន្សែង៥០០ដើម ដើម្បីការពារជើងទេររបស់ទំនប់ពីការហូរច្រោះដីនៅពេលមានភ្លៀងធ្លាក់ខ្លាំង។

កន្លងមករាល់កិច្ចការស្តារឡើងវិញនូវបឹង ត្រពាំង បារាយណ៍ ឬរាល់ការលើកទំនប់ជាដើម អាជ្ញាធរជាតិអប្សរាតែងតែផ្សារភ្ជាប់នូវការដាំដុះឡើងវិញនូវព្រៃឈើនិងរុក្ខជាតិគ្រប់ប្រភេទ ក្នុងន័យរួមចំណែកអភិរក្សលើកតម្លៃទេសភាពវប្បធម៌ និងធម្មជាតិនៃតំបន់ឧទ្យានអង្គរឲ្យភាពស្រស់ស្អាតជាប្រចាំ ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាកាន់តែច្រើនឡើងថែមទៀត៕

 








ការរុះរើផ្ទះចាស់ដើម្បីសាងសង់ផ្ទះថ្មីជំនួស មិនត្រូវបានហាមឃាត់ឡើយក្នុងករណីដែលប្រជាពលរដ្ឋទាំងអស់នោះជាប្រជាជនចាស់រស់នៅក្នុងតំបន់អង្គរតាំងពីដើមមក ។ ម្យ៉ាងទៀត ការសុំតសំយ៉ាបផ្ទះ ធ្វើផ្ទះបាយ ធ្វើជង្រុក ធ្វើរបងផ្ទះ ធ្វើបង្គន់ ធ្វើរោងលក់ឥវ៉ាន់ ធ្វើរោងគោ ទ្រុងមាន់ ទ្រុងជ្រូក ។ល។ ក៏ត្រូវបានអនុញ្ញាតដល់មូលដ្ឋានផ្ទាល់ផងដែរ តាមរយៈក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាដែលចុះជួបប្រជាពលរដ្ឋជារៀងរាល់សប្តាហ៍។
នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) ដឹកនាំដោយឯកឧត្តម សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងសហការី ព្រមទាំងក្រុមការងារអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យទីតាំងផ្ទាល់នៅប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន្ត ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្រា្កន្តលើកទី៥ ឆ្នាំ២០១៧ ដែលនឹងមកដល់នាពេលប៉ុន្មានខែខាងមុខនេះ។
អាជ្ញាធរជាតិអប្សរាបានបែងចែកក្រុមការងារសហគមន៍ជា៧ក្រុមដោយឡែកពីគ្នាដែលក្រុម៥ ចុះជួយប្រជាពលរដ្ឋតាមមូលដ្ឋានក្នុងបណ្តាស្រុកក្រុងទាំង៥ក្នុងតំបន់អង្គរ ដែលជាដែនសមត្ថកិច្ចរបស់អាជ្ញាធរជាតិអប្សរា រួមមានក្រុងសៀមរាប ស្រុកប្រាសាទបាគង ស្រុកបន្ទាយស្រី ស្រុកអង្គរធំ និងស្រុកពួក និង២ក្រុមទៀតសម្រាប់អប់រំផ្សព្វផ្សាយបេតិកភណ្ឌតាមគ្រឹះស្ថានសិក្សានិងក្រៅតំបន់អង្គរ ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
9
ថ្ងៃនេះ
:
31814
ម្សិលមិញ
:
24773
សប្តាហ៍នេះ
:
82399
ខែនេះ
:
0199698
សរុប
:
011662294