ព័ត៌មានថ្មីៗ

កូនឈើចម្រុះចំនួន២០០០ដើមត្រូវបានដាំនៅជើងទំនប់បារាយណ៍ ជ័យតដាកនៃឧទ្យានអង្គរ

បានផ្សាយនៅ ថ្ងៃទី 17 ខែ សីហា ឆ្នាំ2016 01:28 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ព្រៃឈើមានប្រយោជន៍ខ្លាំងណាស់ចំពោះជីវិតមនុស្សនិងសត្វ ហើយព្រៃឈើក៏រឹតតែមានប្រយោជន៍ផងដែរចំពោះបេតិកភណ្ឌ ព្រោះវាជារបាំងការពារខ្យល់ ការពារទឹកជំនន់ ទប់ស្កាត់ការសឹករិចរឹល និងស្រូបទឹកក្រោមដីដើម្បីផ្តល់សំណើមដល់ប្រាង្គប្រាសាទ ជាពិសេសព្រៃឈើដែលដុះក្នុងឧទ្យានអង្គរ ជាទេសភាពធម្មជាតិដ៏ល្អឯកដែលរួមចំណែកលើកតម្លៃរមណីយដ្ឋានអង្គរឱ្យកាន់តែមានភាពស្រស់ស្អាតបន្ថែមទៀត។

ដោយយល់យ៉ាងច្បាស់ពីសារៈប្រយោជន៍របស់ព្រៃឈើចំពោះមនុស្ស សត្វ និងបេតិកភណ្ឌ ដូចនេះហើយបានជាក្នុងរដូវវស្សាឆ្នាំនេះ អាជ្ញាធរជាតិអប្សរាបានផ្តើមយុទ្ធនាការដាំឡើងវិញនូវព្រៃឈើគ្រប់ប្រភេទក្នុងឧទ្យានអង្គរនិងតំបន់ជុំវិញមួយចំនួនទៀត។ ជាក់ស្តែងនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦នេះ កូនឈើចម្រុះចំនួន២០០០ដើមទៀត ត្រូវបានដាំនៅបរិវេណជើងទំនប់បារាយណ៍ជ័យតដាកនៃប្រាសាទនាគព័ន្ធ ដែលជាទីតាំងត្រូវការពារទាំងបេតិកភណ្ឌនិងទេសភាពធម្មជាតិនៃតំបន់ឧទ្យានអង្គរទាំងមូល។

លោក វ៉ាត ប៊ុនថា បុគ្គលិកបច្ចេកទេសនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា កូនឈើដែលក្រុមការងារយកមកដាំតាមជើងទេរទំនប់បារាយណ៍នេះមាន៤ប្រភេទ រួមមាន កូនរំដួល៥០០ដើម កូនក្របៅ៥០០ដើម កូនកកោះ៥០០ដើម និងកូនកន្សែង៥០០ដើម ដើម្បីការពារជើងទេររបស់ទំនប់ពីការហូរច្រោះដីនៅពេលមានភ្លៀងធ្លាក់ខ្លាំង។

កន្លងមករាល់កិច្ចការស្តារឡើងវិញនូវបឹង ត្រពាំង បារាយណ៍ ឬរាល់ការលើកទំនប់ជាដើម អាជ្ញាធរជាតិអប្សរាតែងតែផ្សារភ្ជាប់នូវការដាំដុះឡើងវិញនូវព្រៃឈើនិងរុក្ខជាតិគ្រប់ប្រភេទ ក្នុងន័យរួមចំណែកអភិរក្សលើកតម្លៃទេសភាពវប្បធម៌ និងធម្មជាតិនៃតំបន់ឧទ្យានអង្គរឲ្យភាពស្រស់ស្អាតជាប្រចាំ ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនាកាន់តែច្រើនឡើងថែមទៀត៕

 








នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ ឯកឧត្តម សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានអញ្ជើញចូលរួមជាអធិបតីក្នុងការបើកកម្មវិធីប្រឡងជ្រើសរើសមគ្គុទ្ទេសក៍ទេសចរណ៍ចំនួន២០នាក់ ក្នុងចំណោម៣៦នាក់ ដើម្បីទទួលការបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងនិងបកស្រាយព័ត៌មាននៅក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោក រយៈពេល៩ថ្ងៃ នៅទីក្រុងម៉ាកាវសាធារណរដ្ឋប្រជាមានិតចិន ដែលនឹងចាប់ផ្តើមនៅខែមិថុនា ឆ្នាំ២០១៦ខាងមុខនេះ។
ក្នុងគោលដៅថែរក្សាការពារ និងលើកកម្ពស់គុណតម្លៃរមណីយដ្ឋានអង្គរឲ្យស័ក្តសមជាតំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងជាសម្បត្តិបេតិកភណ្ឌពិភពលោក អាជ្ញាធរជាតិអប្សរាបានចេញសេចក្តីជូនដំណឹងមួយដល់បងប្អូនអាជីវករទាំងអស់ដែលកំពុងប្រកបអាជីវកម្មលក់ដូរ និងផ្ដល់សេវាកម្មទេសចរណ៍ក្នុងតំបន់អង្គរដើម្បីហាមឃាត់មិនឲ្យដាក់តាំងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទនៅតាមហាង ឬតូបលក់ដូរ និងបានដាក់សំណើមួយទៀតទៅដល់ក្រុមហ៊ុន ស្រាបៀរនិងភេសជ្ជៈទាំងឡាយដែលមានផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មនៅតំបន់អង្គរ អោយមករុះរើផ្ទាំងផ្សព្វផ្សាយរបស់ខ្លួនទាំងអស់ អោយបានមុនថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ព្រោះផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មទាំងនេះ បាននឹងកំពុងបង្កផលប៉ះពាល់ដល់ទេសភាពវប្បធម៌ និងបទដ្ឋានបេតិកភណ្ឌដែលកំណត់តំបន់អង្គរជាបេតិកភណ្ឌវប្បធម៌ពិភពលោក។
ទំនៀមឆ្លងចេត្ររបស់អ្នកស្រុកអង្គរ
( ថ្ងៃទី 26 ខែ មេសា ឆ្នាំ2016 )
«ឆ្លងចេត្រ» ជាពិធីបុណ្យដែលមានតាំងពីបរមបុរាណ ហើយអ្នកភូមិគិរីមានន្ទនិងស្រុកភូមិមួយចំនួនទៀតនៃតំបន់អង្គរតែងនាំគ្នាប្រារព្ធធ្វើឥតដាច់ បន្ទាប់ពីចប់ចូលឆ្នាំថ្មីប្រពៃណីជាតិមួយឬពីរអាទិត្យ តាមការមូលមតិគ្នាជាឯកច្ឆ័ន្ទរបស់ប្រជាពលរដ្ឋ អាចារ្យ និងគណៈកម្មការភូមិឃុំ។
រមណីយដ្ឋានអង្គរមានទំហំ៤០១គីឡូម៉ែត្រក្រឡា ដែលគ្របដណ្តប់ទៅដោយព្រៃឈើ៥.៧៣៧ហិកតា និងដីមិនមានគម្របព្រៃឈើ ៣៤.៣៧៨ហិចតា ព្រមទាំងមានប្រាសាទចំនួន៩១។ តាមប្រាសាទនីមួយៗមានដើមឈើដុះចម្រុះលាយឡំគ្នាជាច្រើន នៅក្នុងបរិវេណប្រាសាទទាំងអស់នោះ។ ទន្ទឹមនឹងផ្តល់ប្រយោជន៍ដល់មនុស្ស និងប្រាសាទ ព្រៃឈើក៏អាចបង្កគ្រោះថ្នាក់មួយចំនួនផងដែរ ដូចជា ការដួលរលំ ឬបាក់មែកប៉ះពាល់ដល់រចនាសម្ព័ន្ធប្រាសាទ ឬមនុស្សដែលឆ្លងកាត់ជាដើម។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
0487
ម្សិលមិញ
:
1922
សប្តាហ៍នេះ
:
00487
ខែនេះ
:
0048960
សរុប
:
009422236