ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាចែករំលែកបទពិសោធន៍ការងារបេតិកភណ្ឌអង្គរ ជាមួយយុវជនស្ម័គ្រចិត្តបេតិកភណ្ឌពិភពលោក

បានផ្សាយនៅ ថ្ងៃទី 11 ខែ សីហា ឆ្នាំ2016 01:32 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

យុវជនស្ម័គ្រចិត្តចំនួន២៧រូប មកពី៧ប្រទេសផ្សេងគ្នា ដោយរួមទាំងកម្ពុជាផង គ្រោងនឹងចំណាយពេល១២ថ្ងៃនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីសិក្សា និងទទួលបទពិសោធន៍អំពីការងារអភិរក្សបេតិកភណ្ឌពិភពលោកអំពីអាជ្ញាធរជាតិអប្សរា។ កម្មវិធីដែលធ្វើឡើងក្រោមប្រធានបទ    “ទាំងអស់គ្នាដើម្បីបេតិកភណ្ឌ” នេះ ចាប់ផ្តើមពីថ្ងៃទី១០ ដល់ទី២២ ខែសីហា ឆ្នាំ២០១៦។

ពិធីបើកបានចាប់ផ្តើមជាផ្លូវការនៅព្រឹកថ្ងៃទី១១ ខែសីហានេះ ក្រោមអធិបតីភាពឯកឧត្តម សុខ សង្វារ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងទេសចរណ៍អង្គរ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក Philippe DELANGHE តំណាងអង្គការយូណេស្កូ ប្រចាំកម្ពុជា លោក ឃឹម ហ្វ៊ីណង់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំខេត្តសៀមរាប និងកញ្ញា Boram SHIN នាយកវិទ្យាស្ថានកូរ៉េ-អង្គរ ដើម្បីបេតិកភណ្ឌ (KACHI)។

មានប្រសាសន៍បើក ឯកឧត្តម សុខ សង្វារ លើកឡើងថា កម្មវិធីយុវជនស្ម័គ្រចិត្តដើម្បីបេតិកភណ្ឌនេះ រៀបចំឡើងដោយកិច្ចសហការរវាងអង្គការយូណេស្កូ អាជ្ញាធរជាតិអប្សរា សហភាពសហព័ន្ធយុវជនកម្ពុជា និងវិទ្យាស្ថានកូរ៉េ-អង្គរដើម្បីបេតិកភណ្ឌ។ គោលបំណងនៃកម្មវិធីនេះ គឺជំរុញឲ្យយុវជនមានការចូលរួមនឹងការងារពាក់ព័ន្ធនឹងបេតិកភណ្ឌ។

ឯកឧត្តមបន្ថែមថា រយៈពេល១២ថ្ងៃនៃការស្នាក់នៅក្នុងតំបន់រមណីយដ្ឋានអង្គរនេះ យុវជនស្ម័គ្រចិត្តនឹងបានស្វែងយល់អំពីការងាររបស់អាជ្ញាធរជាតិអប្សរា តាមរយៈបទបង្ហាញរបស់អ្នកជំនាញតាមផ្នែកផ្សេងៗ។ លើសពីនេះ យុវជនស្ម័គ្រចិត្តនឹងបានចូលរួមលើការងារជាក់ស្តែង ដូចជា ការចុះទៅជួបសហគមន៍ ការដាំដើមឈើ ការដើរតួនាទីជាភ្នាក់ងារទេសចរណ៍ និងចូលរួមធ្វើកំណាយជាមួយអ្នកជំនាញជាដើម។ នេះគឺជាលើកទី៣ហើយ ដែលអាជ្ញាធរជាតិអប្សរាបានសហការរៀបចំឲ្យមានកម្មវិធីយុវជនស្ម័គ្រចិត្ត ដើម្បីបេតិកភណ្ឌពិភពលោក ដោយលើកទី១នៅឆ្នាំ២០១៣ លើកទី២នៅឆ្នាំ២០១៥។

តាមរយៈការងារស្ម័គ្រចិត្តលើការងារបេតិភណ្ឌនេះ ឯកឧត្តមជឿជាក់ថា យុវជននឹងមានការយល់ដឹងកាន់តែច្បាស់អំពីបេតិកភណ្ឌ ស្រឡាញ់បេតិកភណ្ឌ គោរពបេតិកភណ្ឌ ហើយនិងចូលរួមថែរក្សាបេតិកភណ្ឌដ៏មានតម្លៃគ្រប់គ្នា។ ជាពិសេស សកម្មភាពនេះក៏នឹងបង្ហាញភាពជាគំរូដល់យុវជន និងសាធារណជនដទៃទៀត ឲ្យបណ្តុះស្មារតីគោរពស្រឡាញ់ និងចូលរួមការពារបេតិកភណ្ឌទាំងអស់គ្នា។

កម្មវិធី យុវជនស្ម័គ្រចិត្តដើម្បីបេតិកភណ្ឌ បានបង្កើតឡើងនៅឆ្នាំ២០០៨ ក្នុងក្របខណ្ឌការអប់រំបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ ដោយសហការជាមួយគណៈកម្មការសម្របសម្រួលអន្តរជាតិផ្នែកកិច្ចការស្ម័គ្រចិត្ត ដើម្បីបង្កើនការចូលរួមចំណែករបស់យុវជន និងអង្គការចាត់តាំងយុវជនក្នុងកិច្ចការងារលើកកម្ពស់ការថែរក្សាបេតិកភណ្ឌពិភពលោក។ ក្នុងរយៈពេល៨ឆ្នាំមកនេះ មានយុវជនចំនួន ៣៥០០នាក់បានចូលរួមយ៉ាងសកម្មក្នុងការងារនេះ ហើយបានបោះជំរំចំនួន ២១៩ដង ដែលចូលរួមរៀបចំដោយអង្គការចាត់តាំងយុវជនចំនួន ៥២ស្ថាប័ន នៅប្រទេសចំនួន ៤៦ប្រទេស។

កម្មវិធីយុវជនស្ម័គ្រចិត្តបេតិកភណ្ឌឆ្នាំ២០១៦ ផ្តោតទៅលើប្រធានបទ ទាំងអស់គ្នាដើម្បីបេតិកភណ្ឌ ដើម្បីជំរុញការចូលរួមចំណែករបស់យុវជនក្នុងកិច្ចការបេតិកភណ្ឌ តាមរយៈការបង្កើតកិច្ចទំនាក់ទំនងរវាងគ្នាទៅវិញទៅមក និងរវាងយុវជននិងសហគមន៍មូលដ្ឋាន។ លើសពីនេះទៀត ប្រធានបទនេះក៏នឹងជំរុញឲ្យយុវជនបានយល់ដឹងកាន់តែច្បាស់អំពីសកម្មភាពប្រចាំថ្ងៃនៃការគ្រប់គ្រងបេតិកភណ្ឌ អំពីជំនាញជាមូលដ្ឋាននៃការងារថែរក្សានិងអភិរក្ស និងផ្លាស់ប្តូរបទពិសោធន៍ជាមួយសហគមន៍មូលដ្ឋាន៕












នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ គណៈកម្មការទី២នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម គតិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា អមដំណើរដោយឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអញ្ជើញទៅទស្សនកិច្ចស្វែងយល់ពីកិច្ចការអភិរក្សនៅរមណីយដ្ឋានអង្គរ។
អាជ្ញាធរជាតិអប្សរាក្រោមការគ្រប់គ្រងរបស់នាយកដ្ឋានទ្រទ្រង់បច្ចេកទេសនិងអន្តរវិស័យកំពុងដំណើរការជួសជុលផ្លូវមិត្តភាពកម្ពុជា-កូរ៉េ ជំហានទី១ ដែលមានប្រវែងសរុប១៤,៦៧៥ម៉ែត្រ ទទឹង៧ម៉ែត្រ ដោយអ៊ុតបេតុងកៅស៊ូ ចាប់ពីផ្លូវបំបែកផ្លូវជាតិលេខ៦ ចំណុចផ្សារស្វាយធំ រហូតដល់រង្វង់មូលកូនដំរី ស្ថិតក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី។
នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ទទួលជួបលោក ISHIDA Toru ប្រធានផ្នែកកិច្ចសហប្រតិបត្តិការអំពីបេតិកភណ្ឌវប្បធម៌នៃភ្នាក់ងារដើម្បីបេតិកភណ្ឌវប្បធម៌ជប៉ុន ដើម្បីសម្តែងការគួរសម និងថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការរួមគ្នានៃទំនាក់ទំនងដ៏ល្អប្រសើរ ដែលអាជ្ញាធរជាតិអប្សរាជាមួយស្ថាប័នជប៉ុនបានបំពេញនាពេលកន្លងមក ក្នុងតំបន់រមណីយដ្ឋានអង្គរ។
ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីវិស័យបេតិកភណ្ឌ ក៏ដូចជាការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវរាល់ការងារសំខាន់ៗនិងសមិទ្ធផលក្នុងរយៈពេល២៥ឆ្នាំរបស់ខ្លួន នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរានឹងសហការជាមួយក្រុមហ៊ុនផ្កាឈូកនិងមូលនិធិផ្កាឈូក ដើម្បីរៀបចំតាំងពិព័រណ៍រូបភាពជាសាធារណៈស្តីពីការងារសំខាន់ៗនិងសមិទ្ធផលជាច្រើនដែលសម្រេចបាននាពេលកន្លងមក នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដែលស្ថិតក្នុងបរិវេណវិទ្យាស្ថានភាសារបរទេស ចាប់ពីម៉ោង៨:៣០នាទីព្រឹក រហូតដល់ម៉ោង៥:៣០នាទីល្ងាច។
នៅថ្ងៃទី២៥ខែកុម្ភៈ ឆ្នាំ២០២០ នេះ គណៈកម្មការទី២ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម គតិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានប្រតិភូគណៈកម្មការទី២ និងសមាជិកប្រតិភូ ជួបសំណេះសំណាលជាមួយអាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ ដើម្បីស្វែងយល់ពីវឌ្ឍនភាពរបស់អាជ្ញាធរជាតិអប្សរា និងវឌ្ឍនភាពរបស់គ្រឹះស្ថានអង្គរ នៅគ្រឹះស្ថានអង្គរ ខេត្តសៀមរាប។
ដើមដំបូងមុន12345...294295បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
8813
ម្សិលមិញ
:
14427
សប្តាហ៍នេះ
:
45958
ខែនេះ
:
0326787
សរុប
:
010282934