ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាដាំកូនឈើចំនួន៤៥០ដើមក្នុងបរិវេណវិទ្យាល័យបាគង

បានផ្សាយនៅ ថ្ងៃទី 10 ខែ សីហា ឆ្នាំ2016 02:15 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦នេះ ឯកឧត្តម សុខ លក្ខិណា ទីប្រឹក្សានៃអាជ្ញាធរជាតិអប្សរា និងមន្ត្រី បុគ្គលិកអាជ្ញាធរជាតិអប្សរាមួយចំនួនទៀត រួមជាមួយនឹងនាយកវិទ្យាល័យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សហការគ្នាដាំកូនឈើក្នុងវិទ្យាល័យបាគងស្ថិតនៅភូមិឳឡោក ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដើម្បីចូលរួមថែរក្សាបរិស្ថាន ។

ឯកឧត្តម សុខ លក្ខិណា បានមានប្រសាសន៍ឲ្យដឹងថា កូនឈើចំនួន៤៥០ដើម មានប្រភេទ កូនបេង គគីរ ឈើទាល ត្រូវបានអាជ្ញាធរជាតិអប្សរាផ្តល់ជូនវិទ្យាល័យបាគង យកទៅដាំក្នុងបរិវេណសាលាដើម្បីផ្តល់ជាម្លប់ដល់វិទ្យាល័យផង លើកសម្រស់សោភណភាពសាលានិងតំបន់អង្គរឲ្យស្រស់បំព្រងផង និងដើម្បីថែរក្សាប្រភេទឈើប្រណិតឲ្យបានគង់វង្សទៅថ្ងៃអនាគតផង។

ឯកឧត្តមបញ្ជាក់ថា «ព្រៃឈើដើរតួនាទីសំខាន់ខ្លាំងណាស់ចំពោះមនុស្ស សត្វ ព្រោះព្រៃឈើផ្តល់ជម្រក ចំណីអាហារដល់មនុស្សសត្វ កាត់បន្ថយកម្តៅ កាត់បន្ថយការបំពុលបរិស្ថាន ការពារទឹកជំនន់ជាដើម។ ដូច្នេះ ព្រៃឈើពិតជាមានការទាក់ទងគ្នាយ៉ាងជិតស្និទ្ធជាមួយជីវិតមនុស្សសត្វមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ។ ព្រៃឈើគឺជាអាយុជីវិតរបស់មនុស្សសត្វ។ ព្រៃឈើអាចរស់នៅបានដោយគ្មានមនុស្សសត្វ ប៉ុន្តែមនុស្សសត្វមិនអាចរស់នៅបានដោយគ្មានព្រៃឈើបានទេ»

លោក ស៊ិន សំណាង នាយកវិទ្យាល័យបាគងបានលើកឡើងថា លោកចង់ឃើញវិទ្យាល័យរបស់លោកទៅថ្ងៃអនាគត ក្លាយទៅជាព្រៃបេង ព្រៃឈើទាល ព្រៃគគីរ ដែលផ្តល់ម្លប់យ៉ាងត្រឈឹងត្រឈៃដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សាធារណជនទូទៅ។ ម្យ៉ាងទៀត ការដាំកូនឈើនៅពេលនេះទុកជាគំរូដ៏ល្អមួយសម្រាប់កូនចៅជំនាន់ក្រោយឲ្យចេះស្រលាញ់និងចេះថែរក្សាព្រៃឈើ។ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរជាតិអប្សរាដែលបានផ្តល់ជូនកូនឈើជូនមកវិទ្យាល័យបាគង ។

លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សបានសម្តែងនូវការសប្បាយរីករាយ និងធ្វើការប្តេជ្ញាចិត្តថានឹងចូលរួមដាំកូនឈើឲ្យបានច្រើនមិនថានៅក្នុងសាលាឬក្រៅសាលាទេ ដើម្បីចូលរួមចំណែកកាត់បន្ថយគ្រោះរាំងស្ងួត ការកើនឡើងកម្តៅ និងការពារបរិស្ថានជាមួយរាជរដ្ឋាភិបាលក៏ដូចជាពិភពលោកទាំងមូល។ ការដាំកូនឈើនេះពិតជាបានចូលរួមចំណែកជួយឲ្យមានលំនឹងរវាងបរិយាកាសជាមួយបរិស្ថាន។

អាជ្ញាធរជាតិអប្សរាបានចូលរួមយ៉ាងសកម្មក្នុងការផ្តល់កូនឈើ និងដាំកូនឈើជាមួយអាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃ និងប្រជាពលរដ្ឋដើម្បីថែរក្សាការពារបរិស្ថានមិនថាក្នុងតំបន់រមណីយដ្ឋានអង្គរឬក្រៅតំបន់រមណីយដ្ឋាននោះទេ ។ អាជ្ញាធរជាតិអប្សរាសូមលើកទឹកចិត្តនិងគាំទ្រយ៉ាងពេញទំហឹងចំពោះសកម្មភាពដាំកូនឈើ និងចូលរួមថែរក្សាការពារព្រៃឈើនេះ៕










នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២០ បានរៀបចំពិធីបើកសវនកម្មផ្ទៃក្រៅ ប្រព័ន្ធគ្រប់គ្រងបរិស្ថាន ISO14001: 2015 ដោយស្ថាប័នធានាគុណភាពជប៉ុន ហៅកាត់ថា JQA (Japan Quality Assurance)។
គិតត្រឹមថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ គឺមានរយៈពេល២៥ឆ្នាំហើយ ដែលអាជ្ញាធរជាតិអប្សរាត្រូវបានបង្កើតឡើង អនុលោមទៅតាមគោលការណ៍មួយក្នុងចំណោមគោលការណ៍ទាំង៥ សម្រាប់លក្ខខណ្ឌនៃការចុះបញ្ជីរមណីយដ្ឋានអង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។
ភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទអង្គរវត្ត បាននាំគ្នាសម្អាតបរិស្ថាន រៀបចំអនាម័យនៅក្តារបែន និងតាមបរិវេណប្រាសាទអង្គរវត្តទាំងមូល ដើម្បីលើកកម្ពស់សោភ័ណភាពក្នុងប្រាសាទ និងសុខុមាលភាពភ្ញៀវទេសចរដែលចូលមកទស្សនាក្នុងប្រាសាទដ៏ល្បីល្បាញមួយនេះ មិនឱ្យមានផលប៉ះពាល់ដល់សុខភាពនិងអារម្មណ៍ក្នុងពេលទស្សនា៕
បំណែកជើងបដិមាមួយត្រូវបានក្រុមការងារជួសជុលប្រាសាទទន្លេស្ងួតនៃអាជ្ញាធរជាតិអប្សរារកឃើញកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។

បំណែកជើងបដិមានេះត្រូវបានរកឃើញនៅទីតាំងដែលមានចម្ងាយត្រឹមតែ១ម៉ែត្រពីចុងជើងនៃទ្វារបាលដែលបានរកឃើញកាលពីឆ្នាំ២០១៧ ដោយគម្រោងស្រាវជ្រាវរវាងអាជ្ញាធរជាតិអប្សរា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍នៃប្រទេសសិង្ហបុរី (ISEAS)។
ដើមដំបូងមុន12345...289290បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
8
ថ្ងៃនេះ
:
7931
ម្សិលមិញ
:
26968
សប្តាហ៍នេះ
:
34899
ខែនេះ
:
0179341
សរុប
:
010135488