NEWS

The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience

Published on 08 August 2016 06:33 PM Post By ៖ Apsara National Authority

នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ ព្រះសង្ឃនិងពុទ្ធបរិស័ទចំណុះជើងវត្តនៅក្នុងតំបន់ឧទ្យានអង្គរបានឯកភាពនិងគាំទ្រទាំងស្រុងឱ្យវត្តអារាមក្នុងតំបន់ឧទ្យានអង្គរមានផែនការមេ។ ការឯកភាពនេះបានធ្វើឡើងនៅក្នុងសិក្ខាសាលាស្តីអំពីការបង្ហាញលទ្ធផលគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍និងបេតិកភណ្ឌ ហៅកាត់ថា (ACHA) ដំណាក់កាលទី២ ឆ្នាំ២០១៦ ដែលរៀបចំដោយអាជ្ញាធរជាតិអប្សរាសហការជាមួយអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ និងក្រុមប្រឹក្សាកិច្ចការវត្តអារាមនៅក្នុងតំបន់ឧទ្យានអង្គរ ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។

លោកធម្មបណ្ឌិត ហេង មណីចិន្តា នាយកអង្គការអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍និងជាអ្នកសម្របសម្រួលកម្មវិធីបានលើកឡើងថា គម្រោង ACHA គឺមានគោលដៅ គ្រប់គ្រងនិងថែរក្សាការពារបេតិភណ្ឌនៃឧទ្យានអង្គរប្រកបដោយចីរភាព តាមរយៈការផ្តល់ភាពរីកលូតលាស់ផ្នែកសេដ្ឋកិច្ចនិងសុវត្ថិភាពស្បៀង ដល់ប្រជាពលរដ្ឋដែលនៅក្នុងតំបន់អង្គរ។

លោកធម្មបណ្ឌិតបន្តទៀតថា ឆ្នាំទី២ ដំណាក់កាលទី២នៃគម្រោង ACHA មានវត្ត គោលដៅចំនួន២៣ក្នុងចំណោមវត្តទាំង៣៩នៅក្នុងតំបន់អង្គរដែលត្រូវអនុវត្តផែនការមេ ដោយមានការឯកភាពពីវត្តសាមីនិងពុទ្ធបរិស័ទ។ ព្រះសង្ឃគឺជាដៃគូសំខាន់ក្នុងការធ្វើឱ្យគម្រោងកម្មវិធីប្រព្រឹត្តទៅដោយជោគជ័យនិងការបញ្ជូនសារទៅកាន់ប្រជាជនក្នុងតំបន់អង្គរអំពីការថែរក្សាបេតិកភណ្ឌដ៏មានប្រសិទ្ធភាព ព្រោះព្រះសង្ឃមានឥទ្ធិពលខ្ពស់លើពុទ្ធបរិស័ទក្នុងសង្គមខ្មែរ។ ចំពោះវត្តដែលអនុវត្តផែនការមេ នឹងទទួលបានសេវាអប់រំ ផ្សព្វផ្សាយអំពីគម្រោងដូចជា តួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាកិច្ចការវត្តអារាម ក៏ដូចជាវត្តគោលដៅ ការយល់ដឹងពីបេតិកភណ្ឌ ការគោរពបទដ្ឋានសាងសង់ ជួសជុលសំណង់ផ្សេងៗ ក្នុងវត្ត ការលើកកម្ពស់ការគ្រប់គ្រងបរិស្ថាន អនាម័យ ការចូលរួមរបស់ពុទ្ធបរិស័ទលើវិស័យពុទ្ធសាសនា ភាពជាម្ចាស់នៃវត្តអារាម និងការរៀបចំផែនមេរបស់វត្តឱ្យមានរចនាសម្ព័ន្ធ ល្អប្រសើរទាំងបច្ចុប្បន្ននិងទៅអនាគត។

ឯកឧត្តម ហង់ ពៅ អគ្គនាយករង​ទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងទឹក តំណាងឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ជាអធិបតីក្នុងការបើកសិក្ខាសាលា មានមតិថា ប្លង់មេគឺសំខាន់ណាស់សម្រាប់ការអភិវឌ្ឍនិងការរៀបចំក្រុង ដែលមានតាំងពីសតវត្សទី៣ម្ល៉េះតាមសិលាចារឹកដែលអ្នកបុរាណវិទ្យារកឃើញ ក្នុងនោះមានប្រាសាទនៅអង្គរបុរី សម្បូរព្រៃគុក និងប្រាសាទនៅក្នុងតំបន់អង្គរ គឺសុទ្ធតែមានប្លង់មេទាំងអស់។ ប្លង់មេនឹងធ្វើឱ្យកូនចៅជំនាន់ក្រោយយល់ពីរបៀបគ្រប់គ្រង ចេះថែរក្សា គោរព និងអនុវត្តតាម មិនអាចឱ្យអ្នកជំនាន់ក្រោយលុបស្នាដៃអ្នកជំនាន់មុន បើទោះអ្នកជំនាន់មុនឈប់ឬស្លាប់ក៏ដោយ។ ម្យ៉ាងទៀត ការរៀបចំប្លង់មេនេះ ក៏បង្ហាញពីអរិយធម៌ខ្ពស់របស់ខ្មែរដែលមានតាំងពីបរមបុរាណមកដែរ ដូច្នេះហើយវាជាឱកាសល្អសម្រាប់ព្រះសង្ឃក្នុងការគ្រប់គ្រងវត្តដែលមានផែនការមេ វានឹងនាំផលល្អទាំងបច្ចុប្បន្ននិងអនាគត។ អាជ្ញាធរជាតិអប្សរា តាមរយៈគម្រោង ACHA គាំទ្រជានិច្ចចំពោះសកម្មភាពទាំងអស់នេះ រួមទាំងការថែរក្សាបេតិកភណ្ឌផងដែរ ហើយសង្ឃឹមថា វត្តអារាមដែលជាទីគោរពបូជានៅក្នុងតំបន់អង្គរ នឹងក្លាយទៅជាគំរូមួយដ៏ល្អសម្រាប់វត្តដទៃៗទៀត។

បន្ថែមពីនោះ ព្រះតេជគុណ ជុំ គឹមឡេង ព្រះមេគណខេត្តសៀមរាប និងជាព្រះប្រធានក្រុមប្រឹក្សាកិច្ចការវត្តអារាមនៅក្នុងតំបន់ឧទ្យានអង្គរ មានសង្ឃដីកាទាក់ទងនឹងការរៀបចំប្លង់មេថា វាជាផ្នែកមួយជួយសម្រួលដល់ការរៀបចំវត្តច្បាស់លាស់ ងាយស្រួលក្នុងការគ្រប់គ្រងពីមួយជំនាន់ទៅមួយជំនាន់។ អ្វីដែលសំខាន់ទៀត គឺសូមឱ្យវត្តទាំងអស់ចូលរួមថែរក្សាបេតិកភណ្ឌឱ្យបានគង់វង្ស សម្អាតបរិស្ថាន និងចូលរួមធ្វើអនាម័យជាប្រចាំ ឱ្យវត្តស្អាត ដើម្បីប្រកួតប្រជែងរកវត្តស្អាតនៅក្នុងខេត្តសៀមរាប ព្រោះវត្តមិនត្រឹមជាកន្លែងគោរពបូជាផ្នែកសាសនានោះទេ តែក៏បានក្លាយជាផ្នែកមួយនៃគោលដៅទេសចរណ៍ដែរនាពេលបច្ចុប្បន្ន ពិសេសនៅបរទេស។ ក្នុងនោះព្រះតេជគុណក៏បានសំណូមពរឱ្យអាជ្ញាធរជាតិអប្សរាបន្តកិច្ចខំប្រឹងប្រែងថែមទៀតលើការអប់រំផ្សព្វផ្សាយអំពីបេតិកភណ្ឌ ឱ្យប្រជាជន ព្រះសង្ឃ និងពុទ្ធបរិស័ទទាំងអស់មានការយល់ដឹងឱ្យបានច្រើន៕

















នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២០ បានរៀបចំពិធីបើកសវនកម្មផ្ទៃក្រៅ ប្រព័ន្ធគ្រប់គ្រងបរិស្ថាន ISO14001: 2015 ដោយស្ថាប័នធានាគុណភាពជប៉ុន ហៅកាត់ថា JQA (Japan Quality Assurance)។
គិតត្រឹមថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ គឺមានរយៈពេល២៥ឆ្នាំហើយ ដែលអាជ្ញាធរជាតិអប្សរាត្រូវបានបង្កើតឡើង អនុលោមទៅតាមគោលការណ៍មួយក្នុងចំណោមគោលការណ៍ទាំង៥ សម្រាប់លក្ខខណ្ឌនៃការចុះបញ្ជីរមណីយដ្ឋានអង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។
ភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទអង្គរវត្ត បាននាំគ្នាសម្អាតបរិស្ថាន រៀបចំអនាម័យនៅក្តារបែន និងតាមបរិវេណប្រាសាទអង្គរវត្តទាំងមូល ដើម្បីលើកកម្ពស់សោភ័ណភាពក្នុងប្រាសាទ និងសុខុមាលភាពភ្ញៀវទេសចរដែលចូលមកទស្សនាក្នុងប្រាសាទដ៏ល្បីល្បាញមួយនេះ មិនឱ្យមានផលប៉ះពាល់ដល់សុខភាពនិងអារម្មណ៍ក្នុងពេលទស្សនា៕
បំណែកជើងបដិមាមួយត្រូវបានក្រុមការងារជួសជុលប្រាសាទទន្លេស្ងួតនៃអាជ្ញាធរជាតិអប្សរារកឃើញកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។

បំណែកជើងបដិមានេះត្រូវបានរកឃើញនៅទីតាំងដែលមានចម្ងាយត្រឹមតែ១ម៉ែត្រពីចុងជើងនៃទ្វារបាលដែលបានរកឃើញកាលពីឆ្នាំ២០១៧ ដោយគម្រោងស្រាវជ្រាវរវាងអាជ្ញាធរជាតិអប្សរា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍នៃប្រទេសសិង្ហបុរី (ISEAS)។
FirstPrev12345...289290NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
9
Today
:
1825
Yesterday
:
26968
This Week
:
28793
This Month
:
0173235
Total
:
010129382