ព័ត៌មានថ្មីៗ

បញ្ហាអនាម័យនិងទឹកស្អាត ជាកង្វល់ដែលអាជ្ញាធរជាតិអប្សរាត្រូវដោះស្រាយសម្រាប់សហគមន៍ក្នុងឧទ្យានអង្គរ

បានផ្សាយនៅ ថ្ងៃទី 06 ខែ សីហា ឆ្នាំ2016 01:35 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ដោយមើលឃើញពីផលវិបាកនិងផលប៉ះពាល់ដល់សុខភាពប្រជាជន សេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចជាតិ ការអភិវឌ្ឍធនធានមនុស្ស បរិស្ថាន និងវិស័យទេសចរណ៍នៅក្នុងតំបន់អង្គរ អាជ្ញាធរជាតិអប្សរាបានរៀបចំសិក្ខាសាលាមួយស្តីអំពី «ទឹកស្អាតនិងអនាម័យ» ក្នុង គម្រោងសុវុឌ្ឍិកម្មនៃការសម្អាតទឹកនិងការគ្រប់គ្រងទឹកក្នុងតំបន់អង្គរ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦។

សិក្ខាសាលានេះគឺផ្តោតសំខាន់លើគម្រោងសាកល្បងគំរូនៃគម្រោងដែលអាជ្ញាធរជាតិអប្សរាសហការជាមួយរដ្ឋាភិបាលបារាំង ដើម្បីធ្វើការសិក្សាអំពីការគ្រប់គ្រងទឹកស្អុយ ទឹកស្អាត ការសម្អាតទឹក និងកាកសំណល់ផ្សេងៗនៅក្នុងតំបន់អង្គរ ដោយមានឯកឧត្តម ហង់ ពៅ អគ្គនាយករងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរាចូលរួមជាអធិបតី។ ក្នុងនោះក៏មានវត្តមានរបស់អគ្គនាយករងនៃនាយកដ្ឋានពាក់ព័ន្ធ ក្រុមការងារសហគមន៍ អាជ្ញាធរមូលដ្ឋាន តំណាងប្រជាជន ដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នានិងសិក្សាបច្ចេកទេសលម្អិតពីអ្នកជំនាញមកពីគម្រោងទឹកស្អាតនិងអនាម័យរបស់ធានាគារពិភពលោក អង្គការIDE និងក្រសួងអភិវឌ្ឍន៍ជនបទ ដែលមានបទពិសោធន៍ក្នុងការងារនេះ ឱ្យសិក្ខាកាមយកទៅអនុវត្តបន្តនៅតាមសហគមន៍ក្នុងតំបន់អង្គរប្រកបដោយប្រសិទ្ធភាព។

លោក ចាន់ វីរៈ មន្ត្រីគម្រោងទឹកស្អាតនិងអនាម័យរបស់ធានាគារពិភពលោក បានលើកឡើងថា បញ្ហាអនាម័យនិងកង្វះទឹកស្អាតមិនមែនជារឿងមួយគ្រួសារ ហើយគ្រាន់តែធ្វើឱ្យកខ្វក់បរិស្ថានតែមួយមុខទេ តែវាជារឿងប៉ះពាល់ដល់ការរីកចម្រើននៃប្រទេសជាតិទាំងមូលដែលត្រូវយកចិត្តទុកដាក់ខ្ពស់ ព្រោះវាប៉ះពាល់ដល់សុខភាពប្រជាជន សេដ្ឋកិច្ច និងការលូតលាស់ធនធានមនុស្សក្នុងការអភិវឌ្ឍសង្គមផងដែរ។ លោកបញ្ជាក់ទៀតថា ប្រជាជនមួយចំនួនធំនៃប្រទេសកម្ពុជាពុំមានបង្គន់សមស្របប្រើប្រាស់ ខ្លះទៀតកំពុងបន្ទោរបង់ពាសវាលពាសកាល និងខ្លះទៀតបរិភោគទឹកដែលបានមកពីប្រភពមិនល្អប្រសើរ ជាហេតុបណ្តាលឱ្យជាតិនិងគ្រួសារត្រូវចំណាយថវិការាប់លានដុល្លារផងដែរក្នុងមួយឆ្នាំៗទៅលើសេវាសុខភាពសាធារណៈ និងការបាត់បង់ធនធានមនុស្សដោយសារជំងឺដែលឆ្លងពីការខ្វះខាតអនាម័យនិងទឹកស្អាតសម្រាប់ប្រើប្រាស់។

ឯកឧត្តម ហង់ ពៅ ក៏បានលើកឡើងដែរថា ដើម្បីទាក់ទាញទេសចរឱ្យមកទស្សនាតំបន់អង្គរឱ្យបានច្រើននិងស្នាក់នៅបានយូរ មានតែប្រាសាទស្អាតមិនគ្រប់គ្រាន់ទេ គឺត្រូវឱ្យភូមិដ្ឋានរបស់ប្រជាជនក្នុងតំបន់អង្គរមានការរស់នៅស្អាត មានអនាម័យ និងបរិស្ថានល្អ ព្រោះទេសចរជាច្រើនបានចាប់អារម្មណ៍ទៅលើទេសចរសហគមន៍ជាបណ្តើរៗហើយ។ ឯកឧត្តមបញ្ជាក់ទៀតថា ឥទ្ធិពលនៃកំណើនទេសចរជារៀងរាល់ឆ្នាំជារឿងគួរឱ្យមោទនៈ តែក៏ធ្វើឱ្យមានកំណើនអ្នកចំណូលស្រុកដែរ ដែលធ្វើឱ្យមានកំណើននៃទឹកស្អុយ ទឹកស្អាត និងសំរាមកើនឡើងដូចគ្នា ដែលមិនត្រឹមតែប៉ះពាល់ដល់សុខភាពប្រជាជន បរិស្ថានទេ ថែមទាំងប៉ះពាល់ដល់ទេសភាពវប្បធម៌ក្នុងតំបន់អង្គរផងដែរ ពិសេសការប្រើប្រាស់ថង់ប្លាស្ទិកហើយពុំបានគ្រប់គ្រងសំរាមទាំងនេះបានត្រឹមត្រូវ។

ដូច្នេះ ដើម្បីលើកកម្ពស់ការរស់នៅស្អាត មានទឹកស្អាតបរិភោគនិងប្រើប្រាស់គ្រប់គ្នា តាមរយៈគម្រោងដែលអាជ្ញាធរជាតិអប្សរាសហការជាមួយរដ្ឋាភិបាលបារាំង បានសិក្សានិងអនុវត្តគម្រោងគំរូអំពីទឹកស្អាតនិងអនាម័យលើភូមិចំនួន៤ភូមិមានលក្ខណៈផ្សេងៗពីគ្នា គឺភូមិស្រះស្រង់ខាងជើង ភូមិរហាល (លក្ខណៈប្រមូលផ្តុំ) ស្រែចង្ហូត (តាមដងផ្លូវ) និងលាងដៃ (ភូមិដែលមានផ្ទះដាច់ពីគ្នា) ដើម្បីសាកល្បងក្នុងការពិសោធន៍ មុននឹងយកទៅអនុវត្តជាក់ស្តែងលើភូមិទាំង១១២ក្នុងតំបន់អង្គរដោយមានក្រុមការងារសហគមន៍ជាអ្នកផ្សព្វផ្សាយបន្ត សំដៅធ្វើយ៉ាងណាឱ្យប្រជាជនក្នុងតំបន់អង្គរទទួលបាននូវភាពសុខដុមរមនា៕












នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ក្រុមការងារចម្រុះរួមមាន នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យ នាយកដ្ឋានព្រៃឈេី ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានគ្រប់គ្រងទឹក បានចុះរៀបចំសោភ័ណភាព អនាម័យ និងបរិស្ថាន ក្នុងបរិវេណវត្តអង្គរខាងត្បូង (ក្បែរបន្ទប់អនាម័យ) ។
នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ដឹកនាំដោយអគ្គនាយក ឯកឧត្តម ហង់ ពៅ តំណាងលេខាធិការដ្ឋានគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ក្រុមការងារJASA រួមជាមួយមន្រ្តីជំនាញពាក់ព័ន្ធ បានចុះពិនិត្យមើលទីតាំងរៀបចំផ្លូវទស្សនាប្រាសាទបាយ័នថ្មីនៅពេលដែលការជួសជុលតួប៉មមួយចំនួននៅជាន់ទី៣កាន់តែខិតជិតមកដល់។
នៅព្រឹកថ្ងៃទី១២ ខែតុលា នេះ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា សហការជាមួយអាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុនវិចិត្រាឥណ្ឌា បានរៀបចំពិធីសម្ពោធនូវពិព័រណ៍ ខាឌី-ផលិតផលសិប្បកម្មក្រណាត់ឥណ្ឌា។ ពិធីនេះ មានការចូលរួមពីមន្រ្តីស្ថានទូតឥណ្ឌា អភិបាលរងខេត្តសៀមរាប ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា សភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្ដរមានជ័យ និងតំណាងមកពីស្ថាប័នពាក់ព័ន្ធសរុបប្រមាណ ១០០នាក់។
នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នៅទីស្នាក់ការកាកបាទក្រហមកម្ពុជាសាខាខេត្តសៀមរាប បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាល "គ្រូបង្ហាត់វិជ្ជាសង្រ្គោះបឋម" ដល់សិក្ខាកាមចំនួន១៩រូប ដែលមកពីអាជ្ញាធរជាតិអប្សរាចំនួន១០រូប និងកងរាជអាវុធហត្ថខេត្តសៀមរាបចំនួន៩រូប។
កំណាត់ផ្លូវជុំវិញត្រពាំងសេសមុខប្រាសាទអង្គរវត្តត្រូវបានក្រុមការងារថែទាំផ្លូវនៃនាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យកំពុងធ្វើការជួសជុល។ សកម្មភាពជួសជុលនេះប្រព្រឹត្តនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍យ៉ាងមមាញឹករបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិក្នុងការឆ្លងកាត់ទៅមក និងទស្សនាប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរឲ្យប្រកបដោយសុវត្ថិភាព។
ដើមដំបូងមុន12345...255256បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
9041
ម្សិលមិញ
:
34420
សប្តាហ៍នេះ
:
43461
ខែនេះ
:
0124738
សរុប
:
009307020