ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាផ្តល់បច្ចេកទេសកសិកម្មធម្មជាតិដល់ប្រជាពលរដ្ឋប្រាំស្រុកនៅក្នុង តំបន់រមណីយដ្ឋានអង្គរ

បានផ្សាយនៅ ថ្ងៃទី 30 ខែ កក្កដា ឆ្នាំ2016 07:52 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

រមណីយដ្ឋានអង្គរគ្របដណ្តប់លើផ្ទៃដី៤០១គីឡូម៉ែត្រការ៉េដែលមាន១១២ភូមិ ២១ឃុំ/សង្កាត់ និង៥ស្រុក/ក្រុង ហើយជាតំបន់មានទេសភាពវប្បធម៌ វាលស្រែធំល្វឹងល្វើយ ប្រាង្គប្រាសាទលាយឡំជាមួយភូមិដ្ឋានអ្នកស្រុករស់នៅ។ស្ថានភាពភូមិសាស្រ្ត និងសក្តានុពលសេដ្ឋកិច្ចក្នុងតំបន់មានអំណោយផលទើបនាំឲ្យអាជ្ញាធរជាតិអប្សរាចាប់យកវិស័យកសិកម្មសម្រាប់ អភិវឌ្ឍន៍សហគមន៍ដោយផ្សារភ្ជាប់ជាមួយកិច្ចថែរក្សាការពាររមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ដោយយកចិត្តទុកដាក់ផ្តល់បច្ចេកទេសកសិកម្មធម្មជាតិដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរដើម្បីជួយលើកស្ទួយជីវភាពរបស់ពួកគាត់ឲ្យកាន់តែល្អប្រសើរឡើង ។

លោក ស៊ឹម ថន អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍កសិកម្មនិងសហគមន៍ទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍សហគមន៍បានមានប្រសាសន៍ឲ្យដឹងថានាយកដ្ឋានអភិវឌ្ឍន៍កសិកម្មនិងសហគមន៍នៃអាជ្ញាធរជាតិអប្សរា បានចាត់ចែងក្រុមភ្នាក់ងារអភិវឌ្ឍន៍សហគមន៍ចុះទៅផ្តល់ប្រឹក្សាយោបល់បច្ចេកទេសកសិកម្មធម្មជាតិដល់ប្រជាពលរដ្ឋប្រាំស្រុក/ក្រុងរួមមានក្រុងសៀមរាបស្រុកអង្គរធំ ស្រុកពួក ស្រុកប្រាសាទបាគង ស្រុកបន្ទាយស្រីដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ និងភូមិធម្មជាតិរុនតាឯកដើម្បីរួមចំណែកលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលនរដ្ឋនិងថែរក្សាការពារបរិស្ថាន ។

លោកបានបន្តថា បច្ចេកទេសកសិកម្មធម្មជាតិដែលក្រុមការងារជំនាញយើងចុះទៅផ្តល់ជូនប្រជាពលរដ្ឋនោះមានបច្ចេកទេសចិញ្ចឹមសត្វ បច្ចេកទេសធ្វើស្រែ បច្ចេកទេសដាំដំណាំបន្លែនិងផ្លែឈើ បច្ចេកទេសធ្វើជីកំប៉ុស្តិ៍ បច្ចេកទេសធ្វើអ៊ីអឹម បច្ចេកទេសផលិតថ្នាំកសិកម្មធម្មជាតិ។ល។ ដោយលោកបញ្ជាក់ថាដោយសារបចេ្ចកទេសកសិកម្មធម្មជាតិនេះ មិនប្រើប្រាស់ថ្នាំគីមីហើយជាបច្ចេកទេសធម្មជាតិដែលដូនតាយើងបន្សល់ទុកដល់សព្វថ្ងៃ ដូចដែលយើងដឹងទាំងអស់គ្នាហើយថាអាណាចក្រអង្គររបស់ដូនតាយើងរីកចម្រើនដល់កំពូលក៏ដោយសារបច្ចេកទេសកសិកម្មធម្មជាតិនេះឯង។

លោក ស៊ឹម ថន បានបន្ថែមទៀតថា បច្ចេកទេសកសិកម្មធម្មជាតិវាមានសារៈសំខាន់និងអត្ថប្រយោជន៍ខ្លាំងណាស់ដល់ប្រជាពលរដ្ឋដោយសារបច្ចេកទេសនេះ មិនធ្វើឲ្យប៉ះពាល់បរិស្ថាន មិនប៉ះពាល់សុខភាព មិនធ្វើឲ្យខូចគុណភាពដីនិងទទួលបានទិន្នផលខ្ពស់ព្រមទាំងលក់បានថ្លៃថែមទៀតផង។ ម្យ៉ាងវិញទៀតសោត បច្ចេកទេសនេះ ក៏វាសមស្របសម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរព្រោះថា តំបន់រមណីយដ្ឋានអង្គរនេះជាតំបន់រមណីយដ្ឋានរស់បានសេចក្តីន័យថា មានប្រជាពលរដ្ឋ បេតិកភណ្ឌវប្បធម៌ និងបរិស្ថាននៅជុំគ្នា ដែលមានការទាក់ទាញភ្ញៀវទេសចរបំផុតក្នុងការមកទស្សនានៅតំបន់នេះដើម្បីស្វែងយល់អំពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ប្រពៃណីវប្បធម៌ក៏ដូចជាបរិស្ថានផងដែរ។

ទន្ទឹមនឹងការយកចិត្តទុកដាក់អភិរក្សប្រាង្គប្រាសាទ ទំនៀមទម្លាប់ប្រពៃណី និងព្រៃឈើបរិស្ថាននៅក្នុងតំបន់រមណីយដ្ឋានអង្គរនោះ អាជា្ញធរជាតិអប្សរាក៏បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍជីវភាពក៏ដូចជាសុខភាពរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរដើម្បីឲ្យពួកគាត់រស់នៅមានសេចក្តីសុខផ្លូវកាយសប្បាយផ្លូវចិត្ត និងមានជីវភាពធូរធារថ្កុំថ្កើងថែមទៀត ដូចពាក្យស្លោកថា«អភិរក្សដើម្បីអភិវឌ្ឍន៍ អភិវឌ្ឍន៍ដើម្បីអភិរក្ស»












ពលរដ្ឋពីរនាក់នៅភូមិតានីនិងភូមិធម្មជាតិរុនតាឯក នាស្រុកបន្ទាយស្រី ខេត្តសៀមរាប បាន ប្រគល់កុលាលភាជន៍បុរាណចំនួនពីរជូនអាជ្ញាធរជាតិអប្សរានាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ ក្នុងបំណងចូលរួមចំណែកអភិរក្សសម្បត្តិដូនតាដែលមិនអាចកាត់ថ្លៃបាន។ ការស្ម័គ្រចិត្តប្រគល់កុលាលភាជន៍បុរាណ ជូនអាជ្ញាធរជាតិអប្សរាឱ្យយកទៅរក្សាទុកនេះ គឺក្រោយពីពួកគាត់បានយកទៅរក្សាទុកនៅសារមន្ទីរឡតានីអស់ជាច្រើនឆ្នាំមក។
នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម សុខ សង្វារ អគ្គនាយករង និងជាតំណាងឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំក្រុមការងារទទួលជួបគណៈប្រតិភូពីទីក្រុងវៀងចន្ទ នៃប្រទេសឡាវ ដឹកនាំដោយឯកឧត្តម SIHOUN SITTHILRUXAY អភិបាលរងក្រុងរៀងច័ន្ទ ដើម្បីពិភាក្សាការងារស្តីពី «ការស្វែងយល់ពីការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍក្នុងតំបន់អង្គរ»។
ក្នុងកិច្ចការដើម្បីបរិស្ថាន និងភាពបៃតងក្នុងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរានៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះ បានបន្តចុះរៀបចំសណ្តាប់ធ្នាប់ ដាំស្មៅ និងដើមឈើនៅបរិវេណវត្តអង្គរខាងត្បូង ក្នុងន័យធ្វើយ៉ាងណាបង្កើនភាពស្រស់ស្អាតនៅតំបន់ជុំវិញនោះ។ ក្នុងកិច្ចការនេះ ក្រុមការងារចម្រុះរបស់អាជ្ញាធរជាតិអប្សរា បានស្នើឱ្យអ្នកលក់ដូរនៅក្បែរបន្ទប់ទឹកខាងត្បូងប្រាសាទអង្គរវត្ត រុះរើរោងលក់ដូរចេញ ហើយធ្វើការកាយថ្ម និងដីគ្រួសចេញពីបរិវេណទាំងនោះ ដើម្បីចាក់បំពេញដីមានជីជាតិសម្រាប់ដាំដុះ។
នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងលោក Kim, Yi Gyo ប្រធាននាយកប្រតិបត្តិនៃមជ្ឈមណ្ឌលយុទ្ធសាស្ត្រស្រាវជ្រាវនៃស្ថាប័នក្រុមប្រឹក្សាស្រាវជ្រាវជាតិ សម្រាប់សេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម (NRC) នៃប្រទេសកូរ៉េខាងត្បូង ជួបជជែកពិភាក្សាការងារទូទៅ និងស្វែងយល់អំពីនៃកិច្ចការងាររបស់អាជ្ញាធរជាតិអប្សរា ដើម្បីស្វែងរកចំណុចរួមសម្រាប់កិច្ចសហប្រតិបត្តិការណ៍លើបីចំណុចរួមមានការផ្សព្វផ្សាយ ការផ្លាស់ប្តូរបទពិសោធន៍របស់អ្នកជំនាញនៃស្ថាប័នទាំងពីរ និងការបណ្តុះបណ្តាលធនធានមនុស្សរវាងស្ថាប័នទាំងពីរនាពេលអនាគត។
អាជ្ញាធរជាតិអប្សរាតែងតែយកចិត្តទុកដាក់ជួសជុលកែលម្អថែទាំផ្លូវជាប្រចាំ ឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ពន្ធផ្លូវថ្នល់នៅក្នងតំបន់អង្គរ រក្សាបាននូវសោភ័ណភាព សុវត្ថិភាពដល់ការធ្វើចរាចរណ៍របស់ប្រជាជននៅក្នុងតំបន់អង្គរ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
6523
ម្សិលមិញ
:
11914
សប្តាហ៍នេះ
:
53098
ខែនេះ
:
0131724
សរុប
:
009881410