ព័ត៌មានថ្មីៗ

គម្រោងអភិរក្សនិងជួសជុលប្រាសាទអង្គរវត្ត ដោយក្រុមអ្នកជំនាញជាតិ និងអន្តរជាតិ

បានផ្សាយនៅ ថ្ងៃទី 29 ខែ កក្កដា ឆ្នាំ2016 02:32 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ប្រាសាទបុរាណខ្មែរនៅសៀមរាបអង្គរចំនួន៩១ប្រាសាទ ត្រូវបានចាត់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងចំណោមនោះ ប្រាសាទអង្គរវត្តដែលបានសាងសង់ឡើងក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២នាដើមសតវត្សទី១២ កំពុងទទួលបាននូវការចាប់អារម្មណ៍ជាងគេ ពីសំណាក់អ្នកទេសចរអន្តរជាតិ ដែលបានមកទស្សនាតាមរយ:ការឲ្យតម្លៃលើស្នាដៃសិល្បៈ ស្ថាបត្យកម្មនិងចម្លាក់នានាប្រកបដោយភាពរស់រវើក ស្រស់ស្អាត និងផ្ចិតផ្ចង់។

ផ្អែកលើប្រវត្តិនៃកិច្ចការអភិរក្សប្រាសាទអង្គរវត្តបានបង្ហាញថា កំឡុងសតវត្សទី១៦ដល់ទី១៨ គឺក្នុងពេលរាជធានីត្រូវបានផ្លាស់ចេញពីអង្គរហើយ ព្រះបាទចន្ទរាជា បុត្រ និងចៅរបស់ព្រះអង្គបានធ្វើការជួសជុល និងបំពេញបង្រ្គប់លើរចនាសម្ព័ន្ធខ្លះៗដែលមិនទាន់បានបញ្ចប់នាព្រះរាជាមុនៗ។ ក្នុងសម័យក្រោយៗមកទៀតប្រាសាទអង្គរវត្តត្រូវបានស្ថាប័នអន្តរជាតិមួយចំនួន ពោលគឺពីសំណាក់សាលាបារាំងចុងបូព៌ា (EFEO) បានសង្រ្គោះនិងជួសជុលលើរចនាសម្ព័ន្ធគ្រោះថ្នាក់និងទ្រុឌទ្រោមមួយផ្នែកធំរបស់ប្រាសាទ។

កិត្តិនាមលើតម្លៃនៃប្រាសាទអង្គរវត្តមិនត្រឹមតែទាក់ទាញភ្ញៀវទេសចរមកទស្សនាប៉ុណ្ណោះទេ តែក៏បានទាក់ទាញស្ថាប័នអន្តរជាតិមួយចំនួនចូលរួមចំណែក ក្នុងកិច្ចការអភិរក្ស ជួសជុល តាមរយ:ការផ្តល់ជំនួយផ្នែកបច្ចេកទេស។ លោក សយ សុភារិន្ទ មន្ត្រីបច្ចេកទេសអភិរក្សថ្មដែលកំពុងធ្វើការជួសជុលចម្រឹងបង្អួចប្រាសាទអង្គរវត្តបានបញ្ជាក់ថា បច្ចុប្បន្ន ការដ្ឋានជាតិ និងអន្តរជាតិដែលកំពុងដំណើរការអភិរក្ស និងជួសជុលថ្មនៅប្រាសាទអង្គរវត្តមានចំនួន៤ស្ថាប័នរួមមាន ៖
-គម្រោងរបស់អាជ្ញាធរជាតិអប្សរាដែលកំពុងជួសជុលពង្រឹងចម្រឹងបង្អួចនិងច្រាំងកសិន្ធុខាងលិចផ្នែក ខាងជើងបា្រសាទអង្គរវត្តប្រវែង៤០ម៉ែត្រ ដែលគ្រប់គ្រងលើផ្នែកបច្ចេកទេសផ្ទាល់ពីអ្នកជំនាញខ្មែរសុទ្ធ សាធនៃអាជ្ញាធរជាតិអប្សរា។
-គម្រោងរបស់ប្រទេសអ៊ីតាលី រួមសហការជាមួយអាជ្ញាធរជាតិអប្សរា (APSARA-I.Ge.S) ដែលទើប បញ្ចប់លើកិច្ចការជួសជុលបង្កាន់ដៃនាគនៅក្ការបែនខាងលិចនិងច្រាំងកសិន្ធុខាងលិចប្រាសាទអង្គរវត្តក្នុង ដំណាក់កាលទី២ប្រវែង៤០ម៉ែត្រកាលពីចុងខែ ធ្នូ ឆ្នាំ ២០១៥កន្លងទៅ។
-គម្រោងជួសជុលក្បាច់ចម្លាក់និងចម្លាក់ទេពអប្សររបស់ប្រទេសអាឡឺម៉ង់សហការជាមួយអាជ្ញាធរជាតិ អប្សរា (APSARA-GACP)។ បច្ចុប្បន្នគម្រោងនេះកំពុងជួសជុលបន្ទាន់លើស្ថានភាពខូចខាតរបស់ក្បាច់ ចម្លាក់លើផ្តែរ ហោជាង ចម្លាក់លើជញ្ជាំងនៅរួតខាងលើកំពូលនៃប៉មជ្រុងពាយ័ព្យរបស់តរោងទងទី២ ប្រាសាទអង្គរវត្ត។
-គម្រោងរបស់អាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ានៃប្រទេសជប៉ុន (APSARA- SOPHIA) : គម្រោងនេះកំពុងរៀបចំនិងសិក្សាលើផែនការលម្អិតដើម្បីជួសជុលស្ពានហាលខាងលិចនៃ ប្រាសាទអង្គរវត្តក្នុងដំណាក់ទី២ ដែលទើបតែបើកពិធីសម្ពោធការដ្ឋានកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០១៦កន្លងទៅ។

ដោយឡែក នៅឆ្នាំ២០០៨ គម្រោងមូលនិធិប្រាសាទពិភពលោក (WMF) របស់សហរដ្ឋអាមេរិក បានជួសជុលដំបូលរោងទងកូរសមុទ្រទឹកដោះក្នុងបំណង គឺការពារជម្រាបទឹកដែលហូរស្រក់ពីដំបូលមកលើជញ្ជាំង ដែលនាំឲ្យមានការខូចខាតនិងពុកផុយដល់ផ្ទៃរឿងចម្លាក់លើជញ្ជាំង ហើយបានបញ្ចប់កិច្ចការជួសជុលនេះនៅឆ្នាំ២០១២៕






















ស្ពានហាលមុខប្រាសាទអង្គរវត្ត ដែលនៅសល់មិនទាន់បានជួសជុលក្នុងពេលមុនៗ នឹងត្រូវចាប់ផ្តើមការដ្ឋានជួសជុលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦នេះហើយ។ ការជួសជុលស្ពានហាលប្រវែង៩០ម៉ែត្រនេះ គឺជាគម្រោងសហការរវាងអាជ្ញាធរជាតិអប្សរាជាមួយសាកលវិទ្យាល័យ សូហ្វីយ៉ានៃប្រទេសជប៉ុន ហើយគ្រោងនឹងចំណាយពេល៤ឆ្នាំ។
“ប្រទេសជប៉ុនបានរីកចម្រើនដល់ដំណាក់កាលមួយ ដែលគេលែងចង់ប្រើបច្ចេកទេសបុរាណក្នុងការជួសជុលសំណង់បុរាណ តែកម្ពុជានៅរក្សាបាន ដោយអាជ្ញាធរជាតិអប្សរានៅតែបន្តអនុវត្តការជួសជុលសំណង់ប្រាសាទ និងរចនាសម្ព័ន្ធផ្សេងៗតាមរយៈបច្ចេទេសបុរាណ”។ នេះជាប្រសាសន៍លើកឡើងរបស់លោក OKAZAKI SEIJI អ្នកជំនាញដាប់ថ្មរបស់ជប៉ុននាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ នៅមុខប្រាសាទអង្គរវត្ត ជាទីដែលលោកកំពុងតែងបណ្តុះបណ្តាលកម្មករខ្មែរអំពីវិធីដាប់ថ្មជួសជុលប្រាសាទ។
នៅឆ្នាំ១៩៨៩ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ក្នុងព្រះឋានៈជាព្រះប្រធាននៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៃកម្ពុជា ទ្រង់បានអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសអង្គការយូណេស្កូ ឲ្យជួយការពារនិងស្រោចស្រង់រមណីយដ្ឋានអង្គរជាបន្ទាន់។ តបតាមការអំពាវនាវនេះ គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានសម្រេចចុះបញ្ជីរមណីយដ្ឋានអង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
6502
ម្សិលមិញ
:
11914
សប្តាហ៍នេះ
:
53077
ខែនេះ
:
0131703
សរុប
:
009881389