ព័ត៌មានថ្មីៗ

អាជា្ញធរជាតិអប្សរាចែកកញ្ចប់ទ្រទ្រង់សុខុមាលភាពម្តាយ និងទារកដល់ប្រជាពលរដ្ឋ២០គ្រួសារដែលទើបតែឆ្លងទន្លេនៅឃុំខ្នារសណ្តាយ

បានផ្សាយនៅ ថ្ងៃទី 28 ខែ កក្កដា ឆ្នាំ2016 01:32 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ដឹកនាំដោយ ឯកឧត្តម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា បាននាំយកអំណោយជាសម្ភារៈប្រើប្រាស់សម្រាប់ទារក និងថវិកាជាចំណងដៃផ្តល់ជូនជាបន្តបន្ទាប់ដល់ស្ត្រីឆ្លងទន្លេ២០គ្រួសារ ដែលនៅក្នុងភូមិចំនួន២ គឺភូមិកោះជ្រុំ និងភូមិទួលក្រឡាញ់ ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីព្រឹកថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅនេះ។

សម្ភារៈទាំងនោះរួមមាន កន្ត្រក កូនមុងសម្រាប់ទារក បំពង់ទឹកក្តៅ កន្សែងពោះគោ ខោអាវបីកំប្លេ និងថវិកាពីរម៉ឺនរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា និងលោកជំទាវ ដែលតែងតែនឹករឭក និងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។

ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ដែលបានចូលរួមនាពេលនោះ បានបញ្ជាក់ថាពេលនេះចែកជូនចំនួន ២០គ្រួសារ ហើយថ្ងៃសុក្រទី២៩ ខែកក្កដា ឆ្នាំ២០១៦ ក្រុមការងារនឹងនាំយកកញ្ចប់សុខុមាលភាពទ្រទ្រង់ម្តាយ និងទារកចំនួន១៧កញ្ចប់ទៀត ដើម្បីចែកជូនស្រ្តី ទើបឆ្លងទន្លេហើយថ្មីៗ ចំនួន១៧គ្រួសារ មកពីឃុំប្រដាក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

រមណីយដ្ឋានអង្គរ មានទំហំ៤០១គីឡូម៉ែត្រក្រឡា ស្ថិតនៅក្នុង៥ក្រុងស្រុក ២១ឃុំសង្កាត់ និង១១២ភូមិ មានប្រជាពលរដ្ឋរស់នៅប្រហែល១២ម៉ឺននាក់។ រមណីយដ្ឋាននេះ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តាំងពីឆ្នាំ១៩៩២មកម្ល៉េះ។ ការចុះបញ្ជីនេះ មិនមែនមានត្រឹមតែប្រាង្គប្រាសាទនោះទេ ទេសភាពវប្បធម៌ បរិស្ថាន ទំនៀមទម្លាប់ប្រពៃណី ដែលជាបេតិកភណ្ឌអរូបីដ៏សំខាន់របស់អ្នកស្រុកក្នុងឧទ្យានអង្គរ ក៏ជាចំណែកមួយដ៏សំខាន់របស់បេតិកភណ្ឌពិភពលោកផងដែរ៕






តំបន់អង្គរ ក្រៅពីមានប្រាង្គប្រាសាទជាមរតកដ៏មានតម្លៃនិងជាបេតិកភណ្ឌពិភពលោកមិនអាចកាត់ថ្លៃបានហើយ ក៏ជាកន្លែងប្រមូលផ្តុំដោយវប្បធម៌រូបីនិងអរូបីផងដែរ។ វត្តមានរួមគ្នានេះ ធ្វើឱ្យអង្គរនៅតែជាដួងព្រលឹងដ៏ស័ក្តិសិទ្ធិរបស់កូនខ្មែរមិនសាបសូន្យ។ ទំនៀមទម្លាប់ ជំនឿជាច្រើនត្រូវបានប្រជាជនក្នុងតំបន់អង្គរនៅតែឱ្យតម្លៃនិងបន្តប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន រហូតដល់សព្វថ្ងៃក្នុងជីវភាពរស់នៅរបស់ពួកគាត់។ អាជ្ញាធរជាតិអប្សរាតែងតែគាំទ្រជានិច្ច ព្រមទាំងចូលរួមយ៉ាងសកម្មជាមួយអ្នកស្រុកដើម្បីរក្សាជំនឿទាំងនេះ។
ដើម្បីអភិវឌ្ឍជំនាញបច្ចេកទេសផ្នែកអភិរក្សប្រាសាទ អាជ្ញាធរជាតិអប្សរាបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ជំនាញបច្ចេកទេសវាស់ស្ទង់លំងាកនៃរចនាសម្ព័ន្ធប្រាសាទ។ វគ្គបណ្តុះបណ្តាលនេះ ប្រារព្ធធ្វើនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអង្គរនៃអាជ្ញាធរជាតិអប្សរា ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦។
ដោយមានការសម្របសម្រួលពីអាជ្ញាធរជាតិអប្សរាក្រុមគ្រូពេទ្យស្ម័គ្រចិត្ត The CPR Hero Training Center ១០នាក់មកពីរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដឹកនាំដោយលោកស្រីវេជ្ជបណ្ឌិត SORMA Sahai និងលោកវេជ្ជបណ្ឌិត Michael Pham ជំនាញសង្គ្រោះបឋម បានចុះមកពិនិត្យសុខភាពជូនប្រជាជននៅភូមិត្នោតនិងភូមិលលៃ ស្រុកសៀមរាប ក្នុងតំបន់អង្គរចំនួន២០០នាក់ដោយឥតគិតថ្លៃ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៦។
ប្រឡាយនៅតាមប្រាសាទមានទំហំតូចៗ ដោយសារមិនអាចធ្វើធំពេកបាន។ ធ្វើធំមិនបាន ដោយសារម្យ៉ាងធ្វើឲ្យប៉ះពាល់ទេសភាពវប្បធម៌នៃរមណីយដ្ឋានអង្គរ ហើយម្យ៉ាងទៀត អាចធ្វើឲ្យប៉ះពាល់គ្រឹះប្រាសាទដែរ។ តែប្រឡាយតូចៗងាយនឹងកកស្ទះដោយសំរាម និងដីដែលហូរចូលពេលមានភ្លៀងធ្លាក់ម្តងៗ។ ដូច្នេះហើយ នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា មានការងារជាប្រចាំលើការងារថែទាំ និងស្តារសម្អាតប្រឡាយជុំវិញប្រាសាទក្នុងតំបន់អង្គរ។
ប្រធានភ្នាក់ងារទេសចរណ៍របស់អាជ្ញាធរជាតិអប្សរាតាមបណ្តាប្រាង្គប្រាសាទនានា មន្ត្រីនគរបាលការពារបេតិកភណ្ឌ នគរបាលទេសចរណ៍ និងនគរបាលចរាចរណ៍ប្រចាំតំបន់ឧទ្យានអង្គរ កំពុងទទួលវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសសង្គ្រោះបឋម ពីក្រុមអ្នកជំនាញ The CPR Hero training center មកពីរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ វគ្គសិក្សានេះធ្វើឡើងនៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ចាប់ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
12
ថ្ងៃនេះ
:
8815
ម្សិលមិញ
:
6621
សប្តាហ៍នេះ
:
38270
ខែនេះ
:
0196159
សរុប
:
014256014