ព័ត៌មានថ្មីៗ

អាជា្ញធរជាតិអប្សរាចែកកញ្ចប់ទ្រទ្រង់សុខុមាលភាពម្តាយ និងទារកដល់ប្រជាពលរដ្ឋ២០គ្រួសារដែលទើបតែឆ្លងទន្លេនៅឃុំខ្នារសណ្តាយ

បានផ្សាយនៅ ថ្ងៃទី 28 ខែ កក្កដា ឆ្នាំ2016 01:32 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ដឹកនាំដោយ ឯកឧត្តម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា បាននាំយកអំណោយជាសម្ភារៈប្រើប្រាស់សម្រាប់ទារក និងថវិកាជាចំណងដៃផ្តល់ជូនជាបន្តបន្ទាប់ដល់ស្ត្រីឆ្លងទន្លេ២០គ្រួសារ ដែលនៅក្នុងភូមិចំនួន២ គឺភូមិកោះជ្រុំ និងភូមិទួលក្រឡាញ់ ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីព្រឹកថ្ងៃពុធ ទី២៧ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅនេះ។

សម្ភារៈទាំងនោះរួមមាន កន្ត្រក កូនមុងសម្រាប់ទារក បំពង់ទឹកក្តៅ កន្សែងពោះគោ ខោអាវបីកំប្លេ និងថវិកាពីរម៉ឺនរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា និងលោកជំទាវ ដែលតែងតែនឹករឭក និងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ។

ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ដែលបានចូលរួមនាពេលនោះ បានបញ្ជាក់ថាពេលនេះចែកជូនចំនួន ២០គ្រួសារ ហើយថ្ងៃសុក្រទី២៩ ខែកក្កដា ឆ្នាំ២០១៦ ក្រុមការងារនឹងនាំយកកញ្ចប់សុខុមាលភាពទ្រទ្រង់ម្តាយ និងទារកចំនួន១៧កញ្ចប់ទៀត ដើម្បីចែកជូនស្រ្តី ទើបឆ្លងទន្លេហើយថ្មីៗ ចំនួន១៧គ្រួសារ មកពីឃុំប្រដាក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

រមណីយដ្ឋានអង្គរ មានទំហំ៤០១គីឡូម៉ែត្រក្រឡា ស្ថិតនៅក្នុង៥ក្រុងស្រុក ២១ឃុំសង្កាត់ និង១១២ភូមិ មានប្រជាពលរដ្ឋរស់នៅប្រហែល១២ម៉ឺននាក់។ រមណីយដ្ឋាននេះ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តាំងពីឆ្នាំ១៩៩២មកម្ល៉េះ។ ការចុះបញ្ជីនេះ មិនមែនមានត្រឹមតែប្រាង្គប្រាសាទនោះទេ ទេសភាពវប្បធម៌ បរិស្ថាន ទំនៀមទម្លាប់ប្រពៃណី ដែលជាបេតិកភណ្ឌអរូបីដ៏សំខាន់របស់អ្នកស្រុកក្នុងឧទ្យានអង្គរ ក៏ជាចំណែកមួយដ៏សំខាន់របស់បេតិកភណ្ឌពិភពលោកផងដែរ៕






រយៈពេលពីរសប្តាហ៍នៃខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រុមការងារជំនាញនៃនាយកដ្ឋានរៀបចំដែន ដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានចុះពិនិត្យលក្ខខណ្ឌនៃការរស់នៅ និងប្រើប្រាស់ទីតាំងស្នើសុំរបស់ប្រជាពលរដ្ឋចំនួន ៦១គ្រួសារ រួមមាន៖ ក្រុងសៀមរាប ២០គ្រួសារ ស្រុកបន្ទាយស្រី ១៣គ្រួសារ ស្រុកអង្គរធំ ១១គ្រួសារ ស្រុកប្រាសាទបាគង ០៨គ្រួសារ ស្រុកពួក ០៧គ្រួសារ និងស្រុកសូទ្រនិគម ០២គ្រួសារ។
ក្រុមការងារជួសជុល និងថែទាំផ្លូវ នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យ នៃអាជ្ញាធរជាតិអប្សរា តែងតែចុះអនុវត្តការងារថែទាំ និងជួសជុលបង្គោលស្លាកសញ្ញាតាមដងផ្លូវនានាក្នុងតំបន់រមណីយដ្ឋានអង្គរ ជាប្រចាំ ដើម្បីពង្រឹងគុណភាព និងលើកសោភ័ណភាពនៃហេដ្ឋារចនាសម្ពន្ធផ្លូវថ្នល់ សម្រួលដល់ការធ្វើចរាចរណ៍ និងសុវត្ថិភាពដល់ប្រជាជន ភ្ញៀវទេសចរណ៍ជាតិ -អន្តរជាតិ។
ប្រាង្គប្រាសាទនៅក្នុងរមណីយដ្ឋានអង្គរ គ្រប់គោលដៅទាំងអស់សុទ្ធតែមានភ្នាក់ទេសចរណ៍ប្រចាំការ ដើម្បីចាំសម្រួលហេតុការណ៍ផ្សេងៗរបស់ភ្ញៀវទេសចរដែលមានបញ្ហាពេលមកទស្សនានៅអង្គរ។
១រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងភាគីឥណ្ឌា ជួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការវប្បធម៌
កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរាបានទទួលជួបពិភាក្សាតាមរយៈប្រព័ន្ធអ៊ិនធើណិតជាមួយ ឯកឧត្តម Dinesh Patnait អគ្គលេខាធិការនៃក្រុមប្រឹក្សាទំនាក់ទំនងវប្បធម៌ឥណ្ឌា។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការវប្បធម៌រវាងកម្ពុជានិងឥណ្ឌា ដែលក្នុងនោះក៏មានរួមបញ្ចូលពីការធ្វើឱ្យកាន់តែប្រសើរឡើងនូវសាមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីមេគង្គ-គង្គា (កម្ពុជា ឥណ្ឌា ភូមា ថៃ ឡាវ វៀតណាម) ជាពិសេសពិនិត្យលទ្ធភាពបន្ថែមសមុច័្ចយថ្មីៗដើម្បីតាំងបង្ហាញ។

២ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ
ថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការសហការជាមួយអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ បានចំនួន១៤សំណើ។ ជាក់ស្តែង គោលដៅទី១ ក្រុមការងារប្រចាំស្រុកពួក បានពិនិត្យនិងដោះស្រាយស្ថិតក្នុងភូមិគោកស្នូល ភូមិត្រមេង ភូមិស្វាយ ឃុំខ្នាត។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន៩សំណើ។ គោលដៅទី២ ក្រុមការងារប្រចាំក្រុងសៀមរាប ដឹកនាំដោយ លោក ឡុង កុសល បានពិនិត្យ និងដោះស្រាយចំនួន ១០សំណើ ស្ថិតក្នុងភូមិទក្សិណត្បូង ភូមិនគរក្រៅ សង្កាត់គោកចក។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន៥សំណើ។

៣អាជ្ញាធរជាតិអប្សរាបញ្ចប់គម្រោងជួសជុលអភិរក្សលើតួប៉មទាំងពីរនៅប្រាសាទគោកចកដែលរងនូវការខូចខាត
តួប៉មចំនួន២នៃប្រាសាទគោកចក បែរមុខទៅទិសខាងកើតដែលប្រឈមនឹងការខូចខាតកម្រិតខ្ពស់ ដោយសារការបំផ្លាញពីរុក្ខជាតិតូចធំជាច្រើនដុះលើប៉មប្រាសាទ ធ្វើឱ្យឫសឈើចាក់ចូលជ្រៅទៅក្នុងរចនាសម្ពន្ធឥដ្ឋបណ្តាលឱ្យជញ្ជាំងបែកជាពីរ ត្រូវបានអ្នកជំនាញអាជ្ញាធរជាតិអប្សរាជួសជុលពង្រឹងឱ្យផុតពីការបាក់រលំជាបន្តបន្ទាប់។
លោកស្រី ឈុន រតនា បុរាណវិទូនិងជាប្រធានគម្រោងអភិរក្សប្រាសាទគោកចកនៃនាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ បញ្ជាក់ឱ្យដឹងថា ការខូចខាតសំណង់តួប៉មទាំងពីរនៃប្រាសាទគោកចក បណ្តាល មកពីកត្តារុក្ខជាតិ អាយុកាលសំណង់ មនុស្ស និងអាកាសធាតុ។ កាលពីឆ្នាំ២០១៥ ក្រុមការងារបានជួសជុលតួប៉មខាងត្បូង ដែលរលុះឱ្យល្អប្រសើរឡើងវិញនៅផ្នែកខាងមុខនិងជញ្ជាំងខាងត្បូង។ ចំណែកនៅឆ្នាំ២០២០ ក្រុមការងារក៏បានបញ្ចប់ការជួសជុលតួប៉មខាងជើងដែលរលុះនៅជ្រុងនិរតី។ ចំពោះការជួសជុលប្រាសាទគោកចក គឺមានជាប្រចាំ ដោយយើងនឹងជួសជុលបន្ថែមទៀតនៅជញ្ជាំងខាងជើងនិងជញ្ជាំងទិសពាយ័ព្យនៃតួប៉មខាងជើងផងដែរ។
បើគិតមកដល់ឆ្នាំ២០២១នេះ ប្រាសាទគោកចក មានអាយុកាលជាងមួយពាន់ឆ្នាំហើយ យោងតាមសិលាចារឹកប្រាសាទគោកចក (K.521) ផ្ទាល់បង្ហាញថា សំណង់ប្រាសាទនេះ សង់ឡើងនាឆ្នាំ៨៥០នៃគ.ស. ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៣ សម្រាប់ឧទ្ទិសដល់ព្រះនរាយណ៍។

៤វត្ថុបុរាណចំនួន៤ត្រូវបានប្រគល់ជូនអាជ្ញាធរជាតិអប្សរាដើម្បីរក្សាទុក
វត្ថុបុរាណធ្វើពីថ្មភក់ចំនួន៤ប្រភេទ ដែលប្រជាពលរដ្ឋរក្សាទុកបណ្តោះអាសន្ននៅភូមិល្វា ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប រួមមាន ថ្មគោលធ្វើពីថ្មភក់ចំនួន១ ព្រះហស្តឆ្វេងទេពស្រីធ្វើពីថ្មភក់ចំនួន១ និងជើងទម្រចំនួន២ ដែលជើងទម្រមួយមានចារជាអក្សរខ្មែរបុរាណចំនួន៤ជួរនៅផ្ទៃចំហៀង ត្រូវបានក្រុមការងារកំណត់បុរាណដ្ឋាននៃអាជ្ញាធរជាតិអប្សរាក្នុងគោលដៅស្រុកវ៉ារិន ស្នើសុំឱ្យយកមករក្សាទុកនៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ដើម្បីសុវត្ថិភាព ដើម្បីទុកសិក្សាស្រាវជ្រាវ និងចុះបញ្ជីកំណត់អត្តសញ្ញាណវត្ថុទាំងអស់នោះផង។
លោក ឈូក សុម៉ាឡា មន្ត្រីទទួលបន្ទុកការងារចុះបញ្ជីវត្ថុសិល្បៈ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា ចម្លាក់ព្រះហស្តឆ្វេងប្រាជ្ញាបារមិតា គឺត្រូវបានយកមកពីប្រាសាទទាវប៉ាត់ ភូមិរលំរុនថ្មី ឃុំស្រែណូយ រីឯជើងទម្រចំនួន២ដែលមួយមានសិលាចារិក ត្រូវបានគេយកចេញពីប្រាសាទត្រពាំងឈូក ភូមិល្វា ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។ លោក បានបន្តថា ការដឹកយកវវត្ថុបុរាណដ៏មានតម្លៃទាំងនេះទៅរក្សាទុកឱ្យទាន់ពេលវេលា គឺជាការប្រសើរខ្លាំងណាស់ ដ្បិតវត្ថុមួយចំនួនអាចនឹងត្រូវបែកបាក់ខូចខាតដោយប្រការណាមួយជាយថាហេតុ។
តាំងនាមឱ្យអាជ្ញាធរជាតិអប្សរា លោក សុម៉ាឡា ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានជួយចូលរួមថែរក្សាប្រាសាទបុរាណ និងវត្ថុបុរាណទាំងឡាយនេះ ជាពិសេសអាជ្ញាធរមូលដ្ឋាន ភូមិឃុំ និងស្រុក ដែលបានសហការណ៍យ៉ាងកក់ក្តៅដើម្បីដឹករតនវត្ថុទាំងនេះ យកមករក្សាទុកឱ្យមានសុវត្ថិភាពសម្រាប់ជាកេរមរតកដូនតាយើងទាំងអស់គ្នា។

៥សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បង្ហាញពីការអភិរក្សវាយនភណ្ឌ វប្បធម៌ និងពាណិជ្ជកម្មរបស់ប្រទេសជុំវិញដងទន្លេមេគង្គនិងទន្លេគង្គា
កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានទទួលជួបពិភាក្សាតាមរយៈប្រព័ន្ធអ៉ិនធើណិតជាមួយ ឯកឧត្តម Dinesh Patnait អគ្គលេខាធិការនៃក្រុមប្រឹក្សាទំនាក់ទំនងវប្បធម៌ឥណ្ឌា។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
13
ថ្ងៃនេះ
:
57806
ម្សិលមិញ
:
98152
សប្តាហ៍នេះ
:
57806
ខែនេះ
:
0057806
សរុប
:
015127609