ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរា ចុះរុះរើសំណង់ទ្វារដែកខុសច្បាប់ក្នុងតំបន់បុរាណវត្ថុត្រូវការពារនៃរមណីយដ្ឋានអង្គរ

បានផ្សាយនៅ ថ្ងៃទី 27 ខែ កក្កដា ឆ្នាំ2016 03:07 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
នៅល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ នាយកដ្ឋានសណ្តាប់ធ្នាប់និងសហប្រតិបតិ្តការនៃអាជ្ញាធរជាតិអប្សរា សហការជាមួយកងរាជអាវុធហត្ថខេត្ត អង្គភាពនគរបាលការពារបេតិកភណ្ឌ ស្នងការនគរបាលខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋាន បានចុះរុះរើសំណង់ទ្វារដែក សង់ដោយគ្មានការអនុញ្ញាត នៅសង្កាត់គោកចក (តំបន់២) ក្រុងសៀមរាប បន្ទាប់ពីម្ចាស់កម្មសិទ្ធិមិនគោរពតាមការសន្យាថារុះរើដោយខ្លួនឯងតាមការកំណត់។

យោងតាមព្រះរាជក្រឹត្យស្តីពីការកំណត់តំបន់និងការចាត់ចែងគ្រប់គ្រងតំបន់សៀមរាប-អង្គរ លេខ០០១ នស ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ មាត្រា៤ បានបញ្ជាក់ថា៖ តំបន់ឧទ្យានបុរាណវត្ថុត្រូវការពារ (តំបន់២) មានសំណល់បុរាណវត្ថុត្រូវការពារ ទប់ទល់នឹងការប្រើប្រាស់ដីធ្លីផ្តេសផ្តាស និងការអភិវឌ្ឍមិនសមស្រប។ តំបន់នេះមានសារៈសំខាន់ចម្បងព្រោះជាតំបន់ទ្រនាប់សម្រាប់ការពាររមណីយដ្ឋានមានប្រាសាទ។ ម្យ៉ាងទៀត ខ្លឹមសារនៃសេចក្តីសម្រេចស្តីពីការកំណត់បទដ្ឋានអ្នកប្រើប្រាស់ដីធ្លីនៅតំបន់១និងតំបន់២ ក្នុងតំបន់រមណីយដ្ឋានសៀមរាប-អង្គរ លេខ៧០ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤ មាត្រា១ក៏បានបញ្ជាក់យ៉ាងច្បាស់ថា ដីធ្លីទាំងអស់ដែលស្ថិតនៅក្នុងតំបន់១និងតំបន់២ គឺជាដីសាធារណៈរបស់រដ្ឋដែលអាជ្ញាធរជាតិអប្សរាមានភារកិច្ច កាតព្វកិច្ចត្រូវគ្រប់គ្រង ថែរក្សា និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ទាក់ទងនឹងករណីដកហូត រុះរើសំណង់ខុសច្បាប់ខាងលើ លោក គង់ មរកត ប្រធានស្តីទីនាយកដ្ឋានសណ្តាប់ធ្នាប់និងសហប្រតិបត្តិការបានប្រាប់ថា៖ សំណង់ទ្វារដែកដែលក្រុមការងារចុះទៅរុះរើនេះ មានប្រវែង៣.៥០ម៉ែត្រ (ទ្វារ២ផ្ទាំង) កម្ពស់២.៥០ម៉ែត្រ មានម្ចាស់ឈ្មោះ លេក ចំរើន មុខងារជានគរបាលទេសចរណ៍។ ក្រៅពីសាងសង់របងទ្វារដែក ដោយមិនមានសុំលិខិតអនុញ្ញាតពីអាជ្ញាធរជាតិអប្សរា លោក ចំរើន ក៏បានធ្វើរបងស៊ីម៉ង់ត៍ហ៊ុំព័ទ្ធដីឡូត៍របស់គាត់រួចហើយដែរ ក្នុងបំណងបម្រុងនឹងសាងសង់លំនៅដ្ឋាន។ នេះជាទង្វើមួយដែលខុសពីច្បាប់ដែលបានកំណត់នៅក្នុងតំបន់ឧទ្យានអង្គរ។

លោក មរកត ក៏បានបញ្ជាក់ដែរថា ស្របតាមខ្លឹមសារនៃសេចក្តីសម្រេចលេខ៧០ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤ ប្រការ២ គឺអ្នកស្រុកអង្គរដែលរស់នៅក្នុងតំបន់១និងតំបន់២ គឺមានសិទ្ធិរុះរើជួសជុលផ្ទះចាស់ទ្រុឌទ្រោមឬសង់ផ្ទះថ្មីជំនួសផ្ទះចាស់បាន ដោយមានការអនុញ្ញាតពីសមត្ថកិច្ចនៃអាជ្ញាធរជាតិអប្សរា។ ចំពោះប្រជាពលរដ្ឋដែលមានផ្ទះនិងរស់នៅយូរលង់ណាស់មកហើយក្នុងតំបន់នេះ អាចនរស់នៅបន្តទៀតបាន ដោយមិនមានការដេញចេញពីភូមិដ្ឋានឡើយ។ ក្នុងនោះប្រជាពលរដ្ឋមានសិទ្ធិគ្រប់គ្រងនិងចាត់ចែងដីធ្លីតាមរូបភាពផ្ទេរមរតកទៅឱ្យញាតិសន្តានឬលក់ឱ្យអ្នកភូមិផងជាមួយគ្នាបាន តែហាមឃាត់លក់ឱ្យអ្នកចំណូលថ្មី ឈ្មួញដី ក្នុងគោលដៅធ្វើអាជីវកម្មយកចំណេញ។

បន្ថែមពីនោះលោក សឿន ធី ប្រធានគោលដៅ១ប្រចាំការនៅសង្កាត់គោកចកបានប្រាប់ថា៖ មុននឹងរុះរើទ្វារដែកនេះ អាជ្ញាធរជាតិអប្សរាក៏បានជូនដំណឹងទៅម្ចាស់សំណង់និងធ្វើកិច្ចសន្យាលាយលក្ខណ៍រួមគ្នារួចមកហើយកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីទុកឱកាសឱ្យគាត់រុះរើដោយខ្លួនឯងតាមការស្នើសុំរបស់សាមីខ្លួន។ ក្នុងនោះម្ចាស់សំណង់ក៏បានព្រមព្រៀង ហើយទទួលស្គាល់ថាខ្លួនពិតជាកំពុងសាងសង់សំណង់ដោយគ្មានច្បាប់អនុញ្ញាតពីអាជ្ញាធរជាតិអប្សរាពិតមែន ព្រមទាំងយល់ព្រមបញ្ឈប់សកម្មភាពសាងសង់បន្តទៀត និងរុះរើដោយខ្លួនឯងនៅថ្ងៃទី២៦នេះ តែដល់កំណត់ម្ចាស់សំណង់បែរមិនធ្វើតាមការសន្យា ទើបក្រុមការងារត្រូវអនុវត្តទៅតាមច្បាប់ដោយមិនអាចលើកលែងចំពោះបុគ្គលណាម្នាក់ឡើយ៕










កំពែងក្រុងអង្គរធំចំនួន៧កន្លែងក្នុងចំណោម១៨កន្លែងដែលរងការខូចខាតដោយគ្រោះធម្មជាតិ បរិយាកាស អាយុកាលថ្ម រចនាសម្ពន្ធសំណង់ទ្រុឌទ្រោម និងដីកណ្តៀរ ត្រូវបានអ្នកជំនាញអាជ្ញាធរជាតិអប្សរាជួសជុលបានសម្រេចប្រវែង១៣៥ម៉ែត្រ ក្នុង៣ដំណាក់កាលផ្សេងគ្នាដោយប្រើប្រាស់ថវិកាជាតិទាំងស្រុង។
នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម សុខ សក្ខិណា ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអ្នកតំណាងអង្គភាពគ្រប់គ្រងប្រព័ន្ធបរិស្ថាន-អង្គរ បានបើកកិច្ចប្រជុំផ្ទៃក្នុងដើម្បីត្រួតពិនិត្យ តាមដាន និងជំរុញការងារគ្រប់គ្រងបរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរ។
ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ដែលមានការចូលរួមជាមួយអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកពួកដែលស្ថិតនៅក្នុងឧទ្យានអង្គរ។
ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរាបានប្រទះឃើញសិលាចារឹកជាភាសាសំស្ក្រឹតចារលើផ្ទាំងថ្មភក់ដែលគេយកមករៀបជាគ្រឿងបង្គុំថ្មកម្រាលខ្លោងទ្វារខាងមុខប្រាង្គកណ្តាលនៃប្រាសាទទន្លេស្ងួតក្នុងពេលលាងសម្អាតថ្ម មុនយកទៅរៀបផ្គុំនៅទីតាំងដើមវិញ។ ថ្មចារឹកនេះ អាជ្ញាធរជាតិអប្សរាបានយកមករក្សាទុកក្នុងទីស្នាក់ការនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០។
នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានដឹកនាំកិច្ចប្រជុំតាមរយៈវីដេអូ Conference ជាមួយថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ក្នុងបំណងដើម្បីពិភាក្សាកិច្ចការ និងដោយះស្រាយការងារបន្ទាន់មួយចំនួន៕

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
2822
ម្សិលមិញ
:
17878
សប្តាហ៍នេះ
:
105662
ខែនេះ
:
0222961
សរុប
:
011685557