ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរា ចុះរុះរើសំណង់ទ្វារដែកខុសច្បាប់ក្នុងតំបន់បុរាណវត្ថុត្រូវការពារនៃរមណីយដ្ឋានអង្គរ

បានផ្សាយនៅ ថ្ងៃទី 27 ខែ កក្កដា ឆ្នាំ2016 03:07 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
នៅល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ នាយកដ្ឋានសណ្តាប់ធ្នាប់និងសហប្រតិបតិ្តការនៃអាជ្ញាធរជាតិអប្សរា សហការជាមួយកងរាជអាវុធហត្ថខេត្ត អង្គភាពនគរបាលការពារបេតិកភណ្ឌ ស្នងការនគរបាលខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋាន បានចុះរុះរើសំណង់ទ្វារដែក សង់ដោយគ្មានការអនុញ្ញាត នៅសង្កាត់គោកចក (តំបន់២) ក្រុងសៀមរាប បន្ទាប់ពីម្ចាស់កម្មសិទ្ធិមិនគោរពតាមការសន្យាថារុះរើដោយខ្លួនឯងតាមការកំណត់។

យោងតាមព្រះរាជក្រឹត្យស្តីពីការកំណត់តំបន់និងការចាត់ចែងគ្រប់គ្រងតំបន់សៀមរាប-អង្គរ លេខ០០១ នស ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ មាត្រា៤ បានបញ្ជាក់ថា៖ តំបន់ឧទ្យានបុរាណវត្ថុត្រូវការពារ (តំបន់២) មានសំណល់បុរាណវត្ថុត្រូវការពារ ទប់ទល់នឹងការប្រើប្រាស់ដីធ្លីផ្តេសផ្តាស និងការអភិវឌ្ឍមិនសមស្រប។ តំបន់នេះមានសារៈសំខាន់ចម្បងព្រោះជាតំបន់ទ្រនាប់សម្រាប់ការពាររមណីយដ្ឋានមានប្រាសាទ។ ម្យ៉ាងទៀត ខ្លឹមសារនៃសេចក្តីសម្រេចស្តីពីការកំណត់បទដ្ឋានអ្នកប្រើប្រាស់ដីធ្លីនៅតំបន់១និងតំបន់២ ក្នុងតំបន់រមណីយដ្ឋានសៀមរាប-អង្គរ លេខ៧០ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤ មាត្រា១ក៏បានបញ្ជាក់យ៉ាងច្បាស់ថា ដីធ្លីទាំងអស់ដែលស្ថិតនៅក្នុងតំបន់១និងតំបន់២ គឺជាដីសាធារណៈរបស់រដ្ឋដែលអាជ្ញាធរជាតិអប្សរាមានភារកិច្ច កាតព្វកិច្ចត្រូវគ្រប់គ្រង ថែរក្សា និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ទាក់ទងនឹងករណីដកហូត រុះរើសំណង់ខុសច្បាប់ខាងលើ លោក គង់ មរកត ប្រធានស្តីទីនាយកដ្ឋានសណ្តាប់ធ្នាប់និងសហប្រតិបត្តិការបានប្រាប់ថា៖ សំណង់ទ្វារដែកដែលក្រុមការងារចុះទៅរុះរើនេះ មានប្រវែង៣.៥០ម៉ែត្រ (ទ្វារ២ផ្ទាំង) កម្ពស់២.៥០ម៉ែត្រ មានម្ចាស់ឈ្មោះ លេក ចំរើន មុខងារជានគរបាលទេសចរណ៍។ ក្រៅពីសាងសង់របងទ្វារដែក ដោយមិនមានសុំលិខិតអនុញ្ញាតពីអាជ្ញាធរជាតិអប្សរា លោក ចំរើន ក៏បានធ្វើរបងស៊ីម៉ង់ត៍ហ៊ុំព័ទ្ធដីឡូត៍របស់គាត់រួចហើយដែរ ក្នុងបំណងបម្រុងនឹងសាងសង់លំនៅដ្ឋាន។ នេះជាទង្វើមួយដែលខុសពីច្បាប់ដែលបានកំណត់នៅក្នុងតំបន់ឧទ្យានអង្គរ។

លោក មរកត ក៏បានបញ្ជាក់ដែរថា ស្របតាមខ្លឹមសារនៃសេចក្តីសម្រេចលេខ៧០ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤ ប្រការ២ គឺអ្នកស្រុកអង្គរដែលរស់នៅក្នុងតំបន់១និងតំបន់២ គឺមានសិទ្ធិរុះរើជួសជុលផ្ទះចាស់ទ្រុឌទ្រោមឬសង់ផ្ទះថ្មីជំនួសផ្ទះចាស់បាន ដោយមានការអនុញ្ញាតពីសមត្ថកិច្ចនៃអាជ្ញាធរជាតិអប្សរា។ ចំពោះប្រជាពលរដ្ឋដែលមានផ្ទះនិងរស់នៅយូរលង់ណាស់មកហើយក្នុងតំបន់នេះ អាចនរស់នៅបន្តទៀតបាន ដោយមិនមានការដេញចេញពីភូមិដ្ឋានឡើយ។ ក្នុងនោះប្រជាពលរដ្ឋមានសិទ្ធិគ្រប់គ្រងនិងចាត់ចែងដីធ្លីតាមរូបភាពផ្ទេរមរតកទៅឱ្យញាតិសន្តានឬលក់ឱ្យអ្នកភូមិផងជាមួយគ្នាបាន តែហាមឃាត់លក់ឱ្យអ្នកចំណូលថ្មី ឈ្មួញដី ក្នុងគោលដៅធ្វើអាជីវកម្មយកចំណេញ។

បន្ថែមពីនោះលោក សឿន ធី ប្រធានគោលដៅ១ប្រចាំការនៅសង្កាត់គោកចកបានប្រាប់ថា៖ មុននឹងរុះរើទ្វារដែកនេះ អាជ្ញាធរជាតិអប្សរាក៏បានជូនដំណឹងទៅម្ចាស់សំណង់និងធ្វើកិច្ចសន្យាលាយលក្ខណ៍រួមគ្នារួចមកហើយកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីទុកឱកាសឱ្យគាត់រុះរើដោយខ្លួនឯងតាមការស្នើសុំរបស់សាមីខ្លួន។ ក្នុងនោះម្ចាស់សំណង់ក៏បានព្រមព្រៀង ហើយទទួលស្គាល់ថាខ្លួនពិតជាកំពុងសាងសង់សំណង់ដោយគ្មានច្បាប់អនុញ្ញាតពីអាជ្ញាធរជាតិអប្សរាពិតមែន ព្រមទាំងយល់ព្រមបញ្ឈប់សកម្មភាពសាងសង់បន្តទៀត និងរុះរើដោយខ្លួនឯងនៅថ្ងៃទី២៦នេះ តែដល់កំណត់ម្ចាស់សំណង់បែរមិនធ្វើតាមការសន្យា ទើបក្រុមការងារត្រូវអនុវត្តទៅតាមច្បាប់ដោយមិនអាចលើកលែងចំពោះបុគ្គលណាម្នាក់ឡើយ៕










កំណាត់ផ្លូវសម្តេចវិបុលបញ្ញា សុខ អាន(ផ្លូវ៦០ម៉ែត្រ)នឹងត្រូវធ្វើការកែលម្អដោយមានការចូលរួមប្រកួតប្រជែងស្នាដៃរបស់និស្សិតមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាកលវិទ្យាល័យន័រតុន សាកលវិទ្យាល័យវេស្ទើន សាកលវិទ្យាល័យបញ្ញាសាស្រ្ត វិទ្យាស្ថានបច្ចេកទេសកម្ពុជា និងវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសនៃរាជធានីភ្នំពេញ។ តាមរយៈការកែលម្អនេះ កំណាត់ផ្លូវសម្តេចវិបុលបញ្ញា សុខ អាន នឹងមានសួនច្បារ ផ្លូវដើរ ផ្លូវកង់ ចិញ្ចើមថ្នល់ស្អាត ដាំដើមឈើបន្ថែម និងធ្វើឱ្យប្រឡាយសងខាងផ្លូវមានទឹកជាប្រចាំ។
ដើម្បីលើកកម្ពស់សោភ័ណភាព ភាពស្រស់ស្រាយ ទេសភាពបៃតង និងបរិស្ថានល្អក្នុងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាបាននិងកំពុងយកចិត្តទុកដាក់ កែលម្អបរិស្ថាននៅជុំវិញបរិវេណប្រាសាទអង្គរវត្តដោយចាប់ផ្តើមពីការដាំស្មៅ ដាំកូនឈើ ដាំផ្កាព្រៃ ជួសជុលផ្លូវនិងប្រព័ន្ធរំដោះទឹក ព្រមទាំងរៀបចំប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិវាលស្មៅទាំងខួបប្រាំងខួបវស្សា។
ដើម្បីរក្សាសោភណភាពប្រាសាទ និងឆ្លើយតបនឹងអនុសាសន៍របស់គណៈកម្មាធិការICC-Angkor អាជ្ញាធរជាតិអប្សរាកំពុងរៀបចំសោភណភាពចំណត និងតូបលក់ដូរឡើងវិញនៅមុខប្រាសាទព្រះពិធូរ ក្នុងបរិវេណប្រាសាទអង្គរធំ។ ការងារនេះរៀបចំឡើងដោយគិតគូរទៅលើការលើកកម្ពស់បរិស្ថាន និងលើកស្ទួយកម្រិតជីវភាពរបស់ប្រជាជនក្នុងតំបន់អង្គរ។
នៅរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ តំណាងអង្គការ JICA ប្រចាំកម្ពុជា បានជួបសម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា។ ក្នុងជំនួបដ៏មានសារសំខាន់នោះ លោក តាណាកា កូតារ៉ុ អនុប្រធាន JICA បានបង្ហាញពីគម្រោងរៀបចំ Smart Cities (ទីក្រុងឆ្លាតវៃ) អាស៊ាន-ជប៉ុន ដែលរាជរដ្ឋាភិបាលជប៉ុនទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជានៅដើមឆ្នាំ២០១៩ ដោយគម្រោងនេះត្រូវអភិវឌ្ឍន៍ទីក្រុងប្រកបដោយនិរន្តរភាពដោយភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា ICT គឺសំដៅដល់ការផ្ដល់លទ្ធភាពប្រើប្រាស់ព័ត៌មានដោយប្រើមធ្យោបាយទូរគមនាគមន៍ ដើម្បីដោះស្រាយបញ្ហាមួយចំនួនដូចជា លំនៅដ្ឋានប្រជាជន ការកកស្ទះចរាចរណ៍ និងបរិស្ថាន។ គម្រោងទីក្រុងឆ្លាតវៃដែលអាស៊ានបានជ្រើសរើសនេះរួមមាន ភ្នំពេញ សៀមរាប និងបាត់ដំបង។
មកដល់ពេលនេះ៤១ឆ្នាំហើយ (០៧ មករា ១៩៧៩-០៧ មករា ២០២០) ដែលប្រជាជនខ្មែរក្នុងព្រះរាជារាណាចក្រកម្ពុជាបានទទួលសុខសន្តិភាព សេរីភាព ការអភិវឌ្ឍគ្រប់វិស័យ ដែលកើតចេញពីការបូជាសាច់ឈាមនិងអាយុជីវិតរបស់អតីតយុទ្ធជននៅលើសមរភូមិសង្គ្រាមនៃរបបយង់ឃ្នង៣ឆ្នាំ ៨ខែ ២០ថ្ងៃ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
15
ថ្ងៃនេះ
:
0119
ម្សិលមិញ
:
3205
សប្តាហ៍នេះ
:
09557
ខែនេះ
:
0198155
សរុប
:
009947841