ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរា ចុះរុះរើសំណង់ទ្វារដែកខុសច្បាប់ក្នុងតំបន់បុរាណវត្ថុត្រូវការពារនៃរមណីយដ្ឋានអង្គរ

បានផ្សាយនៅ ថ្ងៃទី 27 ខែ កក្កដា ឆ្នាំ2016 03:07 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
នៅល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ នាយកដ្ឋានសណ្តាប់ធ្នាប់និងសហប្រតិបតិ្តការនៃអាជ្ញាធរជាតិអប្សរា សហការជាមួយកងរាជអាវុធហត្ថខេត្ត អង្គភាពនគរបាលការពារបេតិកភណ្ឌ ស្នងការនគរបាលខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋាន បានចុះរុះរើសំណង់ទ្វារដែក សង់ដោយគ្មានការអនុញ្ញាត នៅសង្កាត់គោកចក (តំបន់២) ក្រុងសៀមរាប បន្ទាប់ពីម្ចាស់កម្មសិទ្ធិមិនគោរពតាមការសន្យាថារុះរើដោយខ្លួនឯងតាមការកំណត់។

យោងតាមព្រះរាជក្រឹត្យស្តីពីការកំណត់តំបន់និងការចាត់ចែងគ្រប់គ្រងតំបន់សៀមរាប-អង្គរ លេខ០០១ នស ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ មាត្រា៤ បានបញ្ជាក់ថា៖ តំបន់ឧទ្យានបុរាណវត្ថុត្រូវការពារ (តំបន់២) មានសំណល់បុរាណវត្ថុត្រូវការពារ ទប់ទល់នឹងការប្រើប្រាស់ដីធ្លីផ្តេសផ្តាស និងការអភិវឌ្ឍមិនសមស្រប។ តំបន់នេះមានសារៈសំខាន់ចម្បងព្រោះជាតំបន់ទ្រនាប់សម្រាប់ការពាររមណីយដ្ឋានមានប្រាសាទ។ ម្យ៉ាងទៀត ខ្លឹមសារនៃសេចក្តីសម្រេចស្តីពីការកំណត់បទដ្ឋានអ្នកប្រើប្រាស់ដីធ្លីនៅតំបន់១និងតំបន់២ ក្នុងតំបន់រមណីយដ្ឋានសៀមរាប-អង្គរ លេខ៧០ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤ មាត្រា១ក៏បានបញ្ជាក់យ៉ាងច្បាស់ថា ដីធ្លីទាំងអស់ដែលស្ថិតនៅក្នុងតំបន់១និងតំបន់២ គឺជាដីសាធារណៈរបស់រដ្ឋដែលអាជ្ញាធរជាតិអប្សរាមានភារកិច្ច កាតព្វកិច្ចត្រូវគ្រប់គ្រង ថែរក្សា និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ទាក់ទងនឹងករណីដកហូត រុះរើសំណង់ខុសច្បាប់ខាងលើ លោក គង់ មរកត ប្រធានស្តីទីនាយកដ្ឋានសណ្តាប់ធ្នាប់និងសហប្រតិបត្តិការបានប្រាប់ថា៖ សំណង់ទ្វារដែកដែលក្រុមការងារចុះទៅរុះរើនេះ មានប្រវែង៣.៥០ម៉ែត្រ (ទ្វារ២ផ្ទាំង) កម្ពស់២.៥០ម៉ែត្រ មានម្ចាស់ឈ្មោះ លេក ចំរើន មុខងារជានគរបាលទេសចរណ៍។ ក្រៅពីសាងសង់របងទ្វារដែក ដោយមិនមានសុំលិខិតអនុញ្ញាតពីអាជ្ញាធរជាតិអប្សរា លោក ចំរើន ក៏បានធ្វើរបងស៊ីម៉ង់ត៍ហ៊ុំព័ទ្ធដីឡូត៍របស់គាត់រួចហើយដែរ ក្នុងបំណងបម្រុងនឹងសាងសង់លំនៅដ្ឋាន។ នេះជាទង្វើមួយដែលខុសពីច្បាប់ដែលបានកំណត់នៅក្នុងតំបន់ឧទ្យានអង្គរ។

លោក មរកត ក៏បានបញ្ជាក់ដែរថា ស្របតាមខ្លឹមសារនៃសេចក្តីសម្រេចលេខ៧០ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤ ប្រការ២ គឺអ្នកស្រុកអង្គរដែលរស់នៅក្នុងតំបន់១និងតំបន់២ គឺមានសិទ្ធិរុះរើជួសជុលផ្ទះចាស់ទ្រុឌទ្រោមឬសង់ផ្ទះថ្មីជំនួសផ្ទះចាស់បាន ដោយមានការអនុញ្ញាតពីសមត្ថកិច្ចនៃអាជ្ញាធរជាតិអប្សរា។ ចំពោះប្រជាពលរដ្ឋដែលមានផ្ទះនិងរស់នៅយូរលង់ណាស់មកហើយក្នុងតំបន់នេះ អាចនរស់នៅបន្តទៀតបាន ដោយមិនមានការដេញចេញពីភូមិដ្ឋានឡើយ។ ក្នុងនោះប្រជាពលរដ្ឋមានសិទ្ធិគ្រប់គ្រងនិងចាត់ចែងដីធ្លីតាមរូបភាពផ្ទេរមរតកទៅឱ្យញាតិសន្តានឬលក់ឱ្យអ្នកភូមិផងជាមួយគ្នាបាន តែហាមឃាត់លក់ឱ្យអ្នកចំណូលថ្មី ឈ្មួញដី ក្នុងគោលដៅធ្វើអាជីវកម្មយកចំណេញ។

បន្ថែមពីនោះលោក សឿន ធី ប្រធានគោលដៅ១ប្រចាំការនៅសង្កាត់គោកចកបានប្រាប់ថា៖ មុននឹងរុះរើទ្វារដែកនេះ អាជ្ញាធរជាតិអប្សរាក៏បានជូនដំណឹងទៅម្ចាស់សំណង់និងធ្វើកិច្ចសន្យាលាយលក្ខណ៍រួមគ្នារួចមកហើយកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីទុកឱកាសឱ្យគាត់រុះរើដោយខ្លួនឯងតាមការស្នើសុំរបស់សាមីខ្លួន។ ក្នុងនោះម្ចាស់សំណង់ក៏បានព្រមព្រៀង ហើយទទួលស្គាល់ថាខ្លួនពិតជាកំពុងសាងសង់សំណង់ដោយគ្មានច្បាប់អនុញ្ញាតពីអាជ្ញាធរជាតិអប្សរាពិតមែន ព្រមទាំងយល់ព្រមបញ្ឈប់សកម្មភាពសាងសង់បន្តទៀត និងរុះរើដោយខ្លួនឯងនៅថ្ងៃទី២៦នេះ តែដល់កំណត់ម្ចាស់សំណង់បែរមិនធ្វើតាមការសន្យា ទើបក្រុមការងារត្រូវអនុវត្តទៅតាមច្បាប់ដោយមិនអាចលើកលែងចំពោះបុគ្គលណាម្នាក់ឡើយ៕










តាមទស្សនវិទ្យាឥណ្ឌា មិនថាលិទ្ធិព្រាហ្មណ៍ឬក៏ព្រះពុទ្ធសាសនាទ្បើយ វដ្តសង្សារជាចលនាកើត-ស្លាប់ដែលវិលដូចកង់ ហើយពុំចេះចប់។ វដ្តសង្សារទាក់ទងនឹងជីវិតមនុស្ស ដែលមានដំណើរជាប់គ្នាតាំងតែពីកើតដល់ស្លាប់ទៅវិញ។ តាមរយៈបាឋកថានេះនឹងបង្ហាញដំណើរវិលវង់តាមដំណាក់កាលនីមួយៗនៃជីវិតមនុស្សខ្មែរ ដោយមើលតាមសិល្បៈនិងកិច្ចពិធីនានា ដែលជាទំនៀមទម្លាប់ប្រពៃណីខ្មែរតមកតាំងពីបុរាណ។
ប្រាសាទតានៃ បានកសាងឡើងនាចុងស.វ.ទី១២ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ឧទ្ទិសដល់ព្រះពុទ្ធសាសនា។ ឆ្លងកាត់អាយុកាលនិងឥទ្ធិពលនៃអាកាសធាតុរាប់រយឆ្នាំ បានធ្វើឱ្យសំណង់ខ្លះនៃប្រាសាទរងនូវការខូចខាត និងដួលរលំជាច្រើនកន្លែង។
អាជ្ញាធរជាតិព្រះវិហារនិងវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍នៃប្រទេសហុងគ្រី នឹងធ្វើកិច្ចសហប្រតិបត្តិការសិក្សាស្រាវជ្រាវរួមគ្នានៅប្រាសាទមួយចំនួនក្នុងរមណីយដ្ឋានកោះកេរ ដែលមានរយៈពេល៣ឆ្នាំ ចាប់ផ្តើមពីឆ្នាំ២០២០។
គណៈកម្មការសម្របសម្រួល អន្តរជាតិដើម្បីអភិរក្ស និងលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ (អាយសីុសីុ-ព្រះវិហារ) បានបើកកិច្ចប្រជុំបច្ចេកទេសលើកទី៥ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលសន្និសីទអង្គរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីលោកជំទាវបណ្ឌិត ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធ៌មនិងវិចិត្រសិល្បៈ តំណាងរាជរដ្ឋាភិបាលកម្ពុជា និងសហប្រធានអាយសីុសីុ-ព្រះវិហារ ឯកឧត្តម ZHOU Jiagui តំណាងរដ្ឋាភិបាលចិននិងលោកជំទាវ Manika JAIN តំណាងរដ្ឋាភិបាលឥណ្ឌា ព្រមទាំងមានការចូលរួមពីតំណាងប្រទេសជាសមាជិកស្ថាបនិករួមមាន បារាំង ប៊ែលហ្សិច ជប៉ុន ថៃឡង់ដ៏ សហរដ្ឋអាមេរិច និងអ្នកជំនាញការជាតិ អន្តរជាតិលើផ្នែកអភិវឌ្ឍន៍ អភិរក្ស ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សរុបប្រមាណ ២៥០នាក់។
ស្រះស្រង់ជាផ្នែកមួយដ៏សំខាន់នៃរមណីយដ្ឋានអង្គរ និងមានសំណង់ប្រាសាទនៅកណ្ដាលជាតំណាងឱ្យភ្នំព្រះសុមេរុ។ បច្ចុប្បន្នប្រាសាទនេះបានរងការបាក់បែកដោយសារកត្តាធម្មជាតិ។ ដើម្បីលើកតម្លៃប្រវត្តិសាស្រនិងទេសភាពវប្បធ៌មនៃស្រះស្រង់ឡើងវិញ អាជ្ញាធរជាតិអប្សរាគ្រោងនឹងជួសជុលប្រាសាទកណ្ដាលស្រះស្រង់នាពេលឆាប់ៗខាងមុខនេះ។
ដើមដំបូងមុន12345...248249បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
14360
ម្សិលមិញ
:
16777
សប្តាហ៍នេះ
:
14360
ខែនេះ
:
0202491
សរុប
:
009162062