ព័ត៌មានថ្មីៗ

អ្នកជំនាញខ្មែរកំពុងជួសជុល ប្រាសាទឥដ្ឋនៅប្រាសាទបាគង

បានផ្សាយនៅ ថ្ងៃទី 26 ខែ កក្កដា ឆ្នាំ2016 09:47 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ស្ថិតក្នុងសម្លៀកបំពាក់ពណ៌ស ពាក់មួកសុវត្ថិភាព បុរសវ័យចំណាស់និងវ័យកណ្តាល ជាច្រើន កំពុងមមាញឹកយ៉ាងខ្លាំងក្នុងការដ្ឋានជួសជុលប្រាសាទឥដ្ឋ ដែលមានរន្ទារហ៊ុំពីខាងក្រៅយ៉ាងស្អេកស្កះ។ សកម្មភាពនេះ សំដៅធ្វើយ៉ាងណាឱ្យសំណង់ប្រាសាទ ដែលមានការខូចខាត ទទួលបានល្អប្រសើរឡើងវិញផ្នែកបេតិកភណ្ឌជាតិ វិស័យទេសចរណ៍ រួមទាំងទុកជាមរតកវប្បធម៌របស់កូនខ្មែរគ្រប់ជំនាន់។

ផ្តែរនៅខ្លោងទ្វារខាងកើតនៃប៉មឥដ្ឋលេខ៨បានរលំបាក់នៅក្នុងខែ តុលា ឆ្នាំ ២០០៩កន្លងទៅកំឡុងពេលមានភ្លៀងខ្លាំង ហើយត្រូវបានទទួលការសង្រ្គោះបឋមដោយនាយក ដ្ឋានទ្រទ្រង់បច្ចេកទេសនិងគម្រោងអន្តរវិស័យនៃអាជ្ញាធរជាតិអប្សរា។ ចំណែកអ្នកបច្ចេកទេស នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ បានបន្តកិច្ចការ អភិរក្សនិងជួសជុលប៉មនេះក្នុងទ្រង់ទ្រាយធំនិងមានរយ:ពេលវែងជាដំណាក់កាលៗ ក្នុងនោះបានចាប់ផ្តើមឡើងនៅខែធ្នូ ឆ្នាំ២០១៥ ដោយអ្នកជំនាញខ្មែរ សរុប១៧នាក់។

លោក តាន់ សុផល អនុប្រធាននាយកដ្ឋាន បានបញ្ជាក់ថា៖ ប្រាសាទឥដ្ឋទាំងអស់មានចំនួន៨ ស្ថិតក្នុងបរិវេណនៃកំពែងទី១ ប្រាសាទបាគងដែលបានសាងឡើងកំឡុង សតវត្សទី១០ បច្ចុប្បន្នប៉មប្រាសាទឥដ្ឋទាំងនោះមានស្ថានភាពទ្រុឌទ្រោមដោយផ្នែកៗ ត្រង់រួតនីមួយៗនៃប៉ម។ គោលបំណងនៃការជួសជុលប៉មលេខ៨គឺគ្រោងនឹងរៀបចំជួសជុលបំណែកផ្តែរដើម្បីបញ្ចូលនៅទីតាំងដើមវិញ ពិសេសគោរពតាមអនុសាសន៍របស់អ្នក ជំនាញAd Hoc អាយ ស៊ី ស៊ី- អង្គរ។ លទ្ធផលនៃការជួសជុលពង្រឹងខ្លោងទ្វារខាងកើតនៃប៉មលេខ៨នេះ បានសម្រេចជាង៥០ភាគរយនៃការងារត្រង់រចនាសម្ព័ន្ធជណ្តើរខាងកើតដោយបានរៀបថ្មជណ្តើរបញ្ចូលត្រង់ទីតាំងដើមវិញត្រឹមកាំទី៨ និងការជួសជុលពង្រឹងខឿន ឥដ្ឋទាំងសងខាង។ កិច្ចការនឹងគ្រោងបន្តជួសជុលបំពេញសសរពេជ្រនិងសសរផ្អោបទាំងពីរក្នុងរយ:៦ខែខាងមុខ។

លោក ស៊ឹម អឿម ប្រធានផ្នែកគ្រប់គ្រងពលករក្នុងកិច្ចការអនុវត្តជួសជុលឥដ្ឋ ហើយជាពលករជំនាញដែលទទួលបានការលើកទឹកចិត្តពីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិ អប្សរាបានប្រាប់ថា៖ នេះជាកិច្ចការជួសជុលប្រកបដោយការលំបាក និងទាមទារការពិភាក្សាដោយប្រុងប្រយ័ត្នខ្ពស់ ព្រោះជាលើកដំបូងក្នុងការជួសជុលផ្តែរដែលមានទម្ងន់ធ្ងន់ ប្រមាណ៤.៧តោនដើម្បីដំឡើងដាក់នៅទីតាំងដើមវិញដែលមានកម្ពស់៦ម៉ែត្រ។

ការជួសជុលប៉មលេខ៨នៃប្រាសាទបាគងបានប្រើប្រាស់អ្នកបច្ចេកទេសនិងពលករ ជំនាញក្នុងស្រុងទាំងអស់ចំនួន១៧នាក់ ដែលពួកគាត់រស់នៅក្បែរបរិវេណប្រាសាទនៃភូមិ ឪឡោក ស្រុកបា្រសាទបាគង ពលករជំនាញទាំងអស់ធ្លាប់បានទទួលការបណ្តុះបណ្តាល ច្រើនផ្នែកកិច្ចការជូសជុលឥដ្ឋតាំងពីឆ្នាំ ១៩៩៤ដោយអនុវត្តគម្រោងជួសជុលប៉មប្រាសាទ ព្រះគោដែលជាគម្រោងរបស់អន្តរជាតិឈ្មោះ The Royal Angkor Foundation ដូច្នេះ ពួកគាត់កំពុងបន្តចំណេះដឹងនិងបទពិសោធន៍ទាំងនោះតាមរយ:ការបណ្តុះបណ្តាល និងមាន ឈាមជ័រនៃញាតិសន្តានរបស់គាត់ដែលបានជួសជុលប្រាសាទកំឡុងប្រាសាទទទួលការអភិរក្សដោយសាលាបារាំងចុងបូព៌ា(EFEO)។ រាល់បច្ចេកទេសក្នុងការជួសជុលឥដ្ឋគឺបានប្រើប្រាស់បច្ចេកទេសបុរាណនិងផលិតផលក្នុងស្រុកសុទ្ធសាធរួមមានកំបោរលៀស កម្ទេចឥដ្ឋ ដីខ្សាច់ កាវស្បែកគោនិងស្ករត្នោតដែលជាធាតុបន្សំនៃល្បាយបាយអសម្រាប់ភ្ជាប់ឥដ្ឋ និងឥដ្ឋ៕



















រយៈពេល៤ថ្ងៃនៃទិវាឯករាជ្យជាតិនិងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅខេត្តសៀមរាបឆ្នាំ២០១៩ មានភ្ញៀវទេសចរមកទស្សនារមណីយដ្ឋានអង្គរយ៉ាងច្រើនកុះករ។
នៅព្រឹកថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ២០១៩ ព្រះសង្ឃនិងគណៈកម្មការវត្តលលៃ បានចាប់ផ្តើមរំកិលកុដិចុះមកខាងក្រោមដើម្បីសម្រួលដល់កិច្ចការអភិរក្ស។ កិច្ចការនេះធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាកិច្ចការវត្តអារាម ដែលហៅថា CoMAPA, គណៈសង្ឃគ្រប់គ្រង ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្តប្រាសាទលលៃ ព្រមទាំងតំណាងមន្ទីរធម្មការនិងកិច្ចការសាសនា បានប្រជុំសម្រេចព្រះទ័យរំកិលកុដិដែលសង់នៅបរិវេណខឿនប្រាសាទលលៃចុះមកគង់នៅខាងក្រោមវិញ។
ពិធីបួងសួងសុំសេចក្តីសុខរៀបចំដោយអាជ្ញាធរជាតិអប្សរាសហការជាមួយក្រុមហ៊ុនហេងអភិវឌ្ឍន៍នៅព្រះលានជល់ដំរី ក្រុងអង្គរធំ នារសៀលថ្ងៃចន្ទ ១៥កើត ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានប្រព្រឹត្តទៅតាមទំនៀមបុរាណទាំងបែបព្រះពុទ្ធសាសនានិងព្រហ្មញ្ញសាសនានៅលើទឹកដីដ៏ស័ក្តិសិទិ្ធ បរិបូណ៌ទៅដោយគ្រឿងរណ្តាប់សព្វបែបយ៉ាង វង់ភ្លេងបុរាណ របាំ ព្រាហ្មណ៍បុរោហិត ព្រះសង្ឃ ដើម្បីសូត្រមន្តពរជ័យ និងរំដោះកម្មពៀរ។
ព្រឹត្តិការណ៍អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ត្រូវបានរៀបចំឡើងនៅខេត្តសៀមរាបយ៉ាងអធិកអធម នៅថ្ងៃ១៤-១៥កើត និង១រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០-១១-១២ ខែវិច្ឆិកា ឆ្នាំ២០១៩។
ដើមដំបូងមុន12345...265266បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
3220
ម្សិលមិញ
:
2539
សប្តាហ៍នេះ
:
05759
ខែនេះ
:
0054232
សរុប
:
009427508