NEWS

The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience

Published on 22 July 2016 03:35 PM Post By ៖ Apsara National Authority

ការចេះដឹងអំពីបេតិកភណ្ឌរបស់ខ្លួន នឹងជំរុញឲ្យយុវជនរឹងរឹតតែស្រឡាញ់ និងមានឆន្ទៈមុតមាំក្នុងការថែរក្សាអភិរក្សឲ្យបានគង់វង្ស។ កាលបើយុវជនដែលជាទំពាំងស្នងឫស្សីមានការយល់ដឹងច្បាស់ និងរួមចំណែកថែរក្សាហើយនោះ បេតិកភណ្ឌដូនតានឹងអាចតាំងនៅយូរអង្វែងតជំនាន់វែងឆ្ងាយទៅទៀត។ ដូច្នេះ មានតែអប់រំទេដែលអាចសម្រេចបំណងនេះបាន។

អាជ្ញាធរជាតិអប្សរា ដែលមានបេសកកម្មលើការងារអភិរក្ស​និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ បានបំពេញតួនាទីនេះជាបណ្តើរៗមកហើយ។ ជាក់ស្តែង ក្រុមការងារសហគមន៍ដែលមានគ្រប់ទាំង៥ស្រុក-ក្រុងក្នុងរមណីយដ្ឋាន តែងចុះអប់រំប្រជាពលរដ្ឋតាមទីតាំងទាំងនេះជាប្រចាំ ដើម្បីឲ្យពួកគាត់បានយល់ដឹង និងចូលរួមថែរក្សាបេតិកភណ្ឌអង្គរ។

ដោយឡែក ក្នុងឆ្នាំ២០១៦ គឺចាប់ពីខែកក្កដានេះតទៅ អាជ្ញាធរជាតិអប្សរាបានដំណើរការចុះអប់រំបេតិកភណ្ឌតាមសាលារៀនជាបន្តទៀត ក្នុងទិសដៅបណ្តុះផ្នត់គំនិតយុវសិស្សទាំងអស់ឲ្យចេះស្រឡាញ់ និងចូលរួមថែរក្សាបេតិកភណ្ឌទាំងអស់គ្នា។ ថ្ងៃទី២២ ខែកក្កដានេះ សាកលវិទ្យាល័យអង្គរ គឺជាទិសដៅដំបូងគេបង្អស់នៃការចុះអប់រំស្តីពីបេតិកភណ្ឌ ក្រោមប្រធានបទ “បេតិកភណ្ឌដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីបេតិកភណ្ឌ”

លោក មួង ណារិន សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យអង្គរបានលើកឡើងថា ក្នុងនាមថ្នាក់ដឹកនាំ និងខ្លួនលោកផ្ទាល់ លោកពិតជារីករាយ និងស្វាគមន៍ចំពោះការផ្សព្វផ្សាយនេះខ្លាំងណាស់។ ទោះជានិស្សិតរៀនពីមុខវិជ្ជាអ្វីក៏ដោយ តែចំណេះដឹងអំពីបេតិកភណ្ឌរបស់ដូនតានេះ និស្សិតត្រូវតែចេះដឹងគ្រប់គ្នា។ វាមិនត្រឹមតែជួយនិស្សិតឲ្យចេះស្រឡាញ់ និងចូលរួមការពារទេ តែវាជាចំណេះដឹងទូទៅមួយ ដែលជួយដល់និស្សិតពេលប្រឡងធ្វើការងារក្រោយបញ្ចប់កិច្ចសិក្សាផងដែរ។

លោក សុខ នី អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តសៀមរាប ដែលបានអញ្ជើញចូលរួមក្នុងពិធីព្រឹកមិញនេះ ក៏បានសម្តែងនូវការគាំទ្រពេញទំហឹងលើការចុះអប់រំអំពីបេតិកភណ្ឌនេះដែរ។ លោកមានប្រសាសន៍ថា និស្សិតភាគច្រើនមិនសូវយល់ច្បាស់អំពីបេតិកភណ្ឌនេះទេ សូម្បីអ្នកដែលរស់នៅក្នុងតំបន់អង្គរក៏ដោយ ក៏មិនប្រាកដថាបានយល់ដឹងថាអ្វីខ្លះជាបេតិកភណ្ឌដែរ។ ដូច្នេះ ការចុះអប់រំរបៀបនេះ ពិតជាអាចផ្តល់ចំណេះដឹងដែលអាចជួយឲ្យនិស្សិត ចេះគិតគូរអំពីតម្លៃបេតិកភណ្ឌដែលដូនតាបានបន្សល់ទុកឲ្យមិនខាន។

ឯកឧត្តម សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា និងជាប្រធានក្រុមការងារនេះមានប្រសាសន៍ទៅកាន់និស្សិតប្រមាណជាង១៤០នាក់ ដែលបានចូលរួមក្នុងពិធីផ្សព្វផ្សាយនេះថា ការអភិរក្សបេតិកភណ្ឌគឺចាំបាច់ត្រូវមានការចូលរួមពីយុវជនគ្រប់គ្នា ប៉ុន្តែមុននឹងយុវជនអាចចូលរួមក្នុងការងារនេះបាន ទាល់តែបានយល់ច្បាស់អំពីតម្លៃនៃបេតិកភណ្ឌ និងសារៈសំខាន់ដែលចាំបាច់ត្រូវតែថែរក្សា។ “យើងត្រូវស្គាល់ថា យើងជាអ្នកណា? មានអ្វីខ្លះដែលសំខាន់សម្រាប់យើងនិងគ្រួសារយើង? ពេលដឹងហើយ យើងនឹងស្រឡាញ់របស់នោះ ថែរក្សារបស់នោះមិនខាន។ ដូចគ្នាដែរ យើងត្រូវដឹងថា ដូនតាយើងបន្សល់អ្វីខ្លះដល់យើង? របស់ទាំងនោះសំខាន់យ៉ាងណាខ្លះដល់យើង? យើងត្រូវតែដឹង ដើម្បីថែរក្សាមរតកទាំងនោះឲ្យបានគង់វង្ស”

ឯកឧត្តម​បន្ថែម​ថា​ តាមរយៈ​កិច្ច​ប្រឹងប្រែង​របស់រាជរដ្ឋាភិបាលកម្ពុជា​ បានធ្វើ​ឲ្យអង្គរដែលបានទទួលចុះបញ្ជីបេតិកភណ្ឌពិភពលោកក្នុងឆ្នាំ១៩៩២​ ជាបេតិកភណ្ឌប្រឈមនឹងគ្រោះថ្នាក់នោះ​ បានក្លាយ​ជាបេតិកភណ្ឌពិភពលោកពេញលេញ​ ហើយយន្តការគ្រប់គ្រងអង្គរក៏បានក្លាយជាគំរូនៃបណ្តាប្រទេសផ្សេងៗក្នុងពិភពលោកទៀតផង។​ ដូច្នេះ​ យើងជាយុវជនទាំងអស់គ្នាត្រូវខិតខំបន្តទៀត​ ដើម្បី​បន្តការងារនេះឲ្យរឹងរឹតតែប្រសើរឡើង។​

គួរបញ្ជាក់ថា គម្រោងចុះអប់រំអំពីបេតិកភណ្ឌតាមសាលារៀន នឹងធ្វើឡើងគ្រប់សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំងអស់ក្នុងខេត្តសៀមរាប រួមទាំងអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ដែលស្ថិតនៅក្នុងតំបន់រមណីយដ្ឋានអង្គរទាំងមូល។ ទៅអនាគត ក្រុមការងារគ្រោងនឹងចុះអប់រំតាមបណ្តាសាកលវិទ្យាល័យធំៗ ក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនទៀត៕












អាជ្ញាធរជាតិអប្សរា ក្រោមការទទួលបន្ទុករបស់នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ សហការជាមួយស្ថាប័ន JASA ប្រទេសជប៉ុន និងអង្គការយូណេស្កូ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ កន្លងមកនេះ បានរៀបចំសែនព្រែន សុំសេចក្តីសុខចម្រើន ដើម្បីបើកការដ្ឋានជួសជុលប្រាសាទបាយ័ន្តនៅជាន់ទី៣ ឱ្យផុតពីបញ្ហាប្រឈម មុននឹងបើកដំណើរការឱ្យភ្ញៀវចូលទស្សនាជាថ្មី។
ថ្ងៃទី៤-៥ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន៦គោលដៅដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើស្នើសុំជួសជុលតូចតាចរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ឧទ្យានអង្គរ។
ក្រុមការងារថែរក្សាបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា ជានិច្ចជាកាលបានខិតខំប្រឹងប្រែងថែរក្សា ក្នុងន័យធ្វើយ៉ាងណាឱ្យបរិស្ថានក្នុងរមណីយដ្ឋានអង្គរ ពិសេសមុខប្រាសាទអង្គរវត្ត មានភាពស្រស់ស្អាត មានភាពបៃតង ជាទីទាក់ទាញ និងជាទីគយគន់សម្រាប់ភ្ញៀវទេសចរគ្រប់រូប។ សកម្មភាពទាំងនោះរួមមាន ការស្រោចទឹកដើមឈើនិងសួនច្បារជាប្រចាំ
ដោយពិនិត្យឃើញមានហានិភ័យខ្ពស់របស់ដើមឈើ ដែលដុះលើរចនាសម្ព័ន្ធស្ពានថ្មបុរាណនៅចន្លោះប្រាសាទតាកែវ និងប្រាសាទធម្មនន្ទ លើស្ទឹងសៀមរាប ក្រុមជំនាញនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា ដោយសហការជាមួយផ្នែកពាក់ព័ន្ធ បានចុះពិនិត្យ និងអនុវត្តន៍វិធានការបន្ទាន់ចំពោះដើមឈើទាំងនោះ។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
11
Today
:
4081
Yesterday
:
9664
This Week
:
26915
This Month
:
0184804
Total
:
014244659