NEWS

The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience

Published on 22 July 2016 03:35 PM Post By ៖ Apsara National Authority

ការចេះដឹងអំពីបេតិកភណ្ឌរបស់ខ្លួន នឹងជំរុញឲ្យយុវជនរឹងរឹតតែស្រឡាញ់ និងមានឆន្ទៈមុតមាំក្នុងការថែរក្សាអភិរក្សឲ្យបានគង់វង្ស។ កាលបើយុវជនដែលជាទំពាំងស្នងឫស្សីមានការយល់ដឹងច្បាស់ និងរួមចំណែកថែរក្សាហើយនោះ បេតិកភណ្ឌដូនតានឹងអាចតាំងនៅយូរអង្វែងតជំនាន់វែងឆ្ងាយទៅទៀត។ ដូច្នេះ មានតែអប់រំទេដែលអាចសម្រេចបំណងនេះបាន។

អាជ្ញាធរជាតិអប្សរា ដែលមានបេសកកម្មលើការងារអភិរក្ស​និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ បានបំពេញតួនាទីនេះជាបណ្តើរៗមកហើយ។ ជាក់ស្តែង ក្រុមការងារសហគមន៍ដែលមានគ្រប់ទាំង៥ស្រុក-ក្រុងក្នុងរមណីយដ្ឋាន តែងចុះអប់រំប្រជាពលរដ្ឋតាមទីតាំងទាំងនេះជាប្រចាំ ដើម្បីឲ្យពួកគាត់បានយល់ដឹង និងចូលរួមថែរក្សាបេតិកភណ្ឌអង្គរ។

ដោយឡែក ក្នុងឆ្នាំ២០១៦ គឺចាប់ពីខែកក្កដានេះតទៅ អាជ្ញាធរជាតិអប្សរាបានដំណើរការចុះអប់រំបេតិកភណ្ឌតាមសាលារៀនជាបន្តទៀត ក្នុងទិសដៅបណ្តុះផ្នត់គំនិតយុវសិស្សទាំងអស់ឲ្យចេះស្រឡាញ់ និងចូលរួមថែរក្សាបេតិកភណ្ឌទាំងអស់គ្នា។ ថ្ងៃទី២២ ខែកក្កដានេះ សាកលវិទ្យាល័យអង្គរ គឺជាទិសដៅដំបូងគេបង្អស់នៃការចុះអប់រំស្តីពីបេតិកភណ្ឌ ក្រោមប្រធានបទ “បេតិកភណ្ឌដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីបេតិកភណ្ឌ”

លោក មួង ណារិន សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យអង្គរបានលើកឡើងថា ក្នុងនាមថ្នាក់ដឹកនាំ និងខ្លួនលោកផ្ទាល់ លោកពិតជារីករាយ និងស្វាគមន៍ចំពោះការផ្សព្វផ្សាយនេះខ្លាំងណាស់។ ទោះជានិស្សិតរៀនពីមុខវិជ្ជាអ្វីក៏ដោយ តែចំណេះដឹងអំពីបេតិកភណ្ឌរបស់ដូនតានេះ និស្សិតត្រូវតែចេះដឹងគ្រប់គ្នា។ វាមិនត្រឹមតែជួយនិស្សិតឲ្យចេះស្រឡាញ់ និងចូលរួមការពារទេ តែវាជាចំណេះដឹងទូទៅមួយ ដែលជួយដល់និស្សិតពេលប្រឡងធ្វើការងារក្រោយបញ្ចប់កិច្ចសិក្សាផងដែរ។

លោក សុខ នី អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តសៀមរាប ដែលបានអញ្ជើញចូលរួមក្នុងពិធីព្រឹកមិញនេះ ក៏បានសម្តែងនូវការគាំទ្រពេញទំហឹងលើការចុះអប់រំអំពីបេតិកភណ្ឌនេះដែរ។ លោកមានប្រសាសន៍ថា និស្សិតភាគច្រើនមិនសូវយល់ច្បាស់អំពីបេតិកភណ្ឌនេះទេ សូម្បីអ្នកដែលរស់នៅក្នុងតំបន់អង្គរក៏ដោយ ក៏មិនប្រាកដថាបានយល់ដឹងថាអ្វីខ្លះជាបេតិកភណ្ឌដែរ។ ដូច្នេះ ការចុះអប់រំរបៀបនេះ ពិតជាអាចផ្តល់ចំណេះដឹងដែលអាចជួយឲ្យនិស្សិត ចេះគិតគូរអំពីតម្លៃបេតិកភណ្ឌដែលដូនតាបានបន្សល់ទុកឲ្យមិនខាន។

ឯកឧត្តម សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា និងជាប្រធានក្រុមការងារនេះមានប្រសាសន៍ទៅកាន់និស្សិតប្រមាណជាង១៤០នាក់ ដែលបានចូលរួមក្នុងពិធីផ្សព្វផ្សាយនេះថា ការអភិរក្សបេតិកភណ្ឌគឺចាំបាច់ត្រូវមានការចូលរួមពីយុវជនគ្រប់គ្នា ប៉ុន្តែមុននឹងយុវជនអាចចូលរួមក្នុងការងារនេះបាន ទាល់តែបានយល់ច្បាស់អំពីតម្លៃនៃបេតិកភណ្ឌ និងសារៈសំខាន់ដែលចាំបាច់ត្រូវតែថែរក្សា។ “យើងត្រូវស្គាល់ថា យើងជាអ្នកណា? មានអ្វីខ្លះដែលសំខាន់សម្រាប់យើងនិងគ្រួសារយើង? ពេលដឹងហើយ យើងនឹងស្រឡាញ់របស់នោះ ថែរក្សារបស់នោះមិនខាន។ ដូចគ្នាដែរ យើងត្រូវដឹងថា ដូនតាយើងបន្សល់អ្វីខ្លះដល់យើង? របស់ទាំងនោះសំខាន់យ៉ាងណាខ្លះដល់យើង? យើងត្រូវតែដឹង ដើម្បីថែរក្សាមរតកទាំងនោះឲ្យបានគង់វង្ស”

ឯកឧត្តម​បន្ថែម​ថា​ តាមរយៈ​កិច្ច​ប្រឹងប្រែង​របស់រាជរដ្ឋាភិបាលកម្ពុជា​ បានធ្វើ​ឲ្យអង្គរដែលបានទទួលចុះបញ្ជីបេតិកភណ្ឌពិភពលោកក្នុងឆ្នាំ១៩៩២​ ជាបេតិកភណ្ឌប្រឈមនឹងគ្រោះថ្នាក់នោះ​ បានក្លាយ​ជាបេតិកភណ្ឌពិភពលោកពេញលេញ​ ហើយយន្តការគ្រប់គ្រងអង្គរក៏បានក្លាយជាគំរូនៃបណ្តាប្រទេសផ្សេងៗក្នុងពិភពលោកទៀតផង។​ ដូច្នេះ​ យើងជាយុវជនទាំងអស់គ្នាត្រូវខិតខំបន្តទៀត​ ដើម្បី​បន្តការងារនេះឲ្យរឹងរឹតតែប្រសើរឡើង។​

គួរបញ្ជាក់ថា គម្រោងចុះអប់រំអំពីបេតិកភណ្ឌតាមសាលារៀន នឹងធ្វើឡើងគ្រប់សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំងអស់ក្នុងខេត្តសៀមរាប រួមទាំងអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ដែលស្ថិតនៅក្នុងតំបន់រមណីយដ្ឋានអង្គរទាំងមូល។ ទៅអនាគត ក្រុមការងារគ្រោងនឹងចុះអប់រំតាមបណ្តាសាកលវិទ្យាល័យធំៗ ក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនទៀត៕












ថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន ៣គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានចុះបានពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
គេតែងដឹងជាទូទៅនូវព្រឹត្តិការណ៍សំខាន់ៗដែលកើតមាននៅប្រាសាទអង្គរវត្ត នោះគឺវេលាយប់និងថ្ងៃស្មើគ្នា ជាមួយនឹងព្រឹត្តិការណ៍ព្រះអាទិត្យរះចំប្រាង្គកណ្ដលប្រាសាទអង្គរវត្ត។ ក្រៅពីព្រឹត្តិការណ៍នេះ មានវេលាពីរសំខាន់ៗទៀត នោះគឺវេលាថ្ងៃវែងជាងយប់ និងវេលាយប់វែងជាងថ្ងៃ។ យ៉ាងណា មានមនុស្សតិចណាស់ដែលបានសង្កេត និងដឹងរឿងរ៉ាវនូវវេលាទាំងនេះ។ អ្នកបុរាណវិទ្យាបង្ហាញពីអាថ៌កំបាំងនូវព្រឹត្តិការណ៍យប់វែងជាងថ្ងៃ និងអាថ៌កំបាំងជាមួយផ្ទាំងចម្លាក់តាមថែវប្រាសាទអង្គរវត្ត។
ថ្ងៃទី៦ខែមករាឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ក្រុមអង្កេតហានិភ័យដើមឈើនៃអាជ្ញាធរជាតិអប្សរា ពិនិត្យឃើញមានដើមឈើទាលងាប់មួយដើម ដុះឈរត្រង់កណ្តាលតួប្រាសាទបន្ទាយប្រី មានជំងឺដំបៅគល់ និងមានហានិភ័យខ្ពស់ ដែលកាលពីឆ្នាំមុនក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានព្យាបាលផ្នែកដែលមានជំងឺ និងកាត់ផ្នែកខាងចុងចេញ ដើម្បីសម្រាលតួដើម និងឲ្យលូតលាស់មែកថ្មី។ ប៉ុន្តែដោយដើមឈើទាលមួយដើមនេះមានអាយុកាលយូរមកហើយ មិនអាចសង្គ្រោះបាន និងដើម្បីធានា
អាជ្ញាធរជាតិអប្សរា ក្រោមការទទួលបន្ទុករបស់នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ សហការជាមួយស្ថាប័ន JASA ប្រទេសជប៉ុន និងអង្គការយូណេស្កូ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ កន្លងមកនេះ បានរៀបចំសែនព្រែន សុំសេចក្តីសុខចម្រើន ដើម្បីបើកការដ្ឋានជួសជុលប្រាសាទបាយ័ន្តនៅជាន់ទី៣ ឱ្យផុតពីបញ្ហាប្រឈម មុននឹងបើកដំណើរការឱ្យភ្ញៀវចូលទស្សនាជាថ្មី។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
5
Today
:
0889
Yesterday
:
5260
This Week
:
14059
This Month
:
0171948
Total
:
014231803