ព័ត៌មានថ្មីៗ

ក្រុមអ្នកបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរានិងសាលាបារាំងចុងបូព៌ាផ្តើមកំណាយស្រាវជ្រាវនៅជិតព្រះបរមរាជវាំងអង្គរធំសម័យអង្គរ ដើម្បីរកព័ត៌មានបន្ថែមអំពីរោងសិតសំរិទ្ធក្នុងសម័យអង្គរ

បានផ្សាយនៅ ថ្ងៃទី 12 ខែ កក្កដា ឆ្នាំ2016 12:07 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ក្រុមអ្នកបុរាណវិទ្យាខ្មែរនិងបរទេស ក្រោមកិច្ចសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សរា និងសាលាបារាំងចុងបូព៌ាប្រទេស នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦នេះ បានប្រារព្ធពិធីបួងសួងសុំម្ចាស់ទឹកម្ចាស់ដី ដើម្បីបើកកំណាយស្រាវជ្រាវមួយ ដែលស្ថិតនៅក្បែរកំពែងព្រះបរមរាជវាំង ខាងលិចទីលានសេ្តចគម្លង់ប្រហែល២០០ម៉ែត្រ។

កំណាយស្រាវជ្រាវនេះ ធ្វើឡើងក្រោមគម្រោង “ព្រះរាជរោងសិតសំរិទ្ធក្នុងព្រះបរមរាជវាំងអង្គរធំ” ដែលមានរយៈពេល៤ឆ្នាំពីឆ្នាំ២០១៦ដល់ឆ្នាំ២០១៩។ គោលបំណងសំខាន់នៃគម្រោងគឺសិក្សាស្វែងយល់អំពីការផលិតស្ពាន់ និងសំលោហៈមួយចំនួនដូចជាសំរិទ្ធ សំណនិងទង់ដែងជាដើម ព្រមទាំងរចនាសម្ព័ន្ធចង្រ្កានស្លលោហធាតុ ដែលនៅជិតនឹងព្រះបរមរាជវាំងសម័យអង្គរ។ ការសិក្សានេះធ្លាប់បានធ្វើកំណាយនៅទីនេះកាលពីឆ្នាំ២០១៣កន្លងទៅ ហើយបានប្រទះឃើញចង្រ្កានសិតសំរិទ្ធ ស្ពាន់ និងលោហធាតុដទៃទៀត។

គម្រោងនេះមានសហប្រធានពីររូប គឺឯកឧត្តមបណ្ឌិត ត័ន ប៊ុនស៊ុយ តំណាងអាជ្ញាធរជាតិអប្សរា និងលោកបណ្ឌិត Brice VINCENT តំណាងសាលាបារាំងចុងបូព៌ា។ លោកបណ្ឌិត Brice VINCENT រៀបរាប់ថា នេះជាគម្រោងស្រាវជ្រាវបុរាណវិទ្យាក្រោមកិច្ចសហការអាជ្ញាធរជាតិអប្សរា និងសាលាបារាំងចុងបូព៌ា។ “នៅទីនេះយើងធ្លាប់ធ្វើកំណាយម្តងមកហើយ និងបានរកឃើញចង្រ្កានស្លស្ពាន់ និងសំរិទ្ធនិងទង់ដែងចំនួនពីរ ដែលនាំឲ្យយើងគិតថា ទីនេះប្រហែលជាកន្លែងរោងជាងសិតសំរិទ្ធសម្រាប់ព្រះរាជវាំងនាសម័យនោះ។ ឆ្នាំនេះយើងធ្វើកំណាយបន្តទៀត ដើម្បីសិក្សាអំពីរចនាសម្ព័ន្ធនៃរោងជាងនោះ។ គម្រោងរបស់យើងមានរយៈពេល៤ឆ្នាំ តែបេសកកម្មលើកនេះមានរយៈពេល៣សប្តាហ៍”

លោក Brice បន្តថា លទ្ធផលនៃគម្រោងស្រាវជ្រាវនេះអាចនឹងបញ្ជាក់ប្រាប់យើងថា ចក្រភពខ្មែរមានរោងជាងស្លលោហៈ ដែលធ្វើគ្រឿងអលង្ការ និងគ្រឿងប្រើប្រាស់សម្រាប់ព្រះបរមរាជវាំង ដែលក្នុងប្រទេសដទៃទៀតនៅអាស៊ីអាគ្នេយ៍មិនដែលមាន។ លទ្ធផលនៃការស្រាវជ្រាវនេះនឹងត្រូវបោះពុម្ពផ្សាយជាសាធារណៈ សម្រាប់អ្នកស្រាវជ្រាវនិងអ្នកសិក្សាទូទៅ។

ទន្ទឹមនឹងនេះ គម្រោងស្រាវជ្រាវនេះ នឹងមានកម្មវិធីបណ្តុះបណ្តាលដល់អ្នកស្រាជ្រាវជាតិមកពីអាជ្ញាធរអប្សរានិងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីបង្កើតឲ្យមានអ្នកជំនាញការជាតិលើវិស័យលោហកម្មបុរាណនេះផង។

អ្នកបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា គឺ លោក ខៀវ ច័ន្ទ ដែលនឹងត្រូវសហការលើការងារកំណាយស្រាវជ្រាវនេះដែរ បានពន្យល់ថា ប្រសិនបើកំណាយនេះរកឃើញថា ទីនេះមានរោងជាងស្លស្ពាន់ដូចដែលអ្នកស្រាវជ្រាវបានសន្និដ្ឋាននោះ ប្រហែលជាអាចជួយយើងឲ្យឃើញអំពីទំនៀមមួយ ដែលតែងតែមានរោងជាងរបៀបនេះសម្រាប់ព្រះបរមរាជវាំង ហើយរោងនោះសោត តែងស្ថិតនៅភាគខាងជើងនៃព្រះបរមរាជវាំងទៀតផង។ លោកបន្តថា សព្វថ្ងៃរោងជាងដូចគ្នានេះ ដែលគេគិតថានៅរក្សាតាមទំនៀមដើម គឺសាលារចនា ដែលស្ថិតនៅខាងជើងព្រះបរមរាជវាំងសព្វថ្ងៃ៕










រយៈពេល៤ថ្ងៃនៃទិវាឯករាជ្យជាតិនិងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅខេត្តសៀមរាបឆ្នាំ២០១៩ មានភ្ញៀវទេសចរមកទស្សនារមណីយដ្ឋានអង្គរយ៉ាងច្រើនកុះករ។
នៅព្រឹកថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ២០១៩ ព្រះសង្ឃនិងគណៈកម្មការវត្តលលៃ បានចាប់ផ្តើមរំកិលកុដិចុះមកខាងក្រោមដើម្បីសម្រួលដល់កិច្ចការអភិរក្ស។ កិច្ចការនេះធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាកិច្ចការវត្តអារាម ដែលហៅថា CoMAPA, គណៈសង្ឃគ្រប់គ្រង ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្តប្រាសាទលលៃ ព្រមទាំងតំណាងមន្ទីរធម្មការនិងកិច្ចការសាសនា បានប្រជុំសម្រេចព្រះទ័យរំកិលកុដិដែលសង់នៅបរិវេណខឿនប្រាសាទលលៃចុះមកគង់នៅខាងក្រោមវិញ។
ពិធីបួងសួងសុំសេចក្តីសុខរៀបចំដោយអាជ្ញាធរជាតិអប្សរាសហការជាមួយក្រុមហ៊ុនហេងអភិវឌ្ឍន៍នៅព្រះលានជល់ដំរី ក្រុងអង្គរធំ នារសៀលថ្ងៃចន្ទ ១៥កើត ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានប្រព្រឹត្តទៅតាមទំនៀមបុរាណទាំងបែបព្រះពុទ្ធសាសនានិងព្រហ្មញ្ញសាសនានៅលើទឹកដីដ៏ស័ក្តិសិទិ្ធ បរិបូណ៌ទៅដោយគ្រឿងរណ្តាប់សព្វបែបយ៉ាង វង់ភ្លេងបុរាណ របាំ ព្រាហ្មណ៍បុរោហិត ព្រះសង្ឃ ដើម្បីសូត្រមន្តពរជ័យ និងរំដោះកម្មពៀរ។
ព្រឹត្តិការណ៍អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ត្រូវបានរៀបចំឡើងនៅខេត្តសៀមរាបយ៉ាងអធិកអធម នៅថ្ងៃ១៤-១៥កើត និង១រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០-១១-១២ ខែវិច្ឆិកា ឆ្នាំ២០១៩។
ដើមដំបូងមុន12345...265266បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
2981
ម្សិលមិញ
:
2539
សប្តាហ៍នេះ
:
05520
ខែនេះ
:
0053993
សរុប
:
009427269