ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាចូលរួមដាំកូនឈើ១០០០ដើមជាមួយប្រជាពលរដ្ឋឃុំជីក្រែង

បានផ្សាយនៅ ថ្ងៃទី 11 ខែ កក្កដា ឆ្នាំ2016 10:23 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

ព្រៃឈើគឺមានសារៈប្រយោជន៍ណាស់ចំពោះផែនដី និងការរស់នៅរបស់មនុស្ស-សត្វដូចពាក្យថា ព្រៃឈើអាចរស់ដោយគ្មានមនុស្ស តែមនុស្សមិនអាចរស់ដោយគ្មានព្រៃឈើទេ។ ដោយយល់ឃើញពីគុណតម្លៃនៃព្រៃឈើ ជាពិសេស ដើម្បីក្នុងន័យថែរក្សា ក៏ដូចជាដាំដុះនូវព្រៃឈើបន្ថែមផងនោះ អាជ្ញាធរជាតិអប្សរាក៏បានរួមចំណែកក្នុងដាំកូនឈើជាមួយ ព្រះសង្ឃព្រមទាំងពុទ្ធបរិស័ទវត្តជីក្រែង ដាំកូនឈើចំនួន១០០០ដើម នៅភូមិជីក្រែង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប កាលពីថ្ងៃសុក្រទី០៨ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ។

នេះជាលើកទី២ហើយ ដែលមានអាជ្ញាធរជាតិអប្សរាចូលរួមសហការដាំកូនឈើនៅទីនេះ។ កោយឡែកក៏មានការចូលរួមពីមជ្ឈដ្ឋាននានា នៅក្នុងឃុំជីក្រែងផងដែរ មានដូចជា អាជ្ញាធរមូលដ្ឋាន លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សទាំងបឋមសិក្សា និងអនុវិទ្យាល័យជីក្រែងនិងមានការចូលរួមរបស់ព្រះសង្ឃដែលជាស្ថាប័នព្រះពុទ្ធសាសនា។

ឯកឧត្តម ស៊ឺង គង់ ទីប្រឹក្សាអាជ្ញាធរជាតិអប្សរាបានលើកឡើងនាឱកាសដាំកូនឈើនោះថា ដើមឈើមានសារៈសំខាន់ណាស់មនុស្ស-សត្វ និងដើរតួនាទីយ៉ាងសំខាន់ជាច្រើនទៀតក្នុងការជួយដោះស្រាយវិបត្តិមហន្តរាយនានាដែលបង្កឡើងដោយធម្មជាតិដូចគ្នា ដូចជា កាត់បន្ថយកម្តៅលើផែនដី ជួយទប់ស្កាត់គ្រោះទឹកជំនន់ ការពារខ្យល់ព្យុះ ទប់ស្កាត់គ្រោះរាំងស្ងួត ពិសេសជាងនេះទៀតនោះ ព្រៃឈើអាចទាក់ទាញទឹកភ្លៀង កំចាត់ជាតិពុលដែលកើតពីឧស្ម័នកាប៉ូនីច និងជាតំបន់ទេសចរណ៍ធម្មជាតិ ឬហៅថា អេកូទេសចរណ៍ ហើយក៏ជាជម្រកដ៏សំខាន់ដោយផ្ទាល់ និងដោយប្រយោលសម្រាប់មនុស្ស-សត្វដែលរស់នៅលើផែនដី។

ឯកឧត្តមបានបន្តថា ការដាំកូនឈើនាពេលនេះ អាជ្ញារធរជាតិអប្សរាបានចូលរួមជម្រុញ និងលើកទឹកចិត្តដោយមានការផ្តល់ជាកូនឈើក្នុងការដាំទាំងពីរលើក ដោយលើកទី១ នៅឆ្នាំ២០១៥ ចំនួន ១៥០០ ដើម ហើយនិងលើកទី២ ឆ្នាំ២០១៦នេះ ចំនួន ១០០០ដើម ព្រមទាំង ជួយផ្តល់កម្លាំងកម្មករជីករណ្តៅចំនួន ២០នាក់ តាមការស្មើសុំរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទនៅទីនេះ។ ប្រភេទដើមឈើដែលយកមកដាំនាឱកាសនេះ គឺភាគច្រើនកូនបែង កូនឈើទាល និងមានដើមផ្កាជាច្រើនផងដែរ។

លោក ឈាន រដ្ឋា ប្រធាននាយកដ្ឋានស្តីទីអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ បានលើកឡើងថា អាជ្ញាធរជាតិអប្សរាមិនត្រឹមតែជួយផ្តល់កូនឈើ និងកម្លាំងក្នុងការជីករណ្តៅប៉ុណ្ណោះទេ ថែមទាំងបានបង្រៀនពីបច្ចេកនៃការដាំដុះកូនឈើដល់ពួកគាត់ផងដែរ ដើម្បីដាំរស់បានល្អ និងងាយស្រួលក្នុងការថែរក្សានាពេលក្រោយៗ។ លោករដ្ឋា បន្ថែមថា ការរួមចំណែកដាំដើមឈើនេះ ក៏ឈ្មោះថា ជាការរួមចំណែកក្នុងការអភិរក្សប្រាសាទ និងស្ពានបុរាណយ៉ាងមានប្រសិទ្ធភាព ព្រោះព្រៃឈើ និងប្រាសាទ-ស្ពានបុរាណជាវត្ថុអាស្រ័យគ្នា។

ព្រះភិក្ខុ សុត ណើរ គូ្រសូត្រឆ្វេងវត្តជីក្រែង មានថេរដីកានាឱកាសនោះថា ពុទ្ធសាសនាមានទ្រឹស្តីយ៉ាងច្រើនក្នុងការចូលរួមអភិរក្សរក្សាព្រៃឈើ ដូចជាព្រះពុទ្ធហាមភិក្ខុក្នុងសាសនាមិនឱ្យកាប់ដើមឈើ បើភិក្ខុនៅតែចចេសកាប់ មានការពិន័យអាបត្តិដែលជាទោសទណ្ឌក្នុងផ្លូវសាសនា ព្រោះព្រះពុទ្ធអង្គយល់យ៉ាងច្បាស់ថា ព្រៃឈើជាជម្រកដ៏ប្រសើរដែលមនុស្សសត្វមិនអាចខ្វះបាន ហើយក៏ជាជម្រករបស់ពួកទេវតាមួយក្រុម ដែលឈ្មោះថា រុក្ខទេវតាផងដែរ។

ព្រះភិក្ខុ មានថេរដីកាបន្ថែមថា សូម្បីព្រះពុទ្ធអង្គផ្ទាល់ក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការស្រឡាញ់ និងអភិរក្សព្រៃឈើ រហូតដល់អ្នកបរិស្ថានវិទូមួយចំនួន បានដាក់ឈ្មោះឱ្យព្រះអង្គថា ជាព្រះបិតានៃការអភិរក្សព្រៃ នេះបើយោងតាមការសិក្សា។ ព្រះសង្ឃអង្គនេះបានបញ្ជាក់បន្ថែមទៀតថា ភស្តុតាងជាច្រើនទៀត ដែលបញ្ជាក់ថាព្រះពុទ្ធអង្គជាគំរូក្នុងការស្រឡាញ់ និងអភិរក្សព្រៃឈើនោះ ដូចជា ព្រះអង្គប្រសូតក៏ប្រសូតនៅក្រោមឈើក្នុងព្រៃ ឈ្មោះព្រៃឧទ្យានលុម្ពិនី ទ្រង់ត្រាស់ដឹងក៏ត្រាស់ដឹងនៅក្រោមដើមឈើក្នុងព្រៃ ជាទីអវសាននៃជីវិតរបស់ព្រះពុទ្ធអង្គ(បរិព្វាន) ក៏នៅក្រោមដើមឈើក្នុងព្រៃផងដែរ។

យើងត្រូវបណ្តុះសា្មរតីក្នុងការស្រឡាញ់ និងការការពារអភិរក្សព្រៃឈើដែលមាននៅ កាត់បន្ថយការកាប់បំផ្លាញ ជាពិសេសបង្កើនការដាំដុះកូនឈើ យ៉ាងហោចណាស់ក្នុងមនុស្សម្នាក់មួយឆ្នាំដាំឱ្យបានមួយដើម ឬបើមិនដូច្នោះទេ មួយជីវិតធ្វើយ៉ាងណា ដាំឱ្យបានមួយដើម ព្រោះថាការដាំឈើមួយដើម ឈ្មោះថា ជួយជីវិតមនុស្ស-សត្វនៅលើផែនដី៕














រយៈពេល៤ថ្ងៃនៃទិវាឯករាជ្យជាតិនិងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅខេត្តសៀមរាបឆ្នាំ២០១៩ មានភ្ញៀវទេសចរមកទស្សនារមណីយដ្ឋានអង្គរយ៉ាងច្រើនកុះករ។
នៅព្រឹកថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ២០១៩ ព្រះសង្ឃនិងគណៈកម្មការវត្តលលៃ បានចាប់ផ្តើមរំកិលកុដិចុះមកខាងក្រោមដើម្បីសម្រួលដល់កិច្ចការអភិរក្ស។ កិច្ចការនេះធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាកិច្ចការវត្តអារាម ដែលហៅថា CoMAPA, គណៈសង្ឃគ្រប់គ្រង ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្តប្រាសាទលលៃ ព្រមទាំងតំណាងមន្ទីរធម្មការនិងកិច្ចការសាសនា បានប្រជុំសម្រេចព្រះទ័យរំកិលកុដិដែលសង់នៅបរិវេណខឿនប្រាសាទលលៃចុះមកគង់នៅខាងក្រោមវិញ។
ពិធីបួងសួងសុំសេចក្តីសុខរៀបចំដោយអាជ្ញាធរជាតិអប្សរាសហការជាមួយក្រុមហ៊ុនហេងអភិវឌ្ឍន៍នៅព្រះលានជល់ដំរី ក្រុងអង្គរធំ នារសៀលថ្ងៃចន្ទ ១៥កើត ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានប្រព្រឹត្តទៅតាមទំនៀមបុរាណទាំងបែបព្រះពុទ្ធសាសនានិងព្រហ្មញ្ញសាសនានៅលើទឹកដីដ៏ស័ក្តិសិទិ្ធ បរិបូណ៌ទៅដោយគ្រឿងរណ្តាប់សព្វបែបយ៉ាង វង់ភ្លេងបុរាណ របាំ ព្រាហ្មណ៍បុរោហិត ព្រះសង្ឃ ដើម្បីសូត្រមន្តពរជ័យ និងរំដោះកម្មពៀរ។
ព្រឹត្តិការណ៍អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ត្រូវបានរៀបចំឡើងនៅខេត្តសៀមរាបយ៉ាងអធិកអធម នៅថ្ងៃ១៤-១៥កើត និង១រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០-១១-១២ ខែវិច្ឆិកា ឆ្នាំ២០១៩។
ដើមដំបូងមុន12345...265266បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
3272
ម្សិលមិញ
:
2539
សប្តាហ៍នេះ
:
05811
ខែនេះ
:
0054284
សរុប
:
009427560