ព័ត៌មានថ្មីៗ

ជំនឿអ្នកស្រុកអង្គរអំពីពិធីឆាន់សុំទឹកភ្លៀង

បានផ្សាយនៅ ថ្ងៃទី 05 ខែ កក្កដា ឆ្នាំ2016 03:57 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

តំបន់អង្គរ ក្រៅពីមានប្រាង្គប្រាសាទជាមរតកដ៏មានតម្លៃនិងជាបេតិកភណ្ឌពិភពលោកមិនអាចកាត់ថ្លៃបានហើយ ក៏ជាកន្លែងប្រមូលផ្តុំដោយវប្បធម៌រូបីនិងអរូបីផងដែរ។ វត្តមានរួមគ្នានេះ ធ្វើឱ្យអង្គរនៅតែជាដួងព្រលឹងដ៏ស័ក្តិសិទ្ធិរបស់កូនខ្មែរមិនសាបសូន្យ។ ទំនៀមទម្លាប់ ជំនឿជាច្រើនត្រូវបានប្រជាជនក្នុងតំបន់អង្គរនៅតែឱ្យតម្លៃនិងបន្តប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន រហូតដល់សព្វថ្ងៃក្នុងជីវភាពរស់នៅរបស់ពួកគាត់។ អាជ្ញាធរជាតិអប្សរាតែងតែគាំទ្រជានិច្ច ព្រមទាំងចូលរួមយ៉ាងសកម្មជាមួយអ្នកស្រុកដើម្បីរក្សាជំនឿទាំងនេះ។

តួយ៉ាងពិធីឆាន់សុំទឹកភ្លៀង ត្រូវបានអ្នកស្រុកអង្គរបន្តធ្វើរហូតដល់សព្វថ្ងៃ ដោយការគោរពនិងជឿជាក់បំផុត។ បើគិតចាប់ពីចុងខែពិសាខមកដល់ដើមខែអាសាធ ខេត្តសៀមរាបស្ទើរតែមានភ្លៀងធ្លាក់រាល់ថ្ងៃនិងគ្រប់ទីកន្លែង ប៉ុន្តែទោះជាយ៉ាងនេះក្តី ក៏ប្រជាជនតំបន់អង្គរនៅភូមិប្រដាក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅតែបន្តធ្វើពិធីសុំទឹកភ្លៀងតាមទម្លាប់។ ការប្រារព្ធពិធីនេះជាទំនៀមទម្លាប់និងជាជំនឿដែលមានតាំងពីដូនតា ដែលពួកគាត់គោរពមិនហ៊ានខកខាន បើទោះបីជាមិនមានទ្រព្យធនធ្វើពិធីធំដុំ ក៏អ្នកស្រុកសាមគ្គីគ្នារៀបចំធ្វើពិធីតូចតាចដែរ។

តាមការរៀបរាប់របស់លោកតា មិត្ត និងលោកតា ទុយ លន់ ជាអាចារ្យនិងចាស់ព្រឹទ្ធាចារ្យក្នុងភូមិបានប្រាប់ថា តាមពិតទៅ ឆាន់សុំទឹកភ្លៀង ត្រូវធ្វើនៅថ្ងៃ៣កើតខែពិសាខទេ តែដោយសារអ្នកភូមិរវល់បុណ្យទាននិងកិច្ចការផ្សេងៗផង ក៏អូសបន្លាយដល់ខែជេស្ឋឬអាសាធ។ លោកតាបន្តទៀតថា ជារៀងរាល់ឆ្នាំអ្នកភូមិប្រដាក តែងតែរៀបចំឆាន់សុំទឹកភ្លៀងមួយព្រឹកនៅប្រាសាទមេបុណ្យ ដោយមានកិច្ចពិធីប្រុងពលី ព្រះសង្ឃសូត្រមន្ត បួងសួងសុំទឹក សុំភ្លៀង សែនម្ចាស់ប្រាសាទ និងវេរចង្វាន់ប្រគេនព្រះសង្ឃគឺចប់កិច្ចហើយ។

ទាក់ទងនឹងសំណួរថា បើខែនេះមានភ្លៀងទៅហើយ តើចាំបាច់ឆាន់សុំទឹកភ្លៀងធ្វើអ្វី? លោកតាបញ្ជាក់ថា បើទោះបីជាមានភ្លៀងធ្លាក់ហើយក៏ដោយ ក៏អ្នកស្រុកអង្គរនៅតែបន្តធ្វើពិធីសុំទឹកភ្លៀងដែរ មិនហ៊ានខកខានទេ ខ្លាចមានជំងឺឧត្បាតកើតឡើងចំពោះកូនចៅ សត្វអំពេរដែលចិញ្ចឹម ព្រោះតែយើងភ្លេចរំឭកនឹកគុណដល់ពួកគាត់ (អ្នកថែរក្សា)។ ក្រៅពីឆាន់ដើម្បីសុំទឹកភ្លៀង គេក៏យកពិធីនេះរំឭកដល់វិញ្ញាណក្ខន្ធបុព្វបុរសដែលបានសាងអង្គរវត្ត អង្គរធំ ភ្នំគូលែនជាដើមទុកដល់កូនចៅជំនាន់ក្រោយដែរ ដើម្បីសុំសេចក្តីសុខសប្បាយដល់អ្នកភូមិនិងសត្វ ពិសេសគឺធ្វើស្រែស្រូវបានល្អ។

បន្ថែមពីនោះ អ៊ំស្រី យឿយ ក៏បានបង្ហាញពីការរក្សាទំនៀមទម្លាប់មួយនេះដែរថា «ពិធីសុំទឹកភ្លៀងមានតាំងពីបរមបុរាណមក ហើយពេលអត់ពីចាស់ៗទៅ ពួកខ្ញុំជាកូនចៅជំនាន់ក្រោយជាអ្នកធ្វើបន្ត ទោះអត់យ៉ាងម៉េច ក៏មិនដែលខានទេ។ ជួនយើងធ្វើនៅខែជេស្ឋ ជួនធ្វើនៅខែអាសាធ មិនទៀងទេ បើខែណារាំងក៏បួងសួងសុំទឹកភ្លៀងទៅ តែបើទោះជាខែនោះភ្លៀងហើយក៏ដោយ ក៏នៅតែធ្វើពិធីនេះដែរដើម្បីសុំសេចក្តីសុខសប្បាយដល់កូនចៅទាំងអស់គ្នា។ ពួកខ្ញុំជឿជាក់ណាស់ ពេលខ្លះធ្វើភ្លាមភ្លៀងភ្លាម ពេលខ្លះ២ទៅ៣ថ្ងៃទើបភ្លៀង»

ក្រៅពីកិច្ចពិធីទូទៅហើយ ការបញ្ចូលមេមត់គឺសំខាន់ណាស់ក្នុងពិធីសុំទឹកភ្លៀង។ គេធ្វើពិធីនេះដើម្បីអញ្ជើញរូបអារក្សអ្នកតាម្ចាស់ទឹកម្ចាស់ដី អ្នកមានបុណ្យបារមីគ្រប់ទីកន្លែងដែលរក្សាភូមិស្រុក ប្រាសាទនានាឱ្យមករាំរែក និងហូបចុកចំណីអាហារដែលកូនចៅដាក់សែនព្រែនឱ្យ ក៏ដូចជាសួរនាំរូបដែលចូលសណ្ឋិតថាចង់ហូបអី ត្រូវការអី និងសុំឱ្យពួកគាត់ជួយថែរក្សាកូនចៅ កុំខឹង កុំធ្វើបាបកូនចៅ ដូចប្រសាសន៍របស់ អ៊ំស្រី វឿន ថា «ពេលសុំទឹកភ្លៀង គឺតែងតែមានចូលរូបមិនដែលអត់ទេ ដើម្បីឱ្យរូបមករាំលេង មកសេពសោយអាហារ ដូចថ្ងៃនេះមានរូបច្រើនណាស់ មានតារាជនៅអង្គរ តាទរ តាសៅ និងរូបច្រើនទៀត។ ពេលរូបចូលយើងសួរថា តាឬយាយ? នៅឯណា? ឈ្មោះអី? ចង់ហូបអី? ហើយយើងក៏រៀបចំចំណីចំណុកជាច្រើនឱ្យគាត់តាមការចូលចិត្ត។ បើគាត់ចូលចិត្ត គាត់ក៏ហូប បើគាត់មិនចូលចិត្តក៏ខឹង ហើយរុញម្ហូបចេញ។ ការសុំទឹកភ្លៀងនេះថាស័ក្តិសិទ្ធិក៏បាន មិនស័ក្តិសិទ្ធិក៏បាន ព្រោះខែខ្លះដែលក្តៅហែង គ្រាន់តែធ្វើភ្លាម ភ្លៀងក៏ធ្លាក់ភ្លាម តែខ្លះក៏ចាំ១ឬ២ថ្ងៃ ទើបភ្លៀង ហើយតែងមើលរូបដែលចូលមកដែរ បើរូបថារងាញាក់ញ័រ គឺច្បាស់ណាស់មិនយូរទេច្បាស់ជាភ្លៀងមិនខាន ដូច្នេះមិនជឿមិនបាន»




















នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងទីតាំងសួនបណ្តុះកូនឈើប្រាសាទតាកែវ បានប្រារព្ធពិធីប្រុងពលី ដើម្បីរុះរើនិងសាងសង់ឡើងវិញនូវរហាត់ទឹកចំណាស់ដែលជាអត្តសញ្ញាណមួយក្នុងខេត្តសៀមរាបនិងជាសម្បត្តិដូនតាដែលបានបន្សល់មកជាច្រើនឆ្នាំឱ្យមាំទាំឡើងវិញ ព្រមទាំងរៀបចំសួនច្បារលម្អផង ក្រោមជំនួយសប្បុរសធម៌ របស់ លោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍។
នារសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២១០៩ នេះ ឯកឧត្តម យិត ចាន់ដារដ្ឋ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហង់ ពៅ អគ្គនាយក នៃអាជ្ញាធរជាតិអប្សរា រួមជាមួយលោកជំទាវឧកញ៉ា បណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ និងព្រះតេជគុណព្រះសទ្ធម្មប្បកាសនី បណ្ឌិត តាត មហាទី ព្រះចៅអធិការវត្តព្រះឥន្ទកោសា ដោយមានការចូលរួមពីព្រះសង្ឃ និងអាជ្ញាធរមូលដ្ឋាន បានរៀបចំពិធីចែក និងដាំកូនឈេីចំនួន ៧០០០ ដេីម ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ១៥១៨ គ្រួសារ មកពីបណ្តាភូមិនានា ក្នុងឃុំចាន់ស ស្រុកសូទ្រនិគម ដេីម្បីរួមចំណែកការពារ និងលេីកស្ទួយបរិស្ថានធម្មជាតិ។
ដំណឹងជ្រើសរើសបុគ្គលិក
( ថ្ងៃទី 06 ខែ កញ្ញា ឆ្នាំ2019 )
សូមជូនដំណឹងដល់សិស្ស និស្សិត និងសាធារណជនទាំងអស់ឲ្យបានជ្រាបថា អាជ្ញាធរអប្សរា និងធ្វើការជ្រើសរើសភ្នាក់ងារសណ្ដាប់ធ្នាប់ កម្រិតសញ្ញាបត្រទុតិយភូមិ ចំនួន ០៣ រូបឲ្យបម្រើការងារនៅនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៏អង្គរ។
ក្រុមការងារថែទាំផ្លូវរបស់នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងអន្ដរវិស័យនៃអាជ្ញាធរជាតិអប្សរា ធ្វើការសម្អាតដី និងទឹកដក់នៅតាមដងវិថីសម្ដេចវិបុលបញ្ញា សុខ អាន។ សកម្មភាពនេះគឺជាការងារប្រចាំថ្ងៃដើម្បីធានាបាននូវគុណភាពនិងសោភ័ណភាពតាមដងវិថី។
នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមការងារចម្រុះនៃអាជ្ញាធរជាតិអប្សរា រដ្ឋបាលក្រុងសៀមរាប និងរដ្ឋបាលខេត្តសៀមរាប បានចាត់វិធានការណ៍រុះរើសំណង់ខុសច្បាប់ចំនួន ០៨ខ្នង មានម្ចាស់ឈ្មោះ ឡុត ប៉ុន, ចាត់ ជីតា, ស៊ង់ រ៉ត, លេ កញ្ញា, សូ ផាត, មួន ម៉ុន, និង នួន ប្រុស (ឆោម សារ៉ាន់) និង តាន់ សៀង ដែលសំណង់ទាំងនោះបានសាងសង់នៅលើដីកម្មសិទ្ធិឯកជនរបស់រដ្ឋដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា នៅភូមិធ្លកអណ្តូង សង្កាត់ ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
14162
ម្សិលមិញ
:
16777
សប្តាហ៍នេះ
:
14162
ខែនេះ
:
0202293
សរុប
:
009161864