ព័ត៌មានថ្មីៗ

ឯកឧត្តម សុខ សង្វារ ៖ មគ្គុទ្ទេសក៍ទេសចរណ៍មានតួនាទីសំខាន់ណាស់សម្រាប់វិស័យទេសចរណ៍

បានផ្សាយនៅ ថ្ងៃទី 30 ខែ មិថុនា ឆ្នាំ2016 03:31 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
“វប្បធម៌គឺជាសៀវភៅមួយក្បាល ដែលផ្ទុកដោយកំណត់ត្រាប្រវត្តិសាស្ត្រ ទំនៀមទម្លាប់ សាសនា និងប្រពៃណីរបស់យើង។ វិស័យទេសចរណ៍ គឺជាអ្នកបោះពុម្ព ដែលក្នុងនោះភ្ញៀវទេសចរគឺជាអ្នកអាន និងមគ្គុទ្ទេសក៍ទេសចរណ៍គឺជាអ្នកអត្ថាធិប្បាយ បកស្រាយសៀវភៅមួយក្បាលនេះ ឲ្យបានទូលំទូលាយដល់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍”។ នេះជាប្រសាសន៍របស់ ឯកឧត្តម សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា និងជាប្រធានក្រុមការងារអនុវត្តផែនការគ្រប់គ្រងទេសចរណ៍អង្គរ នៅសណ្ឋាគារសោមាទេវីអង្គរ។

ក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ ដែលរៀបចំឡើងដោយសមាគមមគ្គុទ្ទេសក៍ទេសចរណ៍អង្គរ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦នេះ ឯកឧត្តម សុខ សង្វារ បានសម្តែងនូវការគាំទ្រ និងអបអរសាទរចំពោះសមាគមដែលយកចិត្តទុកបណ្តុះបណ្តាលចំណេះដឹងបន្ថែមដល់ក្រុមមគ្គុទ្ទេសក៍ទេសចរណ៍របស់ខ្លួន។ ឯកឧត្តមបញ្ជាក់ថា ក្នុងនាមស្ថាប័នអភិរក្សរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាតែងគាំទ្រជានិច្ចនូវសកម្មភាពពង្រឹងសមត្ថភាព ចំណេះដឹង ដល់ក្រុមមគ្គុទេសក៍ទេចរណ៍គ្រប់រូប ដើម្បីទទួលបានចំណេះដឹង ពាក់ព័ន្ធនឹងលទ្ធផលស្រាវជ្រាវ និងរបកគំហើញថ្មីៗទៀត។

ឯកឧត្តមបន្តថា គឺតាមរយៈមគ្គុទ្ទេសក៍ទេសចរណ៍នេះហើយ ដែលនាំឲ្យភ្ញៀវបរទេសបានស្គាល់នូវអារ្យធម៌ដ៏រុងរឿងរបស់យើង។ មិនតែប៉ុណ្ណោះ មគ្គុទ្ទេសក៍ទេសចរណ៍ក៏ជាអ្នកតំណាងឲ្យប្រជាពលរដ្ឋខ្មែរផងដែរ ក្នុងទំនាក់ទំនងជាមួយភ្ញៀវបរទេស ព្រោះពួកគាត់ជាអ្នកដើរជាមួយ ប្រាស្រ័យជាមួយ ជិតដិតជាមួយភ្ញៀវទេសចរជាងអ្នកណាៗទាំងអស់។ ដូច្នេះ ការបកស្រាយបានល្អ ភាពរួសរាយរាក់ទាក់ និងទំនាក់ទំនងល្អរបស់មគ្គុទេសក៍ទេសចរណ៍ គឺជាចំណែកដ៏សំខាន់ក្នុងកំណើនវិស័យទេសចរណ៍នៅកម្ពុជា។ មានតែការពង្រឹងសមត្ថភាពទេ ដែលធ្វើឲ្យចំណុចដ៏ល្អៗទាំងនេះសម្រេចបានជោគជ័យទៅបាន។

ឯកឧត្តមបន្ថែមថា អាជ្ញាធរជាតិអប្សរាពិតជាគាំទ្រការបណ្តុះបណ្តាលរបៀបនេះយ៉ាងពេញទំហឹង។ បើមានវគ្គរបៀបនេះលើកក្រោយ អាជ្ញាធរជាតិអប្សរានឹងស្វាគមន៍ជួយជាកន្លែងបណ្តុះបណ្តាលនៅសាលសន្និសីទអង្គរ ដែលអាចផ្ទុកមនុស្សបានរាប់រយនាក់ ដោយមិនគិតថ្លៃ និងបញ្ជូនមន្ត្រីជំនាញគ្រប់ផ្នែកដើម្បីធ្វើបទបង្ហាញទៀតផង។ ជាមួយគ្នានេះ ឯកឧត្តមក៏បានអំពាវនាវឲ្យមានការបង្កើតជាសហព័ន្ធ ឬ អាចជាសមាគមធំនៃមគ្គុទ្ទេសក៍ទេសចណ៍ក្នុងខេត្តសៀមរាបទាំងមូល ដើម្បីងាយស្រួលដល់ការងារចែករំលែកព័ត៌មានថ្មីៗ ឬបង្កើតវគ្គបណ្តុះបណ្តាលផ្សេងៗឲ្យបានគ្រប់គ្នា។

លោក លី ហ៊ាង ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ខ្មែរអង្គរបានបញ្ជាក់ថា សមាគមរបស់លោកតែងរៀបចំវគ្គបណ្តាលដល់សមាជិកក្រុមជាបន្តបន្ទាប់ ដើម្បីពង្រឹងចំណេះដឹងឲ្យក្លាយជាមគ្គុទេ្ទក៍អាជីព ដែលមានសមត្ថភាព និងសីលធម៌ល្អ។ លោករៀបរាប់ថា សមាគមរបស់លោកមានសមាជិកជាង៣០០នាក់ ហើយការរៀបចំនៅពេលនេះមានរយៈពេល២ថ្ងៃកន្លះ។ គ្រូឧទ្ទេសក៍ក្នុងវគ្គបណ្តុះបណ្តាលនេះ គឺជាអ្នកជំនាញដែលមកពីអាជ្ញាធរជាតិអប្សរា និងអ្នកស្រាវជ្រាវបរទេសមួយចំនួនផង៕








ក្នុងខែឧសភា ឆ្នាំ២០២០ របាយការណ៍លេខាធិការដ្ឋានសហគមន៍នៃអាជ្ញាធរជាតិអប្សរា បង្ហាញថា ក្រុមការងារសហគមន៍បានចុះសម្របសម្រួលជាមួយប្រជាពលរដ្ឋដើម្បីពិនិត្យនិងដោះស្រាយសំណើស្នើសុំជួសជុលផ្ទះ រួមទាំងសាងសង់តូចតាចតាមភូមិទាំង១១២ភូមិ ក្នុងតំបន់ឧទ្យានអង្គរ ដោយអនុញ្ញាតជូនប្រជាពលរដ្ឋបានចំនួន៤៧១គ្រួសារ។
នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០នេះ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា បានបន្តការងាររៀបចំសួនច្បារមុខបរិវេណប្រាសាទអង្គរវត្ត ដែលការងារនេះធ្វើឡើងក្នុងបំណងកែប្រែបរិវេណនេះឱ្យក្លាយជាសួនបៃតង។ នេះជាកិច្ចការអាទិភាពមួយក្នុងចំណោមការងារអាទិភាពជាច្រើនរបស់អាជ្ញាធរជាតិអប្សរា សំដៅធ្វើយ៉ាងណា រៀបចំតំបន់រមណីយដ្ឋានអង្គរឱ្យមានភាពស្រស់ស្អាត មានភាពបៃតង ស័ក្ដិសមជាតំបន់បេតិកភណ្ឌពិភពលោក។
នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ នេះ អ្នកស្រី យ៉ន ចាន់ថា ដែលជាអាជីវករ និងអ្នកស្រី នង ញួន ម្ចាស់ទីតាំងតូបលក់ដូរនៅមុខប្រាសាទអង្គរ វត្ត បានស្ម័គ្រចិត្ត រុះរេីអាហារដ្ឋានរបស់ខ្លួន និងប្រគល់ទីតាំងជូនអាជ្ញាធរជាតិអប្សរា ដេីម្បីបន្តដាំដេីមឈេីប្រណិត រៀបចំសួនច្បារ និងសាងសង់កន្លែងបដិសណ្ឋារកិច្ច និងសេវាកម្មទេសចរណ៍ កម្រិតអន្តរជាតិ ដែលមានបរិស្ថាន ស្អាត និងសណ្តាប់ធ្នាប់របៀបរៀបរយ ល្អ ។
ក្រុមការងារចុះបញ្ជីបេតិកភណ្ឌរូបីនៃអាជ្ញាធរជាតិអប្សរា សម្រេចចុះបញ្ជីវត្ថុសិល្បៈបានចំនួន៧១១បំណែក ដែលប្រមូលបានពីប្រជាជននិងនៅតាមប្រាសាទទាំង៩១ក្នុងរមណីយដ្ឋានអង្គរ ឱ្យមានសុវត្ថិភាពនិងមានអត្តសញ្ញាណត្រឹមត្រូវ សម្រាប់ជាប្រយោជន៍ប្រើប្រាស់ទៅថ្ងៃក្រោយ។
១៖ម្ចាស់ភោជនីយដ្ឋាន «ផ្ទះបាយតានីខ្មែរអង្គរ» ស្ម័គ្រចិត្តរុះរើសំណង់ប្រគល់ទីតាំងជូនអាជ្ញាធរជាតិអប្សរា អភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធនិងសម្បទាទេសចរណ៍ជាលើកទី២
នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ ម្ចាស់ភោជនីយដ្ឋាន «ផ្ទះបាយតានីខ្មែរអង្គរ» បានស្ម័គ្រចិត្តរុះរើសំណង់ភោជនីយដ្ឋានចំនួនមួយខ្នងបន្ថែមទៀត ដែលជាអតីតភោជនីយដ្ឋាន «ភ្នំស្រី» ដើម្បីសម្រួលដល់ការសាងសង់ទីលានបដិសណ្ឋារកិច្ចមុខប្រាសាទអង្គរវត្ត។
ដើមដំបូងមុន12345...319320បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
5501
ម្សិលមិញ
:
19861
សប្តាហ៍នេះ
:
43349
ខែនេះ
:
0043349
សរុប
:
010980333