ព័ត៌មានថ្មីៗ

ដំបូលរោងទងកូរសមុទ្រទឹកដោះនៃប្រាសាទអង្គរវត្ត ជិតមានពិតានវិញហើយ

បានផ្សាយនៅ ថ្ងៃទី 28 ខែ មិថុនា ឆ្នាំ2016 02:40 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
តាមការស្រាវជ្រាវ ដំបូលរោងទងនៃប្រាសាទអង្គរវត្តទាំងអស់សុទ្ធតែមានពិតានឈើ ដែលបុព្វបុរសបានឆ្លាក់ក្បាច់ភ្ជាប់នឹងដំបូល ប៉ុន្តែពិតានទាំងនោះបានរបេះធ្លាក់ជាបន្តបន្ទាប់ដោយសារពេលវេលា និងអាយុកាលដ៏យូរលង់។ អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាបានសិក្សាពីទម្រង់នៃពិតានទាំងនោះឡើងវិញ តាមបំណែកដែលមាននៅសេសសល់ខ្លះ ហើយបានសហការជាមួយស្ថាប័នអន្តរជាតិដើម្បីធ្វើពិតានឈើថ្មីទៅជំនួសវិញ។ ក្នុងកិច្ចប្រជុំគណៈកម្មាធិការអាយស៊ីស៊ីអង្គរកន្លងទៅថ្មីៗនេះ សំណើឆ្លងយោបល់ដើម្បីបំពាក់ពិតានឈើនៅរោងទងកូរសមុទ្រទឹកដោះនៃប្រាសាទអង្គរវត្ត បានទទួលការអនុម័តជាផ្លូវការហើយ។

លោក លី វណ្ណា ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការបញ្ជាក់ថា គម្រោងសិក្សាដើម្បីបំពាក់ពិតានលើរោងទងនៃប្រាសាទអង្គរវត្តនេះ បានចំណាយពេលសិក្សាជាង៣ឆ្នាំមកហើយ ដោយកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងមូលនិធិបេតិកភណ្ឌពិភពលោក(WMF)របស់សហរដ្ឋអាមេរិក។ “យើងបានរៀបចំឯសារលម្អិតស្តីពីចម្លាក់ពិតាននៅប្រាសាទអង្គរវត្ត ក៏ដូចជាប្រាសាទផ្សេងៗទៀត ដែលនៅមានពិតានសេសសល់ ហើយបានដាក់ជូន ICC-Angkor ពិនិត្យ កាលពីកិច្ចប្រជុំបច្ចេកទេសលើកទី២៥ ហើយនៅកិច្ចប្រជុំលើកទី២៦នេះ យើងបានទទួលការអនុម័តយល់ព្រមហើយ”។

លោកបន្ថែមថា កិច្ចប្រជុំលើកនេះ បានឯកភាពគ្នាទៅលើ ប្រភេទក្បាច់ របៀបឆ្លាក់ ទំហំក្តារ ប្រភេទឈើ និងបច្ចេកទេសតំឡើង។ “កម្រាស់ឈើដែលត្រូវឆ្លាក់នឹងមានកម្រាស់១តឹក ក្រោយពីឆ្លាក់ហើយនៅសល់តែ៩ហ៊ុនទេ នឹងត្រូវលើកទៅស៊កក្នុងពិតានដែលមានប្រវែង៤៤ម៉ែត្រជាង។ កាលពីមុន យើងពិបាកនឹងរកទម្រង់ដែលឯកភាពគ្នារវាងអ្នកជំនាញអាជ្ញាធរជាតិអប្សរា WMF និងអ្នកជំនាញអាដហុក នៃអាយស៊ីស៊ីអង្គរ ព្រោះចម្លាក់ហ្នឹង ជាចម្លាក់ក្នុងន័យអភិរក្ស មិនមែនដើម្បីទាក់ទាញភ្ញៀវទេសចរហើយដាក់តាំងលក់នោះទេ។ ឥឡូវយើងបានឯកភាពគ្នាអស់ហើយ និងបានជ្រើសរើសជាងចម្លាក់ ដែលមានទឹកដៃល្អ។ បើការងារនេះ បានជោគជ័យ យើងនឹងបន្តបំពាក់ពិតានទៅលើដំបូងរោងទងដទៃៗទៀតក្នុងប្រាសាទអង្គរវត្តទាំងមូល”។

នៅកិច្ចប្រជុំរបស់អាយស៊ីស៊ីអង្គរលើកក្រោយ អ្នកជំនាញនឹងយកចម្លាក់ទៅបំពាក់សាកល្បង២ឬ៣ម៉ែត្រ លើរោងទងជាក់ស្តែង ដើម្បីជូនអ្នកជំនាញអាដហុក (ad hoc) មើលម្តងទៀត។ នេះជាសមិទ្ធផលដ៏លេចធ្លោមួយទៀតនៃកិច្ចការអភិរក្សមរតកដូនតារបស់យើង។ ដូច្នេះ រយៈពេលមួយឆ្នាំក្រោយ យើងអាចនឹងឃើញពិតានដំបូលរោងទងប្រាសាទអង្គរវត្តដ៏ស្រស់ស្អាតឡើងវិញហើយ៕






សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានពិព័រណ៍អចិន្រ្តៃយ៍ចំនួន៣ សុទ្ធសឹងជាលទ្ធផលកំណាយស្រាវជ្រាវបុរាណវិទ្យានៅក្នុងតំបន់អង្គរ។ ពិព័រណ៍វត្ថុបុរាណដែលបានមកពីកំណាយស្រាវជ្រាវទាំងនោះ នឹងផ្តល់ចំណេះដឹងដល់អ្នកទស្សនាឱ្យយល់បានកាន់តែច្បាស់អំពីបុរាណវិទ្យាលើដីនិងក្រោមដី រួមទាំងប្រវត្តិសិល្បៈជាច្រើនទៀត។
អង្គរ ជាដួងព្រលឹងនិងអត្តសញ្ញាណជាតិ បានក្លាយជាសម្បត្តិបេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិរបស់អង្គការយូណេស្កូនៅឆ្នាំ១៩៩២។ តាំងពីពេលនោះមករហូតដល់បច្ចុប្បន្ន ក្រៅតែពីកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពតំបន់អង្គរ ការបណ្តុះបណ្តាលអ្នកបន្តវេនថែរក្សាអង្គរត្រូវបានចាត់ទុកជាកិច្ចការអាទិភាពយ៉ាងសំខាន់។
ជាស្មារតីរួមចំណែកអបអរសាទរខួបលើកទី២៣នៃទិវាវប្បធម៌ជាតិ ដែលធ្វើឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរា កន្លងមកក៏បានចេញផ្សាយទស្សនាវដ្តី «ព្រះនគរ» ដែលបរិយាយលម្អិតពីទិដ្ឋភាពទំនៀមទម្លាប់ប្រពៃណី ក៏ដូចជាលទ្ធផលស្រាវជ្រាវនានានៅក្នុងតំបន់អង្គរ។
ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន ៣គោលដៅ ដែលមានការសហការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ គឺជាទិវាវប្បធម៌ជាតិលើកទី២៣ ក្រោមប្រធានបទ « យុវជនដើម្បីវប្បធម៌ ជាតិ »
ដើមដំបូងមុន12345...395396បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
19
ថ្ងៃនេះ
:
20615
ម្សិលមិញ
:
23810
សប្តាហ៍នេះ
:
290171
ខែនេះ
:
0290171
សរុប
:
015359974