ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាបើកកិច្ចពិភាក្សាជាមួយអ្នកជំនាញជាតិនិងអន្តរជាតិ ស្តីពីការបង្កើតផែនការគ្រប់គ្រងរមណីយដ្ឋានភ្នំគូលែនទៅអនាគត

បានផ្សាយនៅ ថ្ងៃទី 27 ខែ មិថុនា ឆ្នាំ2016 12:45 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

បន្ទាប់ពីកិច្ចប្រជុំបច្ចេកទេស ICC-Angkor លើកទី២៦បានបញ្ចប់ទៅ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦នេះ អ្នកជំនាញជាតិនិងអន្តរជាតិមកពីស្ថាប័នផ្សេងៗ បានបន្តកិច្ចពិភាក្សាចែករំលែកបទពិសោធន៍ជាបន្តទៀតនៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា តាមរយ:សិក្ខាសាលាស្តីពី «កិច្ចការអភិរក្សនិងបញ្ហាប្រឈមនៅភ្នំគូលែន» ដើម្បីរៀបចំផែនការមេគ្រប់គ្រងរមណីយដ្ឋាននេះ មុននឹងដាក់បញ្ចូលទៅជាបេតិកភណ្ឌពិភពលោក ។ 

កិច្ចពិភាក្សានេះចូលរួមជាអធិបតីភាពដោយឯកឧត្តម រស់ បូរ៉ាត អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម បណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមនឹងវាគ្មិន សំខាន់ៗដូចជា ឯកឧត្តម Takahisa Tsugawa សហប្រធាន ICC-Angkor ភាគីជប៉ុន លោកសាស្ត្រាចារ្យ Azedine Beshaouch លេខាធិការវិទ្យាសាស្ត្រនៃគណៈកម្មាធិការ ICC-Angkor តំណាងក្រសួងបរិស្ថាន ក្រសួងវប្បធម៌និងវិចិត្រសិល្ប: អាជ្ញាធរជាតិអប្សរា និងស្ថាប័នស្រាវជ្រាវជាច្រើនទៀត។ បទបង្ហាញនេះធ្វើឡើងដើម្បីផ្លាស់ប្តូរបទពិសោធន៍ ក៏ដូចជាការបង្ហាញនូវទិន្នន័យថ្មីៗរបស់អ្នកស្រាវជ្រាវសម្រាប់ជាចំណេះដឹង និងការរៀបចំផែនការគ្រប់គ្រងតំបន់ប្រវត្តិសាស្រ្តមួយនេះឲ្យបានល្អទៅថ្ងៃអនាគត រួមទាំងការរៀបចំឯកសារពេញលេញមួយស្នើសុំទៅអង្គការយូណេស្កូ ដើម្បីចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកផងដែរ។

ដោយចង់រំលេចឲ្យឃើញពីការរួមចំណែកដ៏សំខាន់ក្នុងកិច្ចការនេះ លោក សេង សោត អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលគាំពារ និងអភិរក្សធម្មជាតិនៃក្រសួងបរិស្ថានបានលើកឡើងថា ទាក់ទងនឹងឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តមភ្នំគូលែន ក្រសួងបរិស្ថានមានតួនាទីសំខាន់ក្នុងការការពារធនធានធម្មជាតិ។ ការងារថ្មីមួយទៀត គឺការពារបេតិកភ ណ្ឌវប្បធម៌នៅលើឧទ្យានជាតិ ព្រោះក្នុងឧទ្យានជាតិនីមួយៗតែងមានធនធានវប្បធម៌នៅទីនោះ ដូចជាប្រាសាទបុរាណ រមណីយដ្ឋានបុរាណ ទីតាំងសក្ការៈ រួមទាំងសហគមន៍ផង។

ចំពោះបញ្ហានេះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បានស្នើសុំទៅកិច្ចប្រជុំ ICC-Angkor បង្កើតក្រុមការងារមួយដើម្បីជជែកគ្នារៀបចំផែនការគ្រប់គ្រងឧទ្យានជាតិភ្នំគូលែន។ សំណើនេះក៏ទទួលបានការគាំទ្រនិងឱ្យយោបល់ពីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីនិងជាប្រធានអាជ្ញាធរជាតិអប្សរា ឱ្យក្រសួងបរិស្ថានសហការជាមួយ ស្ថាប័នពាក់ព័ន្ធផ្សេងៗ ពិសេសអាជ្ញាធរជាតិអប្សរា ដើម្បីឲ្យបង្កើតក្រុមការងារនោះឱ្យបានឆាប់ ដើម្បីធ្វើការងារនេះជាមួយគ្នា ព្រោះអាជ្ញាធរជាតិអប្សរាបានចូលទៅគ្រប់គ្រងការងារនៅភ្នំគូលែនតាំងពីឆ្នាំ២០០៥ មានជំនាញ បទពិសោធន៍ច្រើនឆ្នាំទាំងផ្នែកការពារនិងអភិរក្សប្រាសាទ។

បន្ថែមពីនោះ លោកសាស្ត្រាចារ្យ Azedine Beshaouch ក៏បានលើកឡើងផងដែរអំពីសារៈសំខាន់នៃការបង្កើតផែនការមេគ្រប់គ្រងតំបន់ភ្នំគូលែន ហើយលោកនឹងចាំចូលរួម ផ្តល់យោបល់និងកែលម្អនូវផែនការគ្រប់គ្រងនេះឱ្យបានល្អជាមួយអ្នកជំនាញ ដើម្បីធានាបាននូវការការពារធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ ពិសេសសហគមន៍ឱ្យមាននិរន្តរភាពនៅលើភ្នំគូលែន៕








ថ្ងៃពុធ ទី ២៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារសហគមន៍ចំនួននៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅដែលមានការសហការចូលរួមអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ក្រុមជំនាញនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន និងនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យ និងអនុវត្តន៍វិធានការបន្ទាន់ចំពោះដើមឈើដែលកំពុងបង្កហានិភ័យខ្ពស់មកលើប្រាសាទគោកពោធិ៍ សិ្ថតក្នុងភូមិគោកពោធិ៍ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប។
នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះទៅពិនិត្យការដ្ឋានកំណាយស្រាវជ្រាវបុរាណវិទ្យានៅមុខព្រះលានជល់ដំរី មុននឹងដំណើរការរៀបចំហេដ្ឋារចនាសម្ពន្ធផ្លូវថ្មើជើង សួនស្មៅ ដាំដើមឈើ និងប្រព័ន្ធបង្ហូរទឹក។
«គម្រោងរៀបចំទីលានបដិសណ្ឋារកិច្ចប្រាសាទអង្គរវត្ត» ជាគម្រោងដ៏សំខាន់មួយដើម្បីរៀបចំបរិស្ថានប្រាសាទ បង្កើតសោភ័ណភាពប្រាសាទ ទេសភាពវប្បធម៌ សណ្តាប់ធ្នាប់ សេវាកម្មទេសចរណ៍នៅក្នុងរមណីយដ្ឋានអង្គរឱ្យមានភាពល្អប្រសើរ។
កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមនិស្សិតនៃសកលវិទ្យាល័យបៀលប្រាយខេត្តសៀមរាបចំនួន១៥នាក់ បានមកទស្សនកិច្ចសិក្សានៅសារមន្ទីរវាយភណ្ឌប្រពៃណីអាស៊ីដើម្បីសិក្សាស្វែងយល់អំពី រឿងរ៉ាវពីបុរាណរបស់ទន្លេគង្គានិងសារៈសំខាន់របស់ទន្លេមេគង្គ ក្នុងវិស័យវប្បធម៌និងសង្គម រួមជាមួយនឹងភស្តុតាង បច្ចុប្បន្ននៃទន្លេគង្គាដ៏ពិសិដ្ឋគឺនៅភាគខាងលិចទន្លេមេគង្គ។
ដើមដំបូងមុន12345...393394បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
14
ថ្ងៃនេះ
:
27555
ម្សិលមិញ
:
20070
សប្តាហ៍នេះ
:
78877
ខែនេះ
:
0382385
សរុប
:
014825226