ព័ត៌មានថ្មីៗ

គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ កំពុងដំណើរការកិច្ចប្រជុំបច្ចេកទេសលើកទី២៦នៅសន្និសីទអង្គរនៃអាជ្ញាធរជាតិអប្សរា

បានផ្សាយនៅ ថ្ងៃទី 22 ខែ មិថុនា ឆ្នាំ2016 03:54 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
គណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា អាយស៊ីស៊ី-អង្គរ បានដំណើរការកិច្ចប្រជុំបច្ចេកទេសលើកទី២៦របស់ខ្លួនហើយ នៅព្រឹកថ្ងៃ ២២ ខែមិថុនា ឆ្នាំ២០១៦ នៅសាលសន្និសីទអង្គរនៃអាជ្ញាធរជាតិអប្សរា។ កិច្ចប្រជុំនេះគ្រោងនឹងដំណើរការរយៈពេល២ថ្ងៃគឺពីថ្ងៃទី២២ដល់២៣ ខែមិថុនា ឆ្នាំ២០១៦។

កិច្ចប្រជុំអាយស៊ីស៊ី-អង្គរ បានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិអប្សរា រួមនឹងសហប្រធានគណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ លោក តាកាហ៊ីសា ស្សូហ្គាវា (Takahisa TSUGAWA) អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុន និង លោកជំទាវ ប៉ាស្កាល់ តួកេ (Pascale TURQUET) ទីប្រឹក្សាផ្នែកសហប្រតិបត្តិការវប្បធម៌នៃស្ថានទូតបារាំង។ មានប្រសាសន៍បើកកិច្ចប្រជុំព្រឹកមិញនេះ ឯកកឧត្តមបណ្ឌិតសភាចារ្យបានលើកឡើងថា បច្ចុប្បន្ននេះយន្តការអាយស៊ីស៊ី-អង្គរកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាកលលោក។ ថ្មីៗនេះនៅក្នុងកិច្ចប្រជុំកំពូលប្រទេសអភិវឌ្ឍន៍ទាំង៧ (G7 Summit) នៅប្រទេសជប៉ុន ប្រធានាធិបតីបារាំងវលោក ហ្រ្វង់ស័រ ហូឡង់ បានលើកយកយន្តការអាយស៊ីស៊ី-អង្គរ មកបង្ហាញដើម្បីជាបទដ្ឋានដ៏ល្អក្នុងការគ្រប់គ្រងសម្បត្តិបេតិកភណ្ឌពិភពលោកនៃបណ្តាផ្សេងៗទៀត។ ឯកឧត្តមបណ្ឌិតសភាចារ្យបានបញ្ជាក់ថា សព្វថ្ងៃនេះប្រទេសអាហ្វហ្កានីស្ថាន ក៏នឹងរំពឹងយកគំរូពីអាយស៊ីស៊ី-អង្គរទៅអនុវត្តក្នុងកិច្ចការអភិរក្សបេតិកភណ្ឌរបស់ខ្លួនដែរ។ មិនយូរទេ យន្តការអាយស៊ីស៊ីអង្គរនឹងកាន់តែមានភាពល្បីល្បាញទៅកាន់ពិភពលោកទាំងមូល។ នេះជាមោទនភាពដ៏ក្រៃលែងសម្រាប់ក្រុមការងារអាយស៊ីស៊ីអង្គររបស់យើង។

ជាមួយគ្នានេះឯកឧត្តមបណ្ឌិតសភាចារ្យក៏បានរំឭកដល់ដឹកនាំ និងមន្ត្រីអាជ្ញាធរជាតិអប្សរាទាំងអស់ត្រូវយកចិត្តទុកដាក់ដោយផ្តល់អាទិភាពទៅលើប្រាសាទអង្គរវត្ត។ ក្នុងន័យនេះ ប្រាសាទអង្គរវត្តគឺជាប្រាសាទល្អឯក និងត្រូវរៀបចំផែនទីហានិភ័យដែលអាចឲ្យយើងដឹងអំពីទីតាំងហានិភ័យផ្សេងៗដែលមាននៅទីនោះ។ ត្រូវដាំដើមឈើបន្ថែមដើម្បីឲ្យអង្គរវត្តក្លាយជាតំបន់បៃតងស្រស់បំព្រង និងត្រូវគិតគូរឲ្យបានហ្មត់ចត់លើការងារសាងសង់ទីលានបដិសណ្ឋារកិច្ច (Parvis)។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានជំរុញឪ្យយកចិត្តទុកដាក់បន្ថែមលើការងារបណ្តុះបណ្តាលធនធានមនុស្ស ដោយផ្តោតទៅលើអ្នកជំនាញវ័យក្មេងទាំងនៅក្នុងអាជ្ញាធរជាតិអប្សរា និងអាជ្ញាធរជាតិព្រះវិហារផង ហើយបន្តទៅមនុស្សដែលមានការងារពាក់ព័ន្ធនឹងអង្គរដូចជាមគ្គុទ្ទេសក៍ទេសចរណ៍ជាដើមឲ្យពួកគាត់យល់កាន់តែច្បាស់អំពីអង្គរផង និងអំពីដំណើរការនៃការងារអភិរក្សអង្គរផង។

សូមបញ្ជាក់ថា គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ICC-Angkor បានបង្កើតឡើងនៅឆ្នាំ១៩៩៣ក្រោយសនិ្នសីទអន្តរជាតិលើកទី១ស្តីពីអង្គរនៅទីក្រុងតូក្យូ ប្រទេសជប៉ុន តាមសំណូមពររបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកពេលទទួលចុះអង្គរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ការបង្កើតគណៈកម្មការអាយស៊ីស៊ី-អង្គរ ICC-Angkor សម្រាប់អង្គរ ក៏ជាលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌទាំង៥ ដែលតម្រូវឲ្យអាជ្ញាធរកម្ពុជាបំពេញក្នុងរយៈពេល៣ឆ្នាំ(១៩៩៣-១៩៩៦)៕














ស្ថិតក្នុងសម្លៀកបំពាក់ពណ៌ស ពាក់មួកសុវត្ថិភាព បុរសវ័យចំណាស់និងវ័យកណ្តាល ជាច្រើន កំពុងមមាញឹកយ៉ាងខ្លាំងក្នុងការដ្ឋានជួសជុលប្រាសាទឥដ្ឋ ដែលមានរន្ទារហ៊ុំពីខាងក្រៅយ៉ាងស្អេកស្កះ។ សកម្មភាពនេះ សំដៅធ្វើយ៉ាងណាឱ្យសំណង់ប្រាសាទ ដែលមានការខូចខាត ទទួលបានល្អប្រសើរឡើងវិញផ្នែកបេតិកភណ្ឌជាតិ វិស័យទេសចរណ៍ រួមទាំងទុកជាមរតកវប្បធម៌របស់កូនខ្មែរគ្រប់ជំនាន់។
នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៦នេះ ឯកឧត្តម សឺង គង់ ទីប្រឹក្សានៃអាជ្ញាធរជាតិអប្សរានិងមន្ត្រី/បុគ្គលិកអាជ្ញាធរជាតិអប្សរាមួយចំនួនទៀតបានចូលរួមក្នុងពិធីដាំកូនឈើជាមួយនឹងអាជ្ញាធរស្រុក ឃុំ ភូមិ ព្រះសង្ឃ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និង ប្រជាពលរដ្ឋ ពុទ្ធបរិស័ទយ៉ាងច្រើនកុះករតាមផ្លូវចូលទៅក្នុងវត្តបរិវេណវត្តខ្នារធ្នង់និងបឋមសិក្សា-អនុវិទ្យាល័យខ្នារធ្នង់ស្ថិតនៅភូមិថ្នល់តាសិត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ។
ការចេះដឹងអំពីបេតិកភណ្ឌរបស់ខ្លួន នឹងជំរុញឲ្យយុវជនរឹងរឹតតែស្រឡាញ់ និងមានឆន្ទៈមុតមាំក្នុងការថែរក្សាអភិរក្សឲ្យបានគង់វង្ស។ កាលបើយុវជនដែលជាទំពាំងស្នងឫស្សីមានការយល់ដឹងច្បាស់ និងរួមចំណែកថែរក្សាហើយនោះ បេតិកភណ្ឌដូនតានឹងអាចតាំងនៅយូរអង្វែងតជំនាន់វែងឆ្ងាយទៅទៀត។ ដូច្នេះ មានតែអប់រំទេដែលអាចសម្រេចបំណងនេះបាន។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
14
ថ្ងៃនេះ
:
12198
ម្សិលមិញ
:
28276
សប្តាហ៍នេះ
:
91796
ខែនេះ
:
0395304
សរុប
:
014838145