ព័ត៌មានថ្មីៗ

អាយស៊ីស៊ី-អង្គរនឹងបើកកិច្ចប្រជុំបច្ចេកទេសលើកទី២៦របស់ខ្លួន នៅថ្ងៃទី២២-២៣ ខែមិថុនា

បានផ្សាយនៅ ថ្ងៃទី 20 ខែ មិថុនា ឆ្នាំ2016 02:27 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា អាយស៊ីស៊ី-អង្គរ (International Coordination Committee for the Safeguarding and Development of Historic Site of Angkor : ICC-Angkor) នឹងបើកកិច្ចប្រជុំបច្ចេកទេសលើកទី២៦របស់ខ្លួន នៅថ្ងៃទី២២-២៣ ខែមិថុនា ឆ្នាំ២០១៦ នាសាលសន្និសីទអង្គរ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា។

កិច្ចប្រជុំអាយស៊ីស៊ី-អង្គរ នឹងប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិអប្សរា រួមនឹងសហប្រធានគណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ លោក តាកាហ៊ីសា ស្សូហ្គាវា (Takahisa TSUGAWA) អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុន និង លោកជំទាវ ប៉ាស្កាល់ តួកេ (Pascale TURQUET) ទីប្រឹក្សាផ្នែកសហប្រតិបត្តិការនិងកិច្ចការវប្បធម៌នៃស្ថានទូតបារាំង។

របៀបវារៈនៃកិច្ចប្រជុំបច្ចេកទេសលើកទី២៦នេះ នឹងផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនដូចជា តាមដានការអនុវត្តអនុសាសន៍កិច្ចប្រជុំបច្ចេកទេសលើកទី២៥ និងកិច្ចប្រជុំពេញអង្គលើកទី២២ អំពីកិច្ចការអភិរក្ស ជួសជុល និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរ របាយការណ៍សកម្មភាពស្តីអំពីការងារអភិរក្ស និងកិច្ចការស្រាវជ្រាវបុរាណវិទ្យា។ ជាមួយគ្នានេះ គម្រោងថ្មីៗនៅក្នុងរមណីយដ្ឋានអង្គរ ដូចជា ការបង្កើតក្រមប្រតិបត្តិសម្រាប់អ្នកស្រាវជ្រាវ ការរកឃើញឡស្លដែកសម័យបុរាណនៅសាលាក្រវ៉ាន់ ជាដើម ក៏នឹងត្រូវលើកពិភាក្សាផងដែរ។

គណៈកម្មាធិការអាយស៊ីស៊ីអង្គរ(ICC-Angkor)បានបង្កើតឡើងនៅឆ្នាំ១៩៩៣ ក្រោយសនិ្នសីទអន្តរជាតិលើកទី១ស្តីពីអង្គរនៅទីក្រុងតូក្យូ ប្រទេសជប៉ុន តាមសំណូមពររបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ពេលទទួលចុះអង្គរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ការបង្កើតយន្តការអន្តរជាតិ ICC សម្រាប់អង្គរ ជាលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌទាំង៥ ដែលតម្រូវឲ្យអាជ្ញាធរកម្ពុជាបំពេញក្នុងរយៈពេល៣ឆ្នាំ(១៩៩៣-១៩៩៦)។ សមាជិកនៃអាយស៊ីស៊ី(ICC) មានចំនួន៣៧ប្រទេស មកពីទ្វីប៥ និងមានអង្គការអន្តរជាតិចំនួន១៣ទៀតចូលរួម ជាសមាជិកដែរ។

អាយស៊ីស៊ី-អង្គររៀបចំកិច្ចប្រជុំរបស់ខ្លួនពីរដងក្នុង១ឆ្នាំម្តងជាមួយសមាជិក គឺកិច្ចប្រជុំពេញអង្គ និងម្តងទៀតគឺកិច្ចប្រជុំបច្ចេកទេស។ កិច្ចប្រជុំពេញអង្គផ្តោតទៅលើគោលនយោបាយគ្រប់គ្រង អំពាវនាវសុំជំនួយថវិកា សុពលភាពនៃគម្រោងថ្មី និងការប្រកាសពីគម្រោងថ្មីនៅអង្គរ។ ចំណែកកិច្ចប្រជុំបច្ចេកទេស តែងធ្វើឡើងដើម្បីតាមដានការងារអនុវត្តអនុសាសន៍មុនៗ និងតាមដានរបាយការណ៍របស់ក្រុមជំនាញដែលកំពុងប្រតិបត្តិការលើការងារអភិរក្សជួសជុលក្នុងតំបន់អង្គរទាំងមូល៕








ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ដើមឈើហានិភ័យចំនួន១៣ដើម ស្ថិតក្នុងបរិវេណប្រាសាទភិមានអាកាស បាននិងកំពុងកាត់ក្រី និងខ្លះត្រូវដកហូត។ ការងារនេះធ្វើឡើងបន្ទាប់ពីក្រុមជំនាញព្រៃឈើសង្កេតឃើញថា ដើមឈើទាំងនោះ ខ្លះដុះក្បែររចនាសម្ព័ន្ធប្រាសាទ និងខ្លះតាមបរិវេណផ្លូវទស្សនារបស់ភ្ញៀវទេសចរផង។ គោលបំណងសំខាន់នៃការងារនេះ គឺដើម្បីបញ្ជៀសហានិភ័យនានា ដែលអាចកើតជាយថាហេតុចំពោះមនុស្ស និងប្រាសាទ។
ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ក្រោយពីទទួលបានការឯកភាពពីក្រុមអ្នកជំនាញការអាដហុករបស់អាយស៊ីស៊ី-អង្គរ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរាបានបន្តដំណើរការគម្រោងកែលម្អទីធ្លាបរិវេណមុខព្រះលានជល់ដំរី ដោយមានរៀបចំជាផ្លូវថ្មើរជើងនិងប្រព័ន្ធរំដោះទឹក ព្រមទាំងដាំស្មៅឱ្យមានភាពបៃតងស្រស់បំព្រង ដើម្បីលើកតម្លៃបរិវេណអង្គរធំទាំងមូល។
ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន១គោលដៅដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
11
ថ្ងៃនេះ
:
7469
ម្សិលមិញ
:
5260
សប្តាហ៍នេះ
:
20639
ខែនេះ
:
0178528
សរុប
:
014238383