ព័ត៌មានថ្មីៗ

ទំនៀមហៅព្រលឹងនាគរបស់អ្នកស្រុកសៀមរាប

បានផ្សាយនៅ ថ្ងៃទី 08 ខែ មិថុនា ឆ្នាំ2016 03:21 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ហៅព្រលឹងនាគ (ព្រលឹងអ្នកបួស) គឺជាកិច្ចសំខាន់មួយនៅក្នុងពិធីបំបួសនាគ ដែលខ្មែរបានយកទំនៀមរបស់ខ្លួនមកផ្សារភ្ជាប់នឹងព្រះពុទ្ធសាសនា។ ពិធីនេះនៅតែបន្តធ្វើនិងស្ថិតក្នុងផ្នត់គំនិតខ្មែររហូតដល់បច្ចុប្បន្ន សម្រាប់វត្តមួយចំនួនក្នុងខេត្តសៀមរាបដែលនៅកាន់ទំនៀមបុរាណ។ ទាក់ទងនឹងពិធីហៅព្រលឹងនាគនេះ ថ្វីត្បិតត្រូវបានវត្តបុរាណជាអ្នកនៅតែប្រកាន់យក តែចំពោះការរៀបចំគ្រឿងរណ្តាប់និងកិច្ចធ្វើពិធី គឺមានលក្ខណៈខុសគ្នាទៅតាមទម្លាប់នៃតំបន់នីមួយៗ។

ប៉ុន្តែជាទូទៅយើងក៏ឃើញការរៀបចំគ្រឿងរណ្តាប់នៃការធ្វើពិធីនេះមិនមានអ្វីច្រើនឡើយ មានតែបាយព្រលឹងដែលគេរៀបចំដាក់ក្នុងកញ្ជើមួយមានដូង ចេក អំពៅ ត្រាវ ដំឡូង មួយមុខ១៩ចំណិតដូចគ្នា ពងមាន់ឆ្អិន១គ្រាប់ និងបាយមួយដុំបិទដោយគម្របសាជីធ្វើពីកំណាត់ក្រហម និងស្លឹកចេកមួយធាង។ ជម៤សម្រាប់អាចារ្យ១ ឬរៀបត្រឹមម្លូរ ស្លា បារី ធូប ទៀន ភ្ញីផ្កា១ពានជូនអាចារ្យក៏បានដែរ។

ព្រះតេជគុណ ម៉ក់ ប៉ឹង ចៅអធិការវត្តទីមុនីរង្សី ហៅវត្តព្រះអង្គទ្រង់ ដែលជាវត្តប្រកាន់នូវទំនៀមខ្មែរបុរាណនោះ មានសង្ឃដីកាថា គេធ្វើពិធីហៅព្រលឹងនាគ ក៏ព្រោះកាលមិនទាន់មកបួសនោះ គេហៅនាគនោះដោយឈ្មោះនេះ ឈ្មោះនោះ មិនសមនឹងនាគជាឈ្មោះបុគ្គលដ៏ប្រសើរនោះឡើយ ហើយបុគ្គលនោះតែងជាប់ជំពាក់វាក់វិននឹងវាលវដ្តសង្សារ ចិត្តមិនស្ងប់ ព្រលឹងទាំង១៩បែកខ្ញែកមិននៅក្នុងខ្លួន ដូច្នេះហើយគេក៏ហៅព្រលឹងនាគនោះដើម្បីកុំឱ្យព្រលឹងនៅរសាត់អណ្តែតរហេតរហូត ទៅទីឆ្ងាយដោយព្រៃដោយវាល ក្រែងលោជួបគ្រោះភ័យអ្វីមួយ ហើយមិនអាចត្រឡប់មកវិញបាន ទើបសូមឱ្យព្រលឹងទាំងនោះចូលមកនៅក្នុងរូបក្នុងអង្គវិញឱ្យគ្រប់ ដូចពាក្យពោលហៅថា «មកវ៉ើយព្រលឹងទាំងប្រាំបួនដណ្តប់សព្វគ្រប់ មកនៅរូបនៅអង្គនៃនាគទាំងអស់គ្នា សូមជាស្រណុកសុខសប្បាយ កុំទៅដោយព្រៃដោយផ្សាយ បាយគេក៏ថ្ម អង្ករគេក៏គ្រួស បង្ហួសមកនៅផ្ទះយើង ផ្ទះធំស្រណុំស្រណុក ស៊ីចេកអំបុក ស៊ីត្រាវដំឡូង ស៊ីចេកដេកនៅ ស៊ីអំពៅដើរលេង»។ ក្រៅពីពាក្យហៅព្រលឹងប៉ុន្មានម៉ាត់នេះ ក៏មានធម៌និងពាក្យប្រៀនប្រដៅជាច្រើនដល់នាគឱ្យលះបង់កិលេសតណ្ហា លះអំពើអបាយមុខទាំងឡាយដែលខ្លួនជាប់ជំពាក់និងសាងឡើងក្នុងជីវិតជាគ្រហស្ថ ពិសេសភាពស្អាតនៃរាងកាយ ដើម្បីសង្រួមកាយវាចាចិត្តក្នុងជីវិតជាអ្នកបួសក្នុងព្រះពុទ្ធសាសនា។

ព្រះតេជគុណក៏មានសង្ឃដីកាបន្តទៀតថា សម្រាប់វត្តព្រះអង្គទ្រង់ គេធ្វើពិធីហៅព្រលឹងនាគនាពេលយប់ជ្រៅ ព្រោះជាវេលាដ៏ស្ងប់ស្ងាត់ ហើយវាស្ថិតនៅក្នុងដំណាក់កាលធ្វើកិច្ចដេកអង្កររាបដែរ គឺអាចារ្យឱ្យនាគ (អ្នកបួស) ទាំងអស់ដេកនៅលើអង្កររាបរួចក៏សូត្រហៅព្រលឹងនោះទៅ។ ចំពោះកិច្ចនៃការធ្វើពិធីនេះមិនដូចគ្នាឡើយ វាអាស្រ័យទៅតាមទំនៀមវត្តបុរាណនីមួយៗ តែវាមិនថ្វីនោះទេព្រោះនេះជាទំនៀមទម្លាប់ វាតែងតែដូចនិងខុសគ្នាខ្លះដូច្នោះឯង ហើយដោយឡែកនៅវត្តសម័យគេមិនធ្វើពិធីហៅព្រលឹងនាគនេះទេ។

ចំណែកលោកតា ណេក ឡាយ អាចារ្យវត្តអាធ្វា ជាវត្តប្រកាន់នូវទំនៀមបុរាណដូចគ្នាបានប្រាប់ដូចគ្នានឹងព្រះតេជគុណ ម៉ក់ ប៉ឹង ដែរថា ពិធីហៅព្រលឹងនាគ ជាទំនៀមបុរាណធ្វើឡើងដើម្បីហៅព្រលឹងអ្នកបួសនោះកុំឱ្យវិលវល់ទៅណាផ្តេសផ្តាស ហោះហើរដើរទៅឆ្ងាយដាច់សង្វែង ឱ្យមកចូលរូបចូលអង្គវិញ មកស្តាប់ពាក្យប្រៀនប្រដៅ ហើយតាំងកាយវាចាចិត្តឱ្យស្ថិតក្នុងភាពស្ងប់ ដើម្បីបួសរៀននៅក្នុងព្រះពុទ្ធសាសនា។ ពិធីនេះធ្វើឡើងធ្វើឡើងក្រោយពិធីសែនព្រែនដូនតាហើយ ដោយមាននាគទាំងអស់ចូលមកជុំគ្នាស្តាប់ធម៌និងពាក្យប្រៀនប្រដៅពីសំណាក់តាអាចារ្យ បន្ទាប់មកទើបធ្វើពិធីដេកអង្កររាបនិងបង្វិលពពិលជាក្រោយ។ ទាក់ទងនឹងជំនឿហៅព្រលឹងនេះ ខ្មែរយើងមិនមានហៅតែព្រលឹងនាគនោះទេ គឺមានហៅព្រលឹងសក់ ព្រលឹងស្រូវ ព្រលឹងអ្នកឈឺជាដើម ខ្មែរមានជំនឿណាស់៕
















រឿងរ៉ាវប្រវត្តិសាស្រ្ដខ្មែរជាច្រើនសន្ធឹក ត្រូវបានអ្នកស្រាវជ្រាវសិក្សាតាមរយៈវត្ថុតាងជាច្រើន ក្នុងនោះសិលាចារឹកក៏ជាភស្ដុតាងដ៏សំខាន់មួយដែរ។ សិលាចារឹកដែលចារដោយបុព្វបុរសខ្មែរ បានរៀបរាប់នូវរឿងរ៉ាវជាច្រើនដែលអាចឱ្យមនុស្សសម័យថ្មីដឹងពីសាច់រឿងនិងរបៀបរស់នៅរបស់មនុស្សបុរាណ។ អ្នកសិក្សាស្រាវជ្រាវយល់ថា មនុស្សពីដើមចារអក្សរលើថ្មដើម្បីមូលហេតុសាសនា។
គ្រឹះស្ថានបោះពុម្ពសៀវភៅសិក្សាប្រចាំប្រទេសជប៉ុន TAISHUKAN (តៃស៊ូកាន់) បានស្នើសុំអ្នកស្រាវជ្រាវបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា ដើម្បីជ្រើសរើសអត្ថបទមួយដែលលទ្ធផលនៃកិច្ចការស្រាវជ្រាវអំពីបណ្តាញគមនាគមន៍បុរាណសម័យអង្គរ យកទៅប្រែសម្រួលបោះពុម្ពផ្សាយក្នុងសៀវភៅសិក្សាអប់រំថ្មី។ អត្ថបទដែលគ្រឹះស្ថាន TAISHUKAN ស្នើយកទៅបកប្រែនិងបោះពុម្ពនេះ គឺបានផ្សព្វផ្សាយនៅប្រទេសសិង្ហបុរីនៅឆ្នាំ២០១៦ មានចំណងជើងជាភាសាអង់គ្លេសថា «From Living Angkor Road Project to Cultural Relationship Study in Mainland Southeast Asia Research Center: Cross Culture and Cross Border ឬប្រែសម្រួលជាភាសាខ្មែរមានន័យថា «ពីបណ្ដាញផ្លូវសម័យអង្គរទៅកាន់ទំនាក់ទំនងវប្បធម៌ក្នុងតំបន់អាស៊ីអាគ្នេយ៍ដីគោក៖ គម្រោងស្រាវជ្រាវទំនាក់ទំនងវប្បធម៌និងការអភិវឌ្ឍន៍ឆ្លងព្រំដែន»។
តាមរយៈកម្មវិធីយុវជនស្ម័គ្រចិត្តដើម្បីបេតិកភណ្ឌពិភពលោកនៅអង្គរ យុវជន១៨នាក់ មកពី៨ប្រទេស រួមមានកម្ពុជា កូរ៉េ បារាំង អូស្ត្រាលី កូឡុំប៊ី ប៊ុលហ្ការី ឥណ្ឌា និងចិន បានទទួលការបណ្តុះបណ្តាលអំពីការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរ ព្រមទាំងបានធ្វើការផ្លាស់ប្តូរបទពិសោធន៍យ៉ាងច្រើនពាក់ព័ន្ធនឹងជាមួយវិស័យបេតិកភណ្ឌ ក៏ដូចជាការងារចូលរួមជាមួយសហគមន៍។
ក្នុងពេលថ្មីៗកន្លងមកនេះ លោកជំទាវ លី អ៊ុអេង តាមរយៈប្រព័ន្ធសារព័ត៌មានសង្គមមួយចំនួន បានលើកឡើងនូវមតិដែលអាចនាំមកនូវការភ័ន្តច្រឡំជាសាធារណៈមកលើស្ថាប័នអាជ្ញាធរជាតិអប្សរា ពាក់ព័ន្ធនឹងទីតាំងសំណង់ការិយាល័យលក់ដីឡូតិ៍របស់គាត់ លើក្បាលដីលេខ៥២២៩ ស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
បន្ទាប់ពីមានយុទ្ធនាការដាំកូនឈើឡើងវិញនៅក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គ មានប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន រួមទាំងព្រះសង្ឃ និងវិស័យឯកជនបានបង្ហាញស្មារតីចូលរួមយ៉ាងច្រើនកុះករដើម្បីបំផុសគំនិតនិងដាស់តឿនស្មារតីមហាជនឲ្យចូលរួមដាំដើមឈើឡើងវិញ។ ជាពិសេស ផ្សព្វផ្សាយទស្សនៈចូលរួមធ្វើ និងចូលរួមទទួលខុសត្រូវទាំងអស់គ្នា ក្នុងសកម្មភាពទប់ស្កាត់ និងការកាប់បំផ្លាញព្រៃក្នុងរមណីយដ្ឋានអង្គរ។
ដើមដំបូងមុន12345...237238បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
2747
ម្សិលមិញ
:
3825
សប្តាហ៍នេះ
:
09036
ខែនេះ
:
0076645
សរុប
:
008920788