NEWS

The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience

Published on 06 June 2016 09:20 AM Post By ៖ Apsara National Authority
ជារៀងរាល់ឆ្នាំ ឱ្យតែដល់ថ្ងៃ៣កើតពិសាខ អ្នកភូមិកក្រាញ់និងអ្នកភូមិចំណុះជើងវត្តអាធ្វា ស្រុកសៀមរាប តែងតែនាំគ្នាធ្វើពិធីឡើងអ្នកតា ដើម្បីឱ្យអ្នកតាបានរាំរែកសប្បាយ ហើយគេតែងមកធ្វើពិធីនេះជុំគ្នានៅនឹងប្រាសាទវត្តអាធ្វា ទួលយាយ ប៉ុក និងទួលតា មឿង មិនដែលខានឆ្នាំណាឡើយ។

បុព្វហេតុនៃការធ្វើពិធីនេះ ព្រោះវាជាទំនៀមទម្លាប់តាំងពីដូនតា ក្រៅពីនោះអ្នកស្រុកអ្នកភូមិមានជំនឿថា ការឡើងអ្នកតានាំមកនូវសេចក្តីសុខចម្រើនដល់ស្រុកភូមិផង ប្រជាជនផង ឱ្យចៀសផុតពីរោគាព្យាធិ គ្រោះកាចឧបទ្រពចង្រៃ កូនចៅសុខកាយសប្បាយចិត្ត។ ពិសេសគឺអរគុណដល់អ្នកតា ម្ចាស់ទឹកម្ចាស់ដីដែលផ្តល់ទឹកភ្លៀង ដីមានជីជាតិ ធ្វើឱ្យកសិកម្មរបស់គាត់បានទទួលផលល្អ ទើបបន្តធ្វើមកដល់សព្វថ្ងៃ ដោយការគោរពនិងជឿជាក់បំផុត។

អ៊ំស្រី លាភ សម្បត្តិ អ្នកភូមិកក្រាញ់ដែលបានមកចូលរួមក្នុងពិធីនេះជារៀងរាល់ឆ្នាំបានប្រាប់ថា មិនថាតែគាត់ទេ អ្នកភូមិនេះគឺមានជំនឿណាស់លើពិធីឡើងអ្នកតា មិនហ៊ានខកខានធ្វើមួយឆ្នាំណាទេ ព្រោះខ្លាចអ្នកតាខឹង ហើយធ្វើឱ្យស្រុកភូមិមិនសុខសប្បាយ រងេករងាកកូនចៅ ឬជួបគ្រោះផ្សេងៗ អ៊ីចឹងហើយឱ្យតែដល់ខែដល់ថ្ងៃ ទាំងគាត់ ទាំងគេ ទោះអត់ឬមានយ៉ាងណាក៏នាំគ្នារៀបចំពិធីនេះដែរ។

អ៊ំស្រីបន្តទៀតថា ក្នុងមួយឆ្នាំគេឡើងអ្នកតា២ដង ដែលលើកទី១គេធ្វើនៅថ្ងៃ៣កើតខែមាឃធំ គេហៅថាបញ្ជូនអ្នកតាទៅទន្លេ ខែទឹកស្រក រីឯលើកទី២ គេធ្វើនៅថ្ងៃ៣កើតខែពិសាខនេះឯង គេហៅថាបញ្ជូនអ្នកតាឡើងភ្នំ (ភ្នំគូលែន) ជាខែទឹកឡើង រដូវធ្វើស្រែធ្វើចម្ការ។ គេធ្វើពិធីនេះដើម្បីឱ្យអ្នកតាបានរាំរែកសប្បាយ ឱ្យពរកូនចៅរួចផុតទុក្ខភ័យ ហើយឱ្យការធ្វើស្រែចម្ការបានល្អ។

អ៊ំស្រី សម្បត្តិ ក៏បានសម្តែងនូវការចាប់អារម្មណ៍ដែរចំពោះពិធីនេះលើយុវវ័យថា មានកំលោះក្រមុំតិចតួចណាស់ដែលមកចូលរួមពិធីនេះ ព្រោះពួកគេរវល់នឹងការរៀនសូត្រ ការរកស៊ី និងមិនសូវចាប់អារម្មណ៍ប៉ុន្មាន ព្រោះអាងមានម៉ែឪយាយតាមកចូលរួមហើយ។ នេះជាកង្វល់មួយដែរ ខ្លាចវាបាត់បង់នៅថ្ងៃណាមួយ បើកូនចៅមិនខ្វល់ ទើបអ៊ំក៏ចេះតែដឹកនាំកូនចៅធ្វើ ដើម្បីរក្សាជំនឿនេះតទៅទៀតទុកជាឫសគល់នៃជំនឿខ្មែរ ណាមួយការធ្វើពិធីវាក៏មិនខានបង់ឬក៏ឆោតល្ងង់អីដែរ ព្រោះវាជាជំនឿរបស់ខ្មែរ ហើយវាមានតែនាំមកនូវសេចក្តីសេចក្តីចម្រើនដល់កូនចៅតែប៉ុណ្ណោះ។

ដោយឡែកទាក់ទងនឹងការរៀបចំពិធីឡើងអ្នកតានៅថ្ងៃ៣កើតខែពិសាខវិញ គឺមានលក្ខណៈដូចនឹងការឡើងអ្នកតានៅថ្ងៃ៣កើតខែមាឃធំដែរ ទើបមិនមានការរៀបគ្រឿងរណ្តាប់ខុសគ្នាឡើយ អ្វីដែលខុស គឺ៣កើតមាឃធំ គេធ្វើដើម្បីបញ្ជូនអ្នកតាទៅស្រុក (ទន្លេ) ឯ៣កើតខែពិសាខ គឺធ្វើដើម្បី បញ្ជូនអ្នកតាឡើងភ្នំ (ភ្នំគូលែន)។ គ្រឿងរណ្តាប់ទាំងនោះមានដូចជា វង់ភ្លេងពិណពាទ្យ ជម៤សម្រាប់អ្នកស្នងរូប ជម៤សម្រាប់វង់ភ្លេង ស្លាធម៌បាយសី ធូប ទៀន អង្ករ សុរា ភេសជ្ជៈ បាយសម្លរ បង្អែមចម្អាបនំនេក ក្បាលជ្រូក មាន់ស្ងោរ។ល។

ចំពោះទិដ្ឋភាពនៃពិធីវិញ គឺអ្នកស្រុកបានយកបាយសម្ល គ្រឿងសំណែនមកជួបជុំគ្នានៅតាមទីតាំងនៃពិធីមាននៅវត្តប្រាសាទអាធ្វា ទួលយាយ ប៉ុក និងទួលតា មឿង ហើយរៀបចំឱ្យមានរៀបរៀបរយ ទុកសែនព្រែនឱ្យអ្នកតាម្ចាស់ទឹកម្ចាស់ដី។ បន្ទាប់មកអ្នកស្នងរូបក៏ចាប់ផ្តើមអង្គុយដើម្បីរំឭកគុណគ្រូនិងម្ចាស់រូបឱ្យចូលមកសណ្ឋិតក្នុងខ្លួន ឯក្រុមអ្នកភ្លេងក៏ចាប់ផ្តើមប្រគុំបទរំឭកគុណគ្រូភ្លេងរបស់គ្រូខ្លួនដែរ មុនលេងភ្លេងហូរហែតាមទម្លាប់និងការចង់បានរបស់អ្នកតា ដែលបទទាំងអស់សុទ្ធសឹងតែជាបទប្រពៃណីនិងប្រជាប្រិយ។

នៅពេលគ្រូចូលសណ្ឋិតហើយ រូបនោះក៏ទ្រង់គ្រឿងនូវរបស់ម្ចាស់រូបចូលចិត្ត មានខោអាវ ដំបងជាដើម ហើយរាំរែក ហ៊ោរកញ្ជ្រៀវម្នាក់ឯងផង កេះកៀវ ឌឺដងជាមួយអ្នកភ្លេង ដែលខ្លះមានចរិតលក្ខណៈដូចនាគ ខ្លះជាស្តេចយមរាជ មានឫកពាម៉ឺងម៉ាត់ លេងសើចផង និងខ្លះទៀតដូចកូនក្មេង តាមរូបដែលចូលមកសណ្ឋិត។ ភ្លេងគឺសំខាន់ណាស់សម្រាប់អ្នកចូលរូប បើលេងភ្លេងមិនតាមតម្រូវការរបស់រូបដែលចូលមកទេ រូបនោះនឹងងរង៉ក់ មិនរាំរែកឡើយ ហើយខឹងសម្បារទៀតផង។

ពិធីចូលរូបក្នុងពិធីឡើងអ្នកតានេះគឺសំខាន់ណាស់ ព្រោះអ្នកស្នងរូប គឺជាអ្នកដែលឆ្លងឆ្លើយរវាងអ្នកស្រុកនិងអ្នកតា ម្ចាស់ទឹកម្ចាស់ដី និងអរូបផ្សេងៗ ដែលអាចឱ្យអ្នកស្រុកដឹងថា ពួកគាត់ខឹងអី ចង់បានអី និងការសុំពរសុំជ័យពីពួកគាត់ផងដែរ។ អ្នកតានិងអរូបសំខាន់ៗដែលថែរក្សានៅទីនេះ មានដូចជាស្តេចនាគខៀវ នាគក្រហម ស្តេចយមរាជ យមបាល ចៅប្រុក ចៅប្រុញ (មកពីព្រះវិហារ) មហារាជ មហាជម្ពូ ព្រះនាងខ្មៅ តាមឿង យាយប៉ុកជាដើម ដែលអ្នកស្រុកគោរពនិងជឿជាក់ណាស់។

ក្រោយពីអ្នកតារាំសប្បាយអស់ចិត្ត អស់ចង់ហើយ គេក៏រៀបចំសែនព្រែននំចំណី បាយសម្ល ក្បាលជ្រូក មាន់ស្ងោរ ជូនដល់អ្នកតានិងអរូបផ្សេងៗបានសេពសោយឱ្យឆ្អែតបរិបូណ៌ ហើយឱ្យពរកូនចៅត្រជាក់ត្រជុំ រួចផុតទុក្ខភ័យទាំងពួង ពិសេសធ្វើស្រែធ្វើស្រូវបានល្អប្រសើរ។ រួចហើយគេក៏យកសំណែននោះទៅចោលនៅទីណាមួយសម រម្យ ដែលសន្មត់ថាជាទីកន្លែងរបស់អ្នកតានោះឯង៕























ក្រុមអ្នកជំនាញផ្នែកគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាកំពុងរៀបចំប្រព័ន្ធទឹក ដោយបង្កប់ទុយោដាក់តាមបណ្តោយផ្លូវចូលពីខ្លោងទ្វារចូលទៅកសិណនៃប្រាសាទបន្ទាយស្រី។ ការរៀបចំប្រព័ន្ធទឹកនេះ គឺដើម្បីបញ្ជូនទឹកកុំឲ្យដក់នៅយូរពេលភ្លៀងធ្លាក់ម្តងៗ និងដើម្បីលើកតម្លៃទេសភាពវប្បធម៌នៃប្រាសាទ ជាពិសេស គឺសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរក្នុងរដូវភ្លៀង។
កាលពីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ អាជ្ញាធរជាតិអប្សរា ក្រោមការដឹកនាំរបស់ឯកឧត្តម សឹង គង់ ទីប្រឹក្សាអាជា្ញធរជាតិអប្សរា និងមន្រ្តីបុគ្គលិកអាជ្ញាធរជាតិអប្សរាមួយចំនួនទៀតបានចូលរួមពិធីរំឭកវិញ្ញាណក្ខន្ធជនរួមជាតិដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យជាមួយព្រះសង្ឃ អាជា្ញធរខេត្ត មន្រ្តីជុំវិញខេត្តសិស្សានុសិស្ស ប្រជាពលរដ្ឋយ៉ាងច្រើនកុះករនៅវត្តទេពពោធិវង្សក្រុង-ខេត្តសៀមរាប។
ក្រុមអ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើកំណាយបន្ទាន់មួយនៅលើទំនប់ត្រពាំងខ្មោច ដែលស្ថិតនៅក្នុងភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុងសៀមរាប មុននឹងអនុញ្ញាតឲ្យអាជ្ញាធរមូលដ្ឋាននៃសង្កាត់នគរធំ ធ្វើការស្តារឡើងវិញ។ ការធ្វើកំណាយនៅពេលនេះ ដើម្បីស្តារត្រពាំងបុរាណឡើងវិញនៅពេលនេះ គឺ ស្របតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ខណៈពេលដែលកម្ពុជាកំពុងជួបប្រទះនឹងគ្រោះរាំងស្ងួត ដើម្បីឲ្យស្ថាប័នគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ស្តារត្រពាំង និងស្រះបុរាណឡើងវិញសម្រាប់ទប់ទឹកប្រើប្រាស់កុំឲ្យខ្វះខាតនាឆ្នាំខាងមុខៗ។
ក្រុមអ្នកជំនាញអភិរក្សថ្មនៃអាជ្ញាធរជាតិអប្សរាមួយក្រុមដែលមានគ្នាប្រមាណ៣ទៅ៤នាក់ កំពុងតែប្រឹតប្រៀងផ្ចិតផ្ចង់ជួសជុលចម្លាក់ផ្តែរនៅលើប្រាសាទប្រែរូប ដែលកំពុងរងភាពពុកផុយខ្លាំង។ ផ្តែរមួយផ្ទាំងនេះធ្លាប់បានជួសជុលម្តងរួចមកហើយ ដោយក្រុម GACP ដែលកាលណោះជាការជួសជុលបែបសង្គ្រោះបឋម។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
10
Today
:
91225
Yesterday
:
84683
This Week
:
316527
This Month
:
0620035
Total
:
015062876