ព័ត៌មានថ្មីៗ

អ្នកជំនាញគ្រប់គ្រងព្រៃឈើនៃអាជ្ញាធរជាតិអប្សរាកំពុងញាប់ដៃញាប់ជើង អង្កេតហានិភ័យដើមឈើ និងព្យាបាលដើមឈើជាបន្តបន្ទាប់នៅពេលរដូវភ្លៀងចូលមកដល់

បានផ្សាយនៅ ថ្ងៃទី 03 ខែ មិថុនា ឆ្នាំ2016 11:08 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

រដូវភ្លៀងបានចូលមកដល់ ភ្លៀងលាយឡំនឹងខ្យល់ព្យុះតូចធំបក់មកប៉ះតំបន់អង្គរជាញឹកញាប់ ដែលបានបណ្តាលឲ្យមានឈើមួយចំនួនបានបាក់មែក ដួលរលំដើមជាបន្តបន្ទាប់។ ដើម្បីបញ្ជៀសហានិភ័យជាយថាហេតុ ដែលបណ្តាលមកពីការបាក់មែកឈើ និងរលំដើមឈើមកប៉ះប្រាសាទ និងអ្នកធ្វើដំណើរទស្សនានោះ ក្រុមអ្នកជំនាញផ្នែកគ្រប់គ្រងព្រៃឈើរបស់អាជ្ញាធរជាតិអប្សរាកំពុងតែបង្កើនការត្រួតពិនិត្យដើមឈើ ដែលស្ថិតនៅតាមដងផ្លូវសាធារណៈ ផ្លូវវង់ទស្សនាចរ និងដើមឈើដែលស្ថិតនៅកៀកនឹងប្រាសាទ ឬរចនាសម្ព័ន្ធបុរាណដ្ឋាននានា។

បុគ្គលិកបច្ចេកទេសមួយរូបនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា លោក គង់ សុវណ្ណរិទ្ធ បានឲ្យដឹងនៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦នេះថា ក្នុងរដូវភ្លៀងនេះក្រុមការងាររបស់លោកបានបន្ថែមការដើរត្រួតពិនិត្យដើមឈើញឹកញាប់ជាងនៅរដូវប្រាំង។ ដើមឈើដែលត្រូវយកចិត្តទុកដាក់អង្កេតខ្លាំងបំផុតគឺ ដើមឈើដែលស្ថិតនៅតាមបណ្តោយផ្លូវសាធារណៈ ផ្លូវវង់ទស្សនារបស់ភ្ញៀវទេសចរ និងដើមឈើដែលដុះជាប់នឹងប្រាសាទ ឬរចនាសម្ព័ន្ធបុរាណដ្ឋានផ្សេងៗ។

លោក សុវណ្ណរិទ្ធ បន្ថែមថា ការងារអង្កេតហានិភ័យដើមឈើ គឺតែងធ្វើឡើងជាប្រចាំដើម្បីបញ្ជៀសហានិភ័យផ្សេងៗ។ “យើងកាត់ក្រីដើមឈើណាដែលមានមែកងាប់ ឬមានមែកច្រើនហើយអាចបាក់ពេលមានភ្លៀងខ្យល់ម្តងៗ។ ដើមឈើណាដែលយើងឃើញថា វាពុកផុយទាំងដើម ព្យាបាលលែងជា យើងនឹងសុំគោលការណ៍ដើម្បីដកហូតទាំងស្រុងតែម្តង។ ម្យ៉ាងទៀត មែកឈើមួយចំនួនដែលដុះគ្របទៅលើប្រាសាទ ធ្វើឲ្យដើមឈើលែងមានលំនឹង ក៏យើងកាត់ក្រីមែកចេញដែរ ដើម្បីបញ្ជៀសការបាក់មែកសង្កត់ប្រាសាទ តែមិនឲ្យងាប់ដើមឈើទេ”។

ទន្ទឹមនឹងការដើរកាត់ក្រីមែកឈើ និងដកហូតដើមឈើងាប់ៗចេញ ក្រុមការងាររបស់លោកក៏ត្រូវព្យាបាលដើមឈើដែលមានជំងឺដែរ។ បុគ្គលិកដែលមានបទពិសោធន៍លើការងារនេះជាង៧ឆ្នាំមកហើយអះអាងថា រយៈពេល៣ឆ្នាំចុងក្រោយនេះ ក្រុមការងាររបស់លោកព្យាបាលដើមឈើបានចំនួនជាង១៥០០ដើមហើយ។ រហូតមកដល់ពេលនេះ ដើមឈើធំៗដែលមានជំងឺខ្លះបានជាសះស្បើយស្ទើរ១០០% ហើយខ្លះទៀតកំពុងតែមានសភាពល្អប្រសើរឡើងវិញបន្តិចម្តងៗ។

ទោះជាយ៉ាងនេះក្តី លោកសុវណ្ណរិទ្ធបញ្ជាក់ថា ក្រុមការងាររបស់លោកមិនអាចដើរមើលដើមឈើបានគ្រប់ពេល២៤ម៉ោង ឬគ្រប់ដើមឈើទាំងអស់នោះដែរ ជាពិសេស ដើមឈើដែលនៅតាមផ្លូវដើររបស់អ្នកភូមិក្នុងតំបន់អង្គរតែម្តង។ ករណីនេះ លោកបានអំពាវនាវសុំឲ្យប្រជាពលរដ្ឋសហការជាមួយក្រុមការងារអាជ្ញាធរជាតិអប្សរា រាយការណ៍ជាបន្ទាន់ ករណីឃើញមានដើមឈើណាដែលងាប់ ឬអាចបង្កគ្រោះថ្នាក់ជាយថាហេតុណាមួយ ដើម្បីឲ្យក្រុមការងារបានដឹង និងចុះទៅពិនិត្យជាក់ស្តែងបានទាន់ពេលវេលា៕










ក្នុងគោលដៅរៀបចំនិងដាក់ចេញនូវខ្សែសៀគ្វីទស្សនារមណីយដ្ឋានសំបូរព្រៃគុក អាជ្ញាធរជាតិសំបូរព្រៃគុកបានរៀបចំកម្មវិធីកិច្ចពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ស្តីពីការរៀបចំខ្សែសៀគ្វីទេសចរណ៍រយៈពេល៣ថ្ងៃ និងបានអញ្ជើញមន្រ្តីបុគ្គលិកជំនាញផ្នែករៀបចំខ្សែសៀគ្វីទេសចរណ៍នៃអាជ្ញាធរជាតិអប្សរាចូលរួមដើម្បីចែករំលែកបទពិសោធន៍ការងាររៀបចំខ្សែសៀគ្វីទេសចរណ៍ក្នុងរមណីយដ្ឋានអង្គរកន្លងមក។
ក្រុមការងារព្រៃឈើរបស់អាជ្ញាធរជាតិអប្សរា កំពុងអនុវត្តន៍ការងារចុះកាត់ក្រី និងដកហូតដើមឈើហានិភ័យមួយចំនួនក្នុងបរិវេណវត្តព្រះឥន្ទទេព វត្តគោកធ្លក ប្រាសាទសួព្រ័ត្រ និងប្រាសាទបាយ័ន ក្រោយពិនិត្យឃើញថា ដើមឈើទាំងនោះ អាចបង្កហានិភ័យទៅលើមនុស្ស និងសំណង់ប្រាសាទ។ ដើមឈើទាំងនោះ មានសភាពពុកគល់ខ្លាំង មែកងាប់ ទ្រេតជាប់ផ្លូវចូលប្រាសាទ ក្បែរកុដិព្រះសង្ឃ និងខ្លះដុះជាប់ការដ្ឋានជួសជុលជាដើម។
ថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការសហការជាមួយអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ដើម្បីអបអរសាទរការបញ្ចប់គម្រោងជួសជុលប្រាសាទកណ្តាលស្រះស្រង់ជាស្ថាពរ ក្រោមកិច្ចសហការរបស់អាជ្ញាធរជាតិអប្សរាជាមួយវិស័យឯកជន អាជ្ញាធរជាតិអប្សរានឹងរៀបចំប្រារព្ធពិធីសម្ពោធដាក់ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនចូលទស្សនាប្រាសាទកណ្តាលស្រះស្រង់ជាផ្លូវការ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្
នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលអង្គរនៃអាជ្ញាធរជាតិអប្សរា បានរៀបចំសិក្ខាសាលាស្ដីពី ការរៀបចំរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំ តាមទម្រង់របាយការណ៍ថ្មីរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ សិក្ខាសាលាដែលរៀបចំនៅសាលសន្និសីទអង្គរ មានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តី រួមនិងបុគ្គលិកមកពីតាមនាយកដ្ឋានជំនាញសរុបចំនួន ៧៥រូប ក្រោមបទបង្ហាញពីវាគ្មិនចំនួន២រូប រួមមានលោក អឿន មករា ជាប្រធាន និងលោក ឡុង សំណាង អនុប្រធាននៃនាយកដ្ឋានផែនការ ស្ថិតិ និងសរុប នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
19
ថ្ងៃនេះ
:
94252
ម្សិលមិញ
:
84683
សប្តាហ៍នេះ
:
319554
ខែនេះ
:
0623062
សរុប
:
015065903