ព័ត៌មានថ្មីៗ

អ្នកជំនាញគ្រប់គ្រងព្រៃឈើនៃអាជ្ញាធរជាតិអប្សរាកំពុងញាប់ដៃញាប់ជើង អង្កេតហានិភ័យដើមឈើ និងព្យាបាលដើមឈើជាបន្តបន្ទាប់នៅពេលរដូវភ្លៀងចូលមកដល់

បានផ្សាយនៅ ថ្ងៃទី 03 ខែ មិថុនា ឆ្នាំ2016 11:08 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

រដូវភ្លៀងបានចូលមកដល់ ភ្លៀងលាយឡំនឹងខ្យល់ព្យុះតូចធំបក់មកប៉ះតំបន់អង្គរជាញឹកញាប់ ដែលបានបណ្តាលឲ្យមានឈើមួយចំនួនបានបាក់មែក ដួលរលំដើមជាបន្តបន្ទាប់។ ដើម្បីបញ្ជៀសហានិភ័យជាយថាហេតុ ដែលបណ្តាលមកពីការបាក់មែកឈើ និងរលំដើមឈើមកប៉ះប្រាសាទ និងអ្នកធ្វើដំណើរទស្សនានោះ ក្រុមអ្នកជំនាញផ្នែកគ្រប់គ្រងព្រៃឈើរបស់អាជ្ញាធរជាតិអប្សរាកំពុងតែបង្កើនការត្រួតពិនិត្យដើមឈើ ដែលស្ថិតនៅតាមដងផ្លូវសាធារណៈ ផ្លូវវង់ទស្សនាចរ និងដើមឈើដែលស្ថិតនៅកៀកនឹងប្រាសាទ ឬរចនាសម្ព័ន្ធបុរាណដ្ឋាននានា។

បុគ្គលិកបច្ចេកទេសមួយរូបនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា លោក គង់ សុវណ្ណរិទ្ធ បានឲ្យដឹងនៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦នេះថា ក្នុងរដូវភ្លៀងនេះក្រុមការងាររបស់លោកបានបន្ថែមការដើរត្រួតពិនិត្យដើមឈើញឹកញាប់ជាងនៅរដូវប្រាំង។ ដើមឈើដែលត្រូវយកចិត្តទុកដាក់អង្កេតខ្លាំងបំផុតគឺ ដើមឈើដែលស្ថិតនៅតាមបណ្តោយផ្លូវសាធារណៈ ផ្លូវវង់ទស្សនារបស់ភ្ញៀវទេសចរ និងដើមឈើដែលដុះជាប់នឹងប្រាសាទ ឬរចនាសម្ព័ន្ធបុរាណដ្ឋានផ្សេងៗ។

លោក សុវណ្ណរិទ្ធ បន្ថែមថា ការងារអង្កេតហានិភ័យដើមឈើ គឺតែងធ្វើឡើងជាប្រចាំដើម្បីបញ្ជៀសហានិភ័យផ្សេងៗ។ “យើងកាត់ក្រីដើមឈើណាដែលមានមែកងាប់ ឬមានមែកច្រើនហើយអាចបាក់ពេលមានភ្លៀងខ្យល់ម្តងៗ។ ដើមឈើណាដែលយើងឃើញថា វាពុកផុយទាំងដើម ព្យាបាលលែងជា យើងនឹងសុំគោលការណ៍ដើម្បីដកហូតទាំងស្រុងតែម្តង។ ម្យ៉ាងទៀត មែកឈើមួយចំនួនដែលដុះគ្របទៅលើប្រាសាទ ធ្វើឲ្យដើមឈើលែងមានលំនឹង ក៏យើងកាត់ក្រីមែកចេញដែរ ដើម្បីបញ្ជៀសការបាក់មែកសង្កត់ប្រាសាទ តែមិនឲ្យងាប់ដើមឈើទេ”។

ទន្ទឹមនឹងការដើរកាត់ក្រីមែកឈើ និងដកហូតដើមឈើងាប់ៗចេញ ក្រុមការងាររបស់លោកក៏ត្រូវព្យាបាលដើមឈើដែលមានជំងឺដែរ។ បុគ្គលិកដែលមានបទពិសោធន៍លើការងារនេះជាង៧ឆ្នាំមកហើយអះអាងថា រយៈពេល៣ឆ្នាំចុងក្រោយនេះ ក្រុមការងាររបស់លោកព្យាបាលដើមឈើបានចំនួនជាង១៥០០ដើមហើយ។ រហូតមកដល់ពេលនេះ ដើមឈើធំៗដែលមានជំងឺខ្លះបានជាសះស្បើយស្ទើរ១០០% ហើយខ្លះទៀតកំពុងតែមានសភាពល្អប្រសើរឡើងវិញបន្តិចម្តងៗ។

ទោះជាយ៉ាងនេះក្តី លោកសុវណ្ណរិទ្ធបញ្ជាក់ថា ក្រុមការងាររបស់លោកមិនអាចដើរមើលដើមឈើបានគ្រប់ពេល២៤ម៉ោង ឬគ្រប់ដើមឈើទាំងអស់នោះដែរ ជាពិសេស ដើមឈើដែលនៅតាមផ្លូវដើររបស់អ្នកភូមិក្នុងតំបន់អង្គរតែម្តង។ ករណីនេះ លោកបានអំពាវនាវសុំឲ្យប្រជាពលរដ្ឋសហការជាមួយក្រុមការងារអាជ្ញាធរជាតិអប្សរា រាយការណ៍ជាបន្ទាន់ ករណីឃើញមានដើមឈើណាដែលងាប់ ឬអាចបង្កគ្រោះថ្នាក់ជាយថាហេតុណាមួយ ដើម្បីឲ្យក្រុមការងារបានដឹង និងចុះទៅពិនិត្យជាក់ស្តែងបានទាន់ពេលវេលា៕










១អាជ្ញាធរជាតិអប្សរា បើកឱ្យភ្ញៀវទេសចរចូលទស្សនា ប្រាសាទកណ្តាលស្រះស្រង់នាសប្តាហ៍ក្រោយ
ដើម្បីអបអរសាទរការបញ្ចប់គម្រោងជួសជុលប្រាសាទកណ្តាលស្រះស្រង់ជាស្ថាពរ ក្រោមកិច្ចសហការរបស់អាជ្ញាធរជាតិអប្សរាជាមួយវិស័យឯកជន អាជ្ញាធរជាតិអប្សរានឹងរៀបចំប្រារព្ធពិធីសម្ពោធដាក់ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនចូលទស្សនាប្រាសាទកណ្តាលស្រះស្រង់ជាផ្លូវការ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១
នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា អមដំណើរដោយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា
តាមរយៈការសម្របសម្រួលរបស់អាជ្ញាធរជាតិអប្សរា ប្រជាពលរដ្ឋទាំង១២ភូមិនៃសង្កាត់ក្របីរៀលសរុបចំនួន១៨០នាក់ បានមកទស្សនារមណីយដ្ឋានអង្គរ។
តំណាងក្រុមហ៊ុនកូកាកូឡា បានប្រគល់អណ្ដូងទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យមួយគ្រឿងដល់អាជ្ញាធរជាតិអប្សរា ដើម្បីស្រោចស្រពថ្នាលបណ្ដុះកូនឈើនៅភូមិលាងដៃ ដែលជាផ្នែកមួយចូលរួមអភិវឌ្ឍន៍ការងារបរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរ។ ក្រៅពីកិច្ចការនេះ ក្រុមហ៊ុនកូកាកូឡាក៏មានគម្រោងថ្មីៗទៀតជាមួយអាជ្ញាធរជាតិអប្សរា ក្នុងន័យរួមចំណែកអភិវឌ្ឍន៍ការងារបរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរឱ្យកាន់តែល្អប្រសើរ ជាផ្នែកមួយជួយអភិវឌ្ឍន៍សង្គមជាតិ។
អាជ្ញាធរជាតិអប្សរា សូមជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរានឹងបិទការចេញចូលនៅខ្លោងទ្វារតាកាវបណ្តោះអាសន្ន ដើម្បីប្រារព្ធពិធីបើកការដ្ឋានជួសជុលខ្លោងទ្វារនេះ ក្រោមកិច្ចសហការជាមួយវិស័យឯកជន។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
20
ថ្ងៃនេះ
:
95417
ម្សិលមិញ
:
84683
សប្តាហ៍នេះ
:
320719
ខែនេះ
:
0624227
សរុប
:
015067068