ព័ត៌មានថ្មីៗ

អ្នកជំនាញគ្រប់គ្រងព្រៃឈើនៃអាជ្ញាធរជាតិអប្សរាកំពុងញាប់ដៃញាប់ជើង អង្កេតហានិភ័យដើមឈើ និងព្យាបាលដើមឈើជាបន្តបន្ទាប់នៅពេលរដូវភ្លៀងចូលមកដល់

បានផ្សាយនៅ ថ្ងៃទី 03 ខែ មិថុនា ឆ្នាំ2016 11:08 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

រដូវភ្លៀងបានចូលមកដល់ ភ្លៀងលាយឡំនឹងខ្យល់ព្យុះតូចធំបក់មកប៉ះតំបន់អង្គរជាញឹកញាប់ ដែលបានបណ្តាលឲ្យមានឈើមួយចំនួនបានបាក់មែក ដួលរលំដើមជាបន្តបន្ទាប់។ ដើម្បីបញ្ជៀសហានិភ័យជាយថាហេតុ ដែលបណ្តាលមកពីការបាក់មែកឈើ និងរលំដើមឈើមកប៉ះប្រាសាទ និងអ្នកធ្វើដំណើរទស្សនានោះ ក្រុមអ្នកជំនាញផ្នែកគ្រប់គ្រងព្រៃឈើរបស់អាជ្ញាធរជាតិអប្សរាកំពុងតែបង្កើនការត្រួតពិនិត្យដើមឈើ ដែលស្ថិតនៅតាមដងផ្លូវសាធារណៈ ផ្លូវវង់ទស្សនាចរ និងដើមឈើដែលស្ថិតនៅកៀកនឹងប្រាសាទ ឬរចនាសម្ព័ន្ធបុរាណដ្ឋាននានា។

បុគ្គលិកបច្ចេកទេសមួយរូបនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា លោក គង់ សុវណ្ណរិទ្ធ បានឲ្យដឹងនៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦នេះថា ក្នុងរដូវភ្លៀងនេះក្រុមការងាររបស់លោកបានបន្ថែមការដើរត្រួតពិនិត្យដើមឈើញឹកញាប់ជាងនៅរដូវប្រាំង។ ដើមឈើដែលត្រូវយកចិត្តទុកដាក់អង្កេតខ្លាំងបំផុតគឺ ដើមឈើដែលស្ថិតនៅតាមបណ្តោយផ្លូវសាធារណៈ ផ្លូវវង់ទស្សនារបស់ភ្ញៀវទេសចរ និងដើមឈើដែលដុះជាប់នឹងប្រាសាទ ឬរចនាសម្ព័ន្ធបុរាណដ្ឋានផ្សេងៗ។

លោក សុវណ្ណរិទ្ធ បន្ថែមថា ការងារអង្កេតហានិភ័យដើមឈើ គឺតែងធ្វើឡើងជាប្រចាំដើម្បីបញ្ជៀសហានិភ័យផ្សេងៗ។ “យើងកាត់ក្រីដើមឈើណាដែលមានមែកងាប់ ឬមានមែកច្រើនហើយអាចបាក់ពេលមានភ្លៀងខ្យល់ម្តងៗ។ ដើមឈើណាដែលយើងឃើញថា វាពុកផុយទាំងដើម ព្យាបាលលែងជា យើងនឹងសុំគោលការណ៍ដើម្បីដកហូតទាំងស្រុងតែម្តង។ ម្យ៉ាងទៀត មែកឈើមួយចំនួនដែលដុះគ្របទៅលើប្រាសាទ ធ្វើឲ្យដើមឈើលែងមានលំនឹង ក៏យើងកាត់ក្រីមែកចេញដែរ ដើម្បីបញ្ជៀសការបាក់មែកសង្កត់ប្រាសាទ តែមិនឲ្យងាប់ដើមឈើទេ”។

ទន្ទឹមនឹងការដើរកាត់ក្រីមែកឈើ និងដកហូតដើមឈើងាប់ៗចេញ ក្រុមការងាររបស់លោកក៏ត្រូវព្យាបាលដើមឈើដែលមានជំងឺដែរ។ បុគ្គលិកដែលមានបទពិសោធន៍លើការងារនេះជាង៧ឆ្នាំមកហើយអះអាងថា រយៈពេល៣ឆ្នាំចុងក្រោយនេះ ក្រុមការងាររបស់លោកព្យាបាលដើមឈើបានចំនួនជាង១៥០០ដើមហើយ។ រហូតមកដល់ពេលនេះ ដើមឈើធំៗដែលមានជំងឺខ្លះបានជាសះស្បើយស្ទើរ១០០% ហើយខ្លះទៀតកំពុងតែមានសភាពល្អប្រសើរឡើងវិញបន្តិចម្តងៗ។

ទោះជាយ៉ាងនេះក្តី លោកសុវណ្ណរិទ្ធបញ្ជាក់ថា ក្រុមការងាររបស់លោកមិនអាចដើរមើលដើមឈើបានគ្រប់ពេល២៤ម៉ោង ឬគ្រប់ដើមឈើទាំងអស់នោះដែរ ជាពិសេស ដើមឈើដែលនៅតាមផ្លូវដើររបស់អ្នកភូមិក្នុងតំបន់អង្គរតែម្តង។ ករណីនេះ លោកបានអំពាវនាវសុំឲ្យប្រជាពលរដ្ឋសហការជាមួយក្រុមការងារអាជ្ញាធរជាតិអប្សរា រាយការណ៍ជាបន្ទាន់ ករណីឃើញមានដើមឈើណាដែលងាប់ ឬអាចបង្កគ្រោះថ្នាក់ជាយថាហេតុណាមួយ ដើម្បីឲ្យក្រុមការងារបានដឹង និងចុះទៅពិនិត្យជាក់ស្តែងបានទាន់ពេលវេលា៕










នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២០ បានរៀបចំពិធីបើកសវនកម្មផ្ទៃក្រៅ ប្រព័ន្ធគ្រប់គ្រងបរិស្ថាន ISO14001: 2015 ដោយស្ថាប័នធានាគុណភាពជប៉ុន ហៅកាត់ថា JQA (Japan Quality Assurance)។
គិតត្រឹមថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ គឺមានរយៈពេល២៥ឆ្នាំហើយ ដែលអាជ្ញាធរជាតិអប្សរាត្រូវបានបង្កើតឡើង អនុលោមទៅតាមគោលការណ៍មួយក្នុងចំណោមគោលការណ៍ទាំង៥ សម្រាប់លក្ខខណ្ឌនៃការចុះបញ្ជីរមណីយដ្ឋានអង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។
ភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទអង្គរវត្ត បាននាំគ្នាសម្អាតបរិស្ថាន រៀបចំអនាម័យនៅក្តារបែន និងតាមបរិវេណប្រាសាទអង្គរវត្តទាំងមូល ដើម្បីលើកកម្ពស់សោភ័ណភាពក្នុងប្រាសាទ និងសុខុមាលភាពភ្ញៀវទេសចរដែលចូលមកទស្សនាក្នុងប្រាសាទដ៏ល្បីល្បាញមួយនេះ មិនឱ្យមានផលប៉ះពាល់ដល់សុខភាពនិងអារម្មណ៍ក្នុងពេលទស្សនា៕
បំណែកជើងបដិមាមួយត្រូវបានក្រុមការងារជួសជុលប្រាសាទទន្លេស្ងួតនៃអាជ្ញាធរជាតិអប្សរារកឃើញកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។

បំណែកជើងបដិមានេះត្រូវបានរកឃើញនៅទីតាំងដែលមានចម្ងាយត្រឹមតែ១ម៉ែត្រពីចុងជើងនៃទ្វារបាលដែលបានរកឃើញកាលពីឆ្នាំ២០១៧ ដោយគម្រោងស្រាវជ្រាវរវាងអាជ្ញាធរជាតិអប្សរា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍នៃប្រទេសសិង្ហបុរី (ISEAS)។
ដើមដំបូងមុន12345...289290បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
9220
ម្សិលមិញ
:
26968
សប្តាហ៍នេះ
:
36188
ខែនេះ
:
0180630
សរុប
:
010136777