ព័ត៌មានថ្មីៗ

តាមប្រផ្នូលក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ ស្រូវ ពោត សណ្តែក នឹងទទួលបានលទ្ធផលល្អប្រសើរ

បានផ្សាយនៅ ថ្ងៃទី 25 ខែ ឧសភា ឆ្នាំ2016 12:48 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ ត្រូវបានរៀបចំឡើងនៅលើទឹកដីសៀមរាបអង្គរ នៅមុខព្រះលានជល់ដំរី នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃ៤រោច ខែពិសាខ ពុទ្ធសករាជ ២៥៦០ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត នៃ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ក្នុងពិធីព្រលែងគោឧសភរាជឲ្យបរិភោគអាហារ៧ប្រភេទគឺ ស្រូវ ពោត សណ្តែក ល្ង ស្មៅ ទឹក និងស្រា ឃើញថា អាហារ៣ប្រភេទគឺ ស្រូវ ពោត និងសណ្តែក ត្រូវបានគោឧសភរាជបរិភោគច្រើនជាងគេ ដែលនេះជាប្រផ្នូលថា ដំណាំទាំង៣ប្រភេទនេះនឹងទទួលបានលទ្ធផលល្អប្រសើរក្នុងឆ្នាំនេះ។

ដោយឡែក ក្រៅពីទិដ្ឋភាពច្រត់ព្រះនង្គ័ល ពិធីនេះក៏ត្រូវបានរៀបចំតាំងពិព័រណ៍សមិទ្ធផលការងារនៃបណ្តាក្រសួងមន្ទីរនានា ដែលតំណាងឲ្យដំណើរការស្ថាប័នជាតិទាំងមូលផងដែរ។ ក្នុងនាមជាដៃគូសហការរៀបចំពិធី និងជាស្ថាប័នអភិរក្សរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាក៏មានស្តង់ពិព័រណ៍ដែលបង្ហាញពីរាល់សកម្មភាព និងសមិទ្ធផលនៃអាជ្ញាធរជាតិអប្សរាដូចជា៖ អំពីប្រព័ន្ធធារាសាស្ត្រអង្គរ និងវិស័យកសិកម្មក្នុងតំបន់អង្គរ អំពីកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរ។ ក្នុងនោះដែរអាជ្ញាធរជាតិអប្សរាក៏បានតាំងបង្ហាញនូវ រូបចម្លាក់តូចៗដែលបង្ហាញអំពីកសិកម្មសម័យអង្គរនិងក្រមប្រតិបត្តិអង្គរដែលណែនាំភ្ញៀវទេសចរឱ្យយល់នូវតម្លៃអង្គរជាពិសេសទង្វើត្រូវប្រតិបត្តិពេលទស្សនាប្រាសាទ ផ្ទះខ្មែរបុរាណ និង វិធីសាស្ត្រជួសជុលអភិរក្សថ្មប្រាសាទ។

តាមរយៈស្តង់ពិព័រណ៍ទាំងនេះ មន្ត្រីជំនាញរបស់អាជ្ញាធរជាតិអប្សរាក៏បានពន្យល់ថ្វាយព្រះមហាក្សត្រ ថ្នាក់ដឹកនាំ និងភ្ញៀវជាតិ-អន្តរជាតិ ដែលបានយាង និងអញ្ជើញទស្សនាយ៉ាងលម្អិតផងដែរ។ ជាមួយគ្នានេះដែរ អាជ្ញាធរជាតិអប្សរាក៏បាន ចែកទឹកជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ ដែលមកទស្សនាកម្មវិធីរយៈពេល៤ថ្ងៃដោយមិនគិតថ្លៃ គឺចាប់ពីថ្ងៃទី២៣រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦។ នេះជាគឺមោទនភាពដ៏ក្រៃលែង ដែលអាជ្ញាធរជាតិអប្សរាបានសហការរៀបចំព្រះរាជពិធីដ៏ប្រកបដោយខ្លឹមសារ និងរក្សាបាននូវព្រះរាជបវេណីដ៏ផូរផង់របស់ជាតិយើង៕


















































បន្ទាប់ពីមានភ្លៀងធ្លាក់ជោកជាំជាច្រើនមេ គ្របដណ្តប់ស្ទើរពេញផ្ទៃប្រទេសមក ការខ្វះខាតទឹកប្រើប្រាស់ជាប្រចាំថ្ងៃលែងជាបញ្ហាប្រឈមសម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានទៀតហើយ។
ជារៀងរាល់ឆ្នាំ ឱ្យតែដល់ថ្ងៃ៣កើតពិសាខ អ្នកភូមិកក្រាញ់និងអ្នកភូមិចំណុះជើងវត្តអាធ្វា ស្រុកសៀមរាប តែងតែនាំគ្នាធ្វើពិធីឡើងអ្នកតា ដើម្បីឱ្យអ្នកតាបានរាំរែកសប្បាយ ហើយគេតែងមកធ្វើពិធីនេះជុំគ្នានៅនឹងប្រាសាទវត្តអាធ្វា ទួលយាយ ប៉ុក និងទួលតា មឿង មិនដែលខានឆ្នាំណាឡើយ។
បារាយណ៍ខាងជើង(ជ័យតដាក) មានបណ្តោយប្រវែង៣៦០០ម៉ែត្រ និងទទឹងប្រវែង៩៣០ម៉ែត្រ ដែលនៅពីដើមដំបូងអាចផ្ទុកទឹកបាន៥លានម៉ែត្រគូប ហើយទឹកនៅក្នុងបារាយណ៍នេះមានតួនាទីសំខាន់ណាស់ក្នុងប្រព័ន្ធជំនឿរបស់ដូនតាខ្មែរ។ ដូនតាខ្មែរ រក្សាទឹកទុកក្នុងបារាយណ៍នេះសម្រាប់ប្រើប្រាស់នៅក្នុងក្រុងអង្គរធំ ក្រុងជ័យស្រី (ប្រាសាទព្រះខ័ន) និងមន្ទីរពេទ្យនាគព័ន្ធ។ បារាយណ៍ខាងជើងនេះ បានរីងស្ងួតហួតហែងអស់រយៈពេលជាង៥០០ឆ្នាំមកហើយ ទើបតែនៅឆ្នាំ២០០៨បារាយណ៍នេះចាប់ផ្តើមមានទឹកសាជាថ្មីឡើងវិញ។
ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា បាននាំយកអំណោយជាសម្ភារៈប្រើប្រាស់សម្រាប់ទារក និងថវិកាមួយចំនួនផ្តល់ជូនជាបន្តបន្ទាប់ដល់ស្ត្រីឆ្លងទន្លេ១១គ្រួសារ ដែលស្ថិតនៅក្នុងភូមិចំនួន៥ មាន ភូមិដូនឪ ភូមិសំរោង ភូមិតាប្រុក ភូមិលាងដៃ និងភូមិភ្លង់ ក្នុងឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៣ខែមិនថុនា ឆ្នាំ២០១៦ កន្លងទៅនេះ។
រដូវភ្លៀងបានចូលមកដល់ ភ្លៀងលាយឡំនឹងខ្យល់ព្យុះតូចធំបក់មកប៉ះតំបន់អង្គរជាញឹកញាប់ ដែលបានបណ្តាលឲ្យមានឈើមួយចំនួនបានបាក់មែក ដួលរលំដើមជាបន្តបន្ទាប់។ ដើម្បីបញ្ជៀសហានិភ័យជាយថាហេតុ ដែលបណ្តាលមកពីការបាក់មែកឈើ និងរលំដើមឈើមកប៉ះប្រាសាទ និងអ្នកធ្វើដំណើរទស្សនានោះ ក្រុមអ្នកជំនាញផ្នែកគ្រប់គ្រងព្រៃឈើរបស់អាជ្ញាធរជាតិអប្សរាកំពុងតែបង្កើនការត្រួតពិនិត្យដើមឈើ ដែលស្ថិតនៅតាមដងផ្លូវសាធារណៈ ផ្លូវវង់ទស្សនាចរ និងដើមឈើដែលស្ថិតនៅកៀកនឹងប្រាសាទ ឬរចនាសម្ព័ន្ធបុរាណដ្ឋាននានា។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
18
ថ្ងៃនេះ
:
67121
ម្សិលមិញ
:
61021
សប្តាហ៍នេះ
:
207740
ខែនេះ
:
0511248
សរុប
:
014954089