ព័ត៌មានថ្មីៗ

អ្នកជំនាញបុរាណវិទ្យាកំពុងធ្វើកំណាយត្រពាំងខ្មោច មុននឹងអនុញ្ញាតជូនអាជ្ញាធរមូលដ្ឋានធ្វើការស្តារឡើងវិញ

បានផ្សាយនៅ ថ្ងៃទី 19 ខែ ឧសភា ឆ្នាំ2016 02:26 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ក្រុមអ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើកំណាយបន្ទាន់មួយនៅលើទំនប់ត្រពាំងខ្មោច ដែលស្ថិតនៅក្នុងភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុងសៀមរាប មុននឹងអនុញ្ញាតឲ្យអាជ្ញាធរមូលដ្ឋាននៃសង្កាត់នគរធំ ធ្វើការស្តារឡើងវិញ។ ការធ្វើកំណាយនៅពេលនេះ ដើម្បីស្តារត្រពាំងបុរាណឡើងវិញនៅពេលនេះ គឺ ស្របតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ខណៈពេលដែលកម្ពុជាកំពុងជួបប្រទះនឹងគ្រោះរាំងស្ងួត ដើម្បីឲ្យស្ថាប័នគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ស្តារត្រពាំង និងស្រះបុរាណឡើងវិញសម្រាប់ទប់ទឹកប្រើប្រាស់កុំឲ្យខ្វះខាតនាឆ្នាំខាងមុខៗ។

លោក ង៉ា ចុង ចៅសង្កាត់នគរធំ បានរៀបរាប់ថា ត្រពាំងខ្មោចជាត្រពាំងបុរាណ ហើយបច្ចុប្បន្នបានលុបស្ទើរតែទាំងស្រុង ប្រជាពលរដ្ឋបានធ្វើស្រែក្នុងត្រពាំងនេះជារៀងរាល់ឆ្នាំទៀតផង។ ដើម្បីកុំឲ្យត្រពាំងបុរាណនេះលុបបាត់ ទើបសហគមន៍ភូមិសង្កាត់ មានគម្រោងស្តារបង្កើតជារមណីយដ្ឋានដាក់ទឹក ដាក់ត្រី ឲ្យបានខួបប្រាំងខួបវស្សា បម្រើផលប្រយោជន៍សហគមន៍ និងដោះស្រាយជីវភាពជូនប្រជាពលរដ្ឋ កុំឲ្យប្រជាពលរដ្ឋធ្វើចំណាកស្រុក។

លោក ថូ ថុន អ្នកជំនាញបុរាណវិទ្យាដែលកំពុងដឹកនាំការធ្វើកំណាយ បានឲ្យដឹងនៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះថា ក្រុមការងាររបស់លោកកំពុងធ្វើកំណាយស្រាវជ្រាវផ្នែកបុរាណវិទ្យានៅលើទីទួលទំនប់នៃត្រពាំង និងចំកណ្តាលត្រពាំង ដើម្បីបង្ការការប៉ះពាល់ណាមួយ មុនពេលដែលអនុញ្ញាតឲ្យមានការស្តារត្រពាំងឡើងវិញ។ លោក ថុន រៀបរាប់ថា ការធ្វើកំណាយនេះ ក៏ក្នុងគោលបំណងដឹងពីកំណកបង្គរដីក្នុងត្រពាំងបុរាណ ហើយនឹងផ្តល់អនុសាសន៍ដល់អាជ្ញាធរមូលដ្ឋានថា តើគួរជីកត្រពាំងនេះឡើងវិញក្នុងជម្រៅណា ដែលសមស្រប និងមិនធ្វើឲ្យប៉ះពាល់ទេសភាពវប្បធម៌នៃរមណីយដ្ឋានអង្គរ។

លោកបន្ថែមថា ដោយសារកំណាយនេះត្រូវធ្វើបន្ទាន់ឆ្លើយតបនឹងសំណើសុំរបស់ចៅសង្កាត់ និងដោយយល់ថា ត្រពាំងបុរាណមិនមានផលប៉ះពាល់ផ្នែកបុរាណវិទ្យាខ្លាំងដូចទួលប្រាសាទជាដើមនោះ ទើបក្រុមការងារសម្រេចធ្វើកំណាយដោយប្រើគ្រឿងចក្រ ជំនួសឲ្យការធ្វើកំណាយដោយដៃដែលអាចចំណាយពេលយូរដល់ទៅរាប់ខែ។ អ្នកដឹកនាំកំណាយរូបនេះបញ្ជាក់ថា ការធ្វើកំណាយរបស់ក្រុមលោកនឹងបញ្ចប់ក្នុងពេលប្រហែល១សប្តាហ៍ទៀត ហើយបន្តពីនោះ អាជ្ញាធរមូលដ្ឋានអាចចាប់ផ្តើមស្តារត្រពាំងបុរាណនេះឡើងវិញបានហើយ។

លោក ញ៉ែម រស្មី មន្ត្រីជំនាញនៃនាយកដ្ឋានគ្រប់គ្រងទឹកអះអាងថា ការស្តារត្រពាំងបុរាណនេះគឺជួយដល់កិច្ចការអភិរក្សត្រពាំង ព្រោះការស្តារនេះនឹងធ្វើឲ្យត្រពាំងស្ថិតនៅយូរអង្វែងតទៅទៀត មិនក្លាយជាវាលស្រែ ឬជាទីសាងសង់លំនៅឋានរបស់ប្រជាពលរដ្ឋ។

ត្រពាំងខ្មោចមានទីតាំងនៅខាងកើតប្រាសាទបាតជុំ មានបណ្តោយ៣៨៧ម៉ែត្រ និងទទឹង១៧៤ម៉ែត្រ។ សព្វថ្ងៃត្រពាំងនេះរាក់ស្ទើរតែមើលលែងស្គាល់ថាជាត្រពាំងទៅហើយ ព្រមទាំងមានប្រជាពលរដ្ឋចូលទៅធ្វើស្រែទៀតផង។ ការផ្តួចផ្តើមក្នុងការស្តារត្រពាំងបុរាណរបស់សហគមន៍នៅពេលនេះ ជាការឆ្លុះបញ្ចាំងឲ្យឃើញពីការយកចិត្តទុកដាក់ស្រឡាញ់ថែរក្សាមត៌កដូនតា។ នេះជាសកម្មភាពចូលរួមអភិរក្សរបស់សហគមន៍ដែលគួរឲ្យលើកទឹកចិត្តគ្រប់មជ្ឈដ្ឋានទាំងអស់៕













សារថ្វាយព្រះពរ
( ថ្ងៃទី 28 ខែ តុលា ឆ្នាំ2020 )
ក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលនេះ ទូលព្រះបង្គំយើងខ្ញុំសូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្កិសិទ្ធិទាំងឡាយក្នុងលោក មានទេវតារក្សាព្រះមហាស្វេតឆ្ឆ័ត្រ សូមជួយប្រោះព្រំសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បរវមហាប្រសើរថ្វាយ
ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន១គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន៣គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋទាំង១១២ភូមិ នៅក្នុងឧទ្យានអង្គរ។
ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ចាប់ផ្តើមពីថ្ងៃ២២ រហូតដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ លោក Christophe GIGAUDAUT មន្ដ្រីស្ថានទូតប្រទេសបារាំងប្រចាំនៅកម្ពុជា ដែលនឹងត្រូវទទួលភារកិច្ចជាសហប្រធានបច្ចេកទេសនៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្ររមណីយដ្ឋានអង្គរ ហៅកាត់ថា «អាយស៊ីស៊ី-អង្គរ» រួមដំណើរដោយឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងមន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យនិងស្វែងយល់ពីកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅរមណីយដ្ឋានអង្គរ។
ដើមដំបូងមុន12345...357358បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
10
ថ្ងៃនេះ
:
3695
ម្សិលមិញ
:
8188
សប្តាហ៍នេះ
:
40518
ខែនេះ
:
0194027
សរុប
:
012963459