ព័ត៌មានថ្មីៗ

អ្នកអង្គរសង្ឃឹមថា នឹងមានភ្លៀងធ្លាក់ក្រោយធ្វើពិធីសុំទឹកភ្លៀងហើយ

បានផ្សាយនៅ ថ្ងៃទី 17 ខែ ឧសភា ឆ្នាំ2016 01:53 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

“..ជាប្រពៃណីទៅហើយ យើងតែងសុំទឹកភ្លៀងជាប្រចាំ ទោះជាមានភ្លៀងធ្លាក់ ឬអត់ក្តី តែយើងនៅតែសង្ឃឹមថា ភ្លៀងនឹងធ្លាក់ក្រោយពីយើងធ្វើពិធីបួងសួងសុំនៅថ្ងៃនេះហើយ។ តាមរូបដែលមកចូលសណ្ឋិតប្រាប់ថា យើងនឹងបានភ្លៀងក្នុងថ្ងៃនេះ ឬពីរបីថ្ងៃទៀត...”។ នេះជាប្រសាសន៍រៀបរាប់របស់លោកយាយវឿន អាយុជាង៦០ឆ្នាំ ដែលដឹកនាំធ្វើពិធីបួងសួងសុំទឹកភ្លៀងនៅប្រាសាទនាគព័ន្ធនៅថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០១៦នេះ។

ពិធីសុំទឹកភ្លៀងឆ្នាំនេះ មិនទាន់បានទទួលទឹកភ្លៀងភ្លាមៗតាមការសុំឡើយ ដែលខុសប្លែកពីឆ្នាំមុនៗ គ្រាន់តែធ្វើពិធីបួងសួងសូត្រមន្តមិនទាន់ចប់ផង មហាមេឃក៏បង្អុរភ្លៀងចុះមករកតែកន្លែងជ្រកមិនចង់បាន។ ទោះជាយ៉ាងនេះក្តី លោកយាយវឿន ដែលដឹកនាំកម្មវិធីនេះរៀបរាប់ទាំងក្តីសង្ឃឹមថា ទោះជាថ្ងៃនេះមិនទាន់ភ្លៀង យ៉ាងយូរពីរបីថ្ងៃទៀតភ្លៀងនឹងធ្លាក់ចុះមកមិនខាន។

លោកយាយវឿនរៀបរាប់ថា លោកយាយធ្លាប់មកធ្វើពិធីបួងសួងសុំទឹកភ្លៀងនៅប្រាសាទនាគព័ន្ធនេះ តាំងពីនៅក្មេងមកម្ល៉េះ ដោយកាលនោះ លោកយាយមកជាមួយនឹងតារបស់គាត់ដែលមានអាយុជាង១០០ឆ្នាំ។ លោកយាយបន្តថា ទីនេះសក្តិសិទ្ធិណាស់ ឲ្យតែសុំទឹកភ្លៀងគឺដឹងតែបានហើយ។ “ពេលខ្លះ សូម្បីយើងមិនទាន់ដឹងថា វាអាចនឹងមានភ្លៀងតិចឬច្រើនសម្រាប់ធ្វើស្រែក៏ដោយ ក៏យើងនៅតែធ្វើពិធីសុំដែរ ព្រោះបើមិនធ្វើពិធីសុំទេ ក្រែងមិនមានភ្លៀងធ្លាក់គ្រប់គ្រាន់សម្រាប់ធ្វើស្រែចម្ការ”

តាមការសង្កេតឆ្នាំនេះ ប្រជាពលរដ្ឋប្រហែលជាងមួយរយនាក់មកពីភូមិផ្សេងៗដូចជា ភូមិភ្លង់ លាងដៃ តាប្រុកជាដើម បានមកជួបជុំគ្នានៅប្រាសាទនាគព័ន្ធ ដើម្បីធ្វើពិធីបួងសួងសុំទឹកភ្លៀងរយៈពេលមួយយប់ពីរថ្ងៃ។ តែលោកយាយវឿនលើកឡើងថា កាលពីមុនមានមនុស្សដែលមានជំនឿរឿងបួងសួងសុំទឹកភ្លៀងនេះច្រើនណាស់ ឲ្យតែដល់ពេលធ្វើម្តងៗ មនុស្សមកចូលរួមណែនណាន់តាន់តាប់ មិនមែនមកតែពីបីភូមិក្បែរៗនេះទេ គឺមកតាំងតែពីភូមិផ្សេងៗឆ្ងាយទៀត។ “សព្វថ្ងៃមនុស្សគេមិនសូវជឿ! គេមិនសូវមកចូលរួមច្រើនដូចមុនទេ! ណាមួយពីដើមយើងមានមុខរបរអីក្រៅពីស្រែចម្ការ ចឹងហើយ ម្នាក់ៗមានពេលទំនេរមកចូលរួមច្រើន តែឥឡូវគេរវល់ធ្វើការងារច្រើនពេកទើបមិនសូវមានអ្នកចូលរួមប៉ុន្មាន”

ទោះបានទទួលភ្លៀងភ្លាមៗ ឬមិនទាន់បានក្តី ពិធីសុំទឹកភ្លៀងនៅប្រាសាទនាគព័ន្ធឆ្នាំនេះ នៅតែប្រព្រឹត្តទៅតាមទំនៀមទម្លាប់ដូចដែលធ្លាប់ប្រតិបត្តិមករាល់ឆ្នាំដែរ។ ដោយថ្ងៃដំបូងគេរៀបចំពិធីប្រុងពលី ប្រកាសបួងសួង និងសែនគ្រឿងសំណែនផ្សេងៗ។ ពិធីជាបន្ត គឺការនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត។ មានពិធីមួយទៀត ដែលត្រូវបានប្រារព្ធឡើងបន្ទាប់ពីចម្រើនព្រះបរិត្តហើយ នោះគឺពិធីចូលរូប។ ពិធីបញ្ចូលរូបឆ្នាំនេះ មានរូបចូលមកសណ្ឋិត៤គឺ ជម្ពូទ្វីប សំពៅមាស ភុជង្គនាគ និងនាងគ្របលក្ខណ៍ ពេលមកចូលមក ផ្តើមលាបម្សៅ ហូបគ្រឿងស្រវឹងផ្សេងៗ រាំពត់ពែនទៅតាមចង្វាក់ភ្លេង និងទស្សន៍ទាយទឹកភ្លៀង ជូនពរកូនចៅសុខសប្បាយដូចសព្វដងដែរ។

ពេលព្រឹកឡើង គេនិមន្តព្រះសង្ឃឆាន់យាគូ និងរាប់បាត្រព្រះសង្ឃតាមទំនៀមព្រះពុទ្ធសាសនា។ មុននឹងបញ្ចប់កម្មវិធី អាចារ្យនាំអ្នកស្រុកដើរប្រទក្សិណប្រាសាទនាគព័ន្ធ ៣ជុំ ដោយចាក់ទឹកលើក្បាលទ (ដែលអ្នកស្រុកហៅថា រន្ធរាហូ) ដែលមានចម្លាក់រូបសំណាកនៅតាមទិសទាំងបួន។ មិនតែប៉ុណ្ណោះ អ្នកស្រុកក្មេងចាស់លេងជះទឹកដាក់គ្នាទៅវិញទៅមក ខ្លះច្រៀង ខ្លះរាំ សប្បាយក្អាកក្អាយ ជាមួយនឹងក្រុមឆៃយ៉ាំ ហាក់ដូចជាកំពុងភ្លៀងធ្លាក់មកមែនទែន៕






































នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម សុខ សង្វារ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរនៃអាជ្ញាធរជាតិអប្សរា និងលោក HONG Jianchun អនុប្រធានគណៈកម្មាធិការរដ្ឋបាលហ័ងសាន បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នៅតំបន់បេតិកភណ្ឌអង្គរនិងហ័ងសាន។
ក្នុងគោលបំណងស្ដារគម្របព្រៃឈើក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរឲ្យកាន់តែមានចំនួនច្រើនឡើង ក៏ដូចជាក្នុងន័យបំផុសស្មារតីឲ្យមានការចូលរួមរបស់ប្រជាពលរដ្ឋអំពីកិច្ចការបរិស្ថាន ជាបន្តបន្ទាប់អាជ្ញាធរជាតិអប្សរា បានបន្តចែកជូនកូនឈើដល់សាធារណជនជិតឆ្ងាយ ដើម្បីយកទៅដាំនៅតាមតំបន់នានាក្នុងប្រទេសកម្ពុជា។ ក្នុងពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០២០ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១២ ខែកញ្ញា
ដូនតាខ្មែរបានកសាងប្រាសាទខ្លះមានខ្លោងទ្វារចេញចូល៤ទិស ខ្លះ២ទិស និងខ្លះ១ទិស ដែលឱ្យមនុស្សចេញចូលតាមទិសខាងកើតឬខាងលិចដែលកំណត់ថាជាខ្លោងទ្វារធំ ដោយយោងទៅលើប្រាង្គសំខាន់បែរមុខទៅទិសណា។
នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ នេះ អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសហការជាមួយរដ្ឋបាលខេត្តសៀមរាប និងធនាគារ CIMB បានរៀបចំពិធីដាំកូនឈើចំនួន ១,៥០០ដើម នៅបរិវេណប្រាសាទបន្ទាយក្ដី ក្រោមប្រធានបទ «យើងដាំ យើងចំណាំ យើងថែរក្សា ប្រាង្គប្រាសាទដែលជាបេតិកភណ្ឌមនុស្សជាតិ»។ ក្នុងពិធីនៅពេលនោះ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ក្នុងនាមឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានសម្ដែងអារម្មណ៍រីករាយ និងរំពឹងថា ស្ថាប័នសាធារណៈពាក់ព័ន្ធនិងស្ថាប័នឯកជនដទៃទៀត នឹងបន្តចូលរួមកាន់តែច្រើនក្នុងការដាំកូនឈើក្នុងរមណីយដ្ឋានអង្គរ
១៖ ទូតឥណ្ឌាចប់អាណត្តិជួបសម្ដែងការគួរសមនិងជម្រាបលាថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា
នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឱ្យលោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជាចប់អាណត្តិ ជួបសម្ដែងការគួរសម និងជម្រាបលាថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា។ ក្នុងជំនួបនោះ លោកជំទាវឯកអគ្គរដ្ឋទូត បានរំឭកពីកិច្ចសហប្រតិបត្តិការ រវាងប្រទេសឥណ្ឌា និងអាជ្ញាធរជាតិអប្សរា ក្នុងការងារជួសជុលនៅប្រាសាទអង្គរវត្ត និងប្រាសាទតាព្រហ្ម។ បន្ថែមពីនេះ លោកជំទាវអគ្គរដ្ឋទូត ក៏បានលើកពីគម្រោងបណ្ដុះបណ្ដាលវគ្គខ្លីៗដល់យុវជនកម្ពុជា លើការងារអភិរក្សប្រាសាទ សិល្បៈ និងវប្បធម៌ផងដែរ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
9
ថ្ងៃនេះ
:
3559
ម្សិលមិញ
:
5965
សប្តាហ៍នេះ
:
09524
ខែនេះ
:
0252199
សរុប
:
012759788