ព័ត៌មានថ្មីៗ

អ្នកអង្គរសង្ឃឹមថា នឹងមានភ្លៀងធ្លាក់ក្រោយធ្វើពិធីសុំទឹកភ្លៀងហើយ

បានផ្សាយនៅ ថ្ងៃទី 17 ខែ ឧសភា ឆ្នាំ2016 01:53 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

“..ជាប្រពៃណីទៅហើយ យើងតែងសុំទឹកភ្លៀងជាប្រចាំ ទោះជាមានភ្លៀងធ្លាក់ ឬអត់ក្តី តែយើងនៅតែសង្ឃឹមថា ភ្លៀងនឹងធ្លាក់ក្រោយពីយើងធ្វើពិធីបួងសួងសុំនៅថ្ងៃនេះហើយ។ តាមរូបដែលមកចូលសណ្ឋិតប្រាប់ថា យើងនឹងបានភ្លៀងក្នុងថ្ងៃនេះ ឬពីរបីថ្ងៃទៀត...”។ នេះជាប្រសាសន៍រៀបរាប់របស់លោកយាយវឿន អាយុជាង៦០ឆ្នាំ ដែលដឹកនាំធ្វើពិធីបួងសួងសុំទឹកភ្លៀងនៅប្រាសាទនាគព័ន្ធនៅថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០១៦នេះ។

ពិធីសុំទឹកភ្លៀងឆ្នាំនេះ មិនទាន់បានទទួលទឹកភ្លៀងភ្លាមៗតាមការសុំឡើយ ដែលខុសប្លែកពីឆ្នាំមុនៗ គ្រាន់តែធ្វើពិធីបួងសួងសូត្រមន្តមិនទាន់ចប់ផង មហាមេឃក៏បង្អុរភ្លៀងចុះមករកតែកន្លែងជ្រកមិនចង់បាន។ ទោះជាយ៉ាងនេះក្តី លោកយាយវឿន ដែលដឹកនាំកម្មវិធីនេះរៀបរាប់ទាំងក្តីសង្ឃឹមថា ទោះជាថ្ងៃនេះមិនទាន់ភ្លៀង យ៉ាងយូរពីរបីថ្ងៃទៀតភ្លៀងនឹងធ្លាក់ចុះមកមិនខាន។

លោកយាយវឿនរៀបរាប់ថា លោកយាយធ្លាប់មកធ្វើពិធីបួងសួងសុំទឹកភ្លៀងនៅប្រាសាទនាគព័ន្ធនេះ តាំងពីនៅក្មេងមកម្ល៉េះ ដោយកាលនោះ លោកយាយមកជាមួយនឹងតារបស់គាត់ដែលមានអាយុជាង១០០ឆ្នាំ។ លោកយាយបន្តថា ទីនេះសក្តិសិទ្ធិណាស់ ឲ្យតែសុំទឹកភ្លៀងគឺដឹងតែបានហើយ។ “ពេលខ្លះ សូម្បីយើងមិនទាន់ដឹងថា វាអាចនឹងមានភ្លៀងតិចឬច្រើនសម្រាប់ធ្វើស្រែក៏ដោយ ក៏យើងនៅតែធ្វើពិធីសុំដែរ ព្រោះបើមិនធ្វើពិធីសុំទេ ក្រែងមិនមានភ្លៀងធ្លាក់គ្រប់គ្រាន់សម្រាប់ធ្វើស្រែចម្ការ”

តាមការសង្កេតឆ្នាំនេះ ប្រជាពលរដ្ឋប្រហែលជាងមួយរយនាក់មកពីភូមិផ្សេងៗដូចជា ភូមិភ្លង់ លាងដៃ តាប្រុកជាដើម បានមកជួបជុំគ្នានៅប្រាសាទនាគព័ន្ធ ដើម្បីធ្វើពិធីបួងសួងសុំទឹកភ្លៀងរយៈពេលមួយយប់ពីរថ្ងៃ។ តែលោកយាយវឿនលើកឡើងថា កាលពីមុនមានមនុស្សដែលមានជំនឿរឿងបួងសួងសុំទឹកភ្លៀងនេះច្រើនណាស់ ឲ្យតែដល់ពេលធ្វើម្តងៗ មនុស្សមកចូលរួមណែនណាន់តាន់តាប់ មិនមែនមកតែពីបីភូមិក្បែរៗនេះទេ គឺមកតាំងតែពីភូមិផ្សេងៗឆ្ងាយទៀត។ “សព្វថ្ងៃមនុស្សគេមិនសូវជឿ! គេមិនសូវមកចូលរួមច្រើនដូចមុនទេ! ណាមួយពីដើមយើងមានមុខរបរអីក្រៅពីស្រែចម្ការ ចឹងហើយ ម្នាក់ៗមានពេលទំនេរមកចូលរួមច្រើន តែឥឡូវគេរវល់ធ្វើការងារច្រើនពេកទើបមិនសូវមានអ្នកចូលរួមប៉ុន្មាន”

ទោះបានទទួលភ្លៀងភ្លាមៗ ឬមិនទាន់បានក្តី ពិធីសុំទឹកភ្លៀងនៅប្រាសាទនាគព័ន្ធឆ្នាំនេះ នៅតែប្រព្រឹត្តទៅតាមទំនៀមទម្លាប់ដូចដែលធ្លាប់ប្រតិបត្តិមករាល់ឆ្នាំដែរ។ ដោយថ្ងៃដំបូងគេរៀបចំពិធីប្រុងពលី ប្រកាសបួងសួង និងសែនគ្រឿងសំណែនផ្សេងៗ។ ពិធីជាបន្ត គឺការនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត។ មានពិធីមួយទៀត ដែលត្រូវបានប្រារព្ធឡើងបន្ទាប់ពីចម្រើនព្រះបរិត្តហើយ នោះគឺពិធីចូលរូប។ ពិធីបញ្ចូលរូបឆ្នាំនេះ មានរូបចូលមកសណ្ឋិត៤គឺ ជម្ពូទ្វីប សំពៅមាស ភុជង្គនាគ និងនាងគ្របលក្ខណ៍ ពេលមកចូលមក ផ្តើមលាបម្សៅ ហូបគ្រឿងស្រវឹងផ្សេងៗ រាំពត់ពែនទៅតាមចង្វាក់ភ្លេង និងទស្សន៍ទាយទឹកភ្លៀង ជូនពរកូនចៅសុខសប្បាយដូចសព្វដងដែរ។

ពេលព្រឹកឡើង គេនិមន្តព្រះសង្ឃឆាន់យាគូ និងរាប់បាត្រព្រះសង្ឃតាមទំនៀមព្រះពុទ្ធសាសនា។ មុននឹងបញ្ចប់កម្មវិធី អាចារ្យនាំអ្នកស្រុកដើរប្រទក្សិណប្រាសាទនាគព័ន្ធ ៣ជុំ ដោយចាក់ទឹកលើក្បាលទ (ដែលអ្នកស្រុកហៅថា រន្ធរាហូ) ដែលមានចម្លាក់រូបសំណាកនៅតាមទិសទាំងបួន។ មិនតែប៉ុណ្ណោះ អ្នកស្រុកក្មេងចាស់លេងជះទឹកដាក់គ្នាទៅវិញទៅមក ខ្លះច្រៀង ខ្លះរាំ សប្បាយក្អាកក្អាយ ជាមួយនឹងក្រុមឆៃយ៉ាំ ហាក់ដូចជាកំពុងភ្លៀងធ្លាក់មកមែនទែន៕






































សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមទំនាក់ទំនងទូរស័ព្ទ ០៧៧ ៨៩៦ ៦៨៩ ។
នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ ឯកឧត្តម សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានអញ្ជើញចូលរួមជាអធិបតីក្នុងការបើកកម្មវិធីប្រឡងជ្រើសរើសមគ្គុទ្ទេសក៍ទេសចរណ៍ចំនួន២០នាក់ ក្នុងចំណោម៣៦នាក់ ដើម្បីទទួលការបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងនិងបកស្រាយព័ត៌មាននៅក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោក រយៈពេល៩ថ្ងៃ នៅទីក្រុងម៉ាកាវសាធារណរដ្ឋប្រជាមានិតចិន ដែលនឹងចាប់ផ្តើមនៅខែមិថុនា ឆ្នាំ២០១៦ខាងមុខនេះ។
ក្នុងគោលដៅថែរក្សាការពារ និងលើកកម្ពស់គុណតម្លៃរមណីយដ្ឋានអង្គរឲ្យស័ក្តសមជាតំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងជាសម្បត្តិបេតិកភណ្ឌពិភពលោក អាជ្ញាធរជាតិអប្សរាបានចេញសេចក្តីជូនដំណឹងមួយដល់បងប្អូនអាជីវករទាំងអស់ដែលកំពុងប្រកបអាជីវកម្មលក់ដូរ និងផ្ដល់សេវាកម្មទេសចរណ៍ក្នុងតំបន់អង្គរដើម្បីហាមឃាត់មិនឲ្យដាក់តាំងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទនៅតាមហាង ឬតូបលក់ដូរ និងបានដាក់សំណើមួយទៀតទៅដល់ក្រុមហ៊ុន ស្រាបៀរនិងភេសជ្ជៈទាំងឡាយដែលមានផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មនៅតំបន់អង្គរ អោយមករុះរើផ្ទាំងផ្សព្វផ្សាយរបស់ខ្លួនទាំងអស់ អោយបានមុនថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ព្រោះផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មទាំងនេះ បាននឹងកំពុងបង្កផលប៉ះពាល់ដល់ទេសភាពវប្បធម៌ និងបទដ្ឋានបេតិកភណ្ឌដែលកំណត់តំបន់អង្គរជាបេតិកភណ្ឌវប្បធម៌ពិភពលោក។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
8566
ម្សិលមិញ
:
16199
សប្តាហ៍នេះ
:
24765
ខែនេះ
:
0156891
សរុប
:
009625648