NEWS

The English version of this website is still under construction. This section is only available in Khmer language at this stage. We apologise for any inconvenience

Published on 17 May 2016 01:53 PM Post By ៖ Apsara National Authority

“..ជាប្រពៃណីទៅហើយ យើងតែងសុំទឹកភ្លៀងជាប្រចាំ ទោះជាមានភ្លៀងធ្លាក់ ឬអត់ក្តី តែយើងនៅតែសង្ឃឹមថា ភ្លៀងនឹងធ្លាក់ក្រោយពីយើងធ្វើពិធីបួងសួងសុំនៅថ្ងៃនេះហើយ។ តាមរូបដែលមកចូលសណ្ឋិតប្រាប់ថា យើងនឹងបានភ្លៀងក្នុងថ្ងៃនេះ ឬពីរបីថ្ងៃទៀត...”។ នេះជាប្រសាសន៍រៀបរាប់របស់លោកយាយវឿន អាយុជាង៦០ឆ្នាំ ដែលដឹកនាំធ្វើពិធីបួងសួងសុំទឹកភ្លៀងនៅប្រាសាទនាគព័ន្ធនៅថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០១៦នេះ។

ពិធីសុំទឹកភ្លៀងឆ្នាំនេះ មិនទាន់បានទទួលទឹកភ្លៀងភ្លាមៗតាមការសុំឡើយ ដែលខុសប្លែកពីឆ្នាំមុនៗ គ្រាន់តែធ្វើពិធីបួងសួងសូត្រមន្តមិនទាន់ចប់ផង មហាមេឃក៏បង្អុរភ្លៀងចុះមករកតែកន្លែងជ្រកមិនចង់បាន។ ទោះជាយ៉ាងនេះក្តី លោកយាយវឿន ដែលដឹកនាំកម្មវិធីនេះរៀបរាប់ទាំងក្តីសង្ឃឹមថា ទោះជាថ្ងៃនេះមិនទាន់ភ្លៀង យ៉ាងយូរពីរបីថ្ងៃទៀតភ្លៀងនឹងធ្លាក់ចុះមកមិនខាន។

លោកយាយវឿនរៀបរាប់ថា លោកយាយធ្លាប់មកធ្វើពិធីបួងសួងសុំទឹកភ្លៀងនៅប្រាសាទនាគព័ន្ធនេះ តាំងពីនៅក្មេងមកម្ល៉េះ ដោយកាលនោះ លោកយាយមកជាមួយនឹងតារបស់គាត់ដែលមានអាយុជាង១០០ឆ្នាំ។ លោកយាយបន្តថា ទីនេះសក្តិសិទ្ធិណាស់ ឲ្យតែសុំទឹកភ្លៀងគឺដឹងតែបានហើយ។ “ពេលខ្លះ សូម្បីយើងមិនទាន់ដឹងថា វាអាចនឹងមានភ្លៀងតិចឬច្រើនសម្រាប់ធ្វើស្រែក៏ដោយ ក៏យើងនៅតែធ្វើពិធីសុំដែរ ព្រោះបើមិនធ្វើពិធីសុំទេ ក្រែងមិនមានភ្លៀងធ្លាក់គ្រប់គ្រាន់សម្រាប់ធ្វើស្រែចម្ការ”

តាមការសង្កេតឆ្នាំនេះ ប្រជាពលរដ្ឋប្រហែលជាងមួយរយនាក់មកពីភូមិផ្សេងៗដូចជា ភូមិភ្លង់ លាងដៃ តាប្រុកជាដើម បានមកជួបជុំគ្នានៅប្រាសាទនាគព័ន្ធ ដើម្បីធ្វើពិធីបួងសួងសុំទឹកភ្លៀងរយៈពេលមួយយប់ពីរថ្ងៃ។ តែលោកយាយវឿនលើកឡើងថា កាលពីមុនមានមនុស្សដែលមានជំនឿរឿងបួងសួងសុំទឹកភ្លៀងនេះច្រើនណាស់ ឲ្យតែដល់ពេលធ្វើម្តងៗ មនុស្សមកចូលរួមណែនណាន់តាន់តាប់ មិនមែនមកតែពីបីភូមិក្បែរៗនេះទេ គឺមកតាំងតែពីភូមិផ្សេងៗឆ្ងាយទៀត។ “សព្វថ្ងៃមនុស្សគេមិនសូវជឿ! គេមិនសូវមកចូលរួមច្រើនដូចមុនទេ! ណាមួយពីដើមយើងមានមុខរបរអីក្រៅពីស្រែចម្ការ ចឹងហើយ ម្នាក់ៗមានពេលទំនេរមកចូលរួមច្រើន តែឥឡូវគេរវល់ធ្វើការងារច្រើនពេកទើបមិនសូវមានអ្នកចូលរួមប៉ុន្មាន”

ទោះបានទទួលភ្លៀងភ្លាមៗ ឬមិនទាន់បានក្តី ពិធីសុំទឹកភ្លៀងនៅប្រាសាទនាគព័ន្ធឆ្នាំនេះ នៅតែប្រព្រឹត្តទៅតាមទំនៀមទម្លាប់ដូចដែលធ្លាប់ប្រតិបត្តិមករាល់ឆ្នាំដែរ។ ដោយថ្ងៃដំបូងគេរៀបចំពិធីប្រុងពលី ប្រកាសបួងសួង និងសែនគ្រឿងសំណែនផ្សេងៗ។ ពិធីជាបន្ត គឺការនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត។ មានពិធីមួយទៀត ដែលត្រូវបានប្រារព្ធឡើងបន្ទាប់ពីចម្រើនព្រះបរិត្តហើយ នោះគឺពិធីចូលរូប។ ពិធីបញ្ចូលរូបឆ្នាំនេះ មានរូបចូលមកសណ្ឋិត៤គឺ ជម្ពូទ្វីប សំពៅមាស ភុជង្គនាគ និងនាងគ្របលក្ខណ៍ ពេលមកចូលមក ផ្តើមលាបម្សៅ ហូបគ្រឿងស្រវឹងផ្សេងៗ រាំពត់ពែនទៅតាមចង្វាក់ភ្លេង និងទស្សន៍ទាយទឹកភ្លៀង ជូនពរកូនចៅសុខសប្បាយដូចសព្វដងដែរ។

ពេលព្រឹកឡើង គេនិមន្តព្រះសង្ឃឆាន់យាគូ និងរាប់បាត្រព្រះសង្ឃតាមទំនៀមព្រះពុទ្ធសាសនា។ មុននឹងបញ្ចប់កម្មវិធី អាចារ្យនាំអ្នកស្រុកដើរប្រទក្សិណប្រាសាទនាគព័ន្ធ ៣ជុំ ដោយចាក់ទឹកលើក្បាលទ (ដែលអ្នកស្រុកហៅថា រន្ធរាហូ) ដែលមានចម្លាក់រូបសំណាកនៅតាមទិសទាំងបួន។ មិនតែប៉ុណ្ណោះ អ្នកស្រុកក្មេងចាស់លេងជះទឹកដាក់គ្នាទៅវិញទៅមក ខ្លះច្រៀង ខ្លះរាំ សប្បាយក្អាកក្អាយ ជាមួយនឹងក្រុមឆៃយ៉ាំ ហាក់ដូចជាកំពុងភ្លៀងធ្លាក់មកមែនទែន៕






































នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី២៦នៃគណៈកម្មាធិការអន្តរជាតិ​សម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្ររមណីយដ្ឋានអង្គរ ហៅកាត់ថា «អាយស៊ីស៊ី-អង្គរ» ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកអគ្គរាជទូត/រដ្ឋទូត ជប៉ុន បារាំង ជាសហប្រធាននៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ តំណាងអង្គការយូណេស្កូប្រចាំប្រទេសកម្ពុជា អ្នកជំនាញការជាន់ខ្ពស់ជាតិ-អន្តរជាតិនៃកិច្ចប្រជុំ បានស្មិងស្មាធសម្តែងសេចក្តីគោរព សោកស្តាយចំពោះការបាត់បង់នាដវដ្តីឯក សម្តេចព្រះរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដែលបានសោយទីវង្គតកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩។
មានចម្ងល់ជាយូរមកហើយទាក់ទងនឹងទម្រង់កាយវិការពិតរបស់ព្រះបាទជ័យវរ្ម័នទី៧ ដោយអ្នកស្រាវជ្រាវខ្លះយល់ថា ព្រះអង្គមានកាយវិការសមាធិ ឯខ្លះទៀតថាព្រះអង្គលើកដៃប្រណម្យ ប៉ុន្តែពុំទាន់មានភស្តុតាងណាមួយបញ្ជាក់ច្បាស់តាមរយៈការសន្និដ្ឋានរបស់មតិនីមួយៗនៅឡើយ។
ក្នុងរយៈពេល៥ឆ្នាំនៃការចូលរួមយ៉ាងសកម្មរបស់ក្រុមប្រឹក្សាវត្តអារាមក្នុងតំបន់ឧទ្យានអង្គរ វិស័យព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់សម្របសម្រួលកិច្ចការវត្តអារាមទាំង៣៥ក្នុងឧទ្យានអង្គរជាមួយកិច្ចការអភិរក្សបេតិកភណ្ឌ។ ក្នុងបរិបទការងារនេះ ព្រះសង្ឃបានដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំ ការអប់រំផ្សព្វផ្សាយ និងការចូលរួមផ្តល់ជាគំរូចំពោះសង្ឃ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តផង។
អាជ្ញាធរជាតិអប្សរា នឹងស្ថាបនាផ្លូវកៅស៊ូថ្មី លើគន្លងផ្លូវដីក្រហមចាស់ចាស់ ដែលចេញពីប្រាសាទបាយ័នកាត់តាមមុខបរិវេណប្រាសាទសួរព្រ័ត ជំនួសផ្លូវកៅស៊ូមុខព្រះលានជល់ដំរី ដែលរងការខូចខាត និងដែលបង្កហានិភ័យដល់ប្រាសាទ ដោយសារការបើកបើកបរយានយន្តគៀកខ្លាំងនឹងប្រាសាទ។ គម្រោងនេះ ត្រូវបានបន្តតាមដានការអនុវត្តនៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣៣ និងកិច្ចប្រជុំពេញអង្គលើកទី២៦ នៃគណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩នេះ។
នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី១០-១១ ខែធ្នូ ឆ្នាំ២០១៩ គណៈកម្មាធិការអន្ដរជាតិសម្របសម្រួលកិច្ចគាំពារនិងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ កំពុងរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៣៣ និងពេញអង្គលើកទី២៦ ដើម្បីតាមដានរាល់អនុសាសន៍ដែលគណៈកម្មាធិការនេះបានដាក់ជូនទៅតាមការដ្ឋានអភិរក្សជួសជុល និងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរ។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
6
Today
:
6955
Yesterday
:
11914
This Week
:
53530
This Month
:
0132156
Total
:
009881842